សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយកម្ពុជា ហើយបង្ហាញកម្ពុជាអំពីច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយការផ្តល់ឱកាសដល់ក្រុមមន្ត្រីកម្ពុជាទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកនឹងនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅទស្សកិច្ចនៅសហរដ្ឋអាមេរិកដើម្បីសិក្សាពីអ្នកជំនាញរបស់សហរដ្ឋអាមេរិកអំពីច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងនៅដើមខែមិថុនានេះថា ប្រទេសរបស់លោកធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា ប្រជាជនកម្ពុជាមានសេរីភាពបង្ហាញការយល់ឃើញរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។ លោកមានប្រសាសន៍ថា ស្ថានទូតនឹងអញ្ជើញមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួនទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីសិក្សាអំពីច្បាប់របស់អាមេរិកគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
«ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាបញ្ហាពិតប្រាកដមួយនៅសហរដ្ឋអាមេរិកក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយ យើងកំពុងតែធ្វើការរួមគ្នាជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ យើងបានផ្តល់ឱកាសឲ្យក្រុមមន្ត្រីមកពីក្រសួងពាក់ព័ន្ធនានា ធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីស្វែងយល់ថា តើច្បាប់របស់សហរដ្ឋអាមេរិកគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនេះមានដំណើរការយ៉ាងដូចម្តេច? ហើយតើសហរដ្ឋអាមេរិកធ្វើការអនុវត្តច្បាប់នេះ និងកាត់ទោសអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនេះយ៉ាងដូចម្តេច?»
លោកឯកអគ្គរដ្ឋទូតបានបន្ថែមយ៉ាងដូច្នេះថា៖ «យើងនឹងធ្វើឲ្យប្រាកដថា អ៊ីនធឺណិតនឹងនៅតែជាកន្លែងមួយសម្រាប់ការបញ្ចេញមតិយោបល់ដោយសេរី»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ កំពុងបង្កើនការប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook ដើម្បីបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកនិងដើម្បីស្ទង់មតិសាធារណៈ។ អ្នកវិភាគនយោបាយបាននិយាយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រើប្រាស់ប្រព័ន្ធសង្គមនេះដើម្បីទទួលបានប្រជាប្រិយភាពដែលអាចនឹងឈានទៅដល់ការទាក់ទាញសន្លឹកឆ្នោតពីអ្នកគាំទ្រវ័យក្មេងរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតនៅឆ្នាំខាងមុខនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយថា រដ្ឋាភិបាលស្វាគមន៍ការផ្តួចផ្តើមគំនិតបណ្តុះបណ្តាលនេះ។ ទោះជាយ៉ាងនេះក៏ដោយ លោកបានបន្ថែមថា ច្បាប់សហរដ្ឋអាមេរិកគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនេះ មិនអាចយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជាបានទាំងស្រុងនោះទេ។
«អាហ្នឹងខ្ញុំគាំទ្រវា ពីព្រោះជាបទពិសោធន៍ចែករំលែកមួយ។ ក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍អំពីស្តង់ដាររបស់សហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងវប្បធម៌ដើមរបស់គេ ពាក់ព័ន្ធទៅក្នុងការពង្រឹងសន្តិសុខជាតិរបស់គេ ហើយនឹងពាក់ព័ន្ធទៅនឹងការយល់ដឹងរបស់ប្រជាជាតិរបស់គេ»។
លោកបានបន្ថែមថា កម្ពុជានឹងប្រើច្បាប់របស់សហរដ្ឋអាមេរិកគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។
«យើងយកជា Reference ពីព្រោះយើងមិនទាន់ដល់កន្លែងហ្នឹងមែន ក៏ប៉ុន្តែយើងរៀបចំនៅពេលចុងក្រោយ រាប់ឆ្នាំទៅមុខទៀត នៅពេលដែលសេដ្ឋកិច្ចយើងខ្ពស់។ ការរស់នៅដែលមានសេចក្តីថ្លៃថ្នូរ និងការគោរពច្បាប់បានខ្ពស់ ដូច្នេះយើងយកអាហ្នឹងគ្រាន់តែជាករណីសិក្សាដើម្បីប្រមូលធាតុផ្សំមកដាក់ក្នុងការចាប់ផ្តើមនៃការតាក់តែង Cyber Crime Law (ច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត)នេះឯង»។
លោក ផៃ ស៊ីផាន បានបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានច្បាប់នោះក៏នៅតែមានឧបសគ្គមួយចំនួនក្នុងការអនុវត្តវិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដែរ ដោយលោកបានលើកអំពីជម្លោះរវាងការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុន APPLE ដ៏ធំរបស់សហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិកបានជំរុញឱ្យក្រុមហ៊ុនផលិតបច្ចេកវិទ្យាដ៏ធំនេះ ដោះសោរទូរស័ព្ទដៃដែលត្រូវបានអ៊ិនគ្រីបគឺធ្វើប្រព័ន្ធអក្សរកូដរបស់អ៊ីនធឺណិតដ៏ស្មុគស្មាញ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា កម្រិតនៃចំណេះដឹងក្នុងចំណោមមន្ត្រីអាជ្ញាធរកម្ពុជាលើរបៀបដោះស្រាយឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិតនៅតែមានកម្រិតទាបនៅឡើយ។
«ការវិវឌ្ឍនៃបច្ចេកទេស វាលឿនណាស់! មានប្រទេសខ្លះក៏វិវឌ្ឍមិនដល់ប្រទេសជឿនលឿនដែរ ហើយការយល់ដឹងរបស់មន្ត្រីនៃប្រទេសយើងមួយចំនួនពេលខ្លះហ្នឹង វាហួសពីសមត្ថភាពរបស់យើងទៅទៀតបាទ។ ដូចដឹងស្រាប់ហើយ យើងមិនមែនជាប្រទេសដែលផលិតកំព្យូទ័រ ឬក៏ Programmer (អ្នកបង្កើតកម្មវិធី)ឯណា»។
លោកបានបន្ថែមថា នៅពេលចំនួនអ្នកប្រើ Facebook នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង ការប្រើពាក្យសម្តីប្រមាថមន្ត្រីរដ្ឋាភិបាលតាមរយៈបណ្តាញនេះក៏មានការកើនឡើងដែរ។
«បច្ចុប្បន្ននេះឃើញថា វាមានជាក់ស្តែងគឺការប្រើប្រាស់ Facebook។ Facebook ហ្នឹងអ្នកខ្លះភាគច្រើនគឺជនដែលប្រើប្រាស់ស្ថិតនៅប្រទេសអាមេរិកហ្នឹងឯង។ រកទៅឃើញថា នៅទីនោះ។ ចង់ឲ្យអ្នកទាំងអស់នោះបញ្ឈប់។ ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើង សូមឲ្យមន្ត្រីសហរដ្ឋអាមេរិកជួយសហការ យ៉ាងហោចណាស់ ឲ្យអ្នកនោះដឹងថា អ្នកឯងជនជាតិអាមេរិកាំងមែន ក៏ប៉ុន្តែត្រូវតែគោរពខ្មែរ។ គោរពប្រពៃណីខ្មែរ»។
លោកមានប្រសាសន៍ថា ការសហការជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហានេះគឺជាការចាំបាច់ ហើយប្រទេសកម្ពុជាត្រូវមានច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
សហគមន៍អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភទៅលើសេចក្តីព្រាងច្បាប់របស់កម្ពុជាគ្រប់គ្រងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមអ្នករិះគន់បាននិយាយថា សេចក្តីព្រាងច្បាប់នេះអាចនឹងត្រូវបានប្រើដើម្បីដើម្បីរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ និងរារាំងអ្នករិះគន់យោបាយកម្ពុជា នៅខណៈពេលដែលប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ុក កាន់តែច្រើនឡើងៗ ដើម្បីបង្ហាញទស្សនៈនយោបាយរបស់ពួកគេនោះ។
ទិន្នន័យពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងថា ចំនួនអ្នកប្រើអ៊ីនធឺណិតក្នុងពេលបច្ចុប្បន្ននេះបានកើនឡើងរហូតដល់៧លាននាក់ដែលស្ទើរតែពាក់កណ្តាលចំនួនប្រជាជនសរុប៕