ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​តំបន់​អឺរ៉ុប​នឹង​ពិភាក្សា​លើ​ផែនការ​ជនចំណាកស្រុក


កុមារ​ម្នាក់​កាន់​បដា​មួយ​ ខណៈដែល​ក្រុម​ជនចំណាកស្រុក​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​កីឡាដ្ឋាន​មួយ​នៅ​ក្រុង Edirne ប្រទេស​តួកគី​នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។
កុមារ​ម្នាក់​កាន់​បដា​មួយ​ ខណៈដែល​ក្រុម​ជនចំណាកស្រុក​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​កីឡាដ្ឋាន​មួយ​នៅ​ក្រុង Edirne ប្រទេស​តួកគី​នា​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។

រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ​របស់​សហភាព​អឺរ៉ុប​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ពិភាក្សាផែនការ​យកជន​ភៀស​ខ្លួន​ទៅ​តាម​ចំនួន​កូតា​ដ៏​ចម្រូង​ចម្រាស ​ដើម្បី​ចែក​ចាយ​ជន​ចំណាក​ស្រុកជាង​មួយ​សែន​នាក់​ក្នុង​ចំណោម​ប្រទេស​នានា។

​ជំនួប​នោះ​កើត​មាន​ឡើង​ បន្ទាប់​ពី​សភា​អឺរ៉ុប​បាន​អនុម័ត​ផែនការ​នោះ​កាល​ពី​សប្តាហ៍​មុន។​ ក៏​ប៉ុន្តែ​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ខាង​កើត​និយាយ​ថា ​ពួកគេ​នឹង​មិន​ធ្វើ​ទៅ​តាម​ផែនការ​នោះ​ទេ។

​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​សភា​នៃ​ប្រទេស​ហុងគ្រី​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​របស់​ខ្លួន​ប្រើប្រាស់​កម្លាំង ដែល​មិន​មាន​អាវុធ​ប្រឆាំង​នឹងជន​ចំណាក​ស្រុក​ ដែល​ព្យា​យាម​ចូល​ក្នុង​ប្រទេស​ហុងគ្រី​ខុសច្បាប់។

​ប្រទេស​ហុងគ្រី​បាន​បិទ​ព្រំ​ដែន​របស់​ខ្លួនជាប់​នឹង​ប្រទេស​សែប៊ី​រួច​ទៅ​ហើយ​ដោយ​ប្រើ​លួស​បន្លា​ ហើយ​ឥឡូវ​នេះ​ទាហាន​ហុងគ្រី​អាច​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក។ ពួកគេ​ក៏​អាច​ឆែកឆេរ​នៅ​តាម​ផ្ទះ​ដើម្បី​រក​ជន​ចំណាកស្រុក​ផង​ដែរ។

​លោក Viktor Orbanនាយករដ្ឋ​មន្រ្តី​ស្តាំ​និយម​នៃ​ប្រទេស​ហុងគ្រី​បាន​ប្រាប់​សភា​ថា ​ជន​ចំណាក​ស្រុក​កំពុង​រាតត្បាត​យើង។ ពួកគេមិន​ត្រឹម​តែ​គោះ​ទ្វារ​យើង​ទេ ​ពួកគេ កំពុង​កម្ទេច​ទ្វារ​របស់​យើង។

ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​អឺរ៉ុប​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់ប្រតិកម្ម​របស់​ប្រទេស​ហុង​គ្រីចំពោះ​វិបត្តិ​ជន​ចំណាក​ស្រុក​ ​ដោយ​ចោទ​ប្រកាន់​ប្រទេស​នេះពី​ការ​ប្រើ​ប្រាស់​ហិង្សា​និង​កលល្បិច​ដូចជា​ ពួក​ណាស៊ី​អាល្លឺម៉ង់។

​ហុងគ្រី​ក៏​មាន​ការ​ខឹង​សម្បារ​នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ត្បូង​ និង​ខាង​កើត​ដោយ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​ការ​ធ្វើ​បន្តិច​បន្តួច​ដើម្បី​ត្រួតត្រា​វិបត្តិមនុស្ស​ជាតិ​ ដែល​បាន​ឆ្លង​កាត់​សមុទ្រមេឌីទែរ៉ាណេ ដើម្បី​គេចចេញ​ពី​សង្គ្រាម​ និង​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេសស៊ីរី ​អាហ្វហ្គានីស្ថាន​និង​តំបន់​អាហ្វ្រិក៕

XS
SM
MD
LG