អ្នកជំនាញកិច្ចការបោះឆ្នោតនិងគណបក្សនយោបាយមួយចំនួនស្នើឱ្យស្ថាប័នរៀបចំការបោះឆ្នោត(គ.ជ.ប.)ពិនិត្យមើលនីតិវិធីមួយចំនួនក្នុងការបង្កភាពងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំ ខណៈយុទ្ធនាការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្តើមនៅខែតុលា ខាងមុខនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប.បានកំណត់រយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលា ដោយឱ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល កត់សម្គាល់ថាស្ថាប័នគ.ជ.ប.បានបង្ហាញស្ថិតិប៉ាន់ស្មានឆ្នាំ២០២១ ដោយប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងគឺមានចំនួនជាង១០លាន៤សែននាក់ តែឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានតែជាង៩លាន២សែននាក់ ដូច្នេះអ្នកមិនបានចុះឈ្មោះមានជាង១លាន២សែននាក់ ដែលនេះជាចំណុចមួយដ៏សំខាន់គួរតែស្ថាប័នគ.ជ.ប.ពិនិត្យ និងធ្វើរបាយការណ៍ដើម្បីជជែកជាមួយរដ្ឋសភាក្នុងការរកដំណោះស្រាយ និងដាក់ចេញយុទ្ធសាស្រ្តក្នុងការសម្រួលដល់ការចុះឈ្មោះរបស់ប្រជាពលរដ្ឋក្នុងប្រទេស និងពលរដ្ឋចំណាកស្រុក។
លោកថ្លែងថា៖ «ចំណុចនេះគឺជារឿងសំខាន់ណាស់ ដែលស្ថាប័នគ.ជ.ប.ពិនិត្យមើលនូវនីតិវិធី ឬក៏យុទ្ធសាស្រ្តដើម្បីជំរុញ រកលទ្ធភាពធ្វើម៉េចឱ្យមានការចុះឈ្មោះប្រជាពលរដ្ឋដែល១លាននាក់ជាង ដែលអត់បានចុះឈ្មោះ កាលពីឆ្នាំ២០២១ និងអ្នកទើបគ្រប់អាយុសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ហ្នឹងគឺថា អាចមានលទ្ធភាពចុះឈ្មោះ ព្រោះឆ្នាំនេះជាឆ្នាំមួយដែលសំខាន់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ដែលជាការបោះឆ្នោតថ្នាក់ជាតិ»។
បន្ថែមពីនេះ លោក កន សាវាង្ស យល់ថា ស្ថាប័នគ.ជ.ប. គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានស៊ីជម្រៅទាក់ទងការប្រើប្រាស់សិទ្ធិ និងការត្រៀមឯកសារគ្រប់គ្រាន់ក្នុងការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំក្រោយនេះ។
លោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន កត់សម្គាល់ឃើញថា ការចុះឈ្មោះបោះឆ្នោតកន្លងមកគឺពុំទាន់មានភាពសុក្រឹតនៅឡើយទេ ដោយពលរដ្ឋ និងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋខ្លះ ដែលមានទំនោរទៅខាងគណបក្សប្រឆាំង ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាដើម។
លោកយល់ថា ស្ថាប័នគ.ជ.ប.ត្រូវផ្សព្វផ្សាយទូលំទូលាយដល់ប្រជាពលរដ្ឋតាមរយៈការចាក់មេក្រូ និងចែកខិត្តបណ្ណទាក់ទងពេលវេលា និងឯកសារពាក់ព័ន្ធជាដើម ដើម្បីបង្កភាពងាយស្រួល និងចៀសវាងបង្កនូវភាពស្មុគស្មាញដល់ដំណើរការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «គ.ជ.ប.ត្រូវតែមានវិធានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទីមួយយើងធ្វើខិត្តបណ្ណខ្លីដើម្បីចែកគ្រប់ផ្ទះ។ ទីពីរ យើងដាក់មេក្រូបន្ថែមទៀត អាហ្នឹងដើម្បីឱ្យប្រជាពលរដ្ឋលោកមកពិនិត្យមើលឈ្មោះរបស់លោកក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ហើយនឹងអ្នកដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញឱ្យលោកមកចុះឈ្មោះបោះឆ្នោត»។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជាបានជជែកជាមួយស្ថាប័នគ.ជ.ប.រួចរាល់ហើយកាលពីពេលថ្មីៗនេះ ដោយស្នើឱ្យមានការរៀបចំការចុះឈ្មោះបោះឆ្នោតជាប្រចាំនៅតាមឃុំសង្កាត់ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «គណបក្សទាំង៤ស្នើសុំឱ្យគ.ជ.ប.រៀបចំការចុះឈ្មោះប្រជាពលរដ្ឋជាអចិន្ត្រៃយ៍នៅឃុំសង្កាត់តែម្តងគឺមិនមែនចុះតែក្នុងរយៈពេលមួយទេ គឺយើងចុះជាប្រចាំ។ ធ្វើបែបនេះ ប្រជាពលរដ្ឋ ដែលលោកចំណាកស្រុកទៅក្រៅប្រទេស ឬក្នុងប្រទេសក្តី ប៉ុន្តែចេញពីតំបន់លំនៅដ្ឋានរបស់ពួកគាត់នោះ អាចទៅចុះឈ្មោះពេលណាក៏បាន។ ធ្វើបែបនេះជំរុញឱ្យបញ្ជីឈ្មោះនៃការបោះឆ្នោតប្រជាពលរដ្ឋបានច្រើន»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់គ្នា បើទោះលោកដឹងថាប្រជាពលរដ្ឋមួយចំនួននៅមានភាពស្ទាក់ស្ទើរទៅបោះឆ្នោត ដោយសារមិនទុកចិត្តថា ការបោះឆ្នោតអាចប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «បើសិនជាគ.ជ.ប.នៅតែមានលក្ខណៈដូចបច្ចុប្បន្ន ខ្ញុំគិតថា នោះហើយគឺជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមានការរារែក អល់ឯកទៅបោះឆ្នោត»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណបណ្ណខ្មែរ ទើបអាចបោះឆ្នោតថ្នាក់ជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣បាន ដូច្នេះប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវតែទៅពិនិត្យ និងចុះឈ្មោះឱ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់ថា៖ «ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសក៏សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោតផងដែរ ពីព្រោះទៅលើក្រមខណ្ឌច្បាប់ បងប្អូនត្រូវអញ្ជើញមកដោយផ្ទាល់ មកជួបក្រុមចុះឈ្មោះបោះឆ្នោតដើម្បីបំពេញលក្ខខណ្ឌក្នុងការចុះឈ្មោះបោះឆ្នោត»។
ទាក់ទងនឹងស្ថិតិប៉ាន់ប្រមាណនៃចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត លោក សោម សូរីដា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយលោកថាកំពុងស្ថិតក្នុងដំណើរការរៀបចំ និងអាចនឹងបញ្ចប់នៅសប្ដាហ៍ក្រោយនេះ។
បើតាមសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ និងមានកំណត់លក្ខខណ្ឌចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរមានអាយុ១៨ឆ្នាំឡើងទៅ ដែលកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលផ្លាស់ទៅលំនៅដ្ឋាន ឬទីសំណាក់ទៅឃុំសង្កាត់ថ្មី ដោយត្រូវចុះឈ្មោះនៅតាមឃុំសង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ៕