ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នកវិភាគ​ថា Facebook មិន​អាច​ធ្វើ​ឲ្យ«ផ្លាស់ប្តូរ​នយោបាយ»​នៅ​ក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយ​ទេ

  • សាយ មុន្នី

លោក ឆាំ ប៊ុនថេត សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេង។ (លឹម សុធី/VOA)

អ្នកវិភាគ​ឯករាជ្យ​ខាង​បញ្ហា​យុវជន​និង​សង្គម​លើក​ឡើង​ថា បណ្តាញ​ទំនាក់ទំនង​សង្គម​ដូច​ជា Facebook ជាដើម ទំនង​ជា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នយោបាយ​បាន​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

អ្នកវិភាគ​ឯករាជ្យ​ខាង​បញ្ហា​យុវជន​និង​សង្គម​លើក​ឡើង​ថា បណ្តាញ​ទំនាក់ទំនង​សង្គម​ដូច​ជា Facebook ជាដើម ទំនង​ជា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នយោបាយ​បាន​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ លោក ឆាំ ប៊ុនថេត សមាជិក​នៃ​ក្រុម​អ្នកវិភាគ​ឯករាជ្យ​វ័យក្មេង បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី «Hello VOA» នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មករា​នេះ។

«Facebook គ្រាន់តែ​ជា​ឧបករណ៍​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​ទេ ចំណែក​ការ​ផ្លាស់ប្ដូរ​២០១៧ និង​២០១៨​នេះ ខ្ញុំ​គិត​ថា វា​មិន​ងាយ​ទៅ​រួច​ទេ ដរាបណា អ្នក​នយោបាយ ដែល​មាន​យុវជន​ដើរ​តាម​ច្រើន​ដូច​សព្វថ្ងៃ​នេះ នៅ​មិន​ទាន់​ប្រឈម​ជាមួយ​ការពិត មិន​ហ៊ាន​ប្រឈម​នឹង​រឿង​អយុត្តិធម៌ និង​សុខចិត្ត​គេច​ទៅ​ឆ្វេង គេច​ទៅ​ស្តាំ​នោះ»។

តាម​ការ​សិក្សា​ស្រាវជ្រាវចុងក្រោយ​មួយ​អំពី​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​និង​អ៊ីនធឺណិត​នៅ​កម្ពុជា​ (Mobile Phone and Internet in Cambodia 2015) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៥​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជិត​១ភាគ​៣​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​១៥លាន​នាក់ អាច​ទទួល​បាន​ព័ត៌មាន​តាម​បណ្តាញ​អ៊ីនធឺណិត​និងFacebook។

ការ​សិក្សា​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា ការ​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត និង​Facebook ដោយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទទួល​បាន​ព័ត៌មាន បាន​កើន​ឡើង​នៅ​ឆ្នាំ​២០១៥​នោះ។

អ្នក​ជំនាញ​ខាង​បណ្ដាញ​សង្គម បាន​ព្យាករណ៍​ថា ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូចជា Facebook​នេះ នឹង​បន្ត​កើន​ឡើង ដោយសារ​តែ​មិន​ត្រឹមតែ​ស្រទាប់​យុវជន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អ្នកនយោបាយ​និង​អ្នក​ជំនួញ​ធំៗ កាន់តែ​ច្រើន​ឡើង បាន​ហក់​ចូល​ប្រឡូក​យ៉ាង​សកម្ម​នៅក្នុង​បណ្តាញ​សង្គម​នេះ ដើម្បី​ទាក់ទាញ​អ្នក​គាំ​ទ្រ​របស់​ពួកគេ​បន្ថែម​ទៀត។

​អ្នក​ចុច​«Like» នៅ​លើ​ទំព័រ​Facebook​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មាន​ចំនួន ជិត ២​លាន​នាក់ ខណៈ​ដែល​ចំនួន​អ្នក​ចុច«like» នៅ​លើ​ទំព័រFacebookលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និទ្ទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​រឿង​ក្តី​ក្តាំ​នៅ​តុលាការ​កម្ពុជា​នោះ មាន​ជាង ២លាននាក់ គិត​មក​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​១៨​ខែ​មករា​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹង​ផ្អែក​មួយ​ផ្នែក​ធំ​ទៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាពិសេស Facebook ដើម្បីការ​ទាក់​ទង​ជាមួយ​អ្នកគាំទ្រ​ចាស់ៗ និង​ទាក់ទាញអ្នក​គាំទ្រ​ថ្មីៗ​បន្ថែម​ទៀត ចាប់តាំង​ពីមុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រឆាំង​នេះ ទទួល​បាន​អាសនៈ​ចំនួន​៥៥ ក្នុង​ចំណោម​អាសនៈ​សភា​កម្ពុជា​សរុប ​១២៣ អាសនៈនោះ។

ប៉ុន្តែ លោក ឆាំ ប៊ុនថេត មាន​ប្រសាសន៍​ថា Facebook នឹង​មិន​ទាន់​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ អាណត្តិ​ក្រោយ​នេះ​ទេ ពីព្រោះ​លោក​ពន្យល់​ថា ការ​គ្រប់គ្រង​នយោបាយ​នៅ​កម្ពុជា នៅ​តែ​មាន​លក្ខណៈ​បន្តវេន​ពី​ក្រុម​បក្ស​ពួក​ខ្លួន ឬ គ្រួសារ​និយម​ពី​ជំនាន់​អ្នកដឹកនាំ​វ័យ​ចាស់​ទៅ​ដល់​កូនៗ​របស់​ពួកគេ ដែល​លោក​ហៅ​ថា ជា​ការ​ឡើង​កាន់​តំណែង «តាម​ជើង​ខោ»។

«អ្វី​ដែល​ពួក​ខ្ញុំ​ជា​យុវជន​សង្ឃឹម​គឺ​ថា ឆ្នាំ ២០២៣ ពេល​ដែល​យុវ​ចាស់ លោក​ទន់​អស់​មែន​ទែន​ទៅ យុវជន ចាប់​ផ្តើម​ពេញ​កម្លាំង អាហ្នឹង​ខ្ញុំ​គិត​ថា ការ​ផ្លាស់ប្តូរ នឹង​អាច​មាន​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​អា​ការ​ឡើង​តាម​ជើង​ខោ​ហ្នឹង អាច​ថយ​ហើយ»៕

XS
SM
MD
LG