ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ច្បាប់​បទ​ល្មើល​បច្ចេកវិទ្យា​ព័ត៌មាន​​​នៅ​ចុង​ឆ្នាំ២០១៦


លោក​ ប៉ុល លឹម ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​​ផ្តល់​​បទសម្ភាសន៍​ពិសេស​មួយ​​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​សុក្រ ទី​១២ ខែ​សីហា ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)
លោក​ ប៉ុល លឹម ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​​ផ្តល់​​បទសម្ភាសន៍​ពិសេស​មួយ​​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​សុក្រ ទី​១២ ខែ​សីហា ឆ្នាំ​២០១៦។ (ពិន ស៊ីសុវណ្ណ/VOA)

អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​មួយ​ចំនួន​ធ្លាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពីច្បាប់ ​«បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន‍» ​ដែល​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ផង​ដែរ។​ ​

សេចក្តី​ព្រាង​ច្បាប់​មួយដែល​នឹងគ្រប​ដណ្តប់​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម​ជាពិសេស​ហ្វេសប៊ុក​កំពុង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​ជំរុញ​ឱ្យ​បានចប់​នៅ​ដំណាច់​ឆ្នាំ២០១៦នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​

លោក​ ប៉ុល លឹម ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់ VOA ​ក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​សប្តាហ៍​មុនថា ​ច្បាប់​ដែល​មាន​ឈ្មោះ​ថា​«បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន‍»​មាន​៧​ជំពូក​និង៣៧មាត្រា​ហើយ​ត្រូវ​បាន​ក្រុម​ការងារ​រដ្ឋាភិបាល​ធ្វើ​សេចក្តី​ព្រាងរួចរាល់​អស់​ហើយ​និង​កំពុង​តែ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក​ ប៉ុល លឹម ​បាន​បញ្ជាក់​បន្ថែមថា៖​

«បាន​ជា​យើង​ចង់​ធ្វើ​ច្បាប់​នេះ​ឱ្យ​បាន​លឿន​ដោយ​សារ​បទល្មើស​វា​កើត​មាន​ឡើង​ច្រើន​។ នៅ​លើ​ពិភពលោក​ហ្នឹង​មាន​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ឬ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឆ្លងប្រទេស​ពី​ប្រទេសមួយទៅប្រទេសមួយដូច្នេះ​ឧក្រិដ្ឋជន​គេ​មាន​ល្បិច​ច្រើន​ណាស់​នៅ​ក្នុង​ការ​ឆ្លងកាត់​ប្រទេស​ហ្នឹង»។​

រូប​ឯកសារ៖ នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិតបាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូប​ឯកសារ៖ នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិតបាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA)

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​បទល្មើស​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​កើតឡើង​ជាច្រើន​ហើយ​ដែល​ទាមទារ​ត្រូវ​មាន​ច្បាប់​នេះ៖

«មាន​ប្រព័ន្ធ​អេឡិកត្រូនិក​ហ្នឹង​ទៅ​បោក​បញ្ឆោត​ជេរ​បញ្ចោរ​ មួលបង្កាច់​បង្ខូច​កេរ្តិ៍ ញុះញង់ ធ្វើ​ឱ្យ​អាប់អួរ​ក្នុង​សង្គម​ យើង​មិន​បណ្តែតបណ្តោយ​ឱ្យ​ធ្វើ​អីចឹង​ទៀត​ទេ។ យើង​ត្រូវ​តែ​ទប់​ស្កាត់‍»។

ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​តំណាង​មក​ពី​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍​ និង​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៨​ដល់​ថ្ងៃសុក្រ​ទី​១២ ខែ​សីហា​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយបាន​ជួប​ពិភាក្សា​ដកពិសោធន៍​ជាមួយ​នឹង​ចៅក្រម អ្នកជំនាញ​នៅ​ក្រសួង​យុត្តិធម៌ ក្រសួង​ការ​បរទេស​និង​តំណាង ក្រុមហ៊ុន​ហ្វេសប៊ុកជាដើម។

អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​មួយ​ចំនួន​ធ្លាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពីច្បាប់​ដែល​គ្រប់​គ្រង​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ផង​ដែរ។​ ​

រូប​ឯកសារ៖ លោកស្រី ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅក្នុង​បន្ទប់​ថត​សំឡេង​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូប​ឯកសារ៖ លោកស្រី ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅក្នុង​បន្ទប់​ថត​សំឡេង​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកស្រី ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ប្រាប់ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​នីតិវិធី​តាក់តែង​ច្បាប់​កន្លង​មក​បានបង្ក​ការ​ព្រួយ​បារម្ភ​ដោយ​សារ​មាន​ការ​លាក់បាំង​ហើយផ្អែក​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​បែក​ធ្លាយ​កន្លង​មក​គឺ​ច្បាប់​នេះមាន​លក្ខណៈ​តឹងរ៉ឹង។

លោក​ស្រី​បន្ថែម​ថា៖​

«បើ​យើង​មើល​ទៅលើ​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាងច្បាប់​នោះ​វិញ​ហាក់​ដូច​ជា​មាន​ចេតនា​ច្រើន​ក្នុង​ការ​រឹត​បន្តឹង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាពិសេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​តែ​ម្តង។ ហើយ​យើង​ដឹង​ហើយ​ថា​ការ​បញ្ចេញ​មតិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ជា​ចលនា​មួយ​ដែល​ទំនើប​ហើយ​ផ្តល់​នូវ​ចរន្ត​មួយ​ដែល​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​ខណៈ​ដែល​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រពៃណី​ឬក៏​ដោយ​ផ្ទាល់​មាន​លក្ខណៈ​រឹត​បន្តឹង‍»។​

បើ​ទោះបី​ជា​ខ្លឹម​សារ​ចុងក្រោយ​នៃ ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ឱ្យ​សាធារណជន​បាន​ដឹង​ប៉ុន្តែ​លោក​ ប៉ុល​ លឹម ​ថ្លែងការពារ​សេចក្តី​ព្រាងច្បាប់​នេះ​ថា៖

«ច្បាប់​នេះ​ចេញ​ទៅ​មិន​មាន​ការ​គាប​សង្កត់​ បិទ​សេរីភាព​ឬ​រារាំង​ដល់​ក្រុមហ៊ុន​ដល់​អ្នក​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ទេ​ ដោយ​ហេតុ​ថា​ច្បាប់​នេះ​ចេញ​ទៅ​ក្នុង​គោលការណ៍​ធានា​ឱ្យ​មានការ​អប់រំ​ការ​ទប់​ស្កាត់​បទល្មើស​ដែល​កើត​ឡើង​ពី​បច្ចេកវិទ្យា​ព័ត៌មាន‍​ដែល​បុគ្គល​ខ្លះ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ខ្លួន​ហ្នឹង​កុំ​ឱ្យ​មាន​គេ​ទៅ​លួច​បំផ្លាញ​ចោល​ឬ​មួយ​ក៏​ខ្លួន​ឯង​ធ្វើ​ទៅ​ វា​ប៉ះពាល់​ច្រឡំ​ឈ្មោះ​ឬច្រឡំ​លេខ​ដែល​អាច​មាន​ហានិភ័យ​ប្រឈម​នឹង​ច្បាប់​នេះ»។

រូបថត​ឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបថត​ឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

ក្រុម​អ្នក​តាម​ដាន​ក៏​បាន​ស្នើ​ឱ្យ​សុំ​មាន​ការចូលរួម​ផ្តល់យោបល់​ពី​សាធារណជន​តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ​មួយ​ដោយ​សារ​តែ​ច្បាប់​នេះ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​ ប៉ុល លឹម យល់​ថា ការ​ធ្វើ​សិក្ខា​សាលា​ពិគ្រោះយោបល់​ជាមួយ​នឹង​តំណាង​អង្គការ​សង្គម​ស៊ីវិល​គឺ​គ្រប់គ្រាន់​ហើយ។

លោក​បន្ថែម​ថា៖​

«មិន​ចាំ​បាច់​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​ឯ​ណា​ទេ​ពីព្រោះ​ពលរដ្ឋ​មួយៗ​មាន​តំណាង​នៅ​តាម​ភូមិ​ឃុំ។ សង្គម​ស៊ីវិល​មាន​ដល់​ជាង​៤.០០០​ ហើយ​គាត់​មាន​តំណាង​របស់​គាត់​នៅ​ក្នុង​សង្គម​ស៊ីវិល​ម្នាក់។ ឧទាហរណ៍​ប្រធាន​សមាគម​មួយ​គាត់​មាន​គ្នីគ្នា​របស់​គាត់​ខ្លះ​១០ ខ្លះ​២០ ខ្លះ៣០ ចឹង​ពេល​ចូល​រួ​ម​សិក្ខា​សាលា​គាត់​លើក​ឡើង​ពី​អនុសាសន៍​ហើយ‍»។

ប៉ុន្តែ​លោកស្រី​ ចក់ សុភាព​ យល់ថា ​បទពិសោធន៍​កន្លង​មក​គឺ​រដ្ឋាភិបាលមិន​ផ្តល់​ពេលវេលា​គ្រប់​គ្រាន់សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​សិក្សា​លម្អិត​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​មួយ​ចំនួន​ទេដូច​ជា​ឱ្យ​សេចក្តី​ព្រាងច្បាប់​ផ្ញើ​មក​ដល់​នៅថ្ងៃ​សុក្រ​ដើម្បី​សិក្សា​ហើយ​ត្រៀម​ចូល​សិក្ខា​សាលា​នៅ​ថ្ងៃ​ច័ន្ទ​ជា​ដើម។ ពេល​សិក្ខាសាលា​ទៀតសោត​គឺ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​រដ្ឋាភិបាល​និង​ផ្តល់​ឱកាស​សាកសួរ​តែ​មួយ​ម៉ោង​គឺ​វាមិន​មែន​ជា​ការ​ពិគ្រោះ​យោបល់​ទេ។

លោកស្រី​យល់​ស្រប​ថា ​ការ​រឹត​បន្តឹង​លើ​ការ​ចែក​ចាយ​រូបភាព​អាស​អាភាសជាពិសេស​រូបភាព​អាសអាភាស​របស់​កុមារ​និង​ការ​ជេរ​បញ្ចោរ​ដោយ​សំដី​អសីលធម៌​ ឬ​ញុះញង់​ឱ្យ​ស្អប់​ជាតិសាសន៍​គួរ​តែ​អនុវត្ត​ប៉ុន្តែ​មិន​ត្រូវ​មាន​ច្បាប់​មួយ​ដែល​រឹត​បន្តឹង​លើ​ការ​បញ្ចេញ​មតិ​ហើយ​អនុវត្ត​ដោយ​លម្អៀង​លើ​អ្នក​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ទេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG