ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​នឹង​ចំណាយ​ប្រាក់​ ២២ពាន់​លាន​ដុល្លារ​ដើម្បី​ផ្គត់​ផ្គង់​ចំណី​អាហារ​ដល់​ជន​ក្រីក្រ​ ដែល​រងគ្រោះ​​ដោយ​វីរុស​កូរ៉ូណា


កម្មករ​ទទួល​ប្រាក់​ឈ្មួល និង​មនុស្ស​គ្មាន​ផ្ទះ​សម្បែង​ញ៉ាំ​អាហារ​នៅ​ក្នុង​ជម្រក​ពេល​យប់​ក្នុង​ពេល​បិទ​ប្រទេស​រយៈពេល​២១ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​បាន​ប្រកាស​​ពី​កញ្ចប់​ថវិកា ២២ពាន់​ ៦០០ លាន​ដុល្លារ ដើម្បី​ធានា​ថា គ្មាន​ប្រជាជន​ណា​ម្នាក់​ដាច់​ស្បៀង​​នៅ​ក្នុង​ការ​បិទ​ប្រទេស​​​មួយ​រយៈ​ ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា ដែល​បណ្ដាល​ឲ្យ​ជន​ក្រីក្រ​រាប់​លាន​នាក់​ជួប​ទុក្ខ​លំបាក។

រដ្ឋ​មន្ត្រីហរិញ្ញវត្ថុ​ឥណ្ឌា អ្នកស្រី Nirmala Sitharaman បាន​និយាយ​ថា រដ្ឋាភិបាលនឹងផ្ដល់​ជូន​របប​អាហារ និង​ការ​ផ្ទេរ​ប្រាក់​រយៈ​ពេល​បី​ខែ ដើម្បី​ជួយ​សម្រួល​ដល់ «បញ្ហា​សុខមាលភាព​របស់​ជន​ក្រីក្រ និង​កម្មករ​ដែល​រង​គ្រោះ ក៏ដូច​ជា​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​បន្ទាន់»។

ការ​បិទ​ប្រទេស​រយៈពេល​បី​សប្ដាហ៍ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍មុន​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាលមេរោគ​កូរ៉ូណា​ បានធ្វើ​ឲ្យ​ប្រជាជន ១ពាន់​ ៣រយ​លាន​នាក់​ត្រូវ​ស្នាក់​នៅ​ផ្ទះ និង​បាន​ផ្អាក​រាល់​អាជីវកម្ម​ទាំង​អស់មួយ​រយៈ។

ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាទាប​បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខភាព​បានព្រមាន និង​ព្យាករណ៍​ថា​ករណី​ឆ្លង​នៅ​ឥណ្ឌា​នឹង​កើន​ឡើង​ដូចក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និងសហរដ្ឋ​អាមេរិក​ដែរ។

មាន​ក្ដី​បារម្ភ​ខ្លាំង​អំពី​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​នៃការបិទ​ប្រទេស​ ដែល​នឹង​ប៉ះពាល់​ខ្លាំងក្លា ដល់​ជន​ក្រីក្រ​រាប់​លាន​នាក់ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន​ដែល​គ្មាន​ប្រាក់​អត្ថប្រយោជន៍​ និង​មាន​ប្រាក់​សន្សំ​តិច​តួច។

ក្នុងពេល​ថ្មីៗ​នេះ កម្មករ​ចំណាក​ស្រុករាប់​លាន​នាក់​បាន​ចាក​ចេញ​ពី​ទីក្រុង​ ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ​របស់​ពួក​គេ​វិញ ខណៈដែល​គ្រឹះស្ថាន​ពាណិជ្ជកម្ម​ និង​រោង​ចក្រ​នានា​បាន​បិទ​ទ្វារ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ជាប់​នៅ​ក្នុង​ទីក្រុង​ដោយ​សារ​តែ​សេវា​កម្ម​រថភ្លើង និង​រថយន្ត​ក្រុង​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង។

កម្មករ​ជាច្រើន​ធ្វើ​ដំណើរ​នៅ​លើ​រថយន្ត​ក្រុង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ក្នុង​ពេល​បិទ​ប្រទេស​រយៈពេល​២១ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ Ghaziabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
កម្មករ​ជាច្រើន​ធ្វើ​ដំណើរ​នៅ​លើ​រថយន្ត​ក្រុង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ក្នុង​ពេល​បិទ​ប្រទេស​រយៈពេល​២១ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​ Ghaziabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

សម្រាប់​កម្មករ​ក្រីក្រ​ជា​ច្រើន​នាក់​ដូច​ជា​លោក Sajjad Ali ដែល​ប្រកប​ការងារ​ជា​ជាង​លាប​ផ្ទះ​នៅក្នុង​រដ្ឋ​ធានី New Delhi ក្ដី​កង្វល់​ធំបំផុត​មិន​មែន​ជាមេរោគ​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ​គឺ​ការ​បារម្ភ​ពីការ​ខ្វះខាត​ចំណី​អាហារ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។

លោក​បាន​បញ្ជូន​គ្រួសារ​របស់​លោក​ទៅ​ស្រុក​កំណើត​របស់​លោក​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ឲ្យ​ពួកគេ​យក​ប្រាក់​សន្សំ​ភាគ​ច្រើន​របស់​លោក​ទៅ​ជាមួយ ដោយ​លោក​ និងប្អូន​ប្រុស​លោក បន្ដ​ស្នាក់​នៅក្នុង​ទីក្រុង​ដោយ​រំពឹង​ថា​រក​ការងារ​បាន​ធ្វើ។​

លោក Ali និង​ប្អូន​ប្រុស​របស់​លោកនៅ​សល់​ប្រាក់​តែ​ប្រហែល ១៥ ដុល្លារ​ប៉ុណ្ណោះ​ជាប់​ខ្លួន ដែល​ចំនួន​នោះ​អាច​ទិញ​ម្ហូប​បាន​ប្រហែល​មួយ​សប្ដាហ៍។​ លោកនឹង​មិន​ទទួល​បាន​របប​អាហារ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​ឡើយ​ ដោយ​សារ​អត្តសញ្ញាណប័ណ្ណ​របស់​លោក​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​រដ្ឋ Bihar។

កញ្ចប់​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នេះ​ គឺ​ផ្ដល់នូវ​អង្ករ ឬស្រូវ​សាលី និង​សណ្ដែក​ដល់​ប្រជាជនក្រីក្រ​ប្រមាណ ៨៣ លាន​នាក់ ក៏​ដូច​ជា​ផ្ទេរ​ប្រាក់​ឲ្យស្ត្រី​ និង​ចាស់​ជរា​ចំនួន​ ២០០​លាន​នាក់​ផង​ដែរ។

កញ្ចប់​ថវិកា​នេះ​គឺ​ជា «ជំហាន​ស្វាគមន៍​ដំបូង» នេះ​បើ​តាម​លោក Arun Kumar អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ Jawaharlal ក្នុង​ទីក្រុង New Delhi។ លោក Kumar និយាយ​ថា៖ «ប៉ុន្តែ​បើ​សិនក្រឡេក​មើល​ពី​ទំហំ​នៃ​ការ​បាត់​បង់ដែល​ជន​ក្រីក្រ​ទាំង​អស់​នេះ​កំពុង​ប្រឈម កញ្ចប់​ថវិកា​នេះ​មិន​គ្រប់​គ្រាន់ទេ»។ លោក​ក៏​បាន​ចង្អុល​បង្ហាញ​ថា រដ្ឋាភិបាល​ក៏​ត្រូវ​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​ដើម្បីអនុវត្ត​ការ​បែង​ចែក​កញ្ចប់​ថវិកា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ ដែល​ការណ៍​នេះ​តែង​តែ​ជាបញ្ហា​ប្រឈមមួយ​ជា​និច្ច។

មនុស្ស​ម្នាក់​ជិះ​កង់​កាត់​ទាហាន​ប៉ារ៉ា​ឥណ្ដា នៅ​ពេល​ពួកគេ​ឈរ​យាម​នៅ​លើ​ផ្លូវ​ស្ងាត់​ច្រងំ​មួយ​នៅ​ពេល​បិទ​ប្រទេស​ក្នុង​ក្រុង Srinagar កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
មនុស្ស​ម្នាក់​ជិះ​កង់​កាត់​ទាហាន​ប៉ារ៉ា​ឥណ្ដា នៅ​ពេល​ពួកគេ​ឈរ​យាម​នៅ​លើ​ផ្លូវ​ស្ងាត់​ច្រងំ​មួយ​នៅ​ពេល​បិទ​ប្រទេស​ក្នុង​ក្រុង Srinagar កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

សេដ្ឋវិទូ​ប៉ាន់​ស្មាន​ថា​ ការ​ផ្អាក​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរតែ​ទាំងស្រុង​នេះ​ នឹង​ធ្វើ​ឲ្យផលិត​ផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​ឥណ្ឌា​នឹង​ធ្លាក់​ចុះ ១០ ភាគ​រយ ដោយ​ពាក់​កណ្ដាល​នៃ​ការ​បាត់​បង់​នេះ​ កើត​ឡើង​ដោយ​សារ​វិស័យ​ដែល​មិន​មាន​ការ​រៀប​ចំ​ត្រឹម​ត្រូវ និងភាព​ក្រីក្រ។ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា កើត​ឡើង​ស្រប​ពេល​ដែលសេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា​កំពុង​តែ​ដាំ​ក្បាល​ចុះ​ស្រាប់។

ក្រៅ​ពី​រដ្ឋាភិបាល​សហព័ន្ធ រដ្ឋ​ជា​ច្រើន​បាន​ប្រកាស​ពី​ជំហាន​នៃ​ការ​ផ្ដល់​របប​អាហារ​មិន​គិត​ថ្លៃ ឬ​ក្នុង​តម្លៃ​ថោក​បំផុត​ដល់​ប្រជាជន។ លើស​ពី​នេះ អាជ្ញាធរ​ទូទាំង​ប្រទេស​កំពុង​តែ​ប្រមូល​ផ្ដុំ​គ្នាបង្កើត​ជាក្រុម​មនុស្ស​ធម៌ ដើម្បី​ចែកស្បៀង​អាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​ទៀត​ផង។

នៅ​ក្នុង​ទីក្រុង​ New Delhi អាហារ​ត្រូវ​បាន​ចម្អិន​នៅ​ក្នុង​ផ្ទះ​បាយ​ក្នុង​សាលា​រៀន​ដើម្បី​ចែក​ជូនជន​ក្រី​ក្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦ ខែមីនា កន្លង​ទៅ​នេះ។ រូប​ភាព​ពី​ក្នុង​ទូរទស្សន៍​បង្ហាញ​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ផ្ដល់ទឹក​អាកុល​លាង​ដៃជាមុន​ដល់​ពលរដ្ឋ​ក្រីក្រ បន្ទាប់​មក​ផ្ដល់​បញ្ចប់​ម្ហូប​អាហារ​ដល់​ពួក​គេ។

លោក Vinay K. Stephen ដែល​ដឹក​នាំ​ក្រុម​ការ​ងារ​មិន​រកប្រាក់​កម្រៃ​មួយ​ មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New Delhi កំពុង​ផ្ដល់​អាហារ​រាប់​រយ​បញ្ចប់ក្នុង​មួយ​ថ្ងៃ​ដល់​ពលរដ្ឋ​ក្រីក្រ។ លោក​និង​ក្រុម​របស់លោក​ចម្អិន​អាហារ​ដោយ​ផ្ទាល់ ដោយ​សារ​រក​ចុងភៅ​មិន​បាន។

ប៉ុន្តែ​លោក​និយាយ​ថា ការ​ទទួល​បាន​របប​អាហារ​គ្រប់គ្រាន់​ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ ពី​ព្រោះហាង​ជា​ច្រើនកំពុង​ដំឡើង​ថ្លៃ​ ជាពិសេស​ថ្លៃ​បន្លែ។ លោក Vinay ថា៖ «នេះ​ជាវេលា​លំបាក។ សង្គមគួរតែ​មាន​ការ​យល់​ដឹង​ និង​ត្រៀមលក្ខណៈច្រើន​ជាង​នេះ​ ដើម្បី​ទប់​ទល់​នឹង​វិបត្តិ​ដែលមើល​មិន​ឃើញ និង​ស្មាន​មិនត្រូវ​បែប​នេះ»។

ការ​ប្រកាស​បិទ​ប្រទេស បាន​ធ្វើ​ឲ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​ប្រញាប់​ប្រញាល់​ទិញម្ហូប​អាហារ ថ្នាំសង្កូវ​ស្តុក​ទុក​ បើ​ទោះ​បី​ជា​មាន​ការ​ប្រកាស​ពី​រដ្ឋាភិបាល​ថា បណ្ដាញ​ផ្គត់ផ្គង់​ទំនិញនឹង​ត្រូវ​បន្ដរហូតយ៉ាង​ណា​ក៏​ដោយ៕

ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG