ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ​ភាពស៊ាំ​នឹង​ថ្នាំ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ដែល​នៅ​សេស​សល់​ដើម្បី​កម្ចាត់​ជំងឺ​គ្រុនចាញ់


លោក​ Benjamin Rolfe លេខា​ប្រតិបត្តិ​នៃ​​​សម្ព័ន្ធ​​អ្នក​ដឹក​នាំ​​ប្រ​ឆាំង​​នឹង​​ជំងឺ​គ្រុន​ចាញ់់​ប្រចាំ​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​ ផ្តល់​បទសម្ភាស​ជាមួយ​វីអូអេ (Zinlat Aung/VOA News)។
លោក​ Benjamin Rolfe លេខា​ប្រតិបត្តិ​នៃ​​​សម្ព័ន្ធ​​អ្នក​ដឹក​នាំ​​ប្រ​ឆាំង​​នឹង​​ជំងឺ​គ្រុន​ចាញ់់​ប្រចាំ​តំបន់​អាស៊ី​​ប៉ាស៊ីហ្វិក​ ផ្តល់​បទសម្ភាស​ជាមួយ​វីអូអេ (Zinlat Aung/VOA News)។

ជម្រើសជាច្រើនក្នុងការប្រកួតប្រជែងដើម្បីកម្ចាត់ជំងឺគ្រុនចាញ់បានបាត់បង់អស់ហើយ នៅមុនពេលដែលប៉ារ៉ាស៊ីតដែលបង្កជំងឺដ៏ប្រល័យមួយនេះ បានយកឈ្នះទាំងស្រុងលើការខិតខំប្រឹងប្រែងចុងក្រោយរបស់មនុស្សដើម្បីប្រឆាំងនឹងជំងឺនេះ នោះគឺការប្រើប្រាស់ថ្នាំតិណជាតិដែលគេស្គាល់ថាថ្នាំ artemisinin។

លោក​ Benjamin Rolfe​ លេខា​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​ដឹក​នាំ​ប្រ​ឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់់​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា​ APLMA ​មាន​ប្រសាសន៍​ថា៖​ «មាន​ជម្រើស​តិច​តួច​ណាស់​ ហើយ​តាម​ពិត​ទៅ​មាន​ថ្នាំ​តិច​តួច​នៅ​ក្នុង​ដំណើរ​ការ​ប្រឆាំង​ជំងឺ​នេះ។ ដូច្នេះ​ យើង​ពិត​ជា​មានឱកាស​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ការ​កម្ចាត់​ជំងឺ​នេះ។ ​បើ​សិន​ជា​យើង​មិន​កម្ចាត់​វា​ក្នុង​រយៈ​១៥​ឆ្នាំ​នេះ​ទេ​ យើង​នឹង​បាត់​បង់​ឧបករណ៍ បាត់​បង់​ឃ្លាំង​អាវុធ​របស់​យើង​ ហើយ​យើង​ទំនង​ជា​ និង​ប្រាកដ​ជា​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ជំងឺ​នេះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​បន្ទាប់​មក​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាហ្វ្រិក» ។

លោក​ Rolfe ​បាន​ហៅ​ស្ថានភាព​នេះ​ថា​ជា​ «ភាព​អាសន្ន​ផ្នែក​សុខភាព​សាកល»។

លោក​បាន​មាន​ប្រសាសន៍​ដូច​នេះ​ជាមួយ​វីអូអេ​ នៅ​ពេល​សម្រាក​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​ កាល​ពី​ខែ​កុម្ភៈ​ នៅ​ទីក្រុង​បាងកក​ ដែលត្រូវ​បាន​រៀប​ចំ​ដោយ​សម្ព័ន្ធ​ APLMA​ និង​ក្រុម«ការឆ្លើយ​តប​គ្រា​មាន​អាសន្ន​ទៅចំពោះ​ភាព​ស៊ាំនឹងថ្នាំ ​Artemisinin» ដែល​ហៅកាត់​ថា ​ERA

ក្រុម​មន្រ្តី​សុខភាព​សាធារណៈ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ថ្នាំ​ដែល​គេ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​សភាព​ដ៏គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុនចាញ់​នោះ​ កំពុង​តែ​គ្មាន​ប្រសិទ្ធភាពនៅ​អនុតំបន់​ទន្លេ​មេគង្គ។

លោក​ Rolfe ​បាន​ពន្យល់​ថា​៖ «យើង​បាន​ឃើញ​ថា​ភាព​គ្មាន​ប្រសិទ្ធិភាព​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើ​ប្រាស់​ថ្នាំ​កាល​ពី​លើក​មុន​ គឺ​ថ្នាំ​ chloroquine​ ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​។ ការ​ស៊ាំនឹង​ថ្នាំ​បែប​នេះ​បាន​រីក​រាលដាល​ចេញ​ពី​តំបន់​នេះ ​ដោយឆ្លង​កាត់​តាមប្រទេស​ឥណ្ឌា​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក។ ហើយ​យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​ រឿង​បែប​នេះ​អាច​កើត​មាន​ឡើង​ម្តង​ទៀត»។

ចំណុច​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជា​ពិសេស​នោះ​គឺ​ នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ឥណ្ឌានិងមីយ៉ាន់ម៉ា។

លោក​ Rofle ​បាន​បន្ត​ថា​៖ «ប្រទេសឥណ្ឌា​មាន​បន្ទុក​យ៉ាង​ធ្ងន់​ចំពោះ​រឿង​គ្រុនចាញ់​នេះ​ ដែល​ជំងឺ​នេះ​មាន​សភាព​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ​ហើយ​ប្រសិន​បើ​ការ​ស៊ាំ​នឹង​ថ្នាំ​បែប​នេះ​រីករាល​ដាល​តាម​ប្រទេស​ឥណ្ឌា​ឆ្លង​ដល់​ទ្វីប​អាហ្វ្រិក​នោះ​ យើង​នឹង​មាន​ហានិភ័យ​ដោយ​ឃើញ​មាន​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​ជីវិត»។

រដ្ឋាភិបាល​អូស្រ្តាលី​និង​ជាពិសេស​រដ្ឋាភិបាល​វៀតណាម​ ត្រូវ​បានកោត​សរសើរ​ដោយ​អ្នកចូល​រួម​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក​ ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជាអ្នក​ដឹកនាំ​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ ក៏ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​ខាត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ពី​សំណាក់​ប្រមុខ​រដ្ឋ​ឯទៀតៗ។

លោក ​Rolfe បាន​ព្រមានថា​៖ «បើសិន​ជា​គ្មាន​ការ​វិនិយោគ​ គ្មាន​ប្រាក់​សម្រាប់​ធ្វើ​រឿង​នេះ​ឲ្យ​កើត​មាន​ឡើង​នោះទេ​ ​យើង​នឹង​បរាជ័យ»។

សម្ព័ន្ធ​ APLMA ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ីខាង​កើត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប៊្រុយណេ​ កាល​ពីឆ្នាំ​២០១៣ ដោយ​សារ​មាន​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ក្រុម​មេ​ដឹក​នាំ​ជា​ច្រើន​អំពី​ហានិភ័យ​នៃ​ការ​រីរាល​ដាល​ឡើង​វិញ​នៃ​ជំងឺ​គ្រុនចាញ់ ​ជា​ពិសេស​ដោយ​សារ​តែ​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ​នៅ​តំបន់​ទន្លេ​មេគង្គ។

ដោយ​យក​ចេញ​ពីរុក្ខជាតិ​ម្យ៉ាង​ឈ្មោះ ​sweet wormwood plant ​ថ្នាំ ​artemisinin​ និង​ថ្នាំ​ចម្លង​របស់​វា​មាន​លទ្ធភាព​កាត់​បន្ថយ​ចំនួនប៉ារ៉ាស៊ីត​បង្ក​ជំងឺ​គ្រុន​ចាញ់​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​គ្រុនចាញ់។

ក៏ប៉ុន្តែ​ ប៉ារ៉ាស៊ីត​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​ដែល​គេ​ចាត់​ទុក​ជា​ខ្សែ​បន្ទាត់​ចុង​ក្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ ដែល​កើត​មាន​ឡើង​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ ប្រទេសកម្ពុជា​ ថៃ​ ឡាវ វៀតណាម​ និង​មីយ៉ាន់ម៉ាដែល​គេ​ស្គាល់​ថា​ភូមា។

នៅ​ក្នុង​តំបន់​មួយ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​គឺ​នៅ​ជាប់​នឹង​ព្រំដែនថៃ ​ប៉ារ៉ាស៊ីតបីក្រុម​ទីទៃ​ពី​គ្នា​មាន​រាង​ដូច​កណ្តៀវ​ដែល​បង្កជំងឺ​គ្រុនចាញ់​ហើយ​មាន​ភាព​ស៊ាំនឹង​ថ្នាំ​ ត្រូវ​បាន​គេ​រក​ឃើញ។ នេះ​បើ​យោងទៅ​តាម​ការ​ស្រាវជ្រាវ​មួយ​បោះពុម្ពផ្សាយ​កាល​ពី​ឆ្នាំ​២០១៣​ដោយ​ទស្សនាវដ្តី​ធម្មជាតិ​ពន្ធុវិជ្ជា​ (Nature Genetics)។

តាម​ការ​ប៉ាន់​ប្រមាណ​ មាន​ករណី​ជំងឺ​គ្រុនចាញ់​ចំនួន​មួយ​រយ​កៅសិប​ប្រាំបី​លាន​ករណី​នៅ​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៣ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​ មាន​អ្នក​ស្លាប់​៥៨​ម៉ឺន​បួនពាន់​នាក់។ នេះ​បើ​យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក។

នៅឆ្នាំ​២០១៣​ អ្នកស្លាប់​ពី​ជំងឺ​គ្រុនចាញ់​៩០ភាគ​រយ​កើត​មាន​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​ចំនួន​អ្នក​ស្លាប់​ជា​កុមារ​មាន​ប្រហែល​៤៣ម៉ឺន​ប្រាំពីរ​ពាន់​នាក់​មុន​ពេល​ពួក​គេ​មាន​អាយុ​ប្រាំ​ឆ្នាំ។

នៅ​ចន្លោះ​ពីឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៣​ដែល​តួលេខ​នៃ​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ចុង​ក្រោយ ​ការ​កើត​ឡើង​នៃ​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​កាត់​បន្ថយ​បាន​៣០​ភាគ​រយ​នៅ​ទូទាំង​សាកលលោក។ នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នោះ​ដែរ​ អត្រា​មរណភាព​ដោយសារ​ជំងឺ​គ្រុនចាញ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ប៉ាន់​ស្មាន​៤៧ភាគ​រយ​ទូទាំង​ពិភពលោក​ ហើយ​នៅ​ទ្វីប​អាហ្វ្រិក​ការ​ធ្លាក់​ចុះ​មាន​៥៤​ភាគរយ៕

ប្រែសម្រួលដោយ​ នៀម ឆេង

XS
SM
MD
LG