ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​រំឭក​ខួប​៤៤​ឆ្នាំ​នៃ​ការ​ចូល​កាន់​អំណាច​​របស់​ខ្មែរក្រហម


លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ និង​ជា​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​បង្ហោះ​សារ​បញ្ចេញ​មតិ​អំពី​ថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ចូល​កាន់​អំណាច​របស់​ខ្មែរ​ក្រហម នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ (Facebook/Hun Mani)
លោក ហ៊ុន ម៉ានី កូន​ប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ និង​ជា​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​បង្ហោះ​សារ​បញ្ចេញ​មតិ​អំពី​ថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ចូល​កាន់​អំណាច​របស់​ខ្មែរ​ក្រហម នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។ (Facebook/Hun Mani)

ខណៈ​កម្ពុជា​លែង​មាន​ការ​ប្រារព្ធ​ពិធី​រំឭក​​ខួប​នៃ​ការ​ចូល​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម​នេះ​ ​នៅ​ថ្ងៃ​ទី​​១៧​ ​ខែ​មេសា​ ​ឆ្នាំ​២០១៩​នេះ​ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​រំឭក​​ព្រឹត្តិការណ៍​នេះ​​ជំនួស​វិញ។

នៅ​ថ្ងៃ​ពុធ​នេះ​ ​ពលរដ្ឋ​ខ្មែរ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​រំឭក​ខួប​៤៤​ឆ្នាំ​នៃ​ការ​ចូល​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម​ ​ដែល​បាន​នាំ​ដល់​ការ​កាប់​សម្លាប់​ ​និង​បង្ខំ​ឱ្យ​ពល​រដ្ឋ​ជា​ច្រើន​នាក់​ធ្វើ​ការ​ជា​ទម្ងន់។

​កាល​ពី​ថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​កង​ទ័ព​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម​បានឡើង​កាន់​អំណាច​និង​ជម្លៀស​ប្រជាជនកម្ពុជា​ទាំងអស់ចេញ​ពី​ទី​ក្រុង​ ​និង​ទី​ប្រជុំជននានា ​ទៅ​កាន់​តំបន់​វាល​ស្រែ​ជនបទ។​ ​៤៤​ឆ្នាំ​មុន​ ​ពួក​កុម្មុយនិស្ត​បាន​បង្កើត​របប​ដឹកនាំ​ផ្តាច់​ការ​មួយ​ឈ្មោះ​ថា​ «កម្ពុជា​ប្រជាធិប​តេយ្យ»​ ​ដែល​មាន​មេ​ដឹកនាំ​កំពូលៗ​ដូច​ជា​ ប៉ុល ពត​ នួន ជា​ ខៀវ សំផន​ និងអៀង សារី​ ជា​ដើម។​ ក្រោម​ការ​គ្រប់គ្រង​នៃ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​អស់​ជាង​៣ឆ្នាំ ប្រជាជន​ទាំងក្មេង​ ​ចាស់​ ​ប្រុស​ស្រី ​យ៉ាង​ហោច​ណាស់​ ​១,៧​លាន​នាក់​បាន​ស្លាប់​ ​ដោយសារ​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ ​ការ​ធ្វើ​ទារុណកម្ម​ ដោយ​ការ​បង្អត់​អាហារ​ ​និង​ការ​ធ្វើ​ការ​ដោយ​បង្ខំ។

​ខួប​នៃ​ការ​ឡើង​កាន់​អំណាច របស់​ក្រុម​ខ្មែរ​ក្រហម​ ​ត្រូវ​បាន​ពល​រដ្ឋ​កម្ពុជា​និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ប្រារព្ធ​ពិធី​ផ្សេងៗ​ដើម្បី​រំឭក​អំពី​ថ្ងៃ​ដែល​ឈឺចាប់​នេះ​រហូត​ដល់​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ។ ប៉ុន្តែនៅឆ្នាំ​២០១៩​នេះ​ ​គេ​សង្កេត​ឃើញ​ថា​ មិន​មាន​ការ​ប្រារព្ធ​ពិធី​ណាមួយ​ដើម្បី​រំឭកអំពី​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នេះ​នៅ​តាម​ទីសាធារណៈ​ណាមួយ​នោះ​ទេ។

យ៉ាង​ណា​ក្តី ​ថ្ងៃ​១៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ ​គេ​នៅ​តែ​ឃើញ​ថ្នាក់​ដឹកនាំ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​រំឭក​ពី​ថ្ងៃ​ដ៏​សោកសៅ​នេះ​ផង​ដែរ។​ ​ពួកគេ​មួយ​ចំនួន​បាន​រៀបរាប់​អំពី​ព្រឹត្តិការណ៍​ដែល​ពួកគេ​បាន​ឆ្លង​កាត់​នា​ពេល​នោះ​ ​និង​ខ្លះ​បាន​បង្ហាញ​ពី​ភាព​សោកសៅ​របស់​ខ្លួន​ ​ដែល​ត្រូវ​រង​នូវ​ការ​ព្រាត់ប្រាស់គ្នា​ពី​សាច់ញាតិ​ជាដើម។

លោក​ ​ឆាំង សុង​ ​អតីត​រដ្ឋមន្ត្រី​នៃ​ក្រសួង​ឃោសនាការ​និង​ព័ត៌មាន​ ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ឥឡូវ​នេះ​កំពុង​រស់​នៅ​ទីក្រុង​ឡុងប៊ិច​ ​សហរដ្ឋ​អាមេរិក​ ​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​អំពីថ្ងៃ​១៧ មេសា​ ឆ្នាំ​១៩៧៥​ ​ដែល​រៀបរាប់​អំពី​រយៈ​ពេល​ចុង​ក្រោយ​នៃ​ការ​ដួល​រលំរបប​សាធារណរដ្ឋ។

ក្នុង​កថាខណ្ឌ​នៃ​ការ​ចាប់​ផ្តើម​សំណេរ​ជា​ភាសា​អង់គ្លេស​យ៉ាង​វែង​របស់​លោក​នោះ​ ​លោក​បាន​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«សែសិប​បួន​ឆ្នាំ​មុន​នៅ​ថ្ងៃ​នេះ​ នៅ​ថ្ងៃទី១៧ ​ខែ​មេសា ​ឆ្នាំ​១៩៧៥​ រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​បាន​ដួល​រលំ​នៅ​រាជធានី​ភ្នំពេញ។​ ​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ព័ត៌មាន​ចុងក្រោយ​របស់​របប​ ​លន់ នល់។​ ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ ​និង​ការ​សម្ភាសន៍​ជាច្រើន​ឆ្នាំ ​ខ្ញុំ​បាន​សរសេរ​អត្ថបទ​នេះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​បាន​បោះពុម្ព​ផ្សាយ​ចុងក្រោយ ​មុន​ពេល​វាំងនន​ខ្មែរក្រហម​ធ្លាក់​គ្របមក​លើ​ប្រទេស​កម្ពុជា»។

​ចំណែក​លោក​ ​ហ៊ុន ម៉ានី​ ​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​មួយ​រូប​ និង​ជា​កូន​ប្រុស​ពៅ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ​អម​ជាមួយ​រូប​ថត​៤​សន្លឹក​អំពី​ការ​ជម្លៀស​ចេញ តាម​ន័យ​ដើម​ថា៖

«ថ្ងៃទី​១៧ ​មេសា​ ​១៩៧៥​ ​ជា​ថ្ងៃ​ដែល​យើង​មិន​អាច​បំភ្លេច​បាន។​ ​ការ​ចាប់​ផ្តើម​នៃ​ជំពូក​ដ៏​ខ្មៅ​ងងឹត​បំផុត​ ​ដែល​កើត​មាន​លើ​ជាតិ​របស់​យើង និង​ប្រជាជន​របស់​យើង»។​​

​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ជា​គណបក្សដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ផង​នោះ​ ប្រាប់​អ្នកសារ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម​ថា​ ​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ​២០១៩ គឺ​ជា​ខួប​លើក​ទី៤៤​នៃ​ថ្ងៃ​ជ័យជម្នះ​របស់​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ព្រះ នរោត្តម​ ​សីហនុ​ លើ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់​ នល់​ តែត្រូវ​បាន​ខ្មែរ​ក្រហម​ប្រែ​ក្លាយទៅ​ជា​វាល​ពិឃាត។​ លោក​បន្ថែម​ថា ក្រោយ​ខ្មែរ​ក្រហម​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ដែល​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​រំដោះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។​

លោក​បញ្ជាក់​ថា៖​

«បើ​កុំ​តែ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បង្កើត​ឡើង​ដោយ​អ្នក​ស្នេហា​ជាតិ​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​មក​ជួយ​ទាន់​ពេល​វេលា​ កុំអី​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​ស្លាប់​អស់​ជា​មិន​ខាន»។​

របប​កម្ពុជា​ប្រជាធិប​តេយ្យ​អាវ​ខ្មៅ​ខ្មែរ​ក្រហម​ ​ជា​របប​ដែល​កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​កុម្មុយនិស្ត​ធំៗ​មួយ​ចំនួន​នា​ពេល​នោះ​ ដូច​ជា​ចិន​ និង​រុស្ស៊ី​ ជាដើម។​

លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​មួយ​រូប​ដែល​តែង​តាមដានព្រឹត្តិការណ៍​ផ្សេងៗ​ដែលមាន​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ ​ក៏បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​អំពី​ការ​ជម្លៀស​ប្រជា​ជន​ចេញ​ពីភ្នំពេញ​ ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ផង​ដែរ។​ ​លោកបាន​លើក​ឡើង​អំពី​ការ​ដឹកនាំ​របស់​ខ្មែរ​ក្រហម​ថា​ ​ក្នុង​ការ​ច្បាំង​យក​អំណាច​ ​ខ្មែរក្រហម​អនុវត្ត​យុទ្ធសាស្ត្រ​រណសិរ្ស​បង្រួប​បង្រួម​ ​របស់​ឡេនីន​ ​និង​ថា​ខ្មែរ​ក្រហម​អនុវត្ត​ទ្រឹស្តី​ ​និង​យុទ្ធសាស្ត្រ​ ​ម៉ៅ សេទុង​ ​គឺ​អំណាច​បាន​មក​ពី​ចុង​កាំភ្លើង​ និង​យក​ជនបទ​ហ៊ុំព័ទ្ធ​ក្រុង ព្រមទាំង​គំនិត​កសាង​ជាតិ​ដោយ​ខ្លួន​ឯង ​មិន​ពឹង​ផ្អែក​លើ​ប្រទេស​ដទៃ។​

លោក​បាន​សរសេរ​ថា៖​

«ថ្ងៃទី១៧​ ​ខែមេសា​ ​ឆ្នាំ១៩៧៥ ខ្មែរ​ស្លាប់​ ​និង​ខ្ទេចខ្ទាំ​ដោយសារ​លទ្ធិ​កុម្មុយនិស្ត​របស់​ កាលម៉ាក ឡេនីន ​ម៉ៅ សេទុង​ និង​ហូជីមិញ​ ​និង​ដោយសារ​មហិច្ឆតា និង​ផល​ប្រយោជន៍​របស់​ប្រទេសកុម្មុយនិស្ត។​ ​ប៉ុល ពត​ ​និង​ខ្មែរក្រហម​ឯទៀត គ្រាន់តែ​ជា​អ្នក​ដៃ​ដល់​កាប់​សម្លាប់​ខ្មែរ​ និង​កម្ទេច​សង្គម​ខ្មែរ ដើម្បី​បម្រើ​មហិច្ឆិតា​ ​និង​អំណាច​របស់​ខ្លួន និង​អនុវត្ត​មនោគម​វិជ្ជា​កុម្មុយនិស្ត​ កសាង​សង្គម​ថ្មី​ស្រឡាង​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ ទៅ​តាម​គំនិត និង​យុទ្ធសាស្ត្រ​របស់​អ្នក​មេ​គំនិត​ទាំង​បួន​នាក់​នោះ​ តាំង​ពី​ការ​ច្បាំង​យក​អំណាច​រហូត​ដល់​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​សង្គម​ថ្មី​នោះ»។​

កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៤ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​កាត់ទោស​ ​អតីត​មេដឹកនាំ​របប​ខ្មែរ​ក្រហម ​នួន ជា​ ​និង​ ​ខៀវ សំផន​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​អំឡុងពេល​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​ រួម​ទាំង​ការ​កាប់​សម្លាប់​អតីតមន្ត្រី​រដ្ឋការ​ក្នុង​សម័យ ​លន់ នល់។

ការ​កាត់​ទោស​អតីត​មេដឹក​នាំ​កំពូលៗ​នៃ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ ​ខ្មែរ​ក្រហម​នេះ ​ចាប់​ផ្តើម​ឡើង​ បន្ទាប់​ពី​មាន​ការ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម ​តាំងពី​ឆ្នាំ​២០០៦​មក។​

​កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក.)​ ​បាន​កាត់​ទោស​អតីត​អនុលេខាបក្ស​កុម្មុយនិស្ត​កម្ពុជា​គឺ​លោក​ នួន ជា​ ​និង​លោក​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​ខ្មែរ​ក្រហម​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ជា​លើក​ទី២​ ​ក្នុង​សំណុំ​រឿង​០០២/០២​ ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ចាម​ ​និង​វៀតណាម​ ​ពុទ្ធ​សាសនិក​ជន​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​

អំឡុងពេល​ដំណើរការ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​នោះ​ ​ក្រៅ​ពី​លោក ​នួន ជា ​និង​លោក​ ​ខៀវ សំផន ​តុលាការ​នេះ​បាន​ឃុំ​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​គឺ កាំង​ ​ហ្គេចអ៊ាវ​ ​ហៅ​ឌុច​ ​អតីត​ប្រធាន​មន្ទីរ​ស​២១​ ដែល​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០១។ ​ចំណែក​លោក​ អៀង សារី​ និង​អ្នកស្រី ​អៀង ធីរិទ្ធ​ ​ បាន​ស្លាប់​ក្នុង​ពេល​ដំណើរការ​កាត់ទោស​ក្នុង​ឆ្នាំ​២០១៥។

​សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ការ​ចូល​រួម​សវនាការ​ពី​ចៅក្រម​អន្តរជាតិ​ផង​នោះ​ ​បាន​គ្រោង​ចាត់ការ​កាត់​ក្តី​សំណុំរឿង​០០៣​ ​និង​០០៤​ ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់ក្រោម​ ​ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ប៉ុន្តែ​ដំណើរការ​នេះ​ហាក់​មាន​ភាព​ចម្រូងចម្រាស​ ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​ជាតិ​ ​និង​ចៅក្រម​អន្តរជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG