ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​តាក់តែង​ច្បាប់អំពី​ប្រព័ន្ធ​អ៊ីនធឺណិត​គួរ​មាន​ការ​បើកទូលាយ


រូបឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA) ​

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយ​​ឲ្យមាន​ការ​បញ្ចូល​អនុសាសន៍​ជា​សាធារណៈ​ចំពោះ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ឬ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​អាច​ជួយ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ។

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទូលាយឲ្យមាន​ការ​បញ្ចូល​អនុសាសន៍​ជា​សាធារណៈ​ចំពោះ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ ឬ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​អាច​ជួយ​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ។​ ការ​ធ្វើ​ច្បាប់​ដែល​អាច​ជៀសផុត​ពី​ការ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នឹង​ជួយ​ដល់​គោល​នយោបាយ​រដ្ឋាភិបាល។​

ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​ដំណើរ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​នោះ​ ក្រុម​អ្នក​តស៊ូ​មតិ​ខ្លះ​ដែល​យក​ចិត្តទុក​ដាក់​អំពី​ដំណើរការ​ប្រជា​ធិតេយ្យ​ និង​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​ថា ​ច្បាប់​នេះ​ត្រូវមាន​ភាព​ច្បាស់​លាស់​ជាជាង​មាន​ភាព​ស្រពិច​ស្រពិល​ ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ភាព​ចន្លោះ​ប្រហោង​នោះ​ដើម្បី​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​រឹតត្បិត​សេរីភាព​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។​

សេចក្តី​ព្រាងច្បាប់​ទី២​នេះ​ ដែល​ជា​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ស្តីពី​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​នេះ ​ត្រូវ​បាន​តាក់តែង​ឡើង​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០១៥ នេះ​បើ​យោង​តាម​ប្រភព​ស្និទ​របស់​ VOA ​នឹង​រដ្ឋាភិបាល​។ សេចក្តី​ព្រាងច្បាប់​នេះ​មាន​៦ជំពូកនិង​៣៣​មាត្រា។ ​សេចក្តី​ព្រាង​ច្បាប់​នោះ​បាន​បញ្ជាក់​ថា ​ច្បាប់​នេះ​នឹង​ផ្តល់​សិទ្ធិ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត​បទល្មើស​ខាង​បច្ចេកវិទ្យា ​រក្សា​ទុក​ទិន្នន័យ​ កុំព្យូទ័រ​ និង​ចរាចរណ៍​ទិន្នន័យ​ ចាប់​យក​ទិន្នន័យ​ដោយ​ស្រប​ច្បាប់ ​ថត​ចម្លង​ទិន្នន័យ និង​ធ្វើ​ការ​រឹបអូស​ទិន្នន័យ​កុំព្យូទ័រ​ជាដើម។​

ក្រុម​អ្នក​តស៊ូ​មតិ​បាន​គាំទ្រ​មាត្រា​ខ្លះ​ ដែល​និយាយ​អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រូប​អាអាស​អាភាស ​ទប់ស្កាត់​ការ​លួច​ចូល​កុង​ធនាគារ ​លួច​ព័ត៌មាន​ក្រុមហ៊ុន​ បោកប្រាស់ ​និង​បញ្ហា​ជាច្រើន​ទៀត​ផង​ដែរ។​

ថ្លែង​ប្រាប់ ​VOA​ នៅ​សប្តាហ៍​មុន​ លោក​ មឿន ​ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​ សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​ បាន​ផ្តល់​យោបល់​ថា​ ការ​តាក់​តែង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ត្រូវតែ​បំបាត់​ភាព​មិនច្បាស់​លាស់​ ហើយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ច្បាប់​អាច​ទទួល​យក​បាន​ ដើម្បី​កុំឲ្យ​មាន​ភាព​រឹតត្បិត​ដែល​បង្ក​បញ្ហា​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

«អញ្ចឹង​ហើយ​បើសិន​ជា​មាន​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ ​សេរីភាព ​សារ​ព័ត៌មាន​តាម​រយៈ​ការ​ប្រើប្រាស់​ តាម​ការ​បង្កើត​ច្បាប់​អ៊ីនធើណិត ដែល​មាន​ការ​រឹតត្បិត​បែប​នេះ គឺ​វា​ប៉ះពាល់​ទៅ​លើ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិប តេយ្យ​នេះ​ឯង»។​

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ លោក​បាន​លើក​ឡើង​ថា​ ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ីនធឺណិតនេះ​ ប៉ះ​ពាល់​ដល់​គោល​ការណ៍​តម្លាភាព ​គណនេយ្យភាព​ និង​អភិបាល​កិច្ច​ល្អ​ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​ផ្សព្វផ្យាយ​ណា​មួយ​ ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។​

លោក​ ណារិទ្ធ ​បាន​លើក​យក​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ក្នុង​របប​ខ្មែរក្រហម​ជា​ឧទាហរណ៍​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ ដោយសារ​ប្រជា​ពលរដ្ឋ​មិន​ហ៊ាន​និយាយ​ ពួកគាត់​បិទមាត់​ខ្លួន​ឯង​មិន​ហ៊ាន​ការ​បញ្ចេញ​មតិ។ ​ពលរដ្ឋ​បាន​ប្រាប់​មិន​ឲ្យ​បងប្អូន​ កូនចៅ ​សាច់ញាតិ​របស់​គាត់​និយាយស្តី ដើម្បី​កុំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។​

«យើង​ដឹង​ហើយ​ថា ​សង្គម​ដែល​ល្អ​បំផុត​នោះ​គឺ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​ចូលរួម​ ដោយ​ផ្ទាល់ ​ដោយ​ប្រជា​ពលរដ្ឋ។​ ហើយ​ដោយសារ​បច្ចុប្បន្ន​នេះ​ យើង​មាន​ប្រព័ន្ធ​ អ៊ីនធឺណិត​ក៏ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ដូចជា ​Facebook ​Tweeter​ YouTube និង Blog ​ជាដើម​ហ្នឹង​ ធ្វើ​ឲ្យ​សាធារណជន​ ប្រជា​ពលរដ្ឋ​ជា​អ្នកបោះ​ឆ្នោត​ហ្នឹង​ អាច​ចូលរួម​ដោយផ្ទាល់​ នៅ​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ ​ជាពិសេស​នៅ​អំឡុង​ពេល​បោះឆ្នោត​ ៤ឆ្នាំ​ម្តង​នេះ»។​

ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)
ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)

នៅ​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​បាន​៦៨អាសនៈ​ប៉ុណ្ណោះ​ គឺ​ថយ​សំឡេង​ឆ្នោត​ពី​៩០​អាសនៈ​នៅ​ដែល​ប្រព័ន្ធ​សង្គម​មាន​ការ​រីក​ចម្រើនខ្លាំង ​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​រឹតត្បិត​ខ្លាំង។​

លោក​ អំ សំអាត ​មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ ​បាន​ថ្លែង​ថា​ ក្នុង​ពេល​ប្រជា​ពលរដ្ឋ​កំពុង​ពឹងផ្អែក​កាន់តែ​ច្រើន​ឡើង​លើ​ប្រព័ន្ធ​សង្គម​តាម​ប្រព័ន្ធ​ អ៊ីនធើណិត​នោះ​ ស្រាប់តែ​រដ្ឋាភិបាល​បង្កើត​ច្បាប់​នេះ​ទៅ​វិញ។ ​និន្នាការ​នេះ​នឹង​មិន​អាច​ជៀស​ផុតពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​ទេ។

«ព្រោះ​នៅ​កម្ពុជា​យើង​ យើងឃើញ​ហើយ​ថា ​ច្បាប់​មួយ​ចំនួន​ដែល​បង្កើត​ឡើង​មក​គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ច្រើន​ជាង​ការ​ការពារ ​ហើយនឹង​ផ្តល់​សិទ្ធិ​ដល់​ពួក​គាត់​ជា​ប្រជា​ពលរដ្ឋ»។​

លោក​ថ្លែង​ដូច្នេះ​ ដោយ​យោងថា​ នៅ​កម្ពុជា​មាន​ទូរទស្សន៍ វិទ្យុ​ កាសែត​តិចតួច​ ​ដែល​ឯករាជ្យ។​ អញ្ចឹង​ប្រជា​ពលរដ្ឋ​ប្រើ​ប្រព័ន្ធ​នេះ​ ដើម្បី​បញ្ចេញ​មតិ​ និង​ទទួល​បាន​ព័ត៌មាន។ ​ហើយ​មួយ​ទៀត​អ្នក​តវ៉ា​ ​អ្នក​បញ្ចេញ​មិតិ​តាម​រយៈ​ដោយ​ឧគ្ឃោសនៈ​ស័ព្ទ​ អាច​នឹង​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​ ត្រូវ​ចោទ​ប្រកាន់​ជាដើម។

លោក​ថា ច្បាប់​នេះ​ត្រូវ​បង្កើត​ឡើង​ក្រោម​លេស​របស់​រដ្ឋាភិបាល​ ដែល​ថា​ ​ត្រូវ​មាន​វិធាន​ការ​ចំពោះ​ការ​ជេរ​ប្រមាថ​មន្ត្រី​ថ្នាក់​ដឹកនាំ ​និង​បុគ្គល ។​

បន្ថែម​ពី​លើ​នេះ​ដែរ ​លោក​ អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​មាន​ច្បាប់​ស្តីពី​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​នេះ​ ដូច​ប្រទេស​ជឿន​លឿន​ដែរ​ តែ​លោក​និយាយ​ថា​ ការ​អនុវត្តនេះ​គឺ​ជាការ​បារម្ភ​ខ្លាំង​ជាង​ខ្លឹមសារ​ច្បាប់។​

«ហើយ​ការ​ព្រួយបារម្ភ​មួយ​ទៀត​គឺ​ទាក់ទង​នឹង​ការ​អនុវត្ត។​ ការ​អនុវត្ត ​ដោយសារ​ពី​ដើម​មក​យក​ច្បាប់​ ទោះបី​ខ្លឹមសារ​ត្រឹមត្រូវ​ក៏​យក​ទៅ​អនុវត្ត​មិនត្រឹម​ត្រូវ​ ឬ​មួយ​ក៏​អនុវត្ត​លម្អៀង។ ​តែ​ទាក់ទង​នឹង​ការ​អនុវត្ត​វា​ទាក់នឹង​ប្រព័ន្ធ​តុលាការ ​បញ្ហា​ក្រសួង​យុត្តិធម៌ បញ្ហា​ផ្សេងៗ»។​

លោក ​អ៊ូ វីរៈ​ បន្ថែម​ថា​ សេចក្តី​ព្រាង​នេះ​មិនគួរ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ទេ​ ព្រោះ​មាន​ច្បាប់​ផ្សេងៗ​ហើយ។​ គួរតែ​មាន​ការ​ពាក់ព័ន្ធ​តែ​លើ​បច្ចេក​វិទ្យា​តែ​ប៉ុណ្ណឹង​ ទេ។​

«មិន​អាច​មាន​ច្បាប់​ប្រព័ន្ធ​អ៊ីនធើណិត​ទាក់ទង​នឹង​សេរីភាព​បញ្ចេញមតិ​ទេ​ តែ​ទាក់​ទង តែ​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេក​វិទ្យា​តែ​ប៉ុណ្ណឹង​ទេ​ ទាក់ទង​នឹង​ច្បាប់​ហ្នឹង។​ ហើយ​បើ សិន​ជា​ក្នុង​ករណី​ការ​សម្តែង​មតិ ​ការណ៍ពិត​យើង​មាន​ច្បាប់​ផ្សេងៗ​ ដូចជា​ច្បាប់​ព្រហ្មទណ្ឌ​របស់យើង​ទាក់ទង​រឿង​សេរីភាព​ហ្នឹង​ គឺ​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍ ​ព័ត៌មាន​មិន​ពិត ​បទ​ញុះញង់​អីហ្នឹង​គឺ​យើង​មាន​រួច​ទៅ​ហើយ។ ​ដូច្នេះ​មិន​មាន​មូលហេតុ​អី​ក្នុង​ការ​បញ្ចូល​បន្ថែម​ទៅ​ក្នុង​ច្បាប់​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ»។​

ទោះជា​យ៉ាង​ណា​ក៏ដោយ​ លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​ លោក​មិន​ទាន់​ឃើញ​ព័ត៌មាន​ណា​មួយ​ថា​ ក្រសួង​ទូរគមនាគមន៍ ​និង​ក្រសួង​មហា​ផ្ទៃ​ផ្តួចផ្តើម​សេចក្តី​ពា្រងច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ ឬ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីធឺណិត​រួម​គ្នា​ទេ។

«មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ លើកលែង​តែ​ពង្រាង​ចាស់​ដែល​គេ​បោះ​ចោល​នោះ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​បើ​តាម​ប្រភព​ដែល​ផ្តល់​សេចក្តី​ព្រាងច្បាប់​នេះ​ឲ្យ ​VOA​ បាន​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​កំពុង​ត្រូវបាន​បន្ត​តាក់​តែង​ និង​ពិភាក្សា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ផ្តល់​ការ​អនុញ្ញាត​ដល់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​អាច​ប្រើប្រាស់​បច្ចេកទេស​របស់​អ្នក​ផ្តល់​សេវា​ ឬ​ប្រើប្រាស់លទ្ធភាព​ផ្សេងៗ​ក្នុង​ការ​តាមដាន​ ដោយ​ចាប់​យក​ទិន្នន័យ ​ការ​ប្រើប្រាស់​ និង​រឹប​អូស​ឧបករណ៍ ​ដែល​ផ្ទុក​ទិន្នន័យ​ ដូចជា​កុំព្យូទ័រ ​ចរាចរណ៍​ទិន្នន័យ ​ឬ​ទិន្ន​ន័យ​ដែល​ទាក់​ទង​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់​ ដោយ​ទទួល​បាន​ពី​បុគ្គល​ ឬ​អ្នក​ផ្តល់​សេវា​ ដើម្បី​ធើ្វ​ការ​ថត​ចម្លង ​ប្រើប្រាស់​ធ្វើ​ជា​ភស្តុតាង។​

ទោះជា​យ៉ាង​ណា​ក៏ដោយ​ ក្រុម​អ្នក​តស៊ូ​មតិ​បាន​និយាយ​ថា​ ច្បាប់​មួយ​ចំនួន​ រួម​ទាំង​ ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ផង​នោះ​ មាន​ការ​តាក់តែង​មិន​ច្បាស់​លាស់​ បា្រស​ចាក​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​នៅ​ចំណុច​ខ្លះ​ ដូចជា​រឿង​ទាក់​ទង​នឹង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​និង​បញ្ហា​សន្តិសុខជាតិ​ ដែល​រឿង​នេះ​គេ​អាច​ដាក់​ទោស​អ្នក​សារព័ត៌មាន​ និង​ពលរដ្ឋ​ដោយ​ងាយ​ដូច​ដែល​បាន​កើត​ឡើង​កន្លង​មក​ស្រាប់។​

ប្រទេស​កម្ពុជា​ជាប់​ឈ្មោះ​ថា​ ជា​ប្រទេស​ដែល​មាន​ការ​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត​ និង ​បណ្តាញ​សង្គម។​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ ចាប់​ដាក់​គុក​ចំពោះ​ការ​សសេរ​ និង​បង្ហោះ​មតិ​របស់​ខ្លួន។ ​ក្នុងនោះ​មាន​លោក ​ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។​

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​កាល​ពីថ្ងៃ​សុក្រ​ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ ក្នុង​គោល​ដៅ​កំណត់​សមត្ថកិច្ច​គ្រប់គ្រង​ ការ​ចេញ​បទ​បញ្ញត្តិ​ ​និងការ​ត្រួត​ពិនិត្យ​តាម​ដាន​ប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បែបបទ​នៃ​អភិបាល​កិច្ច​នៃ​វិស័យ​នេះ។​ បន្ថែម​ពីលើ​នេះ​ ​ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​នាយក​ដ្ឋាន​មួយ​ក្នុង​ក្រសួង​មហា​ផ្ទៃ​ទាក់ទង​នឹង​ការ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋកម្ម​តាម​បច្ចេក​វិទ្យា ​ឬ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធើណិត៕​

XS
SM
MD
LG