ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនិងខ្មែរកាណាដា បានជួបជុំគ្នានៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ស្តេត កាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧ ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នយោបាយកម្ពុជាជាមួយគ្នាដែលមានការរៀបចំរំលឹកខួបលើកទី២៦នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
ក្រុមវាគ្មិននីមួយៗបានសម្តែងការគាំទ្រឲ្យមានសម្ពាធពីសហគមន៍អន្តរជាតិ ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីដោះស្រាយស្ថានការណ៍កម្ពុជាបច្ចុប្បន្ន ដែលជាក្តីបារម្ភសម្រាប់ពលរដ្ឋកម្ពុជា និងអន្តរជាតិ។
ក្រុមតំណាងពលរដ្ឋខ្មែរទាំងនោះមកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា ហើយកម្មវិធីនេះរៀបចំដោយអង្គការបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជា (KPNC) ដឹកនាំដោយលោក មាស ហៃសាន។
វាគ្មិនជាច្រើនបានពិភាក្សាគ្នាថា តើនឹងដោះស្រាយយ៉ាងណាជាមួយនឹងបញ្ហាកម្ពុជាសព្វថ្ងៃ នៅពេលដែលរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសរំលាយគណបក្សជំទាស់នេះ ដើម្បីយកអាសន:ទៅចែកជូនគណបក្សដ៏ទៃទៀត និងធ្វើទុក្ខម្នេញខ្លាំងលើក្រុមជំទាស់ ក្រុមអង្គការសង្គមស៊ីវិល បិទបណ្តាញផ្សាយព័ត៌មានឯករាជ្យ ដែលគេចាត់ទុកថា ផ្ទុយពីកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលភាគីខ្មែរទាំងបួននាអំឡុងពេលនោះ បានសន្យារួមគ្នានៅចំពោះមុខមហាអំណាច និងប្រទេសទាំង១៩ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក ប្រេដ អាដាម (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់ក្រុមអ្នកចូលរួមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើរដ្ឋប្រហារតាមរបៀបត្រជាក់ និងខុសច្បាប់ទាំងស្រុង។
«នៅពេលដែលលោកអ្នកឃើញមានរដ្ឋប្រហារបែបត្រជាក់ វាគួរតែមានបាតុកម្មជាសាធារណៈកើតឡើងជំទាស់ និងគួរតែមានប្រតិកម្មជាសាធារណ:។ ខ្ញុំមិនចង់នរណាម្នាក់រងគ្រោះទេ តែខ្ញុំជឿថា វាជារឿងអាចទៅរួចសម្រាប់ពលរដ្ឋត្រូវបង្ហាញការជំទាស់នោះឡើង»។
ក្រៅពីលើកឡើងថា គណបក្សជំទាស់បានហាមពលរដ្ឋមិនឲ្យធ្វើបាតុកម្ម លោកបានទទូចដល់ពលរដ្ឋខ្មែរអាមរិកាំង ខ្មែរកាណាដា និងនៅប្រទេសផ្សេងៗឲ្យធ្វើការជារៀងរាល់ថ្ងៃជាមួយតំណាងរាស្ត្ររបស់ខ្លួន ជាពិសេសនៅសហរដ្ឋអាមេរិក ដើម្បីឲ្យគេដឹងថា ទឹកប្រាក់ប្រមាណ២៥ពាន់លានដុល្លារ ដែលសហគមន៍អន្តរជាតិបានជួយកម្ពុជាក្នុងរយ:ពេល២៦ឆ្នាំមកនេះ ត្រូវបានបំផ្លាញចោលតាមបង្គន់ហើយ បើគ្មានអន្តរាគមន៍ទេ។ ហើយលោកថា ក្រុមប្រទេសផ្តល់ជំនួយ និងសហគមន៍អន្តរជាតិ អ្នកការទូតនឹងចាំមើលថា តើនឹងមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ឬមួយក៏អនុញ្ញាតដោយមិនអើពើ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំអាចសន្យាជាមួយអ្នករាល់គ្នាថា មេដឹកនាំគ្មានការតាំងចិត្តមួយចំនួន ដែលកំពុងដឹកនាំស្ថាប័ន ដូចជាអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសជប៉ុន ពួកគេនឹងរីករាយក្នុងការនិយាយថា មើលន៎ ពលរដ្ឋកម្ពុជាមិនធ្វើអ្វីសោះ ប្រហែលជាពួកគេពិតជាមិនប្រកាន់រឿងនោះទេ។ មិនអញ្ចឹងទេ ខ្ញុំដឹងថា នោះមិនមែនជាការពិតឡើយ។ ខ្ញុំប្រាកដណាស់ថា ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លោក ហ៊ុន សែននឹងគ្មានឱកាសឈ្នះការបោះឆ្នោតទេ។ ខ្ញុំគ្មានសង្ស័យទេអំពីរឿងនេះទេ»។
លោកបានបន្ថែមថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះនឹងមានគណបក្សតែមួយ ហើយនឹងមានការបង្កើតគណបក្ស ៤ ឬ៥ជាឡប់ឡែរ ដែលអន្តរជាតិមិនទទួលស្គាល់ ពេលនោះនឹងមានផលវិបាកធ្ងន់ធ្ងរកើតឡើង ដូចជាការបង្កកទ្រព្យសម្បត្តិ បិទសិទ្ធិមិនឲ្យចូលក្នុងប្រទេសលោកសេរី កាត់បន្ថយពាណិជ្ជកម្ម ប៉ះពាល់ជំនួយដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣២ឆ្នាំ ដែលលោក អាដាម បានអះអាងថា នឹងចាញ់ការបោះឆ្នោតជាប្រាកដ បើសិនជាអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក យ៉ែម រិទ្ធិពល ប្រធានអង្គការតស៊ូមតិនៅសហរដ្ឋអាមេរិក(OMNI) នៅសហរដ្ឋអាមរិក បានថ្លែងពីប្រវត្តិនៃការចរចារវាងភាគីកម្ពុជាទាំងបួន ទាំងការចរចានិងការត្រូវអនុវត្តន៍ថា បើប្រទេសកម្ពុជាមានបញ្ហាដោះស្រាយមិនចេញរឿងផ្នែកនយោបាយធ្ងន់ធ្ងរ គឺត្រូវកោះឲ្យមានកិច្ចប្រជុំសន្ធិសញ្ញាក្រុងប៉ារីស។ លោកបានថ្លែងថា សហគមន៍អន្តរជាតិនឹងមិនបណ្តោយឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សកាន់អំណាចធ្វើអ្វីស្រេចចិត្តបានទេ ពីព្រោះពលរដ្ឋរបស់គេ ដូចជាជនជាតិអាមេរិកាំងបង់ពន្ធសម្រាប់ការផ្តល់ជំនួយ ហើយនឹងសួរនាំរដ្ឋាភិបាលរបស់គេអំពីព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតមិនសេរីយុត្តិធម៌នៅកម្ពុជា។
លោកបានថ្លែងថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការទទួលខុសត្រូវក្នុងការចំណាយលុយកាក់របស់មហាជនអាមេរិកាំង ដែលបង់ពន្ធជូនរដ្ឋរាល់ខែ រាល់ឆ្នាំ ហើយជំនួយសព្វបែបយ៉ាងយកទៅប្រទេសកម្ពុជាតាមរយ:កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺជាញើសឈាមរបស់មហាជនអាមេរិកាំង ដើម្បីរៀបចំប្រទេសជាតិកម្ពុជាឲ្យមានសន្តិភាព មានស្ថរិភាព មានការអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ និងសិទ្ធិមនុស្សសព្វបែបយ៉ាងស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
លោកថា សន្ធិសញ្ញាក្រុងប៉ារីសនៅតែមានឥទ្ធិពលសម្រាប់កម្ពុជា ហើយប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជាថ្មីៗនេះជាហូរហែ ដោយមិនពេញចិត្តនឹងទង្វើរបស់លោក ហ៊ុន សែន មកលើគណបក្សជំទាស់មុនការបោះឆ្នោត។
លោកបានបន្ថែមថា៖«ផ្ទុយទៅវិញ បើមហាជនអាមេរិកាំងឃើញថា រដ្ឋាភិបាលអាមេរិកាំងយកលុយកាក់របស់ពួកគាត់ទៅជះចោលលើរបបមួយ ហើយទទួលស្គាល់និងសហការជាមួយរបបសព្វថ្ងៃនេះ ដែលដឹកនាំប្រទេសតាមបែបផ្តាច់ការ ដោយការជិះជាន់ ដោយការលួចបន្លំសន្លឹកឆ្នោតសព្វបែបយ៉ាង ផ្ទុយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស នោះមហាជនអាមេរិកាំងលោកនឹងប្រតិកម្មខ្លាំងក្លាទាមទារឲ្យផ្តាច់ជំនួយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញបានរិះគន់ខ្លះៗ ចំពោះការពឹងអាងលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលលោកថាបានបង្រួមធាតុផ្សំទាំងនោះចូលក្នុងរដ្ឋធម្មនុញ្ញរួចហើយ ហើយរដ្ឋាភិបាលលោកកំពុងអនុវត្តន៍។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា៖ «សុំកុំស្រមើរស្រម័យថា កោះប្រជុំសន្និសីទកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញនោះ ព្រោះសន្និសីទអន្តរជាតិប៉ារីសខ្មោចអី ព្រោះបើប្រទេសសូវៀតមួយក្លាយទៅជាប្រទេសរដ្ឋមិនដឹងប៉ុន្មាននោះ សូម្បីតែប្រទេសហត្ថលេខីក៏វាប្រែប្រួលអស់ទៅដែរ វាមាននៅសល់អីទៀត។ ហើយភាគីជម្លោះរបស់កម្ពុជា ភាគីខ្មែរគ្រហម បើអីចឹង វាទាល់តែបង្កើតភាគីខ្មែរក្រហមឡើងវិញ ដើម្បីឲ្យមកចូល ហើយរឿងកាត់ទោសខ្មែរក្រហមអត់មានចែងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសនេះទេ កុំសូវស្អីក៏កិច្ចព្រមព្រៀងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីស អត់មានចែងពីរឿងកាត់ទោសខ្មែរក្រហមទេ។ អីចឹងចាត់ទុកថា កាត់ទោសខ្មែរក្រហមខុសកិច្ចព្រមព្រៀងក្រុងប៉ារីស គេនិយាយតែពីរឿងពហុបក្ស។ តែសូមបញ្ជាក់បើរំលាយបក្សមួយ បក្ស៥ទៀតចូលជំនួស បានសេចក្តីថាពីបក្ស ២ឡើងបក្ស៦ នៅក្នុងសភា។ នេះវានឹងកើតឡើងមិនយូរប៉ុន្មាននៅពេលខាងមុខនេះ»។
ទោះជាយ៉ាណា លោក វ៉ាន់ ស ជាវាគ្មិនមួយរូប និងជាពលរដ្ឋម្នាក់ក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត ដែលជាសកម្មជនអង្គការសង្គមស៊ីវិល បានព្រមានថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាគ្រឹះ ហើយបើគ្រឹះមិនរឹងមាំទេ គេត្រូវតែប្រយ័ត្នហើយ។
លោកបានលើកឡើងថា ជំនាន់ខ្មែរក្រហមគេដាក់ស្រុកគេជាប្រទេសប្រជាធិបតេយ្យ ហើយសម័យបច្ចុប្បន្នគេថា កម្ពុជាមានសន្តិភាព តែលោកចោទសួរថា តើសន្តិភាពម៉េចបើមន្ត្រីគណបក្សកាន់អំណាចប្រកាសគំរាមចាប់ខ្លួនមនុស្ស១០០ ឬ២០០នាក់ វ៉ៃនឹងគល់ឬស្សី វ៉ៃអ្នកតវ៉ាឲ្យបាក់ធ្មេញ?
លោកបានថ្លែងថា៖ «សព្វថ្ងៃរដ្ឋាភិបាលភ្នំពេញគេខំការពារសន្តិភាពណាស់ រួចខ្ញុំថា សន្តិភាពម៉េចបើមេដឹកនាំរបស់យើងនិយាយថា យើងកម្ចាត់មនុស្ស១០០ ឬ២០០នាក់ រួចមន្ត្រីរដ្ឋាភិបាលយកគល់ឬស្សីទៅប្រើ ឬមួយយកកណ្តាប់ដៃទៅវាយបាក់ធ្មេញ អីចឹង អាហ្នឹងសន្តិភាពម៉េច អាហ្នឹងវាគួរឲ្យឆ្ងល់»។
លោកថា កម្ពុជាមិនត្រូវឲ្យមានប្រជាធិបតេយ្យក្លែងក្លាយមកទៀត។ លោកបានបញ្ជាក់បន្ថែមថា ការទទួលស្គាល់ជាអន្តរជាតិគឺជារឿងសំខាន់ណាស់សម្រាប់កម្ពុជា។ លោក វ៉ាន់ ស ថ្លែងយ៉ាងដូច្នេះ គឺចង់ឃើញថា គណបក្សជំទាស់ដែលមានកម្លាំងមួយអាចចូលរួមប្រកួតប្រជែងដោយស្មើភាពក្នុងពេលបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
លោក សេង សោភ័ណ ប្រធានអង្គការគណ:កម្មាធិការដើម្បីបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា បានថ្លែងថា ការមិនទទួលស្គាល់ជាអន្តរជាតិចំពោះការបោះឆ្នោតនឹងប៉ះពាល់ដល់កម្ពុជា។
លោកបានថ្លែងថា៖ «តែបើគណបក្សសង្គ្រោះជាតិរំលាយ ប្រធានជាប់ឃុំឃាំង ឬក៏សមាជិកបក្សត្រូវបានគេគំរាម មិនអាចចូលទៅឃោសនារកសំឡេងឆ្នោតបាន ពេលហ្នឹងមិនមានទេ សេរី យុត្តិធម៌ ទោះបីមិនចាំបាច់ថាអ្នកជំនាញការអន្តរជាតិទេ ដែលគេថ្កោលទោស ទោះបីប្រជាពលរដ្ឋខ្មែរយើង១៥លាននាក់ ក៏ប្រហែលជាយល់ដូចគ្នាដែរ ថាអាហ្នឹងមិនមែនជាការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ត្រឹមត្រូវទេ គ្រាន់តែជាល្បែងនយោបាយដើម្បីកាន់កាប់អំណាចផ្តាច់ការទេ»។
លោកបានថ្លែងថា ការបោះឆ្នោតសេរី យុត្តិធម៌ត្រឹមត្រូវ ត្រូវតែមានកត្តាច្រើនរួមទាំងការចូលរួមពីគណបក្សនយោបាយនានា ដោយគ្មានការគំរាមកំហែង គ្មានការធ្វើទុក្ខបុកម្នេញ មានការចុះឈ្មោះបោះឆ្នោតដោយត្រឹមត្រូវតាមច្បាប់ មានស្ថាប័នឯករាជ្យជាដើម ដែលលោកថា គោលការណ៍ប្រជាធិបតេយ្យស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីស ដែលតម្រូវឲ្យមានការចូលរួមតាមរបបសេរី ពហុបក្សនោះ។
បើតាមការអះអាងរបស់ក្រុមអ្នករៀបចំបានឲ្យដឹងថា ពលរដ្ឋខ្មែរអាមេរិកាំង និងក្រុមអ្នករៀបចំ រួមទាំង វាគ្មិនផងនឹងធ្វើការអនុម័តនៅសេចក្តីសម្រេចរួមមួយអំពីបញ្ហាកម្ពុជា ដែលជាទឹកដីកំណើត នៅពេលចុងបញ្ចប់នៃកិច្ចប្រជុំ៕