ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រើ​អ៊ីនធឺណិត​កើនឡើង​យ៉ាង​គំហុក​ដោយ​សារ​តម្លៃ​សេវា​ចុះ​ថោក​និង​សម្បូរបែប


សិក្ខាកាមនៅក្នុងកម្មវិធី TechCamp Phnom Penh រៀនអំពី ការប្រើ Social Media នៅ⁣សកលវិទ្យាល័យន័រតុន នៅក្រុង⁣ភ្នំពេញ។ ដោយ៖ គុណ ចិន្តា
សិក្ខាកាមនៅក្នុងកម្មវិធី TechCamp Phnom Penh រៀនអំពី ការប្រើ Social Media នៅ⁣សកលវិទ្យាល័យន័រតុន នៅក្រុង⁣ភ្នំពេញ។ ដោយ៖ គុណ ចិន្តា

យ៉ាង​យោចណាស់​មាន​មនុស្ស​ប្រហែល​ជាង ​២,៧​លាន​នាក់​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។

ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​បច្ចេកវិទ្យា​អេឡិកត្រូនិក​នៅ​កម្ពុជា​មាន​សន្ទុះ​រីកចម្រើន​ជាខ្លាំង​ក្នុងនោះ​ដែរ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​នធឺណិត​បាន​កើន​ដល់​ជាង​២៤​ក្រុមហ៊ុន​នៅ​ឆ្នាំ ២០១៣​នេះ។

កំណើន​នៃ​ក្រុមហ៊ុន​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ជាវ​និង​គុណភាព​នៃ​សេវាកម្ម​កាន់តែ​ប្រកួតប្រជែង​ថែម​ទៀត។

លោក គួ​យ សូ​ណាក់ ​គឺជា​ជំនួយការ​ផ្ទាល់​អគ្គនាយក​របស់​ក្រុមហ៊ុន​អង្គរ​ណិ​ត​មានប្រសាសន៍​ថា​រហូតមក​ទល់​ពេល​ថ្មីនេះៗ​មានការ​ប្រកួតប្រជែង​ច្រើន​រវាង​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធឺ​ណិត​ដូច្នោះ​បានធ្វើ​ឱ្យ​តម្លៃ​របស់​វា​ធ្លាក់​ចុះ​ហើយ​ជាហេតុ​ធ្វើឱ្យមាន​កំណើន​នៃ​អ្នកប្រើប្រាស់​ក៏​អាចមាន​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ផងដែរ។
លោក​គួយ សូណាក់​បន្ថែម​ថា៖​
«រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​ឃើញថា​តម្លៃអ៊ី​ន​ធឺ​ណិ​ត​មានការ​ធ្លាក់ចុះ​ហើយ​មានការ​កើនឡើង​លើ​ការលក់​ដល់​បណ្តា​ហាង​កាហ្វេ​ច្រើន​ដូច្នោះ​អតិថិជន​ហ្នឹង​ក៏​ច្រើន​ដែរ​ហើយ​កំណើន​នៃ​អ្នក​ប្រើ​ប្រាស់​តាម​ទូរស័ព្ទ Smart phone និង​Laptop​អីចឹ​ង​ទៅ»។

ក្រុមហ៊ុន​អង្គរ​ណិ​ត​ផ្តល់​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត​ក្នុង​ល្បឿន​ទាប​បំផុត​ចាប់ពី ​២៥៦​គីឡូបៃ​ក្នុង​មួយ​វិនាទី(256Kbit/sec)។ អតិថិជន​វិញ​ភាគច្រើន​របស់​ក្រុមហ៊ុន​ជា​អ្នក​ដែល​ប្រើប្រាស់​ចំនួន​ច្រើន​ដូចជា​នៅតាម​បណ្តា​ អង្គការ​ និង ​ក្រសួង​នានា​ជាដើម។

លោក នាក់ ឡុង​គៀង អ្នកគ្រប់គ្រង​ផ្នែក​លក់ ​និង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណិ​ត​ ឌី​ជី Digi ស្ថិត​ក្រោម​ការបណ្តាក់ទុន ​ពី​ប្រទេស​កា​ហ្សាក់​ស្ថាន​កាលពី​ឆ្នាំ២០០៨។

លោក​ឡុង​គៀង​បន្តថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដោយសារតែ​តម្លៃនៅ​ថ្លៃ​ហើយ​មិនសូវមាន​ការ​រីកចម្រើន​លើ​បច្ចេកវិទ្យា​នានា​ការ​ប្រើ​ប្រាស់​អ៊ឺ​ន​ធឺ​ណិ​ត​នៅ​មិនសូវ​ច្រើន​ទេ​ប៉ុន្តែ​ពេលនេះ ​មាន​ក្រុមហ៊ុន​ច្រើន​ដូច្នេះ​តម្លៃ​បាន​ធ្លាក់ចុះ​ហើយ​ការផ្គត់ផ្គង់​នៃ​ល្បឿន​អ៊ឺ​ន​ធឺ​ណិ​ត​វិញ​ក៏​កាន់តែ​ខ្ពស់។
លោក​បន្តថា៖

«ឆ្នាំ​២០០៨​ទៅ ​២០០៩ ​យើង​ឃើញ​ថា​អ្នក​ប្រើ​ប្រាស់​មិនសូវមាន​អ្នកប្រើប្រាស់​តាម​ផ្ទះ​ទេ​គឺជា​អ្នកប្រើប្រាស់​ជា​អាជីវកម្ម។ បន្ទាប់ពី​ ២០០៩​ទៅ ​គឺ​ដោយសារតែ​តម្លៃ​ធ្លាក់ចុះ​ច្រើន ​ហើយ​មានការ​ប្រកួត​ប្រជែង​ដែរ​នោះ​បានធ្វើឱ្យ​ចំនួន​អ្នកប្រើប្រាស់​កើន។ កាលពី​មុន​មួយ​មេ​ហ្គា​បៃ ​ជាង ១ពាន់​ដុល្លារ​តែ​ឥឡូវ​វិញ​ចូល​ដល់ផ្ទះ​របស់​គាត់​អាច​បាន ​២មេ​ហ្គា​បៃ ​ត្រឹមតែ ​១២​ដុល្លារ»។

យ៉ាង​យោចណាស់​មាន​មនុស្ស​ប្រហែល​ជាង ​២,៧​លាន​នាក់​បាន​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។ យោងតាម​របាយ​ការណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ទូរគមនាគមន៍​បាន​ឱ្យ​ដឹង​ថា ​កាលពី​ឆ្នាំ២០១០ ​ចំនួន​អ្នកប្រើប្រាស់​មាន​ត្រឹមតែ​ជាង ​៣សែន ២ម៉ឺន​នាក់​ប៉ុណ្ណោះ។

តាម​ទិន្នន័យ​ដែល​វីអូអេ​ទទួលបាន​ពី​ក្រុមហ៊ុន​ចំនួន​បួន​ដូចជា​ អ៊ី​ហ្សី​ខម ឌី​ជី មេគង្គ​ណិ​ត និង​អូ​ផេ​ន​ណិត​បាន​បង្ហាញថា​តម្លៃ​អ៊ី​ន​ធឺ​ណិ​ត​មាន​ប្រែប្រួល​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ ​ហើយ​តម្លៃ​ក៏​អាស្រ័យ​លើ​ប្រភេទ​នៃ​ល្បឿន​អ៊ី​ន​ធឺ​ណិ​ត​ផងដែរ។

ក្នុង​ចំ​ណោម​ក្រុមហ៊ុន​ទាំង​នោះ​តម្លៃ​នៃ​ការភ្ជាប់​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត​ជា​លក្ខណៈ​ប្រើប្រាស់​តាម​ផ្ទះ​កំពុង​ត្រូវ​អ្នកប្រើប្រាស់​និយម​ប្រើ​ហើយ​មាន​ទាប​បំផុត ​គឺ ​១២ ​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​សម្រាប់​ល្បឿន ​២មេ​ហ្គា​បៃ​ក្នុង​មួយ​វិនាទី (2MB/sec)។

រីឯ​ការ​ប្រើ​ប្រាស់​សម្រាប់​ក្នុង​ការ​ប្រកប​មុខរបរ​រកស៊ី​វិញ​តម្លៃ​ទាប​បំផុត​គឺ ៩៩ដុល្លារ​អា​មេ​រិក​សម្រាប់​ល្បឿន​៤មេ​ហ្គា​បៃ​ក្នុង​មួយ​វិនាទី​(4MB/sec)។

យោងតាម​ទិ​ន្និ​ន័យ​ដែល​បានចេញ​ផ្សាយ​លើ​គេហទំព័រ​ដោយ​ក្រសួង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី ១៤​ខែ​មិនា​ឱ្យ​ដឹង​ថា​ចំណូល​សរុប​លើ​វិស័យ​អ៊ី​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​មាន​សរុប​ជាង១,៤លាន​ដុល្លារ​អាមេរិក។
លោក វ៉ាន់ ជុង​ជា​ប្រធាន​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​អូ​ភិន​ណិ​ត (OpenNet) ដែលជា​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណិត​ មាន​វិនិយោគ​ទុន​មកពី​ប្រទេស​វៀតណាម​កាលពី​ដើម​ឆ្នាំ​២០១២។ ក្រុមហ៊ុន​របស់គាត់​មាន​ផ្តល់ សេវាកម្ម​ផ្គត់ផ្គង់​ដល់​ទាំង​អ្នកប្រើប្រាស់​ជា​គ្រួសារ​និង​សម្រាប់​ក្រុម​អ្នក​ដែល​បើជា​អាជី​វ​កម្ម​ត្រូវការ​សេវា​អ៊ី​ន​ធឺ​ណិ​ត។

ប្រធាន​ផ្នែក​លក់​រូបនេះ​បន្ត​ថា​ក្រុមហ៊ុន​របស់គាត់​នឹង​ផ្តល់ឱ្យ​អ​ថិ​ជន​នៅ​កម្ពុជា​នូវ​តម្លៃ​ដូច​នៅ ប្រទេស​វៀតណាម​ដែរ។ សម្រាប់​កន្លែង​របស់​គាត់​អតិថិជន​ភាគច្រើន​គឺជា​សិស្ស​និស្សិត​ហើយ សម្រាប់​ប្រភេទ​ដែល​ពេញនិយមជាង​គេ​នៅ​កន្លែង​របស់​គាត់​សេវាកម្ម​អ៊ី​ន​ធឺ​ណិត​ដែលមាន​ល្បឿន ២មេ​ហ្គា​បៃ​ក្នុង​មួយ​វិនាទី (2MB\sec)។
លោក​វ៉ាន់ ជុង​បន្ត​ថា៖
«ដោយសារតែ​ក្រុមហ៊ុន​របស់ខ្ញុំ​ទទួលបាន​អាជ្ញាប័ណ្ណ​មកពី​ប្រទេស​វៀតណាម ដូច្នោះ​យើង​អាច​ផ្តល់​សេវាកម្ម​អ៊ី​ន​ធឺ​ណិត​មួយ​ក្នុង​តម្លៃ​ទាប​ ហើយនឹង​ធ្វើឱ្យ​ដូច​តម្លៃ​នៅ​ប្រទេស​វៀតណាម​ដែរ។ ហើយ​ម្យ៉ាង​យើង​ចង់​ទាក់ទាញ​អតិថិជន​ឱ្យបាន​ច្រើន»។

តាម​ការឱ្យ​ដឹង​រប​ស់​មន្ត្រី​ក្រសួង​ទូរ​គម​នា​គ​មន៍​ឱ្យ​ដឹង​ថា​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​នៅ​កម្ពុ​ជាមាន​ពីរ​ប្រភេទ ​គឺ​ភា្ជ​ប់​ដោយ​ប្រើ​ខ្សែ​និង​ដោយ​មិន​ប្រើប្រាស់​ខ្សែ ​ដូចជា​ប្រើ​ប្រាស់​លើ​ទូរស័ព្ទដៃ​3G ​ម៉ូដឹម (Modem) និង​វៃ​ហ្វា​យ (Wi-Fi) ជាដើម។ ក្នុងនោះ ​៩៨% ​នៃ​អ្នកប្រើប្រាស់​នៅ​កម្ពុជា​គឺជា​អ្នក​ប្រើប្រាស់​ដោយ​អ៊ី​ន​ធឺ​ណិត​ឥត​ប្រើ​ខ្សែ។

លោក ម៉ៅ ចរិយា ​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទូរគមនាគមន៍​ចល័ត​បាន​ឱ្យ​ដឹង​ថា៖
«បច្ចេកវិទ្យា​និង​អាជីវកម្ម​លើ​វិស័យ ICT នេះ​មានការ​កើនឡើង​លើ Wi-Fi និង​Mobile និង​IP Platefrom គឺមាន​ការកើនឡើង​ស្ទើរ​គ្រប់កន្លែង​ទាំងអស់។

លោក​ម៉ៅ ចរិយា​បន្តថា​ការប្រកួត​ប្រជែង​លើ​តម្លៃ​អ៊ី​ន​ធឺ​ណិ​ត​នេះ​ជា​ការល្អ​ដោយហេតុ​វា​អាចធ្វើ​ប្រជាពលរដ្ឋ​អាច​ទទួល​បានការ​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិត។

រីឯ​លោក កែវ ឧត្តម​ អ្នកគ្រប់​គ្រង​គេហទំព័រ​ពពក​បាន​និយាយ​ទាំង​សុទិដ្ឋិនិយម​ថា​រហូត​មក​ទល់​ពេល​នេះ​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រៀបបាន​ដូចជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គាត់​ទៅ​ហើយ​មូលហេតុ​គឺ​ដោយសារ​តែ​ភាគច្រើន​នៃ​ការងារ​ដែល​គាត់​ត្រូវការ​ប្រើប្រាស់​ដោយ​អ៊ី​ន​ធឺ​ណេ​ត។ ការប្រកួត​ប្រ​ជែង​នៃ​តម្លៃ​អ៊ី​ន​ធឺ​ណិត​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា។
លោក​កែវ​ ឧត្តម​ក៏​បញ្ជាក់​ដែរ​ថា៖
«ប្រសិនបើ​តម្លៃ​អ៊ី​ន​ធឺ​ណិ​ត​នៅតែ​បន្ត​ប្រកួត​ប្រជែង​អីចឹ​ង​យើង​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ច្រើន។ ការប្រើប្រាស់​បណ្តាញ​សង្គម​ក៏ដូចជា​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេង។ យើង​ចំណេញ​ច្រើន​ណាស់​ទីមួយ​យើង​អាច​កាត់​បន្ថយ​នូវ​ការចំណាយ​របស់​យើង​ហើយ​យើង​អាច​យកប្រាក់​ទៅប្រើ​លើ​ការចំណាយ​អ្វី​ផ្សេង​ទៀត»។

ម្យ៉ាងវិញ​ទៀត​ការកើន​ឡើង​នៃ​ចំនួន​ហាង​កាហ្វេ​ដែល​អនុញ្ញាត​ឱ្យ​អតិថិ​ជន​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ដោយ​មិន​គិតថ្លៃ​ក៏​ជា​សន្ទុះ​ថ្មី​មួយ​ដែល​ធ្វើឱ្យ​ចំនួន​នៃ​អ្នក​ប្រើ​មានការ​កើនឡើង​ផង​ដែរ។ ចំនួន​
ហាង​អ៊ី​ន​ធឺ​ណិ​ត​កាហ្វេ​សរុប​មាន​ប្រហែល​ ៣១៦​ហាង​នា​ពេល​បច្ចុប្បន្ន​នេះ។

តម្លៃ​ប្រកួត​ប្រជែង​នៃ​អ៊ី​ន​ធឺ​ណិត​និង​ការរីកចម្រើន​នៃ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ី​ន​ធឺណិត​បាន​ជួយ​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​ជាច្រើន។

លោក ចាង ប៉ុន​លាង ​អ្នកគ្រប់គ្រង​នៅ​ហាង​កាហ្វេ​ប្រោ​ន (Brown) ​បាន​ឱ្យ​ដឹង​ថា​សម្រាប់​អាជីវកម្ម​ដូចជា​កន្លែង​របស់​គាត់​នេះ​ការភា្ជ​ប់​នូវ​អ៊ី​ន​ធឺ​ណិត​មាន​សារៈសំខាន់។ គាត់​បន្ត​ថា​សម្រាប់​អាជីវកម្ម ដូចជា​កន្លែង​របស់​គាត់ ​ការដែល​តម្លៃ​អ៊ី​ន​ធឺ​ណិត​នៅ​បន្ត​ប្រកួត​ប្រជែង ​ហើយ​កាន់តែ​ទាប ​នឹង​ទទួល​បាន​នូវ​ផលចំណេញ​តាមរយៈ​ការកាត់បន្ថយ​នូវ​ការចំណាយ។

«ប្រសិនបើ​សម្រាប់​ខាង​អាជីវកម្ម​អីចឹ​ង​វា​ល្អ​ហើយ។ ល្អ​មួយទៀត​សម្រាប់​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ ទៅមុខ​ទៅ​កាន់​តែ​ធំ​កាន់តែ​ត្រូវ​ប្រើ​អ៊ី​ន​ធឺ​ណិត។ ត្រូវការ​ទិន្នន័យ​ត្រូវការ​ដេ​តា​បេ​ស (Database)។​ដូច​ហាង​ខ្ញុំ​ចឹ​ង​រាល់​ការគ្រប់គ្រង​ទិន្នន័យការងារ​ទាំងអស់​ត្រូវ​លី​ង (link) លើ​វ៉ិ​ប​បេស​ណាមួយ។កាលណា​អ៊ី​ន​ធឺ​ណិត​កាន់តែ​ថោក ​យើង​ចំណាយ​លើ​ Operation ដែលមាន​Web hosting យើង​មាន​ដំណើរការ ​ដេ​តា​សិន​ធ័​រ(Data Center)កាន់តែ​ទាប​ដែរ»។

អ្នកស្រី ចក់ សុភាព​នាយិកា​កម្មវិធី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានឱ្យដឹង​ដែរ​ថា វា​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​អ្នកប្រើប្រាស់​ជាពិសេស​យុវជន​ដែលមាន​លទ្ធភាព​តិចតួច​សម្រាប់​ការភ្ជាប់​អ៊ី​ន​ធឺ​ណិ​ត។ អ្នកស្រី​និយាយថា​អ៊ី​ន​ធឺ​ណិត​មាន​សារៈសំខាន់​សម្រាប់​យុវជន ​សម្រាប់​ការសិក្សា​និង​ការចូល​ប្រឡូក​ក្នុង​សង្គម។
អ្នក​ស្រី​បញ្ជាក់​ថា៖
«មក​ដល់​ពេល​នេះ​ម្នាក់ៗ​អាច​ប្រើប្រាស់​អ៊ឺ​ន​ធឺ​ណិត​នៅតាម​ផ្ទះ​ដោយ​ប្រើប្រាស់ Modem ឬក៏​ទូរ​ស័ព្ទ​ផ្ទាល់ខ្លួន។ អីចឹ​ង​យើង​ឃើញថា​ការ​ប្រើប្រាស់​អ៊ឺ​ន​ធឺ​ណិត​មាន​សារៈសំខាន់​មែនទែន​សម្រាប់​យុវ​ជន​យើង​ហ្នឹង»។
ស្រប​ពេលដែល​ចំនួន​នៃ​អ្នកប្រើប្រាស់​និង​ក្រុមហ៊ុន​អ៊ី​ន​ធឺណិត​កាន់​តែមាន​ចំនួន​ច្រើន ​កាលពី​ខែសីហា​ឆ្នាំ២០១២ មុន​នេះ ​មាន​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​នឹង​ត្រូវការ​ការពិនិត្យ​បន្ថែម​ច្រើន​ទៀត​មុននឹង​ដាក់ជូន​រដ្ឋសភា​ដើម្បី​ពិភាក្សា​និង​អនុម័ត។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នេះ ​ក៏​មាន​ការព្រួយបារម្ភ​ពី​ការគាបសង្កត់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិកត្រូនិក​នេះ​ផងដែរ៕
XS
SM
MD
LG