វ៉ាស៊ីនតោន៖ អ្នកជំនាញវ័យក្មេងខាងប្រព័ន្ធអ៊ីនធឺណិតពីររូបនិយាយថា បណ្តាញសង្គមដូចជាហ្វេសប៊ុក (Facebook) មានឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ហើយបាននាំឲ្យអ្នកបោះឆ្នោតនិងអ្នកនយោបាយកាន់តតែខិតជិតគ្នាជាងការបោះឆ្នោតមុនៗ។
កញ្ញា កែវ គូនីឡា អ្នកប្រឹក្សាខាងប្រព័ន្ធផ្សព្វផ្សាយនិងជាអ្នកសរសេរគេហទំព័រប្លុក (blog) ថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេនៅកាលពីថ្ងៃទី១៧ ខែកក្កដាថា ខុសពីការឃោសនាបោះឆ្នោតលើកមុនៗ លើកនេះប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឲ្យគណបក្សអាចផ្សាយគោលនយោបាយខ្លួនផង និងទទួលមតិយោបល់ពីអ្នកគាំទ្រដោយផ្ទាល់តែម្តងចំពោះគោលនយោបាយទាំងនេះ។
កញ្ញា គូនីឡាពន្យល់ថា៖ «ពេលដែលគាត់មាន Facebook ហ្នឹង គឺធ្វើឲ្យទំនាក់ទំនងរវាងអ្នកគាំទ្ររបស់គាត់ (...) អាចមានឱកាសឆ្លើយឆ្លង ឆ្លើយតបទៅនឹងអ្វីដែលគាត់បានដាក់ចេញមក ដូចជាគោលនយោបាយជាដើម។ ហើយខ្ញុំគិតថា វាជារឿងមួយដែលមានប្រយោជន៍សម្រាប់គណបក្សនានាក្នុងការដែលគាត់ទទួលបាន feedback ប្រតិកម្ម ឬមតិយោបល់មកវិញ។»
អ្នកនាងគូនីឡាថា គណបក្សនយោបាយអាចដឹងភ្លាមៗថាតើគោលនយោបាយណាខ្លះដែលអ្នកបោះឆ្នោតពេញចិត្ត ហើយគោលនយោបាយណាខ្លះដែលអាចត្រូវកែសម្រួល។
គណបក្សធំៗទាំងពីរនៅក្នុងការបោះឆ្នោតជាតិនេះ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ សុទ្ធតែបានប្រើប្រាស់បណ្តាញហ្វេសប៊ុកដើម្បីឃោសនាទាក់ទាញការគាំទ្រពីអ្នកប្រើប្រាស់ដែលមានចំនួនដល់១លានអ្នកហើយ ហើយដែលភាគច្រើនជាយុវជនពីអាយុ១៥ទៅ៣០ឆ្នាំ។ ប៉ុន្តែដោយគណបក្សប្រឆាំងមិនមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយដូចជាវិទ្យុនិងទូរទស្សន៍ អ្នកនយោបាយនិងសកម្មជនប្រឆាំងជាពិសេសគឺ លោក សម រង្ស៊ី និងលោក កឹម សុខា ហាក់ដូចជាមានសកម្មភាពច្រើនជាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ជាក់ស្តែងលោក សម រង្ស៊ី បានសង្កត់ធ្ងន់ពីវត្តមានរបស់លោកក្នុងបណ្តាញសង្គមនេះ ហើយកាលពីខែមិថុនា លោកបានប្រកាសពីជ័យជម្នះរបស់លោកលើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារទំព័រ Facebook របស់លោកមានការគាំទ្រច្រើនជាងទំព័រលោក ហ៊ុន សែន។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេនៅក្រោយការឈ្នះនេះ ដែលពេលនោះលោកសម រង្ស៊ី នៅនិរទេសខ្លួនឯក្រៅប្រទេសនៅឡើយ លោកក៏បានកត់សម្គាល់ពីលទ្ធភាពនៃការរក្សាភាពជិតស្និទ្ធជាមួយអ្នកគាំទ្រនៅគ្រប់ទីកន្លែងដោយសារបណ្តាញសង្គមនេះ។
«បើយើងនៅទីកន្លែងណាមួយ យើងនៅតែមួយកន្លែងទេ។ តាមរយៈ Facebook នេះ ក្នុងពេលដដែល យើងអាចនៅមួយពាន់ មួយម៉ឺន មួយសែន មួយលានកន្លែង។ យើងចូលទៅដល់ផ្ទះគេ គេចង់មើលយើង គេចង់ស្តាប់យើង យើងដូចថាមានភាពស្និទ្ធស្នាលទៅដល់កន្លែងគេរស់នៅ កន្លែងគេធ្វើការ ពេលគេធ្វើដំណើរ ពេលគេកម្សាន្ត គឺដល់ស្ទើរទៅចូលផ្ទះគេ ហើយបើគេពេញចិត្តយើងគឺនៅក្នុងអារម្មណ៍គេជានិច្ចកាល។»
សូម្បីក្រោយពេលលោកបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញហើយបានទៅឃោសនានៅតាមបណ្តាខេត្តនានា ក៏ទំព័រ Facebook របស់លោក ដែលឥឡូវនេះមានអ្នកគាំទ្រជាង១៦០.០០០នាក់ បន្តមានផ្សព្វផ្សាយសកម្មភាពឃោសនារបស់លោកនិងគណបក្សសង្គ្រោះជាតិច្រើនឡើង។
លោក ឡាច វណ្ណៈ មន្ត្រីសម្របសម្រួលគម្រោង«សិទ្ធិ»របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃទី១០ខែកក្កដាថា បណ្តាញសង្គមមានលក្ខណៈពិសេសខុសពីប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដូចជាវិទ្យុនិងទូរទស្សន៍ត្រង់ថា ទំនាក់ទំនងក្នុងបណ្តាញសង្គមមានលក្ខណៈទៅវិញទៅមក និងទូលំទូលាយ។ លោកថា អ្នកនយោបាយចាប់ផ្តើមចាប់អារម្មណ៍នឹងបណ្តាញសង្គមនេះ មួយផ្នែកដោយសារអ្នកប្រើប្រាស់កាន់តែមានចំណាប់អារម្មណ៍នឹងនយោបាយនៅពេលខិតជិតដល់ការបោះឆ្នោត។
លោកនិយាយថា៖ «មួយរយៈក្រោយនេះ គឺដើមឆ្នាំ២០១៣ ការប្រើប្រាស់ហ្វេសប៊ុកគឺខុសពីប៉ុន្មានឆ្នាំមុន។ ពីមុនអ្នកប្រើប្រាស់ប្រើសម្រាប់ការកម្សាន្ត សម្រាប់រកមិត្តភក្តិថ្មីៗ និងសម្រាប់រក្សាមិត្តភាព (…)។ ប៉ុន្តែមួយរយៈក្រោយនេះគឺខ្ញុំសង្កេតឃើញថា បញ្ហាសង្គមជាច្រើនត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុក លើកយកមកពិភាក្សា យកមកនិយាយ ហើយទាន់ហេតុការណ៍ទៀត។»
យ៉ាងនេះក្តីលោកថា ទោះបីបណ្តាញសង្គមបង្កើតភាពជិតស្និទ្ធរវាងអ្នកនយោបាយនិងការគាំទ្រក្តី ក៏មិនប្រាកដថា សុទ្ធតែអាចក្លាយជាការគាំទ្រលើសន្លឹកឆ្នោតនោះទេ ដោយសារមានកត្តាផ្សេងៗដូចជាការខកខានមិនបានចុះឈ្មោះជាដើម។
ម៉្យាងទៀតឥទ្ធិពលនៃបណ្តាញសង្គមនេះមានកម្រិតនៅតំបន់ជនបទដែលមានការប្រើប្រាស់អ៊ីធឺណិតតិចតួច។ លោក កុយ ជាអ្នកទូរស័ព្ទចូលម្នាក់មកពីខេត្តខេត្តពោធិ៍សាត់ ជាឧទាហរណ៍ម្នាក់។
លោកបាទចោទជាសំណួរថា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ដោយដឹងថា យុវជនយើងបច្ចុប្បន្ននាំគ្នាតាមដានរឿងនយោបាយតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែខ្ញុំមានចម្ងល់មួយ តើប្រព័ន្ធហ្នឹង តាមយើងមើលភាគរយ ប្រជាជនយើងតើប្រើបានប៉ុន្មានភាគរយ? បើសិនជាតាមជនបទនេះអត់មានអ្នកចេះដឹងខាងប្រព័ន្ធនេះផង ជាពិសេសដូចជាខ្ញុំដូចជាអីនេះ។»
អ្នកនាងកែវ គូនីឡានិយាយថា ទោះបីបច្ចុប្បន្ន ការប្រើប្រាស់អ៊ីនធឺណិតនៅតំបន់ជនបទមានកម្រិតទាបក្តី ការរីកសាយកាន់តែឆាប់នៃទូរស័ព្ទទំនើបដែលមានតម្លៃកាន់តែថោក ធ្វើឲ្យយុវជនជនបទអាច អាច «jump curve» ឬមានសន្ទុះលោកផ្លោះក្នុងការប្រើប្រាស់បច្ចេកវិជ្ជា Facebook ក្នុងពេលដ៏ឆាប់ខាងមុខ។
កញ្ញាថ្លែងថា៖ «ពីមុនទាល់តែមាន(ខ្សែ)អ៊ីនធឺណិតនិងអគ្គីសនីគ្រប់គ្រាន់ទើបប្រើអ៊ីនធឺណិតបាន ប៉ុន្តែឥឡូវនេះទូរស័ព្ទ smart phone (ទូរស័ព្ទទំនើប) ដែលមានតម្លៃក្រោម១០០ដុល្លារអាចធ្វើឲ្យយុវជននិងអ្នកចង់ប្រើប្រាស់អ៊ិនធឺណិតផ្សេងៗ គាត់អាចប្រើដោយមិនមានតម្លៃខ្ពស់ដូចប៉ុន្មានឆ្នាំមុនទេ។»
ម៉្យាងទៀតវាគ្មិនទាំងពីរយល់ស្របថា បណ្តាញផ្សព្វផ្សាយសង្គមនេះអាចមានឥទ្ធិពលហួសពីចំនួនអ្នកប្រើប្រាស់ដែលភាគច្រើនជាយុវជនឬអ្នកនៅទីក្រុង ដោយសារវាអាចមានឥទ្ធិពលមិនផ្ទាល់ដល់អ្នកមិនប្រើប្រាស់ Facebook។ លោកកុយទទួលស្គាល់ថាថ្វីបើលោកមិនចេះប្រើប្រាស់ Facebook ក៏លោកបានអំពីបណ្តាញសង្គមនេះពីក្មេងៗ។
វាគ្មិនថាការរួមផ្សំនៃកត្តាផ្ទាល់និងកត្តាមិនផ្ទាល់ទាំងនេះ ធ្វើឲ្យ Facebook អាចមានសក្តានុពលជះឥទ្ធិពលទៅដល់លទ្ធផលបោះឆ្នោតមួយកម្រិតដែរ។
ក្បួនឃោសនាមួយរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខេត្តសៀមរាបកាលពីដើមសប្តាហ៍នេះ ដែលត្រូវបានផ្សាយក្នុងបណ្តាញ Facebook ហើយបានអ្នកគាំទ្រជាច្រើន។ ខណៈដែលសន្ទុះនៃការគាំទ្រនេះបង្ហាញថាគណបក្សប្រឆាំងហាក់កើនប្រជាប្រិយភាពនៅតំបន់ជនបទផងដែរនោះ គេមិនអាចដឹងប្រាកដទេថា បណ្តាញសង្គមនិងភាពស្និទ្ធស្នាលផ្នែកនយោបាយនិងទំនាក់ទំនងទីក្រុងនិងជនបទដែលវាបង្កើតឡើងបានរួមចំណែកក្នុងកម្រិតណានោះ។ ហើយមានតែការលទ្ធផលឆ្នោតខាងមុខនេះទេដែលប្រហែលអាចបំភ្លឺខ្លះថាការឃោសនាតាមបណ្តាញសង្គមនេះមានប្រសិទ្ធភាពកម្រិតណា៕