ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​អង្គការ​លីកាដូ​រិះគន់​ច្បាប់​ទូរគមនាគមន៍​ថា​រឹតត្បិត​សេរីភាព


នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA)
នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA)

ច្បាប់​នេះ​ក៏​មាន​ការ​ពិន័យ​និង​ដាក់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ​ ចំពោះ​ជន​ណា​ដែល​តុលាការ​យល់​ថា​ប្រព្រឹត្ត​បទ​ល្មើស​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។​

អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​មួយ​ ​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ចំពោះ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ថា​មាន​ការ​រឹតត្បិត​សេរីភាព​យ៉ាង​ខ្លាំង​ដល់អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ​នឹង​បើក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ លូកដៃ​ចូល​ទំនាក់​ទំនង​ឯកជន​តាម​រយៈ​ការ​តាម​ដាន​ឧបករណ៍​ទូរគមនាគមន៍​ជាដើម។​

ក្នុង​បទ​វិភាគផ្នែក​ច្បាប់​មួយ​ ​ដែល​ធ្វើ​ឡើង​ដោយអង្គការ​សិទ្ធិ​មនុស្ស​ ​លីកាដូ​ ​និង​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យដឹង​ថា​ ​ច្បាប់​ថ្មី​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​ គឺ​មាន​លក្ខណៈ​រឹត​ត្បិត​សិទ្ធិ​បញ្ចេញ​មតិ ​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ ​«បំភិត​ បំភ័យ​បុគ្គល​ម្នាក់ៗ​ ​ដាក់​ទណ្ឌកម្ម​ដល់ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ និង​កាត់​បន្ថយ​បុគ្គល​ឬ​ក្រុម​ជំទាស់‍»។​ ​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​ ​បាន​ឲ្យ​ដឹង​ ​ថា​ច្បាប់​ស្តីពី​ទូរគមនាគមន៍​នេះ​គឺ​ជា​វិធាន​ថ្មី​មួយ ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​ទប់​ស្កាត់​និង​រារាំង​សកម្មភាព​របស់​សង្គម​ស៊ីវិល​ក្នុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​ ​២០១៧​ និង​បោះ​ឆ្នោត​ជាតិ​ ​ឆ្នាំ​២០១៨​ខាង​មុខ​ដោយ​ច្បាប់​ផ្តល់​អាទិភាព​ ​ដល់​អាជ្ញាធរ​ក្នុង​ការ​ជ្រៀតជ្រែក​ ឬ​តាម​ដាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរ​គមនាគមន៍​ដ៏​ពេញ​និយម​នេះ។​

លោកស្រី​ ណាលី ​ពីឡូក​ (Naly Pilorge) នាយិកា​អង្គការ​លីកាដូ​ ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល ​VOA​ ទទួល​បាន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​កាត់​ទោស​លើ​យុវជន​ គង់ រ៉ៃយ៉ា​ ​ដែល​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​អំពី«បដិវត្តន៍​ពណ៌»​ ​នា​ពេល​ថ្មីៗ​នេះ ​គឺ​សរ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​រួច​ជា​ស្រេច​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​និង​គាប​សង្កត់​ទៅ​លើ​មតិ​រិះគន់​ដែល​ច្បាប់​នេះ​មិន​អនុញ្ញាត។​

លោក​ស្រី​ណាលី ​ពីឡូក​ ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ដើម​យ៉ាង​ដូច្នេះ​៖ «​ដោយ​ការ​ប្រើ​ប្រាស់​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ដែល​អនុញ្ញាត​ ​ឲ្យ​មាន​ការ​ស្តាប់​ ដោយ​សម្ងាត់​ ​និង​ដាក់​ទណ្ឌកកម្ម​ ទៅ​លើ​ការ​បញ្ចេញ​មតិ​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ទោះ​ជា​លក្ខណៈ​ ​ឯកជន​ក្តី​ ​ជា​លក្ខណៈ​សាធារណៈ​ក្តី​ ​រាជ​រដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​រឹតតែ​ច្បាស់​នូវ​បំណង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រំលោភ​បំពាន​ លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា​ច្បាប់​ថ្មី​ដែល​មាន​១១២​មាត្រា​និង​១៥ជំពូក​នេះ​ ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​អង្គភាព​ពិសេស​ ដើម្បី​ធ្វើ​ការ​តាម​ដាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ផង​ដែរ​។ ​លើស​ពី​នេះ​ទៀត​ ច្បាប់​នេះ​ក៏​មាន​ការ​ពិន័យ​និង​ដាក់​ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ​ ចំពោះ​ជន​ណា​ដែល​តុលាការ​យល់​ថា​ប្រព្រឹត្ត​បទ​ល្មើស​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ហ៊ុន សារឿន ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ថ្លែង​ការពារ​ច្បាប់​ថ្មី​នេះ​ថា៖«ទី​មួយ​ឱ្យ​សូម​ជម្រាប​ថា​ច្បាប់​ស្តីពី​ទូរគមនាគមន៍​គឺ ​អត់មាន​ទេការ​រឹត​ត្បិត​ ​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ទោះបី​ដោយ​ប្រព័ន្ធ​ណា​ក៏​ដោយ​ ​មិនថា​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ​ឬ​ក៏​ប្រព័ន្ធ​ទូរស័ព្ទ​ ​ប្រព័ន្ធ​ណា​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទូរ​គមនាគមន៍​ទេ​។​ ​ហើយ​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ទៅ​អាជ្ញាធរ​ក្នុង​ការស្តាប់​ការ​សន្ទនា​អី​នោះ​ ​ក៏​អត់​មាន​ដែរ‍»។​

លោក​បន្ត​ថា​ ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​គឺ​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​បំណង​បីធំៗក្នុងនោះ​គឺ​ការ​ការពារ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​អ្នក​ផ្តល់​សេវា​កម្ម​ប្រព័ន្ធ​នេះ​និង​ការ​ប្រមូល​ថវិកា​ចូល​រដ្ឋ​ជាដើម។​ ​លោក​ ហ៊ុន សារឿន​ ​ក៏​ច្រាន​ចោល​ទាក់​ទិន​នឹង​ការ​ចោទ​ពី​ភាព​មិន​ច្បាស់លាស់​និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ ​ដោយ​លើក​ឡើង​ថា​ច្បាប់​ស្តីពី​ទូរគម​នា​គមន៍​គឺ​ធ្វើឡើង​ស្រប​តាម​គតិយុត្តិ​របស់​កម្ពុជា​ ​ហើយ​មាន​ការ​ពិគ្រោះ​យោបល់​ពី​ក្រសួង​អ្នក​ជំនាញ​នឹង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ចាប់​តាំង​ពីថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​ឆ្នាំ​ ​២០១៥​មក។​ ​យ៉ាង​ណា​ក៏​ដោយ​មិនទាន់​មាន​ជនណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ដោយ​ច្បាប់​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG