ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អាស៊ី កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច​អំឡុង​វិបត្តិ​កូវីដ១៩ ដែល​ល្អ​បំផុត​អាច​​ស្តារ​ការ​ខាត​បង់​បាន​ពាក់​កណ្តាល


បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​ព័ត៌មាន​ទីផ្សារ​ភាគហ៊ុន​អេឡិចត្រូនិក​ នៅ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២០។
បុរស​ម្នាក់​ដើរ​កាត់​ផ្ទាំង​ព័ត៌មាន​ទីផ្សារ​ភាគហ៊ុន​អេឡិចត្រូនិក​ នៅ​ក្រុមហ៊ុន​ផ្សារ​ភាគហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២០។

បណ្តា​ប្រទេស​​នៅ​អាស៊ី​ជា​ច្រើន​មាន​គម្រោង​នឹង​ផ្តល់​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែប្រទេស​មួយ​ចំនួន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​បែងចែក​ថវិកា​មាន​ប្រសិទ្ធភាព​ជាង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។​​

បណ្តា​ប្រទេសនៅ​អាស៊ី​ជា​ច្រើន​មាន​គម្រោង​នឹង​ផ្តល់​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ដែល​មាន​បំណង​ជួយ​ក្រុមហ៊ុន​នានា​ដែល​កំពុង​ខាត​ឬ​បាត់បង់​អាជីវកម្ម​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ​មិន​មែន​គ្រប់​ផែនការ​ថវិកា​ជំនួយ​ទាំង​អស់​ត្រូវ​គេ​រំពឹង​ថានឹងអាច​ជួយ​និយោជក​រក្សា​ទុក​បុគ្គលិក​របស់​ខ្លួន ហើយ​អាច​បើក​ក្រុមហ៊ុន​ឡើង​វិញ​បាន​នៅ​ក្រោយ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​បាន​បញ្ចប់​នោះ​ទេ។

កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់ ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ជាង​គេ​ ដោយ​សារ​ប្រទេស​ទាំង​នេះ ត្រូវ​គេ​មើលឃើញ​ថា​អាច​គ្រប់គ្រងថវិកា​បាន​ល្អ​និង​អាច​ចែកចាយ​ជំនួយ​សេដ្ឋកិច្ច​បាន​សើ្ម​ភាព​ល្អ។ កញ្ចប់​ថវិកា​ជំនួយ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​រ៉ាប់រង​បាន​ពី​៤០%​ទៅ​៥០%​នៃ​ការ​ខាត​បង់​របស់​ក្រុមហ៊ុន​នានា នេះ​បើ​តាម​អ្នកស្រី Anwita Basu ប្រធាន​ផ្នែក​ការ​ស្រាវជ្រាវ​ហានិភ័យ​នៃ​ប្រទេស​ទ្វីប​អាស៊ី​នៃ​ក្រុមហ៊ុន Fitch Solutions ដែល​ជា​ក្រុមហ៊ុន​វាយតម្លៃ​ការ​វិនិយោគ។

អ្នក​ស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រទេស​ទាំង​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឆ្លង​ផុត​វិបត្តិ​នេះ ដោយមក​ទល់​ពេល​នេះ​មិន​ទាន់​ជួប​បញ្ហា​នៃ​ការ​បាត់បង់​ការងារ​ជា​ទ្រង់ទ្រាយ​ធំ ឬ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៅ​ឡើយ»។

អ្នក​វិភាគ​និយាយ​ថា បណ្តា​ប្រទេស​អាស៊ី​ដែល​មាន​កញ្ចប់​ថវិកា​តិច​ជាងឬ​មាន​បទ​ពិសោធន៍​តិច​ជាង​ក្នុង​ការ​ចែកចាយ​ថវិកា​ទៅ​ក្រុមហ៊ុន​ ទំនង​ជា​ប្រសិទ្ធភាព​តិច​ជាង។ អ្នក​វិភាគ​បាន​លើកយកប្រទេស​ឥណ្ឌា ឥណ្ឌូណេស៊ី ហ្វីលីពីន ​និង​វៀតណាមថា​ឧទាហរណ៍​នៃ​ប្រទេស​ដែល​ទំនង​ជួប​បញ្ហា​នៃ​ប្រសិទ្ធភាព​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​នេះ។

ថវិកា​បម្រុង​របស់​រដ្ឋ​នៃ​ប្រទេស​សិង្ហបុរី

កញ្ចប់​ថវិកាជំនួយ​របស់​សិង្ហបុរី ដែល​សរុប​មាន​ចំនួន ៣៧,៥៧ ​ពាន់លាន​ដុល្លារ នឹង​ជួយ​ទ្រទ្រង់​ក្រុមហ៊ុន​ធំៗ​ ហើយ​នឹង​បញ្ជូន​ប្រាក់​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ។ ថវិកា​ខ្លះ​នឹង​ត្រូវ​យក​ចេញ​ពី​ថវិកា​បម្រុង​របស់​ជាតិ។ ក្រុមហ៊ុន​របស់​សិង្ហបុរី​បាន​បាត់បង់​ចំណូល​ដោយ​សារ​ថយ​ចុះ​នៃ​ទេសចរណ៍​និង​សន្និសីទ​នានា​នៅ​ក្នុង​ទី​ក្រុង​នេះ ដោយ​សារ​ការ​ផ្ទុះ​រាតត្បាត​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។​

លោក Song Seng Wun សេដ្ឋវិទូ​មួយ​រូប​ដែល​រស់​នៅ​ប្រទេស​សិង្ហបុរី​និង​ធ្វើ​ការ​ឲ្យ​ធនាគារ​ឯកជន​មួយ​ឈ្មោះ​ CIMB ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា ថវិកា​ជាតិរបស់​សិង្ហបុរី​នឹង​«មិន​មាន​បញ្ហា​ទេ»។

ស្ថានភាព​នៅ​ជប៉ុន​និង​កូរ៉េខាងត្បូង

កញ្ចប់​ថវិកា​តម្លៃ​៩,៨​ពាន់លាន​ដុល្លារ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មីនា មាន​គោលដៅ​ផ្តល់​ជំនួយ​ថវិកា​ដល់​ក្រុមហ៊ុន​តូចៗ អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួនឯង និង​ក្រុមហ៊ុន​នាំ​ចេញ។ ក្រុមហ៊ុន​នាំ​ចេញ ដែល​ជា​បង្គោល​នៃ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង កំពុង​ជួប​ប្រទះបញ្ហា​ការ​ថយ​ចុះ​នៃ​តម្រូវការ​ការ​ប្រើប្រាស់​ផលិតផល​ទូទាំង​ពិភពលោក ដោយ​សារ​អ្នក​ប្រើប្រាស់​នៅ​ប្រទេស​មាន​ការ​អភិវឌ្ឍ​កំពុង​ជួប​បញ្ហា​បាត់បង់​ការងារ​និង​ត្រូវ​រស់​នៅ​ក្នុង​ស្ថានភាព​ជាប់​បម្រាម​មិន​ឲ្យ​ចេញ​ពី​ផ្ទះ។

អ្នកស្រី Anwita Basu នៃ​ក្រុមហ៊ុន​វាយតម្លៃ​ការ​វិនិយោគ Fitch Solutions និយាយ​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង ជា​ពិសេស​ មាន​លក្ខណៈ​ស្មើ​ភាព​ខាង​ការ​ចែកចាយ​មូលនិធិ។

កញ្ចប់​ថវិកា​ជំនួយ​របស់​ប្រទេស​ជប៉ុន​ដែល​អាច​មាន​តម្លៃ​សរុប​រហូត​ដល់​១៥,៦​ពាន់​លាន​ដុល្លារ គ្រោង​នឹង​ផ្តល់​ការ​ចុះ​តម្លៃ​សម្រាប់​សោហ៊ុយ​ធ្វើ​ដំណើរ ​និង​ការ​ទទួល​ទាននៅ​តាម​ភោជនីយដ្ឋាន ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ស្តារ​ឡើង​វិញ​វិស័យ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច (សេវាកម្ម​បម្រើ​ភ្ញៀវ)​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ជប៉ុន Kyodo និង Jiji។ បណ្តាញ​ព័ត៌មាន​ទាំង​នេះ​រាយការណ៍​បន្ត​ទៀត​ថា មូលធន​ខ្លះ​នឹង​ជួយ​ក្រុមហ៊ុន​នានា​ឲ្យ​មាន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់​ដើម្បី​អាច​បន្ត​ធ្វើ​ប្រតិបត្តិការ​បាន​ដោយ​មិន​ចាំចាច់​កាត់​បន្ថយ​បុគ្គលិក។​

លោក Song Seng Wun ​នៃធនាគរ CIMB ពន្យល់​បន្ត​ទៀត​ថា៖ «វិធានការ​តែ​មួយ​គត់​ដែល​រដ្ឋាភិបាល​និង​ធនាគារ​កណ្តាល​អាច​ធ្វើ​បាន​គឺផ្តល់​ជំនួយ​ទប់ទល់​បណ្តោះអាសន្ន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ថា គោលដៅ​ចម្បង​គឺ​ជួយ​ក្រុមហ៊ុន​នានា​ឲ្យ​អាច​រក្សា​ការងារនិង​បុគ្គលិក​បាន​ ក្នុង​ស្ថានភាព​មួយ​ដែល​តម្រូវការ​នៅ​ទូទាំង​ពិភពលោក​ទំនង​នឹង​ត្រូវធ្លាក់​ចុះ​ខ្លាំង»។​

តៃវ៉ាន់​ពិចារណា​គម្រោង​ធំៗ ​និង​ទទួល​ពាក្យ​សុំ​ជំនួយ​ថវិកា

នៅ​កោះ​តៃវ៉ាន់​ ទោះ​បី​រដ្ឋាភិបាល​មិនបាន​បិទ​សកម្មភាព​សេដ្ឋកិច្ច​ក្តី​ហើយ​មាន​ការ​រាយការណ៍​ពី​ការ​ឆ្លង​មេរោគ​កូវីដ១៩​ជាង​៣០០​ករណី​ប៉ុណ្ណោះ​ មក​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​មីនា​នេះ ក៏​រដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិកា​តម្លៃ​១,៩៨​ពាន់​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​នានា ព្រម​ទាំង​បាន​ចែកចាយ​រួច​ជា​ស្រេច​លឿន​ជាង​ការ​រំពឹង​ទុក​នូវថវិកា​ចំនួន​៨,៧៧​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ថ្មីៗ​ជា​ច្រើន ដែល​នឹង​ផ្តល់​ការងារ​ដល់ក្រុមហ៊ុន​ដេញ​ថ្លៃ​កិច្ចសន្យា​ក្នុង​ស្រុក។

អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​របស់​តៃវ៉ាន់​ក៏​អាច​ដាក់​ពាក្យ​សុំ​ជំនួយ​ថវិកា​តាម​រយៈ​កម្មវិធី​ចំនួន​ពីរ។

ម៉្យាង​ទៀត​មូលនិធិ​វិនិយោគ​មួយ​របស់​រដ្ឋាភិបាល​បាន​តម្កល់​ទុក​នូវ​ថវិកា​ចំនួន​១៦,៦ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​ភាគ​ហ៊ុន​ក្នុង​ករណី​ដែល​ទីផ្សារ​ភាគ​ហ៊ុន​តៃវ៉ាន់​ត្រូវ​ធ្លាក់​ចុះ​ខ្លាំង​ពេក។ ទីផ្សារ​ភាគហ៊ុន​តៃវ៉ាន់​ពោរពេញ​ដោយ​ក្រុមហ៊ុន​នាំ​ចេញ​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ដែល​នៅ​ប្រទេស​ទាំង​ពីរ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​សេដ្ឋកិច្ច។

លោក John Brebeck ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគ​ឈ្មោះ Quantum International Corp. ក្នុង​ទីក្រុង​តៃប៉ិ​ពន្យល់​ថា ការ​ដែល​រដ្ឋាភិបាល​ចូល​ទិញ​ភាគហ៊ុន នឹង​បង្កើន​ជំនឿ​ទុក​ចិត្ត​ចំពោះ​ផ្សារ​ភាគ​ហ៊ុន​នេះ។

លទ្ធភាព​មាន​កម្រិតនៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់អាស៊ី

ក្រុម​អ្នក​វិភាគនិយាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម និង​ហ្វីលីពីន​ក៏​កំពុងរៀបចំ​ថវិកា​ជំនួយ​សេដ្ឋកិច្ច​នេះ​ដែរ ប៉ុន្តែ​ប្រទេស​ទាំង​នេះ​មិន​រំពឹង​ថា​អាច​ជួយ​ចេញ​សោហ៊ុយ​ការ​ខាត​បង់​បាន​ច្រើន​ទេ ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ​ដោយ​សារ​ថវិកា​ជាតិ​របស់​ប្រទេស​ទាំង​នេះ​មាន​ទំហំ​តូច​ជាង​ប្រទេស​ជឿនលឿន​នៅ​អាស៊ី។ គេ​មិន​ប្រាកដ​ថា តើ​មន្ត្រី​នៅ​ក្នុង​ប្រទេស​ទាំង​នេះ មាន​ចំណេះ​ឬ​ជំនាញខាង​ការ​ផ្តល់​មូលនិធិ​ជំនួយ​ដល់​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត នេះ​បើ​តាម​អ្នក​វិភាគ។

សេដ្ឋវិទូ​លោក Song Seng Wun ថ្លែង​ថា ប្រទេស​ឥណ្ឌូណេស៊ី​មាន​ភាព​ «ងាយរងគ្រោះ» ​ជា​ពិសេស​ខាង​ផ្នែក​ថវិកា​ជាតិ​នេះ។ ឥណ្ឌូណេស៊ី​បាន​តម្កល់​ទុក​នូវ​ថវិកា​ចំនួន​៧២៥​លាន​ដុល្លារ​ដើម្បីគាំទ្រ​វិស័យ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​វិស័យ​អចលនទ្រព្យ និង​យល់​ព្រម​លើកលែង​ពន្ធ​សម្រាប់​ផ្នែក​ខ្លះ។

អ្នកស្រី Anwita Basu ថ្លែង​ថា ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បិទ​សកម្មភាព​សង្គម​ទាំង​អស់​រយៈ​ពេល​៣​សប្តាហ៍ ខ្វះ​ផែនការ​កម្រិត​ជាតិ​ច្បាស់​លាស់។ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​តម្លៃ​២២,៥​ពាន់លាន​ដុល្លារ​មាន​គោលដៅ​សំខាន់​ផ្តល់​ប្រាក់​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប។

នៅ​ប្រទេស​ហ្វីលីពីន យុទ្ធនាការ​ដែល​មាន​ស្រាប់​មួយ ដើម្បី​ស្ថារ​ឡើងវិញ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ រហូត​ដល់​ឆ្នាំ​២០២២ ត្រូវ​រំពឹង​ថា​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​ត្រូវ​គំរាម​ដោយ​ការ​ថយ​ចុះការ​ចំណាយ​របស់​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យនៅ​ផ្ទះ នេះ​បើ​បានលោក Christian de Guzman អនុប្រធាន​និង​ជា​មន្ត្រី​ឥណទាន​ជាន់​ខ្ពស់​នៅ​ផ្នែក​ហានិភ័យ​ប្រទេស​របស់​ក្រុមហ៊ុន​វាយតម្លៃ​ឥណទាន Moody។

ប៉ុន្តែ​អ្នក​វិភាគ​រូប​នេះ​ថា ប្រសិន​បើ​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ទី​ក្រុង​ម៉ានីល​ដែល​ត្រូវ​បន្ត​ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ដេញ​ថ្លៃ​បរទេស​អាច​បញ្ជូន​សម្ភារ:​មក​កាន់​តំបន់​រដ្ឋធានី​ម៉ានីល​នេះ នោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​ជួយ​បាន​តិចតួច​ដល់​ការ​កាត់បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច។

លោក de Guzman បញ្ជាក់​ថា៖ «បរិយាកាស​ពេល​នេះ​គឺ​ថា ពិត​ណាស់​សេដ្ឋកិច្ច​ (ហ្វីលីពីន) ​នឹង​អាច​ទទួល​បាន​ការ​ប៉ះប៉ូវ​ខ្លះ​ពី​វិធានការចំណាយ​របស់​រដ្ឋាភិបាល ប៉ុន្តែសូម្បី​វិធានការ​ចំណាយ​របស់​រដ្ឋាភិបាល​នេះ​ក៏មិន​ប្រាកដ​ប្រជា​ថា​តើ​អ្នក​ជួយ​បាន​ក្នុង​កម្រិត​ណា​នោះ»។

ប្រែ​សម្រួល​ដោយ​សឹង សុផាត

XS
SM
MD
LG