ក្រុមហ៊ុន Google, Amazon, Facebook និង Apple ជាក្រុមហ៊ុនបួនត្រូវដាក់ឈ្មោះថា GAFA នៅក្នុងប្រទេសបារាំងដោយក្រុមជនដែលរិះគន់អ្វីពួកគេថាជាការចៀសវាងមិនបង់ពន្ធដារអឺរ៉ុបដោយក្រុមហ៊ុនពហុជាតិ។
លទ្ធផលត្រូវព្យាករណ៍នៃការបោះឆ្នោតប្រធានាធិបតីស.រ.អ.មិនបានផ្លាស់ប្តូរការអន្ទះសារបស់អឺរ៉ុបក្នុងការដោះស្រាយបញ្ហានេះជាមួយរដ្ឋបាលលោក Biden នៅក្រោយមានការជំទាស់ពីរដ្ឋបាលលោក Trumpអស់ជាច្រើនឆ្នាំ។
លោក Thierry Breton ជាស្នងការទីផ្សារក្នុងប្រទេសនៃសហភាពអឺរ៉ុប។ លោកបាននិយាយថា៖
«លោកពន្យល់ថាអឺរ៉ុបមិនឆោតល្ងង់ទៀតទេនៅក្នុងការរំពឹងរបស់ខ្លួនអំពីភាពដៃគូជាមួយស.រ.អ.។ លោកថ្លែងថាជនជាតិអឺរ៉ុបមិនអាចឆោតល្ងង់ទៀតទេ»។
អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ហៅកាត់ថា OECD បានធ្វើជាម្ចាស់ផ្ទះចាត់ចែងកិច្ចចរចាអន្តរជាតិមួយអំពីការយកពន្ធលើក្រុមហ៊ុនdigital។ ពួកសមាជិកបានពន្យាពេលកំណត់ចុងក្រោយបង្អស់ដល់ឆ្នាំ២០២១សម្រាប់ឱ្យមានកិច្ចព្រមព្រៀងមួយ នៅក្រោយពីស.រ.អ.បានដកខ្លួនថយចេញពីការចរចាគ្នាដោយសារការរាតត្បាតវីរុសកូរ៉ូណា។
លោក Bruno Le Maire ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងបាននិយាយថារដ្ឋាភិបាលក្រុង Washington មិនទំនងជានឹងទម្លាក់ចោលអ្វីដែលលោកហៅថាគោលជំហរប្រទាំងប្រទាស់អំពីបញ្ហានេះទេទោះណាជានរណាកាន់តំណែងកំពូលក្នុងសេតវិមានក៏ដោយ។
លោក Le Maire បាននិយាយថា«នៅពេលនេះពួកមហាក្រុមហ៊ុន digital ជាសត្រូវរបស់រដ្ឋាភិបាលនានា»។ លោកបានសន្យាថាក្នុងពេលឆាប់ៗនេះ មហាក្រុមហ៊ុនទាំងនេះនឹងត្រូវហូតពន្ធ«តាមអត្រាដូចគ្នានឹងក្រុមហ៊ុនបារាំងដែរ»។
នេះជាគោលជំហរមួយត្រូវនិយាយជាថ្មីដោយលោកស្នងការ Breton។ លោកបានថ្លែងថា៖
«លោកនិយាយថាការពិភាក្សាគ្នាមួយបានត្រូវផ្តើមគំនិតដោយ OECD ហើយទោះជាស.រ.អ.បានដកខ្លួនចេញពីការពិភាក្សាគ្នានេះក៏ដោយ ពួកគេអាចវិលមកវិញបាន។ លោក Breton បានថ្លែងថាពួកអឺរ៉ុបបានកំណត់ពេលចុងក្រោយបង្អស់រហូតដល់ខែមិថុនាឆ្នាំ២០២១ដើម្បីធ្វើការចរចាគ្នានេះឱ្យបានចប់សព្វគ្រប់។ លោក Breton បាននិយាយទទូចថាប្រសិនបើប្រទេសទាំងអស់មានការយល់ស្របគ្នា តែស.រ.អ.មិនវិលមកកាន់តុធ្វើការចរចាវិញទេ អឺរ៉ុបនឹងធ្វើតាមការទទួលខុសត្រូវរបស់ខ្លួនហើយយើងនឹងដាក់កំហិតពន្ធដារមួយ»។
មនុស្សខ្លះនៅអឺរ៉ុបព្រមានថារដ្ឋបាលលោក Biden នឹងនៅតែជំទាស់នឹងការដកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាស.រ.អ.។ គេរាយការណ៍ថាលោក Biden ប្រធានាធិបតីជាប់ឆ្នោតនិងលោកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោតរបស់លោកមានការទាក់ទងច្រើនជាមួយពួកក្រុមហ៊ុននៅ Silicon Valley ដូចដែលរដ្ឋបាលលោកអូបាម៉ាមានដែរពីឆ្នាំ២០០៩រហូតដល់ឆ្នាំ២០១៧។
លោក Arno Pons ជាប្រធានអង្គការ Digital New Deal ដែលជាអង្គការស្រាវជ្រាវមួយនៅ Paris។ លោកបាននិយាយថា៖
«លោក Pons និយាយថាលោក Joe Biden ជាអនុប្រធានាធិបតីរបស់លោកអូបាម៉ានៅក្នុងរដ្ឋបាលមួយលម្អៀងទៅខាង GAFA ហើយប្រហែលនៅពេលនេះក៏មានការយល់ឃើញដដែលទៀត។ ចំណែកឯលោកស្រី Kamala Harris វិញដែលមានដើមកំណើតពីរដ្ឋ California លោក Pons ឃើញថាលោកស្រីមានចំណងទាក់ទងជិតស្និទ្ធជាមួយពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិនៃមហាក្រុមហ៊ុនបច្ចេកវិទ្យា»។
លោក Pons និយាយយោងដល់ឧទាហរណ៍មួយនៃការតែងតាំងពួកអតីតបុគ្គលិកក្រុមហ៊ុន Apple និង Facebook កាលពីពេលថ្មីៗនេះក្នុងក្រុមអន្តរកាលរបស់លោក Biden។
កាលពីខែមុន OECD បានព្រមានថាភាពតានតឹងអំពីពន្ធដារលើក្រុមហ៊ុន digital អាចបណ្តាលឱ្យមានសង្គ្រាមពាណិជ្ជកម្មមួយដែលអាចបន្ថយការលូតលាស់សាកលចំនួនមួយភាគរយរៀងរាល់ឆ្នាំ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ