ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លំហូរ​ចូល​ជន​ទេសន្តរប្រវេសន៍​ទៅ​កាន់​តំបន់​អឺរ៉ុប​មាន​ជាង​ពាក់​កណ្តាល​លាន​នាក់​ក្នុង​ឆ្នាំ​នេះ


ក្រុម​ជន​ទេសន្តរប្រវេសន៍​ស្ពាយ​អីវ៉ាន់​មក​ជាមួយ​ នៅខណៈ​ពួក​គេ​ដើរ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​ប្រទេស​អូទ្រីស​ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ហុងគ្រី កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។

ជន​ចំណាក​ស្រុក​ជាង​កន្លះ​លាន​នាក់ ​រហូត​មក​ដល់​ពេល​នេះ​ ​បាន​ធ្វើ​ដំណើរឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៅ​ឆ្នាំ​នេះ​ ដើម្បី​ស្វែងរក​ជីវភាព​ថ្មី​នៅ​ក្នុង​តំបន់​អឺរ៉ុប ​នេះ​បើ​តាមរបាយការណ៍របស់ទី​ភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃ​អង្គារ។

អង្គការ​សហប្រជាជាតិ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​អ្នក​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ជិត​៥១៥.០០០​នាក់ ​បាន​រត់​គេច​ចេញ​ពី​សង្គ្រាម​និង​ភាពក្រីក្រ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​និង​តំបន់​អាហ្វ្រិក​ចាប់​តាំង​ពី​ខែ​មករា ​ដោយ​មាន​ចំនួន​៣៨៣.០០០នាក់​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ប្រទេស​ក្រិក ​ហើយ​និង​១២៩.០០០នាក់​ទៀត ​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី។ ​ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន ​បា​ន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​ជិត​៣.០០០​នាក់ ​បាន​លង់​ទឹក​ឬ​បាត់​ខ្លួន​ពេល​ដែល​បាន​ធ្វើ​ដំណើរ​តាម​ទូក​និង​ក្បូន​ដែល​ពោ​រពេញ​ទៅ​ដោយ​មនុស្ស។

ជន​ចំណាក​ស្រុក​ជាង​ពាក់​កណ្តាល​នៃ​ជន​ចំណាក​ស្រុក​ទាំង​នោះ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប ​បាន​មក​ពី​ប្រទេស​ស៊ីរី គឺ​ជា​ប្រភេទ​ជន​ភៀស​ខ្លួន​ដែល​កំពុង​គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នា​ជាង​៤​ឆ្នាំ​រវាង​កងទ័ពស៊ីរី​និង​ពួក​បះបោរ​ដែល​កំពុង​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី​បាសា ​អាល់ ​អាសាដ។

ជន​ចំណាក​ស្រុក​ដ៏​ច្រើន​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​តំបន់​អឺរ៉ុប ​ដោយមាន​ប្រទេស​អាល្លឺម៉ង​ដែល​មាន​សេដ្ឋ​កិច្ច​ខ្លាំង​ជាង​គេ​ហើយ​និង​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​តំបន់​អឺរ៉ុប​ខាង​ជើង​បាន​ស្វាគមន៍​ពួកគេ​ ខណៈ​ដែល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្តាល​ខ្លះ​បាន​ព្យាយាម​រារាំង​ផ្លូវ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន។

ឥឡូវនេះ ​រដ្ឋាភិបាល​អាល្លឺម៉ង់​បានចាត់​វិធានការបន្តឹង​ការ​ត្រួតត្រារបស់​ខ្លួន​ដល់​ពួក​អ្នកស្វះស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ទៅ​ដល់​ទឹក​ដី​របស់​ខ្លួន ​ដោយ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​សុំ​ឲ្យ​សភា​កាត់​បន្ថយ​ការ​ផ្តល់​ប្រាក់​ទៅ​ឲ្យ​ជន​ចំណាក​ស្រុក ក៏ប៉ុន្តែ​គួរ​ចែក​ទី​កន្លែង​ស្នាក់​នៅ​និង​ម្ហូបអាហារ ​ជា​ជាង​ការ​ផ្តល់​ប្រាក់​កាស៕

XS
SM
MD
LG