នាង ធីតា វីន រាជធានីភ្នំពេញ
ប្រទេសកម្ពុជាត្រូវការថវិកាប្រមាណជា៦០០លានដុល្លារអាមេរិកសម្រាប់បំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ នេះបើយើងតាមការអះអាងរបស់មន្ត្រីជំនាញផ្នែកជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលកម្ពុជា។
កាលពីខែមិនាឆ្នាំ២០១១ រដ្ឋាភិបាលបានដាក់ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងរយៈពេល១៥ឆ្នាំ។ យុទ្ធសាស្ត្រទាំងនោះរួមមានការទប់ស្កាត់ការចម្លងជំងឺគ្រុនចាញ់ ដោយការប្រើប្រាស់មុងជ្រលក់ថ្នាំ ផ្តល់សេវាទូលំទូលាយ ដោយធ្វើរោគវិនិច្ឆ័យរហ័ស និងព្យាបាលទាន់ពេលវេលាដោយឥតគិតថ្លៃក្នុងសេវាសាធារណៈ បញ្ឈប់ការសាយភាយនៃភាពស៊ាំរបស់មេរោគគ្រុនចាញ់ជាមួយនឹងឱសថគ្រុនចាញ់ ត្រួតពិនិត្យការលក់ឱសថគ្រុនចាញ់ក្លែងក្លាយក្នុងទីផ្សារ យុទ្ធនាការព្យាបាលជំងឺគ្រុនចាញ់ជាសមូហភាពក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិតស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានឲ្យដឹងថា ដើម្បីកំចាត់ជំងឺគ្រុនចាញ់បានទាំងស្រុង កម្ពុជាត្រូវការថវិកាចំនួនប្រមាណជា៦០០លានដុល្លារអាមេរិក។
លោកបានបន្ថែមថា នៅក្នុងអំឡុងពេលនេះ ថវិកាប្រមាណជា១០០លានដុល្លារអាមេរិកបានត្រូវអនុម័តដោយមូលនិធិសកលសម្រាប់គម្រោងឆ្ពោះទៅកាន់ដំណាក់កាលត្រៀមលុបបំបាត់ជំងឺគ្រុនចាញ់ពី ឆ្នាំ២០១១ដល់២០១៥។
«ដល់ត្រឹមឆ្នាំ២០១៥គឺយើងនឹងកាត់បន្ថយអាត្រាស្លាប់ឲ្យនៅទាបបំផុត ហើយរហូតដល់ឆ្នាំ២០២០ យើងនឹងលុបបំបាត់ជាបណ្តើរៗនូវជំងឺគ្រុនចាញ់ប្រភេទប៉ាស៊ីផារ៉ូមដល់ឆ្នាំ២០២៥ មិនមានឆ្លង មិនមានឈឺ មិនមានស្លាប់ដោយជំងឺគ្រុនចាញ់ទៀតទេ។ ចំនួនទឹកលុយដែលយើងត្រូវការប្រហែលជា៦០០លានដុល្លារអាមេរិកពី២០១៥ទៅដល់ឆ្នាំ២០២៥ គឺយើងអត់ទាន់មានថវិកាទេ តែយើងសង្ឃឹមថា អង្គការដែលជួយយើងនោះនឹងនៅតែបន្តជួយយើង។ ធម្មតាផែនការដែលយើងធ្វើត្រូវការថវិកា តែបើមិនមានថវិកា វាត្រូវតែប៉ះពាល់»។
យោងតាមតួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានឲ្យដឹងថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អត្រាជំងឺគ្រុនចាញ់មានការធ្លាក់ចុះប្រមាណជា៥៦,៥ភាគរយ។ ជាក់ស្តែងកាលពីឆ្នាំ២០១១ ប្រទេសកម្ពុជាមានអ្នកជំងឺគ្រុនចាញ់ចំនួន៦២៦៨០នាក់ អ្នកស្លាប់ចំនួន៩៣នាក់ ហើយអាត្រានេះមានការធ្លាក់ចុះដោយនៅឆ្នាំ២០១២ដែលមានអ្នកជំងឺចំនួន៤៦០៦៥នាក់ មានអ្នកស្លាប់៤៤នាក់។
របាយការណ៍ដដែលបានរៀបរាប់ថា អ្នកជំងឺគ្រុនចាញ់ភាគច្រើនគឺចន្លោះអាយុពី១៥ឆ្នាំទៅ៤៩ឆ្នាំ ហើយខេត្តដែលមានអាត្រាអ្នកកើតជំងឺគ្រុនចាញ់ខ្ពស់គឺខេត្តក្រចេះ មណ្ឌលគិរី និងខេត្តរតនៈគីរីជាដើម។
ទោះបីជាករណីគ្រុនចាញ់ ដែលបានធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅតាមគ្លីនិច រួមទាំងអត្រាស្លាប់ក្នុងចំណោមអ្នកជំងឺធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការថយចុះក៏ដោយ ក៏ការឈឺនិងស្លាប់ដោយសារជំងឺគ្រុនចាញ់នៅកម្ពុជានៅតែមានកម្រិតខ្ពស់ បើប្រៀបធៀបនឹងបណ្តាលប្រទេសផ្សេងៗក្នុងតំបន់។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិតស៊ីវ សុវណ្ណារ័ត្ន។
ជាមួយគ្នានេះដែរ លោកអ៊ុត សុផល មន្ត្រីរបស់អង្គការក្រុមអ្នកជំនាញផ្នែកជំងឺគ្រុនចាញ់ បានឲ្យដឹងថា ថវិកាគឺជាបញ្ហាដ៏ចម្បងក្នុងការសម្រេចឲ្យបាននូវគោលដៅយុទ្ធសាស្ត្រដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
«យើងតែងតែព្រួយបារម្ភទាក់ទងនឹងថវិកាផ្នែកជំនួយ។ បើសិនជាម្ចាស់ជំនួយឬក៏ថវិកានោះមិនមានផលប៉ះពាល់ដល់កម្មវិធីទេ ខ្ញុំគិតថាយើងនឹងទទួលជោគជ័យ»។
ជំងឺគ្រុនចាញ់ធ្វើឲ្យមានភាពស្លេកស្លាំង ផលវិបាកពេលមានផ្ទៃពោះទារកមិនគ្រប់ទំងន់ និងការលូតលាស់ខ្សោយសម្រាប់កុមារ។ជំងឺគ្រុនចាញ់បានធ្វើឲ្យប៉ះពាល់ដល់ការចំណាយសេដ្ឋកិច្ច រួមបញ្ចូលដល់ការចំណាយផ្ទាល់លើការព្យាបាលជំងឺ ជាពិសេសចំពោះជនក្រីក្រ និងជនដែលងាយរងគ្រោះ ព្រមទាំងការចំណាយសង្គមផ្សេងៗទៀត ដូចជាការបាត់បង់ពេលវេលាសិក្សារបស់កុមារ និងយុវវ័យ ពេលវេលាប្រកបមុខរបរ ការធ្វើដំណើរបំលាស់ទី និងការសន្សំប្រាក់ទុកជាដើម។
ដោយឡែកលោកវេជ្ជបណ្ឌិតឃាង សូយទី ប្រធានកម្មវិធីគ្រុនចាញ់របស់អង្គការសាកលវិទ្យាល័យសហប្រតិបត្តិការនិងសិក្សាស្រាវជ្រាវURCបានឲ្យដឹងដែរថា ការដឹកនាំល្អគឺជាកត្តាសំខាន់បំផុត ដូច្នេះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់គួរតែពង្រឹងសមត្ថភាពបន្ថែមទៀត ទើបអាចរកប្រាក់ជំនួយបាន ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រនេះ។
«ហើយការដឹកនាំនោះគឺធ្វើដូចម្តេចឲ្យមានការសម្របសម្រួលស៊ីសង្វាក់គ្នាមែនទែនរវាងអង្គការដៃគូនានា ក៏ប៉ុន្តែចំណុចសំខាន់បំផុតដែលត្រូវបង្ហាញគេនោះគឺទាក់ទងជាមួយនឹងភាពច្បាស់លាស់នៃការលើកឡើងនៃគម្រោង ហើយនឹងការបំពេញការងាររបស់មជ្ឈមណ្ឌលជាតិ ក៏ដូចជាក្រសួង នៅពេលដែលយើងមានគម្រោងច្បាស់ការបែបនេះ ហើយខ្ញុំគិតថា ម្ចាស់ផ្តល់ជំនួយគេនឹងពិនិត្យមើល គេនឹងផ្តល់ថវិកាមក។ មជ្ឈមណ្ឌលជាតិឃើញមានការប្រឹងប្រែងដែរ ក៏ប៉ុន្តែការប្រឹងប្រែងបច្ចុប្បន្ននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេដើម្បីឲ្យយើងអាចទៅសម្រេចគោលដៅរបស់យើងក្នុងការលុបបំបាត់»។
ជំងឺគ្រុនចាញ់ភាគច្រើនកើតនៅរដូវភ្លៀង ពោលគឺចន្លោះពីខែឧសភាដល់ខែឆ្នូ។ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ប្រឈមនឹងជំងឺនេះ គួរតែស្ថិតនៅក្នុងមុងនៅចន្លោះម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក ពីព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារមូសដែកគោលញីខាំ ហើយមូសនេះភាគច្រើនខាំនៅចន្លោះពីម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក៕