ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​សង្គម​ជា​វេទិកា​ថ្មី​នៃការ​ឃោសនា​រក​សំឡេង​​ឆ្នោត


គេហទំព័រ​ Facebook របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គេហទំព័រ​ Facebook ​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី។
គេហទំព័រ​ Facebook របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គេហទំព័រ​ Facebook ​ផ្ទាល់​ខ្លួន​របស់​លោក សម រង្ស៊ី។
ហ៊ាន សុជាតា
ភ្នំពេញ៖ បណ្តាញ​សង្គម​មាន Facebook​ Google​ Plus​ និងYoutube ​ជាដើម​បាន​ក្លាយ​ជា​វេទិកា​នៃ​យុទ្ធនាការ​ឃោសនាស្វែងរក​សំឡេង​ឆ្នោត​យ៉ាង​សកម្ម​សម្រាប់​គណបក្ស​ធំៗ​ក្នុង​ប្រទេស​កម្ពុជា។​

ក្រុម​អ្នកគាំទ្រ​ និង​ទីចាត់ការ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​នេះ​ដើម្បី​ជូន​ដំណឹង​ដល់​សាធារណ​ជន ​បង្ហាញពី​គោល​នយោបាយ​និង​សកម្មភាព​របស់​ខ្លួន​ និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​រៀងៗ។

លោកហូ វណ្ណ​ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​ ពន្យល់​ថា​ការ​ឃោសនានយោបាយ​តាម​រយៈ​ហ្វេសប៊ុក(Facebook) និង​ការហែ ក្បួន​ឃោសនា​គឺ​ជា​ការ​ជួយ​បំពេញ​ឲ្យគ្នា​ទៅវិញ​ទៅមក។​

លោក​និយាយថា៖ ​«បើ​និយាយ​ពីសារ​នយោបាយ​គឺ​យើង​បញ្ជូន​ចេញ​ទៅ​ស្រប​គ្នា​ ប៉ុន្តែ​ការ​ហែក្បួន​ ជា​ទូទៅ​មាន​ការបញ្ចេញ​កម្លាំង​កាយ​ មានការ​ចំណាយ​ជា​សម្ភារៈ​ ជា​ថវិកា​អស់ច្រើន​ តែ​បើ​ហ្វេសប៊ុក​ (Facebook) យើង​ឃើញ​ថា ​បាន​ទទួល​ព័ត៌មាន​ផង គ្មាន​ការ​គាបសង្កត់​ផង ហើយ​មិន​មាន​ចំណាយ​ថវិកា​ផង»។​

នៅលើ​ទំព័រហ្វេសប៊ុក​ (Facebook) ​របស់​អ្នកមាន​ទំនោរ​ទៅ​កាន់​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ហ្វេសប៊ុក​ (Facebook)​របស់​គណបក្ស​នេះ​បាន​បង្ហោះ​រូបភាព​នៃ​ការឃោសនាប្រចាំថ្ងៃ​ ព្រម​ទាំងចែក​រំលែ​កឈុត​វីដេអូ​ខ្លីៗ​ពី​គេហ​ទំព័រ​យូធូប​ (Youtube)​ដើម្បី​ទាក់ទាញ​ឲ្យ​ប្រជា​ពលរដ្ឋសម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។​

រូបភាព​ និង​វីដេអូ ​ដោយ​មាន​សារគាំទ្រខ្លីៗ បង្ហាញពី​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​យុវជន​ដែល​មាន​ឯក​សណ្ឋាន ​និង​មួក​រូប​ព្រះ​អាទិត្យ​រះ។​ ពួក​គេ​បិទ​និមិត្ត​សញ្ញា​នេះ​លើមុខ​ និង​ការ​លើក​ដៃ​លេខ​៧​ជា​តំណាង​ឲ្យ​លេខរៀង​ទី​៧​របស់​គណបក្សសង្គ្រោះ​ជាតិ​ក្នុង​សន្លឹក​ឆ្នោត។​ មួយ​វិញ​ទៀត​ គេហទំព័រ​ទាំង​នោះ ក៏​បាន​លើក​ឡើងផង​ដែរ​នូវ​ចំណុច​អវិជ្ជមាន​កន្លង​មក ​ស្ថិត​ក្រោម​ការ​ដឹកនាំរបស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកគាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច​យ៉ាង​រឹងមាំ​នេះ​ក៏​បាន​និង​កំពុង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខាង​លើ​នេះ​ដែរ។​ គណបក្ស​នេះ​បាន​បង្ហោះ​ និង​ចែក​រំលែក​រូបភាព​ និង​វីដេអូ​អំពី​សកម្មភាព​ឃោសនា​គណបក្ស​ខ្លួន​ដែល​ពាក់​ឯក​សណ្ឋាន​ ​មួក​និង​និមិត្ត​សញ្ញា​គណបក្ស​ដែល​មាន​រូប​ទេវតា​បាចផ្កា​ ព្រម​ទាំង​គាស់​កកាយ​អំពី​សមិទ្ធិ​ផល​ល្អៗ​ ដែល​បង្កើតដោយ​រដ្ឋាភិបាលក្នុង​អាណត្តិ​មុនៗ​ រួម​ទាំង​ប្រកាស​គោល​ជំហរ​នយោបាយ​ជា​ពាក្យ​កាព្យ​ ឬ​សារ​ខ្លីៗ​ថា ​នឹង​មិន​ផ្លាស់​ប្តូរ​លេខ​៤​ចេញ​ឡើយ។​

ទោះជា​បែបនេះ​ក្តី​ លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​តែ​គិត​ថា បណ្តាញ​សង្គម​មិនមាន​ឥទ្ធិពល​ខ្លាំង​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។​

លោក​បកស្រាយ​ថា៖​ «ហ្វេសប៊ុក​ (Facebook)​ជា​ប្រព័ន្ធ​ព័ត៌មាន​មួយ​ដែល​ទាំង​អស់​គ្នា​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​រៀងៗ​ខ្លួន ​ជា​ពិសេស​បាន​បង្ហាញ​នូវអ្វី​ដែល​ជា​សមិទ្ធិផល​របស់​គណបក្ស​ប្រជាជន។​ ​វា​មិន​អាចធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។​

បណ្តាញ​សង្គម​គ្រាន់តែ​ជា​ចំណែក​មួយ​ចំនួន​ជាមួយ​សកម្មភាព​យុវជន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណបក្ស។​ ក៏​ប៉ុន្តែ​អំណាច​របស់​គណបក្ស​ប្រជាជន​គឺ​នៅ​នឹង​មូលដ្ឋាន​ តាម​រយៈ​ការ​ចុះជាប់​នឹង​ប្រជា​ពលរដ្ឋ​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ និង​សមិទ្ធិ​ផល​មើល​ឃើញ​ជាក់ស្តែង​នឹង​ភ្នែក​នៃ​ការ​អភិវឌ្ឍ»។​

លោក រិន​ សំណាង ​ជាអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ ​ព្រម​ទាំង​ជា​អ្នក​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​

លោក​បាន​បង្ហាញ​រូប​ផ្ទាល់​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក​ (Facebook)​ ​ដោយ​ពាក់​អាវ ​និង​មួក​ដែល​មាន​និមិត្ត​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

លោកថ្លែង​ថា៖​ «ធម្មតាទេ ​Profile Facebook ​ជា​Profile ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​អាច​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​របស់​ខ្ញុំ។ ​ខ្ញុំ​ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​អ្នក​ខ្លះ​គេ​អត់​ពេញ​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា។​ វា​ជា​សិទ្ធិ​របស់​ខ្ញុំ​ក្នុង​ការ​ស្រឡាញ់​គណបក្ស»។​

នៅ​ប្រទេស​កម្ពុជា ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន​កាន់តែ​ច្រើន​ទៅៗ​ ស្រប​ពេល​ដែល​បណ្តាញ​អ៊ីនធើណែត​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន៕

អ្នក​ប្រើប្រាស់​ ហ្វេសប៊ុក​ (Facebook) នៅ​កម្ពុជា​មាន​រហូត​ដល់​ជាង​៧៨០​ ០០០​នាក់ ​នេះ​បើ​យោងតាម​របាយ​ការណ៍​ចុងក្រោយ​បំផុត​ដែល​ផ្សព្វផ្សាយ​ដោយ​គេហ​ទំព័របស់​ហ្វេសប៊ុក​ (Facebook)នៅឆ្នាំ​២០១៣​នេះ។​ រីឯ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធើណែត​មាន​ចំនួន​១០​ភាគរយ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប​១៤​លាន​នាក់។​

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ​គេ​សង្កេត​ឃើញ​ថា​ មាន​គណបក្ស​ចំនួន​តែ​ពីរ​ខាង​លើគឺ​គណបក្ស​សង្គ្រោះជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​ជា​ជំនួយ​ដល់​ការ​ឃោសនា​នយោបាយ​របស់​ខ្លួន​ក្នុង​ពេល​នេះ។​

រីឯ​អ្នក​ទទួល​ខុសត្រូវ​គណបក្ស​ផ្សេងៗ​ទៀត​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ហ្វេសប៊ុក​ (Facebook)ណាស់ណា​ទេ ​ដោយ​ពួក​គេ​យល់​ឃើញ​ថា​ ចំនួន​អ្នក​ប្រើ​ហ្វេសប៊ុក​ (Facebook) នៅ​តូច​ចង្អៀត​នៅ​ឡើយ។​

ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ប្រព័ន្ធផ្សព្វផ្សាយផ្សេង​ទៀត​ លោក​ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​ប្រសាសន៍​ថា៖ ​«ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​[តាមរយៈ​ហ្វេសប៊ុក​ (Facebook)​នៅ​មាន​ទំហំ​តូច​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ​ដូចជា​វិទ្យុ​ជាដើម»។​

លោក​សេក សុជាតិ​ ជា​ប្រធាន​យុវជន​គណបក្សហ៊្វុនស៊ីនប៉ិច។​លោក​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នានេះដែរ​ថា​ ជា​ទូទៅ​ការ​ប្រើប្រាស់​បណ្តាញ​សង្គមគ្រាន់​តែ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ។​ មធ្យោបាយ​ក្នុង​ការ​បញ្ជូន​សារ​នយោបាយ​ដ៏​សំខាន់​របស់​គណបក្ស​នេះ​គឺ​តាមរយៈ​ការ​ចុះ​ចែក​ខិតបណ្ណ​ផ្ទាល់​ដល់​ភូមិ ឃុំ។​

លោក​និយាយថា៖ «អ្វី​ដែល​មិន​សូវ​សំខាន់​មួយ​ផ្នែក​គឺ​សំដៅ​ទៅ​លើបណ្តា​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ពុំ​មាន​ប្រព័ន្ធ​បច្ចេកទេស​ប្រើប្រាស់​ឡើយ»។​

ម្យ៉ាង​ទៀត​ លោកសុជាតិ​យល់​ឃើញ​ថា​ ជា​ទូទៅ ​គណបក្ស​ផ្សេង​ប្រើ​ហ្វេសប៊ុក​ (Facebook)​ដើម្បី​រិះ​គន់​ ឈ្នានីស​ ឬ​វាយ​ប្រហារគណបក្ស​ដទៃទៀត។​

មេ​ដឹកនាំ​គណបក្ស​នយោបាយ​តូចៗ​ដទៃ​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ក៏​មិន​បាន​ប្រើប្រាស់​ឱកាស​ក្នុង​បណ្តាញ​សង្គម​ដែរ។​

លោក​សេង សុខខេង ​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​គណបក្ស​លោក​ទើប​តែ​បង្កើត​ថ្មី​ក្នុង​អាណត្តិ​នេះ​ ទើប​បាន​ជា​រៀប​ចំ​មិន​ទាន់នូវការ​ឃោសនា​តាម​បណ្តាញ​សង្គម។ ​យ៉ាងណាមិញ​ លោក​នឹង​ប្រើប្រាស់​បណ្តាញ​សង្គម​នា​អាណត្តិ​ក្រោយៗ។​ ចំណែក​ឯ​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គឺ​លោក​ហួន រាជចំរើន​បាន​លើក​ឡើង​ថា ​ការ​ឃោសនា​តាម​បណ្តាញ​សង្គម​មិន​ចាំបាច់​ឡើយ​ចំពោះ​គណបក្ស​របស់​លោក។​

លោក​ង៉ែត ម៉ូសេ ​មន្ត្រីសម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឍមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​ជា​អ្នក​សកម្ម​ម្នាក់​ក្នុង​បណ្តាញ​សង្គម​ បាន​ឲ្យ​ដឹង​ថា ​បណ្តាញ​សង្គម​នា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​នេះ​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​គណបក្ស​កាន់​អំណាច​ ឬ​គណបក្ស​ប្រឆាំង​ណាមួយឡើយ​ តែ​ជា​ទី​កន្លែង​ដែល​ប្រជា​ពលរដ្ឋ​អាច​ទទួល​ព័ត៌មាន ​ស្តាប់ ​ឬ​មើល​ឃើញ​នូវ​សកម្ម​ភាព​របស់​គណបក្ស​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹក​នាំ។​

លោក​ម៉ូសេ​បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ថា ​បណ្តាញ​សង្គម​ជា​អាវុធ​មុខ​ពីរ។​
លោក​និយាយថា៖ ​«ល្អ​ម៉្យាង ​ហើយ​អាក្រក់​ម៉្យាង ​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់។ ​ល្អ​ត្រង់​ថា ​វា​ជា​កន្លែង​ចែក​ចាយ​ និង​ទទួល​ព័ត៌មាន។​ អាក្រក់​នៅ​ត្រង់​ការ​ប្រើប្រាស់​ភាសា ​ប្រើ​ពាក្យ​អសុរស។ ​ការឃើញ​ភ្លាម ​សរសេរ​ភ្លាម​ អាច​បង្ក​ការ​យល់​ច្រឡំ។ មួយ​វិញ​ទៀត​គឺ​ការ​កាត់​ត​រូបភាព​ ឬ​វីដេអូ​ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ​ជាដើម»។​

លោក​ម៉ូសេ​សំណូមពរ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​អស់​ចៀសវាង​នូវ​ការ​ប្រើប្រាស់​ភាសា​ ឬ​សារ​នយោបាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ ឬ​រើសអើង​គ្នា៕​
XS
SM
MD
LG