ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​​ថា​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ស្លាប់​​ទៅ​ហើយ​ ​តែ​អ្នក​វិភាគ​ថា​ វា​នៅ​តែ​មាន​ជីវិត


លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។(ឡេង ឡែន/VOA)

លោក​ហ៊ុន សែន​​ថា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​ស្លាប់​ជា​ខ្មោច​ទៅ​ហើយ​ ​តែ​អ្នក​វិភាគ​ថា​វា​នៅ​តែ​មាន​ជីវិត​ដដែល​ ​ដរាបណា​ប្រទេស​កម្ពុជា​គ្មាន​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​​ពេញលេញ។

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​បាន​បន្ត​តម្កល់​ទុកសារៈសំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី២៣​ ខែតុលា​ ឆ្នាំ​១៩៩១។​ ​ពួកគេ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដរាប​ណា​ប្រទេស​កម្ពុជា​គ្មាន​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ ដរាបនោះ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ប្រទេស​ចំនួន​១៨​ជា​អ្នក​ផ្តល់​ការគាំទ្រ​នេះ​ នឹង​នៅ​តែ​មាន​សុពល​ភាព​ជានិច្ច​ដល់​កម្ពុជា។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ និង​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​នេះគឺ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ថ្លែង​ចំអក​កាលពី​ថ្ងៃ​ពុធ​ថា​ ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ «បាន​ស្លាប់​បាត់​ទៅ​ហើយ»។​

ថ្លែង​ទៅ​កាន់​ក្រុម​កម្មកររាប់ពាន់​នាក់​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ពុធ​ លោក​ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​ដែល​ជា​អតីតកម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ ​និង​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​បានលើក​ឡើង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​មាន​ជីវិត​ទៀត​នោះ​ឡើយ​ ​ដោយ​ហេតុ​ធាតុ​សំខាន់ៗនៃ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ​ហើយ​ភាគី​ខ្មែរ​ក្រហម​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​រលំ​រលាយ​ ​រីឯ​សហ​ភាព​សូវៀត​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀងនេះ​ ​ក៏​បាន​ជួប​ការ​ប្រេះ​ស្រាំ​ និង​នាំ​ទៅ​ដល់​ការ​បំបែក​រដ្ឋ​ជា​ច្រើន​ផង​ដែរ។

លោក​ ​ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​បី​ទស​វត្សរ៍ថ្លែង​ថា៖​

«សូម​កុំ​ស្រមើស្រមៃ​ថា​ កោះ​ប្រជុំ​សន្និសីទ​អន្តរជាតិ​ប៉ារីស​ឡើង​វិញ​នោះ​ ព្រោះ​សន្និសីទ​អន្តរជាតិ​ ប៉ារីស​ខ្មោច​អី​ បើ​ប្រទេស​សូវៀត​មួយ​ក្លាយ​ទៅ​ជា​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះ!​ សូម្បីតែ​ប្រទេស​ហត្ថលេខី​ ក៏​វា​ប្រែ​ប្រួល​អស់​ទៅ​ដែរ។ ​វាមាន​នៅសល់​អី​ទៀត? ​ហើយ​ភាគី​ជម្លោះ​របស់​កម្ពុជា​ ភាគី​ខ្មែរ​ក្រហម​នៅសល់​អីទៀត? ​ បើ​អីចឹង ​វា​ទាល់​តែ​ហៅ​ភាគីនានា​បង្កើត​ភាគីខ្មែរ​ក្រហម​ឡើងវិញ​ ដើម្បី​ឲ្យ​មក​ចូល​រួម»។

លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​ថ្លែង​ការ​ពារ​ចំណាត់​ការ​នៃ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាចរបស់​លោក​ ដែល​កំពុង​ព្យាយាម​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​សម្រាប់​បែង​ចែក​កៅអី​សភា​របស់​គណ​បក្ស​នយោបាយ​មួយដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​ចំ ​តែ​ត្រូវ​គេ​ដឹង​ថា​ ជា​គណបក្ស​សង្គ្រោះ​ជាតិ។​ ​លោក​លើក​ឡើង​ថា​ រដ្ឋ​សភា​នឹង​មាន​អ្នក​ធ្វើ​ច្បាប់​មក​ពី​គណបក្ស​នយោបាយ​ជា​ច្រើន​ មក​អង្គុយ​នៅ​រដ្ឋសភា​ ​ក្រោយ​ការ​បែង​ចែក​ជាថ្មី​នៃ​កៅអី​នៅ​រដ្ឋសភា​ ​ហើយ​ការណ៍​នេះ​គឺ​ស្រប​តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ដែល​លោក​អះអាង​ថា​ មិន​បាន​ចែងអំពី​ការ​កាត់​ទោស​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ និង​ការ​រំលាយ​គណបក្ស​នយោបាយ​នោះ​ទេ។

«កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​អត់​មាន​ចែង​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ទេ​ណ៎ា!​ នែ៎!​ អីចឹង​ចាត់​ទុក​ថា​ ​កាត់​ទោស​ខ្មែរក្រហម​ជា​ការ​ខុស​កិច្ច​ព្រមព្រៀង​ប៉ារីស​នេះ​ដែរ។​ ​គេ​និយាយ​តែ​ពី​រឿង​បញ្ហា​អី​ពហុ​បក្ស​ ប៉ុន្តែ​សូម​បញ្ជាក់​ បើ​រំលាយ​បក្ស​មួយ​ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស​ បាន​សេចក្តី​ថា​ ពី​បក្ស​ពីរឡើង​បក្ស​ប្រាំ​មួយ​ នៅ​ក្នុង​សភា។​ នេះ​វា​នឹង​កើត​នៅ​ពេល​មិន​យូរប៉ុន្មាន​ នៅ​ពេល​ខាង​មុខ​នេះ»។​

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ ឆ្នាំ១៩៩១​ដែល​បាន​ធ្វើឲ្យ​ភាគី​៤​ឈប់​បាញ់​គ្នា​ បង្ក​ឲ្យ​មាន​សន្តិភាព ​ធានា​បូរណភាព​ដែន​ដី​ អធិបតេយ្យ​ភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ​គឺ​ជា​ ស្នា​ព្រហស្ថ​របស់​សម្តេច​ឪ​ ព្រះ​នរោត្តម​សីហនុ​ ដែល​ជា​អ្នក​ផ្តួច​ផ្តើម។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​ខ្មែរ​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ពិត​ជា​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​យល់​ឃើញ​ថា​ វា​បាន​ស្លាប់​បាត់​ទៅ​ហើយ។​ តែលោក​យល់​ថា កិច្ច​ព្រមព្រៀង​នេះ​នៅបន្ត​ធ្វើ​ជា​មគ្គុទ្ទេសក៍​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ​ គឺ​មាន​ន័យ​ថា​ រាស្ត្រ​ជាធំ​ ហើយ​មាន​តុលាការ​មួយ​ដែល​មិន​រណប​អ្នក​នយោបាយ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​បាន​ពន្យល់​បន្ថែម​ថា​ ជាង​២០​ឆ្នាំ​មក​នេះ​ ក្រោយ​ការ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ពលរដ្ឋ​កម្ពុជា​នៅ​មិន​ទាន់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ដើរ​ទៅ​តាម​គន្លង​ប្រជា​ធិប​តេយ្យ​នោះ​ទេ។​

«កាលណា​ប្រជា​ធិបតេយ្យគឺ​វា​ត្រូវ​តែ​សង្គម​ហ្នឹង​ត្រូវ​តែ​មាន​សេរីភាព​ ហើយ​នឹង​មាន​យុត្តិធម៌​ ឲ្យ​ពល​រដ្ឋ​គ្រប់​រូប​ត្រូវ​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ល្អ។​ ​ក៏ប៉ុន្តែ​ដល់​ពេល​ខាង​រដ្ឋាភិបាល​វិញ​ គាត់​មើល​ខុស​ពី​អ្វី​ដែល​ពលរដ្ឋ​មើល​ឃើញ។​ គាត់​គិត​ថា​ ប្រជាធិបតេយ្យ​ វា​ត្រូវ​តែ​មាន​ក្រឹត្យ​ក្រម។ ​អាហ្នឹង​យើង​ហៅ​ថា​ ប្រជា​ធិបតេយ្យ​នៅ​ក្នុង​មុង​ណ៎ា។ ​អីចឹង​ យើង​ឃើញ​ហើយ​នៅ​ពេល​ដែល​ចាប់​ផ្តើម​.....​ ពេល​ដែល​ពលរដ្ឋ​ចាប់​ផ្តើម​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ដែល​ទទួល​ខុសត្រូវ​ កាល​ណា​គាត់​មាន​រឿង​អី​ គាត់​ត្រូវ​តែ​និយាយ​ប្រាប់​រដ្ឋាភិបាល​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​ រដ្ឋាភិបាល​គាត់​បែរ​ជា​ទៅ​គិត​ថា​ អាហ្នឹង​វា​ជា​ការ​ប្រឆាំង។​ អា​ហ្នឹង​វាជា​ការ​ចាប់​ផ្តើម​ចលនា​ធ្វើ​បដិវត្តន៍​ពណ៌​ អីចឹង​ទៅ​ណា៎»។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​ ​មាស នី​ ​បាន​ថ្លែង​បន្ត​ថា៖​

«អីចឹង​ ​អា​នេះ ​វាជា​រឿង​ការ​មើល​ឃើញ​ខុស​គ្នា​ ដែល​ចេះ​តែ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​យើង​ហ្នឹង​រក​អា​គម្រូនៃ​ប្រជា​ធិប​តេយ្យ ​រក​អត់​ឃើញ​ ដោយសារ​តែ​អ្នក​ដឹកនាំ​ គេ​យល់​ផ្សេង។​ អ្នក​ដឹកនាំ​គេ​គិតថា​ ប្រជាធិបតេយ្យ​ ប៉ុន្តែ​ត្រូវ​តែ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គេ​ ហើយ​ពលរដ្ឋ​គាត់​គិត​ថា បើ​សិន​ជា​ធ្វើ​អ្វី​ដូច​កើត​រាល់​ថ្ងៃ​ អា​ហ្នឹង​វា​មិន​ទាន់​ទៅជា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទេ។​ វា​ទៅជា​លទ្ធិ​ផ្តាច់​ការ​អីចឹង​ទៅ​ណ៎ា»។​

នៅ​មុន​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​នរោត្តម​សីហនុ​ ​រដ្ឋាភិបាល​បាន​លុប​ថ្ងៃ​២៣​តុលា​ពី​ប្រតិទិន​ថ្ងៃ​បុណ្យជាតិ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពីក្រុម​ជំទាស់។​ តែ​ក្រោយ​ពី​ព្រះ​អង្គ​យាង​ចូល​ទី​វង្គត​បាន​ប៉ុន្មាន​ថ្ងៃ​ រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​ទទួល​យក​ថ្ងៃ​ចុះកិច្ច​ព្រមព្រៀង​នេះ​ជា​ថ្ងៃ​បុណ្យជាតិ​ឡើង​វិញ​ ​ដោយ​រដ្ឋាភិបាល​មិន​បាន​ផ្តល់ការ​ពន្យល់​ក្បោះក្បាយ​នៅ​ក្រោយការ​សម្រេច​ចិត្ត​នេះ​ឡើយ។​

លោក​ Sebastian Strangio ​អ្នក​វិភាគ​នយោបាយ​កម្ពុជា ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ «ប្រទេស​កម្ពុជា​របស់​លោក ​ហ៊ុន សែន»​ ​Hun Sen's Cambodia​ ​បាន​បញ្ជាក់​ប្រាប់ ​VOA ​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ ឬ​Emailកាល​ពី​ថ្ងៃ​ពុធ​ថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​កម្ពុជា​ គឺ​នៅ​តែ​មាន​សុពល​ភាព​ដដែល។​ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​បាន​បំពេញ​ពេញលេញ​ទៅ​តាម​ពាក្យ​ពេចន៍​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ។

អ្នក​និពន្ធ​សៀវភៅ​រូប​នេះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នៅ​គ្រា​ដែល​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​សុពល​ភាព​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ដែល​ធ្វើទៅ​តាម​ពាក្យពេចន៍​ទាំងឡាយ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ​ ក្នុង​នោះ​គឺ​ការ​និយាយ​ពីឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ​ និង​ការ​ចែក​ដាច់​ពី​គ្នា​នៃ​អំណាច​ទាំង​បី»។​

លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

លោក​ ​Sebastian Strangio​ បន្ត​ថា​ ​ការ​បង្ក្រាប​បច្ចុប្បន្ន​របស់​រដ្ឋាភិបាលលើ​ក្រុម​ជំទាស់បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ច្រាន​ចោល​ចុង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​លោក​អះអាង​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ដែល​ជា​ក្រដាសគ្មាន​ន័យ​អ្វី​ទាំង​អស់។​

លោក​បញ្ជាក់​បន្ថែម​តាម​សារ​អេឡិច​ត្រូនិច​ ឬ​ Email​ ក្នុង​ន័យ​ដើម​ថា៖

«ជា​ការណ៍​ពិត​ ការ​បង្រ្កាប​នា​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ពី​ការណ៍​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​នាទី​ចុងក្រោយ​ បាន​ច្រានចោល​កិច្ចព្រមព្រៀង​នេះ​ ដែល​លោក​ និង​រដ្ឋាភិបាល​គ្រប់​គ្រង​ដោយ​គណបក្សប្រជាជន​កម្ពុជា​តែងតែ​មើលឃើញ​ថា​ កិច្ចព្រមព្រៀងនេះ​មិន​ស្របច្បាប់ មិន​ខុស​ពីរដ្ឋ​ធម្ម​នុញ្ញ​ដ៏​ល្អ​បំផុត​របស់​កម្ពុជា​ គឺ​ពេល​នេះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ​ លិខិត​ដែល​គ្មាន​ខ្លឹមសារ​មួយ»។​

VOA ​បានព្យាយាមទាក់​ទង​លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​សុំការ​អធិប្បាយ​លើ​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ តែនៅ​មិន​ទាន់​អាច​ទាក់​ទង​លោក​បាន​ទេ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​តែ​ទោះ​ជា​យ៉ាង​នេះក្តី​ ​អ្នកស្រី​ មូរ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដកស្រង់​សម្តី​ថា​ គោល​ការណ៍​នានា​ ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ មិន​ទាន់​សាប​សូន្យ​នៅ​ឡើយ​ទេ។​

អ្នកស្រី​បាន​ប្រាប់​កាសែត​នេះ​ ពី​ទី​ក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់​ មក​ថា​ កម្ពុជា​មិន​ចង់​វិល​ត្រឡប់​ទៅ​សម័យ​ខ្មែរក្រហម​វិញ​ តែ​ដរាប​ណា​គ្មាន​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ និង​យុត្តិធម៌ទេ​នោះ ​ នោះ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​រំលោភ​បំពាន។ ​អ្នកស្រី​មូរ សុខ​ហួរ​ បាន​ចោទ​ថា​ សកម្មភាព​ធ្វើ​វិសោធន​កម្ម​ច្បាប់​ផ្សេងៗ​ដើម្បី​បែង​ចែក​កៅអី​សភា​របស់​បក្ស​ប្រឆាំង​ទៅ​គណបក្ស​នយោបាយ​ផ្សេង​គឺ​ជា​«សកម្ម​ភាព​ប្លន់​រដ្ឋធម្មនុញ្ញ​ដោយ​ឥត​លាក់លៀម»។​ ​មិនមែន​មាន​តែ​ក្រុម​អ្នកវិភាគ​ទេ​ដែល​នៅ​យល់​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​មាន​សុពលភាព​នោះ​ ​ តែ​អង្គការ​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក៏​យល់​ថា​ កិច្ច​ព្រមព្រៀងនេះ​នៅ​មាន​តម្លៃ​ ដែល​អាច​កែខៃ​ស្ថានភាព​នយោបាយ​ដុនដាប​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ មិន​សំចៃ​មាត់​ កាល​ពី​ថ្ងៃ​អង្គារ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​លើក​ឡើង​ថា​ ​សហគមន៍​អន្តរជាតិ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គំាទ្រ​កម្ពុជា​ឲ្យ​ឈាន​ដល់​ការ​ទទួល​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១​ នៅ​ក្រោយ​ការ​ងើប​ឡើង​វិញ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម​ឆ្នាំ​ ១៩៧៥​ដល់​ឆ្នាំ​ ១៩៧៩​ និងការ​ចូល​កាន់កាប់​កម្ពុជា​ដោយវៀតណាម​ និង​សង្គ្រាម​ក្នុង​ស្រុក។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ជា​អនុសាសន៍​ថា​ ​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ និង​ប្រទេស​ដែល​មាន​ការ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ គួរ​តែ​ឆ្លើយ​តប​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្ក្រាប​សកម្ម​ភាព​នយោបាយ​ ​ដោយ​ចាប់​ផ្តើម​ជាមួយ​នឹង​ផ្លូវការ​ទូត​ ដើម្បី​គំរាម​ការ​ដាក់​ទណ្ឌកម្ម​លើ​គោលដៅ​ដែល​បាន​កំណត់​ទុក​ និង​ការ​ដាក់​បម្រាម​ធ្វើ​ដំណើរ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​នេះ​ ក្នុង​នោះ​មាន​លោក​ ហ៊ុន សែន​ផង​ដែរ។​ ពួកគេ​គួរតែ​ស្នើ​ឲ្យ​លោក​ ហ៊ុន សែន បញ្ឈប់​រាល់​ករណី​ផ្សេងៗ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិធានការ​នយោបាយ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អនុញ្ញាត​ឲ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​មានការ​គោរព​ពេញ​លេញ​នៃ​សិទ្ធិ​មូលដ្ឋាន​ និង​សេរីភាព​នានា។​

លោក​ ​ Sebastian Strangio​ ​អ្នក​និពន្ធ​សៀវភៅ​ «ប្រទេសកម្ពុជា​របស់​លោក ​ហ៊ុន សែន»​ បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ទោះ​បី​ខ្លួន​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​យ៉ាង​នេះ​ក្តី​ គណ​បក្ស​ប្រជាជន​កម្ពុជា​មិន​ប្រាកដ​ជា​ចង់ទទួល​យក​កិច្ចព្រមព្រៀង​នេះ​ទេ​ គឺ​តាំង​ពីដើម​ទី​មក​ ពួក​គេ​មើល​ឃើញ​ថា​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ និងបេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​បង្កើត​មក​តាម​ក្រោយ​កិច្ចព្រមព្រៀង​នេះគឺ​ជា​ ការ​ដាក់​គំនាប​របស់​បរទេស​ ​ដែល​បង្កើត​ឡើង​ដើម្បី​ដក​ពួក​គេ​ចេញពី​អំណាច៕

XS
SM
MD
LG