ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន សែន​​ថា​ ​ កម្ពុជា​នៅ​តែ ​«ជា​ឋានសួគ៌​លោកិយ​នៃ​បក្ស​នយោបាយ»​ ​​បើ​ទោះ​ជា​បក្ស​ជំទាស់​ត្រូវ​រំលាយ​ចោល


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែង​ថា​ គណបក្ស​ជំទាស់​នឹង​ត្រូវ​បាន​រំលាយ​ចោល​និង​ប្តូរ​មក​វិញ​នូវ​គណបក្ស​ចំនួន​៦​ក្នុង​សភាជាតិ​ ​រួម​ទាំង​គណបក្ស​កាន់​អំណាច​របស់​លោក​ផង​ដែរ។​ (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែង​ថា​ គណបក្ស​ជំទាស់​នឹង​ត្រូវ​បាន​រំលាយ​ចោល​និង​ប្តូរ​មក​វិញ​នូវ​គណបក្ស​ចំនួន​៦​ក្នុង​សភាជាតិ​ ​រួម​ទាំង​គណបក្ស​កាន់​អំណាច​របស់​លោក​ផង​ដែរ។​ (ហ៊ាន សុជាតា/VOA)

គណបក្ស​៦​នឹង​មាន​អាសនៈ​នៅ​ក្នុងសភា ​ បើ​​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ចោល ហើយ​លោក​ ​ហ៊ុន សែន​ ​អះអាង​ថា​ ​ «កម្ពុជា​នៅ​តែ​ជា​ឋានសួគ៌​លោកិយ​នៃ​បក្ស​នយោបាយ»​ ​​​ជា​ពិសេស​គណបក្ស​របស់​លោក។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ថ្លែង​ថា​ គណបក្ស​ជំទាស់​នឹង​ត្រូវ​បាន​រំលាយ​ចោល​និង​ប្តូរ​មក​វិញ​នូវ​គណបក្ស​ចំនួន​៦​ក្នុង​សភាជាតិ​ ​រួម​ទាំង​គណបក្ស​កាន់​អំណាច​របស់​លោក​ផង​ដែរ។​

ការ​ប្រកាសជាសាធារណៈ​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​នេះ ​បានធ្វើ​ឡើង ​បន្ទាប់ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាចស្នើ​ធ្វើ​វិសោធន​កម្មច្បាប់​ ​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​រដ្ឋសភា​របស់​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ ​ដោយ​ប្រើរូប​មន្ត​បែង​ចែក​អាសនៈ​ឲ្យ​ទៅ​គណ​បក្ស​ផ្សេង​ទៀត។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករក្នុង​រោង​ចក្រ​មួយ​នៅ​ផ្លូវ​វេងស្រេង​ ​រាជធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​បណ្តឹងរបស់​ក្រសួង​មហាផ្ទៃ​ ដោយ​និយាយ​ថា​ ​ប្រសិន​បើគណបក្ស​មួយត្រូវ​រំលាយ​ ​នោះ​នឹង​មាន​គណបក្ស​ចំនួន​៥​ទៀត​មាន​អាសនៈក្នុង​សភា​ ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​ ​និង​ថា​ ​កម្ពុជា​នឹង​ក្លាយ​ជា​ឋានសួគ៌​នៃ​ប្រជា​ធិបតេយ្យ​ ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំបន្ថែម​ថា៖​

«បើ​រំលាយ​គណបក្ស​មួយ​ ​គណបក្ស​៥​ទៀត​ចូល​ជំនួស​ ​បាន​សេចក្តី​ថា​ ​ពី​គណបក្ស​២​ ​ដល់​គណបក្ស​៦​នៅ​ក្នុង​សភា។​ ​នេះ​វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន​ ​នៅ​ពេល​ខាង​មុខ​នេះ។​ ​ព្រឹកមិញ​នេះ​ ​ឃើញ​សារ​ព័ត៌មាន​ចុះ​ផ្សាយ​អំពី​ការ​កែ​ច្បាប់​មួយ​ចំនួន​ ​ព្រោះ​នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​រាប់សិប។ វា​ជា​ឋានសួគ៌​លោកិយ​នៃ​គណបក្ស​នយោបាយ​ ​ហើយ​វា​ក៏​ជា​ឋាន​សួគ៌នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ»។

បើទោះ​បីជា​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​គណបក្ស​ទាំង​៥​នោះ​ក្តី ​ប៉ុន្តែ​គេ​ឃើញ​ថា​ ​កាលពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​មាន​គណបក្ស​ចំនួន​៥​ដែល​បាន​ចូលរួម​ឈរឈ្មោះបោះ​ឆ្នោត​ ​តែ​មិន​ទទួល​បាន​អាសនៈ​រដ្ឋ​សភា។​ ​ក្នុងនោះរួម​មាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ គណ​បក្សខ្មែរ​ឈប់​ក្រ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍សេដ្ឋកិច្ច។

នេះ​មិនមែន​ជា​លើកទី​មួយ​ទេ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​ ​ថ្លែង​ពីការ​រំលាយគណបក្ស​ប្រឆាំង​ ​ដែល​ជា​គណ​បក្សមាន​សំឡេងគាំទ្រ​ជាង៤០​ភាគរយ​ក្នុង​រដ្ឋ​សភា។​ ​ចាប់​តាំងពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៧​មក​ ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពីគណបក្ស​នយោបាយ​ចំនួន​ពីរ​លើក​ ​ទៅ​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។ ​ក្រោយ​ការ​ស្នើ​ ​រដ្ឋសភា​ក៏​បាន​អនុម័ត​ភ្លាមៗ​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង។​

រូបឯកសារ៖ តាមកញ្ចក់ទូរទស្សន៍មួយ សមាជិករដ្ឋសភាបានលើកដៃបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
រូបឯកសារ៖ តាមកញ្ចក់ទូរទស្សន៍មួយ សមាជិករដ្ឋសភាបានលើកដៃបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូលសុំ​ឲ្យរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​យោងពាក្យ​បណ្ដឹង​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​និងគណបក្ស​យុវជន​កម្ពុជា។​ ​ភ្លាមៗ​ ​តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ចន្ទ​ ​បាន​ចេញដីកា​បង្គាប់​ឲ្យប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម​ ​ក្នុង​អំឡុង​ពេល២០ថ្ងៃ ដើម្បីឆ្លើយតបទៅនឹង​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ស្នើ​សុំ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

ចំណែក​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះថា​ ​កិច្ច​ប្រជុំ​គណៈ​អចិន្រ្តៃយ៍​របស់​រដ្ឋ​សភា​នឹង​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃទី​១២​ ​ខែ​តុលា​ ​ឆ្នាំ​២០១៧​ ​មុន​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​១២​ នីតិកាល​ទី៥​ ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជាមួយ​គ្នា។​ ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នេះនឹង​ពិនិត្យ​ទៅ​លើ​ខ្លឹម​សារ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ ដោយសមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ខ្លឹមសារ​នៃ​សំណើ​ច្បាប់​នេះ​នឹង​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​បានរំលាយ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​ តាម​រូបមន្ត​សមាមាត្រ​ ដែល​ចែងក្នុងសេចក្តី​ស្នើសេចក្តី​ព្រាង​ច្បាប់​ទាំង​បួន​នេះ។​ ​

VOA បានព្យាយាមទាក់ទងសុំ​ការ​អធិប្បាយ​ពី​លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ ​និង​ជា​អ្នក​នាំពាក្យ​តែ​មួយ​រូប​គត់​របស់គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​តែ​មិន​អាច​ទាក់ទង​បាន។​

រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

ទោះ​ជា​យ៉ាង​ណា​ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ក្រុម​ការងារ​ ​និង​គណៈកម្មាធិការ​ប្រតិបត្តិ​២៥​រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ​គណបក្សសង្គ្រោះ​ជាតិ​ ​ លោក​ ​សុន ឆ័យ​ ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា គណ​បក្ស​នេះ​កំពុង​ត្រៀម​មេធាវី​ ​និង​ឯកសារ​ដើម្បី​តតាំង​ក្តី​ជាមួយ​ក្រសួង​មហា​ផ្ទៃនៅ​តុលាការកំពូល។​

លោក​ ​សុន ឆ័យ​ ​បន្ថែម​ថា​ លោក​ទទួល​បាន​ព័ត៌មាន​ពី​ស្ថានទូត​មួយ​ចំនួន​ដែល​បាន​ប្រាប់ពី​ការ​ធានារបស់​គណបក្ស​កាន់​អំណាច​ ដែល​ថា ​នឹងមិន​រំលាយ​គណបក្ស​ប្រឆាំង។ ​លោកថា​ គណបក្ស​សង្គ្រោះ​ជាតិនៅ​តែ​ស្វែង​រកការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​ ​ក្នុង​ការ​សម្រួលស្ថានភាព​នយោបាយ​ ដើម្បីផល​ប្រយោជន៍​ជាតិ​ ​និង​ប្រជាជន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ស្ថានភាព​ដល់​កម្រិត​នេះ​ ក៏​យើង​នៅ​តែ​សង្ឃឹម​ទេ​ថា​ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​មាន​ការ​ធានា​ដែរ​តាម​ការ​បញ្ជាក់​ពី​ស្ថានទូត​ខ្លះ​ដែល​ខ្ញុំ​មិន​បាច់បញ្ចេញ​ឈ្មោះ​ទេ​ ថា​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​ធានានឹង​គេ​ថា ​ទោះបីយ៉ាងណាក៏​ដោយនឹង​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ ​ហើយ​ស្ថានទូត​ទាំងនោះ​ក៏​កំពុង​ធ្វើ​ការងារ​របស់​គេ។​ ​ដូច្នេះ​យើង​ដែល​ជា​គណបក្ស​ក៏​ត្រូវ​សម្រប​សម្រួល​ដែរ​ ស្ថានភាព​នោះ ​កុំ​ឲ្យ​មាន​លក្ខណៈ​ក្តៅ​ដែរ»។​

ខណៈ​គម្រោង​នៃ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​មាន​ប្រជា​ពលរដ្ឋ​គាំទ្រ​ទូទាំង​ប្រទេស ប្រមាណ​ជា​៤៥​ភាគ​រយ​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័នជាតិ ​អន្តរជាតិ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​នយោបាយ​មួយ​ចំនួន​ ​បាន​រិះ​គន់​រដ្ឋាភិបាល ​និង​បាន​បង្ហាញ​ក្តីបារម្ភ​ពី​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

​នៅដើម​សប្តាហ៍​នេះ​ ​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​បាន​សុំ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ពិចារណា​ឡើង​វិញ​ចំពោះ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​ រី​ឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិបាន​ព្រមាន​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នៅ​កម្ពុជា​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ខ្ទេចខ្ទី​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល​នាពេល​ចុង​ក្រោយ​នេះ​គឺ​ជា​ការ​ប្លន់​អំណាច​ទាំង​កណ្តាល​វាល។​

ចំណែក​ក្រុម​អ្នក​វិភាគ​ស្ថាន​ការណ៍​នយោបាយ​ ​និង​សង្គម​យល់ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​ជា​ពិសេស​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សង្គម​កម្ពុជា​ឈាន​ទៅ​រក​ការ​បែកបាក់។​

ទោះ​ជា​យ៉ាង​ណា​ ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​សោះ​អង្គើយ​ចំពោះ​ការ​រិះគន់​ ​និង​ការ​អំពាវ​នាវ​ទាំង​នោះ ​ដោយ​ពួកគេ​បាន​ចាត់​ទុក​ថា​ អ្វីៗ​ដែល​កំពុង​កើត​ឡើង​នេះ​គឺ​ជា​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បីពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា។​

ចាប់​តាំង​ពី​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​បន្ត​កើន​កំដៅ​ ​និង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ​ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​ កាលពី​ដើម​ខែ​កញ្ញា​នេះ​ ​គេ​ឃើញ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ជាង​ពាក់​កណ្តាល​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ទៀត ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ជាបន្ត​បន្ទាប់៕

XS
SM
MD
LG