ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO៖ជំងឺ​គ្រុនចាញ់​បាន​ចុះ​ខ្សោយ​ទូទាំង​ពិភព​លោក


មន្រ្តី​ជំនាញ​ខ្មែរ​បាន​អះអាង​ថា​ អត្រា​ស្លាប់ដោយ​សារ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ជាង​៥៦​ភាគរយ​​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ។
មន្រ្តី​ជំនាញ​ខ្មែរ​បាន​អះអាង​ថា​ អត្រា​ស្លាប់ដោយ​សារ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ជាង​៥៦​ភាគរយ​​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ។

អង្គការ​សុខភាព​ពិភពលោក​ WHO ​បាន​រក​ឃើញ​ថា ​មាន​ប្រទេស​ចំនួន​មួយ​ភាគ​បី​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០៨​ក្នុង​ពិភពលោក​ មាន​អាត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ធ្លាក់ចុះ​ជាង​២០​ភាគរយ​ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ។ ​ក៏ប៉ុន្តែ​មន្រ្តី​ជំនាញ​ខ្មែរ​បាន​អះអាង​ថា​ អត្រា​ស្លាប់ដោយ​សារ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ​ជាង​៥៦​ភាគរយធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នេះ។

យោង​តាម​គេហ​ទំព័រ​របស់​វិទ្យុ​ BBC ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បង្ហាញ​ថា ​ប្រទេស​ទាំង​នោះកំពុង​តែ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នេះ ​ហើយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខា​ភិបាល​អះអាង​ថា ​ប្រសិន​បើ​អត្រា​ស្លាប់​នៅ​តែ​បន្ដ​ធ្លាក់​ចុះ​នោះ​ គេ​នឹង​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន​ចំនួន​បី​លាន​នាក់​ក្នុង​ពិភព​លោក​ នៅ​ត្រឹម​ឆ្នាំ​២០១៥។ ​ទោះជាយ៉ាងណា ​លោក​វេជ្ជបណ្ឌិត​ ស្ទីវិន ​ប៊ីយ៉កហ្គី ​(Steven Bjorge ) ​ទទួល​បន្ទុក​ផ្នែក​ជំងឺ​គ្រុនចាញ់ ​និង​ជំងឺ​គ្រុមឈាម​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​មាន​ប្រសាសន៍​ថា ​របាយ​ការណ៍​ខាង​លើ​នោះ​មិនរាប់​បញ្ចូល​ប្រទេស​កម្ពុជា​ទេ ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​អត្រា​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ចំនួន​តិចតួច។

«នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​អ្នក​ជំងឺ​គ្រុន​ចាញ់​ត្រឹម​តែ​ជិត​២០០​ករណី​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ​បច្ចុប្បន្ន​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​កម្ពុជា។ ​យើង​សង្ឃឹម​ថា ​អត្រា​ស្លាប់​នៅ​តែ​បន្ដ​ធ្លាក់​ចុះ​ទៀត។​ បើ​ទោះ​ជា​មិនមែន​ជា​ការ​ធ្លាក់​ចុះ​ដោយ​គំហុក ​ក៏​អត្រា​មរណៈ​នេះ​មាន​កម្រិត​ទាប​មែនទែន​ក្នុង​រយៈពេល​ប្រាំ​ទៅ​ដប់​ឆ្នាំ​ទៀត»។

យោង​តាម​តួលេខ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​២០០០​ ប្រទេស​កម្ពុជា​មាន​អ្នក​ជំងឺ​គ្រុន​ចាញ់​ចំនួន​ ១២៩១៦៧​នាក់​ ហើយ​អាត្រា​នេះ​មាន​ការ​ធ្លាក់​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ឆ្នាំ​២០១០​មាន​ចំនួន​៥៦២១៧​នាក់។

លោក​វេជ្ជបណ្ឌិត​ច ​ម៉េងចួ ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ បាន​ប្រាប់​វីអូអេ​សម្លេង​សហ​រដ្ឋ​អាមេរិក​ ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ស្តី​ពី​យុទ្ធនាការ​បែងចែក​មុង​ការពារ​នេះ​ថា​ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ‌​ អត្រា​ជំងឺ​គ្រុន​ចាញ់​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ជា​៥៦,៥​ភាគរយ។

«ចំណុច​សំខាន់​គឺ​ប្រជាជន​យល់​អំពី​មូលហេតុ​នៃ​ជំងឺ​គ្រុនចាញ់​ ហើយ​ចំពោះ​ការ​ព្យាបាល​គឺ​យើង​ណែនាំ​គាត់​ឲ្យ​ទៅ​រក​កន្លែង​ព្យាបាលត្រឹមត្រូវ​ ដូច​ជា​មណ្ឌល​សុខភាព។ ​យើង​ប្រើប្រាស់​ប្រព័ន្ធ​អប់រំ​សុខភាព​ផ្សាយ​តាម​វិទ្យុ ​ទូរទស្សន៍ ​ហើយ​នៅ​សហគមន៍​ យើង​មាន​មន្រ្តី​នៅ​តាម​ភូមិ ​ឃុំ។ ​យើង​ពន្យល់​ផ្ទាល់​មាត់​ទៀត​ ហើយ​នៅ​ទី​សាធារណៈ​ យើង​តាំង​ផ្ទាំង​ផ្សព្វផ្សាយ​សម្រាប់អប់រំ»។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​ឃាង​ សូយទី ​ប្រធាន​កម្មវីធី​ជំងឺ​គ្រុនចាញ់​របស់​អង្គការ​សកល​វិទ្យាល័យ​សហ​ប្រតិបត្តិការណ៍​ និង​សិក្សាស្រាវ​ជ្រាវ​ URC​បាន​យល់ស្រប​ពី​អត្រា​ធ្លាក់ចុះ​នៃ​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​កម្ពុជា ​ដូច​លោក​វេជ្ជបណ្ឌិត​ ច​ ម៉េងចួ​ដែរ ​ដោយ​លើក​ឡើង​ថា ​អត្រា​អ្នក​ស្លាប់​ក៏​មាន​ការ​ថយចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ជាក់​ស្តែង​នៅ​ឆ្នាំ​២០០០​មាន​អ្នក​ស្លាប់​ចំនួន​៦០៨​នាក់។

លោក​ឃាង ​សូយទី​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១០​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ត្រឹម​តែ​១៣៥​នាក់​ប៉ុណ្ណោះ ​ហើយ​នៅ​៦​ខែ​ដើម​ឆ្នាំ​២០១១​នេះ​មាន​អ្នក​ស្លាប់​៣៥​នាក់។

«ខ្ញុំ​គិត​ថា​ ជា​ជោគជ័យ​មួយ​នៅ​ក្នុង​ការ​ប្រឹងប្រែង​ទាំង​អស់​គ្នា​ ក៏​ប៉ុន្តែ​តួលេខ​នេះ​វា​នៅ​ខ្ពស់​ដដែល​ទេ។​ ចុះ​មែន​ ក៏ប៉ុន្តែ​ចុះ​នោះ​នៅ​កម្រិត​មួយ​ដែល​ថា​យើង​ត្រូវ​ចូលរួម​ទាំង​អស់​គ្នា​គឺ​វា​នៅ​ខ្ពស់​ដដែល​ទេ។​ ហើយ​ទន្ទឹម​ពេល​នេះ​ យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពី​រឿង​ការ​ស៊ាំ​ថ្នាំ​ដែល​អាច​កើត​ឡើង​ជាយថា​ហេតុ​នៅ​ក្នុង​ប្រទេស​របស់​យើង»។

លោក​វេជ្ជបណ្ឌិត​ច​ ម៉េងចួ​បញ្ជាក់​ថា​ ចាប់​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥ ​កម្ពុជា​នឹង​ត្រូវចំណាយ​ថវិកា​ប្រមាណ​ជា​១៣១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ការ​ទប់ស្កាត់​ទៅ​លើ​ជំងឺ​គ្រុនចាញ់។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ​លោក​ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​អាច​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​បាន​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥។ ​ជំងឺ​គ្រុនចាញ់​គឺ​ជា​ជំងឺ​ដ៏​ប្រល័យ​មួយ​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក។ ​នៅ​ឆ្នាំ​២០០៩​ ក្នុង​ពិភពលោក​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជាង​៧៨​ម៉ឺន​នាក់។

ជំងឺ​គ្រុនចាញ់​ភាគ​ច្រើន​កើត​នៅ​រដូវ​ភ្លៀង​ ពោល​គឺ​ចន្លោះ​ពី​ខែ​ឧសភា​ដល់​ខែ​ឆ្នូ។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា​ ប្រជាពលរដ្ឋ​ ដែល​ស្ថិត​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺ​នេះ​ គួរ​តែ​ស្ថិត​នៅ​ក្នុង​មុង​នៅ​ចន្លោះ​ម៉ោង​៦​ល្ងាច​ទៅ​ដល់​ម៉ោង​៦​ព្រឹក​ ពីព្រោះ​ជំងឺ​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយសារ​មូស​ដែកគោល​ញី​ខាំ​ ហើយ​មូស​នេះ​ភាគ​ច្រើន​ខាំ​នៅ​ចន្លោះ​ពី​ម៉ោង​៦​ល្ងាច​ទៅ​ដល់​ម៉ោង​៦​ព្រឹក។

យោង​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​មាន​ជំងឺ​គ្រុនចាញ់​ភាគ​ច្រើន​គឺ​ចន្លោះ​អាយុ​ពី​១៥​ឆ្នាំ​ទៅ​៤៩​ឆ្នាំ​ ហើយ​ខេត្ត​ដែល​មាន​អាត្រា​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ខ្ពស់​គឺ​ខេត្ត​ក្រចេះ ​ឧត្តរមានជ័យ ​សៀមរាប​ និង​ខេត្ត​រតនគីរី៕

XS
SM
MD
LG