ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកជំនាញ​ផ្នែកសុខាភិបាល មាន​ការសង្ស័យ​អំពី​ចំនួន​តិច​នៃអ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន


សមាជិក​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍ និង​ក្រុង​រ៉ង់ហ្គូន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ផ្លូវ​ដើរ​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

ប្រទេស​កម្ពុជា និង​វៀតណាម​ដែល​មាន​ទំនាក់​ទំនង​វប្បធម៌​ និង​ពាណិជ្ជកម្ម​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​បាន​រាយការណ៍​ថា មាន ១០៤ និង ១៦៩ ករណី។ ចំនួន​នេះ គឺ​ច្រើន​ជាង​ប្រទេស​ឡាវ ឬ មីយ៉ាន់ម៉ា ក៏ប៉ុន្តែ នៅតែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។

ក្រុមអ្នកជំនាញ​ផ្នែកសុខាភិបាល​ថា កម្រិត​ទាប​នៃ​ការធ្វើតេស្ត​ស្ទើរតែ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រហែលជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិតប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ១៩ បាន​ទេ។ បើ​សិន​ជា​ការបង្ហាញ​ចំនួន​មិន​ពិតប្រាកដ​នៃ​អ្នកឆ្លងជំងឺ​កូវីដ១៩ ​បង្ក​ឲ្យ​មាន​ភាពមិន​សូវ​ខ្វាយខ្វល់​នោះ វា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ កាន់តែ​រីក​រាលដាល។

អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​និយាយ​ថា ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ មាន​ទាប​ដែល​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ កំពុង​រាយការណ៍​នោះ និង​ដែល​ក្នុង​ប្រទេស​ខ្លះ​ថា​មាន​មិន​ដល់​១០​ករណី​នោះ ភាគច្រើន​គឺ​ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​មាន​កំណត់ ដូច្នេះ​លទ្ធផល​មាន​តិច​ជាង ការ​ពិត​នៃ​ចំនួន​អ្នកឆ្លង​ជំងឺ​នេះ។ ពួកគេ​ព្រមាន​ថា តួលេខ​មិន​ពិត​អាច​បង្ក​ឲ្យ​មាន​ការ​គិតគូរ​មិន​ត្រឹមត្រូវ​ខាងផ្នែក​សន្តិសុខ និង​ធ្វើឲ្យ​វីរុស​ដ៏​មរណៈ​នេះ កាន់តែ​ការរីក​រាលដាល។

ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ចិន ដែល​ជា​កន្លែង​ចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ ហើយ​បាន​ចម្លង​រាលដាល​ពាសពេញ​ពិភពលោក កាលពី​ចុង​ឆ្នាំមុន​នោះ នៅ​តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ករណី​អ្នកឆ្លង​ជំងឺ​កូវីដ១៩​នេះ មាន​ចំនួន​សូន្យ​កាលពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ។ ចាប់តាំងពី​មាន​ការផ្ទុះ​វីរុស​នេះ​មក នៅ​ថ្ងៃសៅរ៍​ ទី២៨ ខែមីនា កន្លង​ទៅ​នេះ ប្រទេស​ឡាវ​បាន​បញ្ជាក់​ថា ខ្លួន​មាន​អ្នក​ជំងឺ​កូវីដ១៩​នេះ ចំនួន ៦ ករណី។ ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​បណ្តោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន​ជាង ២.០០០ គីឡូម៉ែត្រ បាន​បញ្ជាក់​ថា ខ្លួន​មាន​ចំនួន ៥ ករណី។

ប្រទេស​កម្ពុជា និង​វៀតណាម​ដែល​មាន​ទំនាក់​ទំនង​វប្បធម៌​ និង​ពាណិជ្ជកម្ម​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​បាន​រាយការណ៍​ថា មាន ១០៤ និង ១៦៩ ករណី។ ចំនួន​នេះ គឺ​ច្រើន​ជាង​ប្រទេស​ឡាវ ឬ មីយ៉ាន់ម៉ា ក៏ប៉ុន្តែ នៅតែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ។

លោក Mark Simmerman គឺជា​អ្នកពិគ្រោះយោបល់​ផ្នែក​សុខភាព​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​ មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​ជា​អតីត​អ្នក​ជំនាញ​ផ្នែក​រោគឆ្លង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការពារ​ជំងឺ​សហរដ្ឋ​អាមេរិក ដែល​ធ្វើការ​លើ​ការ​ឆ្លើយតប​ក្នុង​តំបន់​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ SARS ក្នុង​ឆ្នាំ២០០៣។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«នោះ​គ្រាន់តែ​ជា​ផលវិបាក​នៃ​សមត្ថភាព​មាន​កម្រិត​ក្នុងការ​ធ្វើតេស្ត​ និង​ការឃ្លាំមើល​ដែល​នៅ​ខ្សោយ​ប៉ុណ្ណោះ។ នេះ​ជា​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​តំបន់​នោះ។ ក៏ប៉ុន្តែ ចំនួន​ដ៏​តិចតួច​ទាំងនេះ គឺ​មិន​ស៊ី​គ្នា ទៅនឹង​ស្ថានភាព​ជាក់ស្តែង​ទេ»។

ក្នុងពេល​នេះ​ផងដែរ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ​បាន​បញ្ជាក់ថា ខ្លួន​មាន​អ្នកឆ្លង​រាប់ពាន់​ករណី ក៏​ប៉ុន្តែ​ទោះបី​ជាដូច្នេះក្តី ក៏​អ្នកជំនាញ​សុខាភិបាល​ខ្លះ ត្អូញត្អែរ​អំពី​ចំនួន​នោះ​ដែរ។ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប្រធាន​កាកបាទក្រហមជាតិ​លោក Jusuf Kalla បាន​និយាយ​ថា ចំនួន​អ្នកឆ្លង ទំនងជា​មាន​ច្រើនជាង​ការណ៍​ដែល​ប្រទេស​នេះ បាន​រាយការណ៍​ឆ្ងាយ​ណាស់ ដោយសារ​កម្រិត​នៃ​ការធ្វើ​តេស្ត​នៅ​ទាប​នៅឡើយ។

គិត​ដល់​ត្រឹម​ដើម​សប្តាហ៍​ទី៤​នៃ​ខែមិនា​កន្លង​ទៅ​នេះ ប្រទេសឡាវ បាន​ធ្វើ​តេស្ត​មនុស្ស​តែ ១៣១ នាក់​ប៉ុណ្ណោះ។ ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត ៥៤ លាន​នាក់ បាន​ធ្វើតេស្ត​មនុស្ស​ចំនួន​ប្រមាណជា ៣០០ នាក់។ ផ្ទុយ​ទៅវិញ​ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​ចំនួន​ប្រជាពលរដ្ឋ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ​នោះ បាន​ធ្វើតេស្ត​មនុស្ស​រាប់សែន​នាក់ ហើយ​បាន​រក​ឃើញ​ថា មាន​ករណី​ឆ្លង​វីរុស​នេះ ចំនួន​ជាង ៩.០០០ ករណី។ លោក Mark Simmerman បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«រឿង​នេះសំខាន់​នៅ​ត្រង់​ថា តើ​អ្នក​ពិនិត្យ​ពិច័យ​ខ្លាំង​កម្រិត​ណា ហើយ​ថា តើ​អ្នកធ្វើ​តេស្ត​ច្រើន​កម្រិត​ណា ហើយ​ថា តើ​អ្នកល្អិតល្អន់​ដល់​កម្រិត​ណា ក្នុង​ការតាមដាន ថា​អ្នកជំងឺ​នោះ​យ៉ាងម៉េច​ទៅហើយ ហើយនឹង​គ្រប់​មនុស្ស​គ្នា​ដែល​អ្នកជំងឺ​បាន​ទាក់ទង»។

បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​ចំនួន មាន​ភាពយឺតយ៉ាវ​ក្នុងការ​ទទួល​ស្គាល់​ហានិភ័យ​នៃ​ជំងឺ​នេះ។

កាលពី​ពាក់កណ្តាល​ខែមិនា​អ្នកនាំពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មួយ​រូប នៅតែ​និយាយ​ថា ប្រទេស​មីយ៉ាន់ម៉ា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​តិច ដោយសារតែ «របៀបរស់​នៅ​និង​របប​អាហារ» របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ។ នៅ​ពាក់​កណ្តាល​ខែកុម្ភៈ មុន​ពេលដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​រាយការណ៍​ពី​ករណី​អ្នកឆ្លង​ដំបូង​របស់​ខ្លួន រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​កោតសរសើរ​ដល់​ជនរួមជាតិ​របស់​លោក​ដែល​បាន​បន់ស្រន់​សុំ​ការការពារ​មិន​ឲ្យ​ឆ្លង​មេរោគ​នេះ។ ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ជើង​ហោះហើរ ពី​ប្រទេស​ចិន​ក្នុង​ខែកុម្ភៈ បន្ទាប់ពី​ប្រទេស​ជាច្រើន​បាន​ដាក់​បម្រាម​ជនជាតិ​ចិន​មិន​ឲ្យ​ចូល​ប្រទេស​ពួកគេ ដោយសារតែ​ខ្លាច​ថា ពួកគេ​នឹង​នាំ​វីរុស​នោះ ចូល​ប្រទេស​ពួកគេ។

ទោះបីជា​ឥឡូវនេះ ប្រទេស​ទាំង​នេះ​ដាក់​វិធានការ​ឲ្យ​ពលរដ្ឋ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា លុបចោល​ព្រឹត្តិការណ៍​សាធារណៈ កំណត់​ចំនួន​មនុស្ស​ក្នុងការ​ជួបជុំគ្នា ឬ រឹតត្បិត​ការ​ធ្វើដំណើរ​ក៏ដោយ ក៏​អ្នកជំនាញ​និយាយ​ថា ការបញ្ជាក់អំពី​អ្នក​ឆ្លង​មាន​ចំនួន​ទាប​ដែល​បណ្តាល​មកពី​ការ​ធ្វើ​តេស្ត​មាន​កំណត់​នោះ នឹង​ធ្វើ​ឲ្យ​ការ​ចាត់​វិធានការ​ទាំងនោះ មិន​មាន​លទ្ធផល។ លោក Mark Simmerman បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វា​បង្អាក់​ដល់​ការគិត​ថាភាពបន្ទាន់​ក្នុង​រឿង​នេះ វា​ធ្វើ​មនុស្ស​មិនសូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការរាតត្បាត​នេះ ហើយ​វា​ក៏​ធ្វើ​ឲ្យ​មនុស្ស​មិន​គោរព​តាម ឬ ត្រូវ​ផ្លាស់ប្តូរ​ការប្រព្រឹត្ត ដូចជា​ការ​ធ្វើដំណើរ របៀបខ្លះ​ក្នុង​ការ​ទាក់ទង​គ្នា។ មនុស្សម្នា មិន​គោរព​តាម ឬ ធ្វើ​តាម​ការណែនាំ​ទេ រហូត​ទាល់​តែ​ពួកគេ​ យល់ច្បាស់​ពី​ស្ថានភាព ហើយ​មួយ​ផ្នែក​ក៏​មក​ពី​លទ្ធផល​ចេញពី​មន្ទីរ​ពិសោធន៍ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចំនួន​អ្នក​ឆ្លង យ៉ាង​ហោច​ណាស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​វីរុស​នេះ»។

លោក Jeremy Lim ជា​សហ​ប្រធាន​ផ្នែក​សុខភាព​ពិភពលោក​នៅ​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី Saw Swee Hock បាន​យល់ស្រប​ទៅ​នឹង​ចំណុច​ខាងលើ​នេះ។ លោក បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា គឺ​ជា​វិធានការ​សុខភាព​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល មនុស្ស​គ្រប់គ្នា​អាច​ធ្វើបាន រួម​ជាមួយ​នឹង​ការ​លាងដៃ។ ដូច្នេះ​នៅ​តាម​បណ្តា​ប្រទេស​នានា ដែល​មិន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ក្នុង​ការ​ការពារ​ខ្លួន​នោះ ពលរដ្ឋ​នឹង​មិនមាន​ឆន្ទៈ​ក្នុងការ​ចូលរួម​អនុវត្ត​ការ​រក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយពី​គ្នា​ឡើយ​ ដូច្នេះ​ពួកគេ ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រីករាលដាល​នៃ​វីរុស​នេះ។ ហើយ​ដោយសា​រតែ​ការ​រីករាលដាល គឺ​កាន់​តែមាន​ល្បឿន​លឿន​នោះ ពីព្រោះ (ជាមធ្យម​ចំនួន​មនុស្ស​ដែល​នឹង​ឆ្លង​ពី​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ) ត្រូវ​បាន​គេ​ជឿ​ថា គឺ​នៅពេល​ដែល​យើង​នៅ​ជាមួយ​មនុស្ស​មាន​ចំនួន​ចន្លោះ​ពី ២ ទៅ ៣​នាក់​ឡើង​ទៅ មាន​ន័យ​ថា មនុស្ស​ដែល​មិន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ប្រទេស​ទាំងឡាយ​ណា​ដែល​មិន​ធ្វើ​តេស្ត គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លងរាលដាល​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ»។

ដូច​លោក Simmerman ដែរ លោក Lim ក៏​ជឿ​ថា កម្រិត​ឆ្លង​ជំងឺ​កូវីដ១៩​ទាបបំផុត នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​គេ​កំពុង​រាយការណ៍​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​ពិតប្រាកដ​នៃ​ការ​ឆ្លង​ទេ។

វា​ក៏​ប្រហែលជា​មិនមែន​រឿង​ចៃដន្យ​ដែរ ដែល​ប្រទេស​ដែល​រាយការណ៍​ថា កម្រិត​ឆ្លង​ជំងឺ​កូវីដ១៩​ទាប​ទាំងនោះ​ខ្លះ មាន​រដ្ឋាភិបាល​ដែល​គាបសង្កត់​បំផុត និង​ប្រព័ន្ធ​ថែរក្សា​សុខភាព​សាធារណៈ​ដ៏​អន់ខ្សោយ​នៅ​ក្នុង​តំបន់។ សូម្បីតែ​នៅ​ពេល​ធម្មតា ពួកគេ​មាន​ការលំបាក​ក្នុងការ​បំពេញ​តម្រូវការ​ផ្នែក​វេជ្ជសាស្រ្ត​ជាមូលដ្ឋាន​របស់​ប្រជាពលដ្ឋ​របស់​ពួកគេ​ទៅ​ហើយ ហើយ​ពួកគេ​អាច​នឹង​ភ័យខ្លាច​ថា មន្ទីរពេទ្យ និង​គ្លីនិក​របស់​ពួកគេ មិន​អាចទ្រទ្រង់​បាន នៅ​ពេល​ដែល​ពួកគេ​ធ្វើ​តេស្ត ហើយ​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​ឆ្លង​ជំងឺ​កូវីដ១៩​នោះ។ លោក Jeremy Lim បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«ប្រសិនបើ​ប្រទេស​មួយ​អាច​ធ្វើ​បាន​តិចតួច​ក្នុង​ការទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ មាន​ន័យ​ថា ប្រទេស​នោះ​មិន​មាន​ឧបករណ៍​ធ្វើតេស្ត​ មិន​មាន​កន្លែង​ថែទាំ​អ្នកជំងឺ មិន​មាន​ឧបករណ៍​ជួយ​អ្នក​ជំងឺ​ឲ្យ​ដក​ដង្ហើម ដូច្នេះ​ការ​ចាប់​យក​ទិន្នន័យ​ឲ្យ​បាន​ត្រឹមត្រូវ​ប្រហែល​ជា​មិនមែន​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ពួកគេ​នោះ​ទេ ព្រោះ​ថា ពួកគេ​មិន​អាច​ធ្វើ​បាន​ច្រើន​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ទេ»។

លោក Matthew Griffith អ្នក​ជំនាញ​ផ្នែក​រោគរាតត្បាត​នៅ​ការិយាល័យ​ប្រចាំ​តំបន់​នៅ​ទីក្រុង​ម៉ានីល​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​មិន​បាន​រាប់បញ្ចូល​ប្រទេស​មីយ៉ាន់ម៉ា​នោះ បាន​និយាយ​ថា​ប្រទេស​ឡាវ កំពុងធ្វើ​បាន​ល្អ​បំផុត​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។ ក៏ប៉ុន្តែ ថាតើ​វា​គ្រប់គ្រាន់​ដើម្បី​ចាប់​យក​កម្រិត​ពិត​ប្រាកដ​នៃ​ការឆ្លង​គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។ លោក Matthew Griffith បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«និយាយ​ដោយ​ស្មោះត្រង់​ទៅ គ្មាន​ប្រទេស​ណា​ដែល​មាន​បាន​ធ្វើតេស្ត​ឲ្យ​បាន​គ្រប់គ្រាន់​ទេ រួមទាំង​ប្រទេស​អ្នក​មាន ដូចជា​សហរដ្ឋ​អាមេរិក​នោះ​ផងដែរ។ សម្រាប់​វីរុស​នេះ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការរកមើល​វា​ឲ្យ​បាន​នៅ​គ្រប់​ទីកន្លែង។ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​មិន​រកឃើញ​អ្នកឆ្លង​ជំងឺ​នេះ មិនមែន​តែ​ជា​បញ្ហា​ដែល​មាន​តែ​នៅ​ក្នុង​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ទេ វា​ជា​បញ្ហា​នៅ​ទូទាំង​ពិភពលោក»។

លោក Matthew Griffith ថ្លែង​បន្ថែម​ថា ដោយ​មិន​ដឹងថា តើ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​នឹង​មាន​រយៈពេលយូរ​ប៉ុណ្ណា​នោះ ប្រទេស​ជាច្រើន ក៏​កំពុងតែ​កំណត់​ការប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​ដែល​ពួកគេ​មាន​ផងដែរ។ មាន​ប្រទេស​តិច​ណាស់ ដែល​អាច​មាន​លទ្ធភាព​ធ្វើតេស្តបាន​ច្រើន ដូច​ប្រទេស​កូរ៉េខាងត្បូង។ លោក Griffith ថ្លែង​ទៀត​ថា ការបិទ​ព្រំដែន​និង​ការហាមឃាត់​ជើងហោះហើរ​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ដើម្បីរារាំង​មិន​ឲ្យ​មាន​ករណី​ឆ្លង​បន្ថែម​នោះ នឹង​កាន់តែ​ធ្វើឲ្យ​មាន​ការលំបាក​ក្នុង​ការនាំចូល​ឧបករណ៍​បន្ថែម​ទៀត ទៅ​ក្នុង​ប្រទេដែល​ក្រីក្រ​បំផុត​ទាំងនោះ​ផងដែរ។

អ្នកជំនាញ​ទាំងអស់​ខាង​លើ​នេះ បាន​យល់ស្រប​នឹង​គ្នា​ថា បណ្តា​ប្រទេសដែល​មាន​សមត្ថភាព គឺ​គួរតែ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ដើម្បី​ផ្តល់ឧបករណ៍​ធ្វើ​តេស្ត​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​ទាំងនោះ និង​ផ្គត់ផ្គង់​ឧបករណ៍​ផ្សេង​ទៀត ដែល​ពួកគេ​ត្រូវការ។ លោក Lim ថ្លែង​ក្នុង​សម្តី​ដើម​ទៀត​ថា៖

«ប្រសិនបើ​យើង​មិន​ចង់​ឲ្យ​ប្រទេស​ដែល​មាន​ធនធាន​ទាប​បំផុត បន្ត​ធ្វើ​ជា​កន្លែង​ស្តុក​ទុក​វីរុស​កូវីដ១៩ ទេ​នោះ ប្រទេស​អ្នកមាន និង​ដែល​សម្បូរ​ធនធាន​ពិតជា​ត្រូវ​ជួយ​ប្រទេស​ក្រក្រ​ទាំងនោះ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG