ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​សោះអង្គើយ​នឹង​សេចក្តី​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​កុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង សំរិន ចូលរួម​ពិធី​គម្របខួប៦៥ឆ្នាំនៃគណបក្សប្រជាជនកម្ពុជា នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និង​លោក ហេង សំរិន ចូលរួម​ពិធី​គម្របខួប៦៥ឆ្នាំនៃគណបក្សប្រជាជនកម្ពុជា នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ភាព​សោះអង្គើយ​ចំពោះ​សេចក្តី​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ ដែល​ស្នើ​កុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​ការ​ធ្វើ​ឲ្យ​ខូច​ខ្ទេចខ្ទី​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​ជា​ការ​ប្លន់​អំណាច​ទាំង​កណ្តាល​វាល។

សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋ​អាមេរិក​ ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​ការ​ត្រៀម​រំលោយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។​ ​នា​ដើម​សប្តាហ៍​នេះ​ ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​សហរដ្ឋ​អាមេរិក​ក៏​បាន​បញ្ជាក់​សេចក្តី​អំពាវនាវ​របស់​ខ្លួន​ឡើង​វិញ​ដោយ​ទាមទារ​ឲ្យ​ដោះលេង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ខ្ទេចខ្ទី​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល​នាពេល​ចុង​ក្រោយ​នេះ​គឺ​ជា​ការ​ប្លន់​អំណាច​ទាំង​កណ្តាល​វាល។​

ក្រុមមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​សោះ​អង្គើយ​ចំពោះ​សេចក្តី​អំពាវនាវ​របស់​សហភាព​អឺរ៉ុប​ ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ ​ចំពោះ​កិច្ច​ខិតខំ​ក្នុង​ការ​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​សំឡេង​ជាង​៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​កន្លងមក។​ មន្ត្រី​នៃ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​ អ្វីៗ​ដែល​កំពុង​កើត​ឡើង​នេះ​គឺ​ជា​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។​

សហភាព​អឺរ៉ុប​ ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បន្ទាន់​មួយ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​សេចក្តី​ថ្លែង​ការណ៍របស់​សហគមន៍​អឺរ៉ុប​ចាត់​ទុក​ថា​ ​ការ​វិវត្ត​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹងថា៖​

«ការ​បំបាត់​ដោយ​បង្ខំ​នូវ​គណបក្ស​នយោបាយ​មួយ ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ជាង​៤០​ភាគរយ ​ក្នុងពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នាពេល​ថ្មីៗ​នេះ​គឺជា​ការ​វាយ​ប្រហារ​ដ៏ខ្លាំង​មួយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ធ្វើ​ឱ្យ​ខូចដល់​ការ​ជឿទុក​ចិត្ត​លើ​ដំណើរការ​បោះឆ្នោត​ នា​ពេល​បច្ចុប្បន្ន​នេះ។ ​យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​បញ្ហា​នេះ​ឡើង​វិញ»។

ស្រដៀង​គ្នា​នោះ​ដែរ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អាមេរិក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ផង​ដែរ​នូវ​ចំណាត់​ការ​ធ្ងន់​ធ្ងរ​របស់​ខ្លួន​នេះ​ ​ហើយ​បាន​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជា​មួយ​សហរដ្ឋ​អាមេរិក​ រៀបចំ​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក​ Arend Zwartjes ​អ្នក​នាំពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​ ឬ​ email ​ថា​ រដ្ឋាភិបាល​អាមេរិក​បាន​ឃ្លាំមើល​សេចក្តី​រាយ​ការណ៍​នានា​ ទាក់​ទិន​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​កំពូល​ ​សុំ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក​ Arend Zwartjes​ បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិក​ឬ​ ​email ​តាម​ន័យ​ដើម​ថា៖​

«យើង​បាន​ដឹង​អំពី​សេចក្តី​រាយ​ការណ៍​តាម​សារ​ព័ត៌មាន​នានា​ថា​ ក្រសួង​មហា​ផ្ទៃ​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ត​ថា៖​

«ការ​ប្រកួត​ប្រជែង​ដ៏​ពិត​ប្រាកដ​មួយ​គឺ​ជា​ការ​ចាំបាច់​សម្រាប់​ប្រជា​ធិបតេយ្យ​ និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨។​ យើង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ភាព​មិន​ច្បាស់លាស់​ដែល​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​នៃ​ចំណាត់​ការ​នេះ។ ​យើង​បញ្ជាក់​ពី​កា​រអំពាវនាវ​របស់​យើង​សាជាថ្មី​ថា​ លោក​ កឹម សុខា​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវតែ​បាន​ចេញ​ពី​ពន្ធនាគារ»។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិកាន់​បដា​រូប​លោក កឹម សុខា នៅក្នុង​ការ​ជួបជុំ​គ្នា​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នៅ​មុខ​តុលាការ​ឧទ្ធរណ៍​នៅ​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៧។
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិកាន់​បដា​រូប​លោក កឹម សុខា នៅក្នុង​ការ​ជួបជុំ​គ្នា​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នៅ​មុខ​តុលាការ​ឧទ្ធរណ៍​នៅ​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ទាមទារ​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​តាម​បណ្តឹង​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​យុវជន​កម្ពុជា។​

លោក​ ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ថ្លែងប្រាប់​ VOA ​ថា​ សេចក្តី​អំពាវនាវ​របស់​សហ​ភាព​អឺរ៉ុប​មិន​មាន​ឥទ្ធិពល​មក​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ ​ក្នុង​ការពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ។ ​លោក​អះអាង​ថា​ ចំណាត់ការ​នានា​ ដែល​បាន​ធ្វើ​ឡើង​នោះ​ គឺ​ផ្តើម​ពី​កំហុស​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។​ ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ក៏​បាន​ទាត់​ចោល​ប្រតិកម្ម​ផ្សេងៗ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ដែល​សម្តែង​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា។​

«ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹងគឺ​ថា​ ការ​អនុវត្ត​ច្បាប់​ហ្នឹង​ហើយ​ ដើម្បី​ពង្រឹង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​បើ​មិន​អនុវត្ត​ច្បាប់​ សួរ​ថា ឲ្យ​ធ្វើ​អី? ​យក​វប្បធម៌​និទណ្ឌភាព​យក​មក​អនុវត្ត​ហ្នឹង!​ តើ​វា​ធានា​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ល្អ​ប្រសើរ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ប៉ារីស​ទៀត​ទេ​ រួច​ខ្ញុំ​យល់​ថា​ វា​គ្មាន​ជម្រើស​អី​ក្រៅពី​ការ​អនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ»។​

លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​សុំ​មិន​ធ្វើការ​អធិប្បាយ​ទេ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។

លោក​ ផៃ ស៊ីផាន​ បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ ​កម្ពុជា​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ ដោយ​ប្រទេស​នេះ​មិន​បាន​ស្ថិត​ក្រោម​អាណានិគម​ប្រទេស​ណានោះ​ទេ។​

«ក្នុង​នាម​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​អធិបតេយ្យ​ ឯករាជ្យ​ យើង​ចំណាត់​ការ​ទៅ​តាម​អ្វី​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ ចាត់​តំណាងអ្វី​ ដែល​យើង​ចាត់​ការ​ទៅ​តាម​រដ្ឋធម្មនុញ្ញ។ យើង​មិន​មែន​ស្ថិត​នៅ​ក្នុង​របប​រណប​ ឬនៅ​ក្រោម​អាណានិគមន៍​របស់​អង្គការ​ អាណានិគមន៍​របស់​ប្រទេស​ណាមួយ​ឡើយ»។

ដោយឡែក​ ​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចាត់​ទុក​ថា​ ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​គឺ​ជា​សកម្ម​ភាព​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ដឹកនាំ​ពុករលួយ​មួយ​ក្ដាប់​តូច​ ​ដើម្បី​ក្រាញ​អំណាច​ ​និង​ទ្រព្យ​សម្បត្តិ​ ​ដោយ​ធ្វើ​ឲ្យ​ប្រយោជន៍​ជាតិ​ទាំងមូល​ត្រូវ​ខាត​បង់។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ ​New York ​សហរដ្ឋ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​នា​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​និយាយ​ថា​ ការ​គំរាម​កំហែង​ ដែល​ធ្វើ​ឡើង​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​ នឹង​ធ្វើ​ឲ្យ​ហិចហោច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ដកស្រង់​សម្តី​លោក​ ​James Ross​ ​ដែល​ជា​នាយក​ផ្នែក​គោល​នយោបាយ​ ​និង​ច្បាប់​នៃ​អង្គការ​នេះដែល​សរសេរ​ថា៖​

«ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​មុន​ការ​បោះឆ្នោត​ គឺ​ជា​ការ​ដណ្តើម​យ៉ាង​ននលគោក​យក​អំណាច​ទាំងស្រុង។ ​រដ្ឋាភិបាល​ទាំង​ឡាយ​ដែល​នៅ​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ​គួរ​តែ​ធ្វើ​សកម្មភាព​ដើម្បី​កែប្រែ​ការ​វិវត្ត​នេះ​ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​ត្រូវ​រួម​គ្នា​ទទួល​ចំណែក​នៃ​ការ​ស្តី​បន្ទោស​ចំពោះ​ក្តី​អន្តរាយ​របស់​ប្រជាធិបតេយ្យ​នៅ​ក្រោម​ការ​ដឹកនាំ​តាម​បែប​ផ្តាច់ការ​របស់​លោក​ ​ហ៊ុន សែន»។​

រូបឯកសារ៖ ព្រះបាទនរោត្តម សីហមុនី ថតរូបជាមួយនឹងសមាជិករដ្ឋាភិបាលកម្ពុជា នៅមុខរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ព្រះបាទនរោត្តម សីហមុនី ថតរូបជាមួយនឹងសមាជិករដ្ឋាភិបាលកម្ពុជា នៅមុខរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បន្ត​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​តុលាការ​កំពូល​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ​សម្រេច​ចិត្ត​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ​ ការណ៍​នោះ​នឹង​បញ្ជាក់​ពី​ការ​ច្រានចោល​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​រើស​រដ្ឋាភិបាល​តាម​ការ​សម្រេចចិត្ត​របស់​ពួក​គេ។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ មិន​សំចៃយមាត់​ បាន​បន្ថែម​ថា​ ​សហគមន៍​អន្តរជាតិ​បាន​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​គំាទ្រ​កម្ពុជា​ឲ្យ​ឈាន​ដល់​ការ​ទទួល​បាន​ កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១​ នៅ​ក្រោយ​ការ​ងើប​ឡើង​វិញ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​ ១៩៧៩​ ​ការ​ចូល​កាន់កាប់​កម្ពុជា​របស់​វៀតណាម​ និង​សង្គ្រាម​ក្នុង​ស្រុក។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ពណ៌នា​ថា​ ​ហត្ថលេខី​របស់​កម្ពុជា​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ រួមទាំង​លោក​ ហ៊ុន សែន​ ផង​ បាន​ព្រមព្រៀង​ដើម្បី​ «ធានា​ការ​គោរព​ និង​ការ​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូលដ្ឋាន​ជា​ច្រើន​នៅ​កម្ពុជា»​ និង​«គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប ​ឲ្យ​ធ្វើ​សកម្មភាព​ដែល​នឹង​ជំរុញ​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូលដ្ឋាន​ជាច្រើន»។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បន្ថែម​ថា​ ​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ និង​ប្រទេស​ដែល​មាន​ការ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ គួរ​តែ​ឆ្លើយ​តប​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្ក្រាប​សកម្ម​ភាព​នយោបាយ​ ​ដោយ​ចាប់​ផ្តើម​ជាមួយ​នឹង​ផ្លូវការ​ទូត​ ដើម្បី​គំរាម​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​គោលដៅ​ដែល​បាន​កំណត់​ទុក​ និង​ការ​ដាក់​បម្រាម​ធ្វើ​ដំណើរ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ ដែល​ជាប់​ពាក់​ព័ន្ធនឹង​ការ​បង្ក្រាប​នេះ​ ក្នុង​នោះ​មាន​លោក​ ហ៊ុន សែន។​ ពួកគេ​គួរតែ​ស្នើ​ឲ្យ​លោក​ ហ៊ុន សែន​ បញ្ឈប់​រាល់​ករណី​ផ្សេងៗដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អនុញ្ញាត​ឲ្យមាន​ដំណើរការ​ប្រជា​ធិបតេយ្យ​ជាមួយ​ការ​គោរព​ពេញ​លេញ​នៃ​សិទ្ធិ​មូលដ្ឋាន​ និង​សេរីភាព​នានា។​

ដោយឡែក​ លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ដើម្បី​បញ្ចៀស​ការ​ចាប់​ចង​ដោយ​អាជ្ញាធរ​កម្ពុជា ​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រលោក​ក្នុង​ប្រទេស​អ៊ីតាលី​ កាលពី​សប្តាហ៍​មុន​ថា​ អ្នកណា​ដែល​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​អ្នក​នោះ​នឹង​រំលាយ​ខ្លួន​ឯង។​ ​នេះ​បើ​តាម​ឃ្លីប​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី។​

ក្នុង​ឃ្លីប​វីដេអូ​នោះ លោក​ សម រង្ស៊ី​ បាន​ថ្លែង​អំពី​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​តាម​ន័យ​ដើម​ថា៖​

«បើ​គាត់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ រួច​ហើយ​គាត់​នៅ​ប្រកាស​ថា​ រៀបចំ​ការ​បោះឆ្នោត​ គាត់​នឹង​ឈ្នះ​ការ​បោះឆ្នោត។​ ប៉ុន្តែ​អា​ឈ្នះ​ការ​បោះឆ្នោត​បែប​ហ្នឹង​អត់មាន​តម្លៃ​ អត់មាន​ន័យ។ ​អីចឹង​អត់មាន​ប្រយោជន៍​អី​សម្រាប់​គាត់​ទាល់តែ​សោះ»។​

លោក​ ​សម រង្ស៊ី​ បាន​សង្កត់​ធ្ងន់​ថា​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ហើយ​គ្មាន​ការ​បោះ​ឆ្នោត​នោះ​ ​នោះ​រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ឈប់​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ។

យ៉ាងណាក្តី​ លោក​ សុខ​ ឥសាន​ បាន​ចាត់​ទុក​ថា​ ​លោក​ សម​ រង្ស៊ី​ ជា​បុគ្គល​លែង​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​នៅ​កម្ពុជា​ បន្ទាប់​ពី​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាត់​បង់​សមាជិក​ភាព​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​កំពុងក្លាយ​ជាជន​ពនេចរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG