អ្នកវិភាគថា ចិនបានដាក់ពង្រាយយន្តហោះចម្បាំងធុនធ្ងន់របស់ខ្លួននៅពីលើសមុទ្រជិតៗដើម្បីទប់ទល់នឹងការចូលរួមផ្នែកយោធារបស់សហរដ្ឋអាមេរិកដែលកំពុងតែកើនឡើងនៅអាស៊ី។
យន្តហោះចម្បាំងChengdu J-20 ដែលផលិតនៅក្នុងប្រទេសត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងប្រទេសសម្រាប់បេសកកកម្មនៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតព្រមទាំងជុំវិញកោះតៃវ៉ាន់ផងដែរ។ នេះបើយោងតាមអ្នកជំនាញនិងរបាយការណ៍សារព័ត៌មានពីតំបន់អាស៊ី។
កាសែត Global Times ដែលជាសារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលចិនបានសរសេរនៅលើគេហទំព័រខ្លួនកាលពីថ្ងៃទី១៣ ខែមេសាថា យន្តហោះចម្បាំង J-20 បានចាប់ផ្តើម «ការហ្វឹកហាត់ជាប្រចាំ» និងចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងល្បាតនៅសមុទ្រទាំងពីរ។ របាយការណ៍នេះបានដកស្រង់
សម្តីលោក Ren Yukun ប្រធានផ្នែកវិន័យអធិការកិច្ចនិងគ្រប់គ្រងនៅក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍ចិនដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង J-20។
លោក Gregory Poling នាយកកម្មវិធីគំនិតផ្តួចផ្តើមតម្លាភាពកងទ័ពជើងទឹកនៅអាស៊ីនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្របានថ្លែងថា៖ «ប្រហែលការណ៍នេះមានន័យថា ចិនអាចតទល់នឹងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ឬសមុទ្រចិនខាងកើត»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលធ្វើនាវាចរណ៍កាត់តាមសមុទ្រមានជម្លោះនៅអាស៊ីជាប្រចាំបានបញ្ជូននាវាដឹកយន្តហោះចម្បាំងចំនួន២ទៅសមុទ្រចិនខាងត្បូងនៅខែមករាកន្លងទៅនេះ។
សម្ពន្ធមិត្តនៅអាស៊ីប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិករួមមានអូស្ត្រាលី ជប៉ុននិងកូរ៉េខាងត្បូងបានទិញយន្តហោះចម្បាំងប្រភេទ F-35 សិង្ហបុរីក៏នឹងទិញផងដែរ ហើយថៃក៏ប្រហែលនឹងទិញផងដែរ។ នេះបើយោងតាមរបាយករាណ៍របស់វិទ្យុអាស៊ីសេរី។
អ្នកវិភាគនិយាយថា ការវិវឌ្ឍពីខាងសហរដ្ឋអាមេរិកបែបនេះបានធ្វើឱ្យចិនបើកយន្តហោះចម្បាំងប្រភេទJ-20 នៅទីនោះ។ ក្រុមមន្ត្រីចិនចាត់ទុករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលធ្លាប់ជាគូប្រជែងក្នុងសម័យសង្គ្រាមត្រជាក់ជាគូប្រជែងមហាអំណាចដែលចង់ទប់ទល់នឹងការពង្រីកអំណាចរបស់ចិននៅក្នុងសមុទ្រជិតខាង។
ផ្ទៃទឹកមានជម្លោះ
រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកផ្ទៃទឹកប្រមាណ៩០% នៃសមុទ្រចិនខាងត្បូងដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េថាជារបស់ខ្លួន ដោយមានការប៉ះទង្គិចជាមួយនឹងការទាមទាររបស់ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាមនិងកោះតៃវ៉ាន់។
ចិននិងជប៉ុនមានជម្លោះលើផ្ទៃទឹកនៅសមុទ្រចិនខាងកើត។ ជប៉ុន តៃវ៉ាន់និងហ្វីលីពីនបានចងសម្ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា សមុទ្រចិនខាងត្បូងត្រូវតែស្ថិតនៅជាផ្លូវទឹកអន្តរជាតិ។
លោក Huang Kwei-bo សាស្ត្រាចារ្យរងផ្នែកការទូតនៅសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិបានថ្លែងក្នុងសម្តីដើមថា៖ «យ៉ាងហោចណាស់ ចិននិយាយថា សមុទ្រចិនខាងត្បូងជារបស់ខ្លួន ខណៈដែលសម្រាប់សហរដ្ឋអាមេរិក ខ្ញុំគិតថា សកម្មភាពរបស់សហរដ្ឋអាមេរិកគឺជំរុញឱ្យមានការប្រើប្រាស់ជាអន្តរជាតិ។ ចិនមិនចង់បានអ៊ីចឹងទេ។ ខ្ញុំគិតថា ភាគីនីមួយៗកំពុងបង្ហាញ [យន្តហោះ] ទាំងនេះឱ្យអ្នកផ្សេងមើល និងដើម្បីបង្ហាញថាតើពួកគេមានអំណាចខ្លាំងកម្រិតណា»។
លោក Jay Batongbacal សាស្ត្រាចារ្យរងនិងជានាយកវិទ្យាស្ថានសម្រាប់កិច្ចការសមុទ្រនិងច្បាប់សមុទ្រនៅសាកលវិទ្យាល័យហ្វីលីពីនបានថ្លែងថា យន្តហោះចម្បាំងJ-20 អាចអន្តរាគមន៍បានយ៉ាងលឿនក្នុងការហោះហើរយោធារបស់ប្រទេសនៅអាស៊ីផ្សេងទៀតដែលមិនសូវមានយន្តហោះដែលមានកម្លាំងខ្លាំងបែបនេះ។
លោក Batongbacal បានថ្លែងបន្តទៀតថា៖ «សម្រាប់ចិន វាមានសារៈសំខាន់ណាស់ ដោយសារតែសមត្ថភាពនិងរយៈចម្ងាយរបស់យន្តហោះនេះនឹងជួយឱ្យខ្លួនបង្កើតវត្តមានកាន់តែឆ្ងាយនិងកាន់តែស្ថិតស្ថេរនៅក្នុងលំហអាកាស»។
យន្តហោះ J-20 ដែលជាផ្នែកមួយនៃកម្មវិធីយន្តហោះចម្បាំងយោធាដែលត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនChengdu Aerospace Corp. សម្រាប់កងទ័ពអាកាសចិន។ យន្តហោះមានសមត្ថភាពប្រហាក់ប្រហែលទៅនឹងយន្តហោះចម្បាំងF-22 និង F-35 ដែលជាយន្តហោះចម្បាំងលបវាយប្រហារដែលផលិតឡើងដោយសហរដ្ឋអាមេរិក។
លោក Polingបានថ្លែងថា សហរដ្ឋអាមេរិកកំពុងយកយន្តហោះចម្បាំង F-35 មកដាក់នៅអាស៊ី «ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។ លោកបានបន្ថែមថា យោធាសហរដ្ឋអាមេរិក និងចិនបានក្លាយជា «ដៃគូដែលមានកម្លាំងប្រហាក់ប្រហែលគ្នា» ពាក់ព័ន្ធនឹងសព្វាវុធបាញ់ប្រហារ។
តៃវ៉ាន់ និងវៀតណាមកំពុងប្រុងប្រយ័ត្ន
លោក Huangបានថ្លែងថា យន្តហោះចម្បាំងJ-20 អាចចូលរួមជាមួយនឹងយន្តហោះចិនផ្សេងទៀតក្នុងការហោះហើរជាប្រចាំនៅក្បែរតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។
លោក Batongbacal បានថ្លែងថា ពួកគេប្រហែលជាមិនទៅឆ្ងាយនៅភាគខាងត្បូងដូចនៅប្រជុំកោះ Spratly Islands ដែលមានជម្លោះខ្លាំងនៅសមុទ្រចិនខាងត្បូងនោះទេ ដោយសារតែវាមើលទៅហាក់ដូចជា «ការសម្លាប់» ដោយយោធាដល់ប្រទេសទាមទារផ្សេងនៅអាស៊ីអាគ្នេយ៍ដែលមានយោធាទន់ខ្សោយជាងចិន។
លោក Poling បានថ្លែងថា ប្រទេសវៀតណាមជាប្រទេសដែលទំនងនឹងឃើញការហោះហើរច្រើនជាងគេ។ លោកថា យន្តហោះចម្បាំងJ-20 អាចនឹងជួយដល់ការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះប្រជុំកោះ Paracel Islands នៅសមុទ្រចិនខាងត្បូង។ បណ្តុំកោះនេះនៅក្បែរឆ្នេរសមុទ្រចិន និងមានការតវ៉ាយ៉ាងខ្លាំងពីប្រទេសវៀតណាម។ ប្រទេសវៀតណាមកាលពីអតីតកាលជាសម្ពន្ធមិត្តរុស្ស៊ីមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកក្នុងមួយទសវត្សរ៍ចុងក្រោយនេះខណៈដែលចិនពង្រីកអំណាចរបស់ខ្លួនក្នុងដែនសមុទ្រ។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌល Saigon សម្រាប់ការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមបានថ្លែងក្នុងសម្តីដើមថា៖ «រដ្ឋាភិបាលក្រុងហាណូយបានតវ៉ាប្រឆាំងនឹងការពង្រាយអាវុធគ្រប់ប្រភេទរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត ប៉ុន្តែវាមិនបានផ្លាស់ប្តូរទង្វើរបស់ចិននោះទេ»។
លោកបានថ្លែងបន្តទៀតថា៖ «រដ្ឋាភិបាលវៀតណាមអាចបកស្រាយការដាក់ពង្រាយយន្តហោះចម្បាំងទំនើបប្រភេទ J-20 ថាជាមហិច្ឆតាកាន់តែខ្លាំងរបស់ចិនក្នុងការទាមទារអធិបតេយ្យភាពដែលចិនបានអះអាងនៅក្នុងដែនអាកាសនៅសមុទ្រចិនខាងត្បូង»៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន