ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​ម៉ាឡេស៊ី ហ្វីលីពីន​ និង​វៀតណាម​ចូល​ចិត្ត​លោក Biden ជាង​ចិន​ចូលចិត្ត​លោក


រូបឯកសារ៖ បុរស​ម្នាក់​ទិញ​កាសែត​នៅ​ផ្សារ​មួយ​ បន្ទាប់​ពី​លោក​Joe Biden ត្រូវ​បាន​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ឆ្នាំ២០២០ ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុម​អ្នកវិភាគ​និយាយ​ថា ​លោក Joe Biden ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក នឹង​បន្តជួយ​ជ្រោមជ្រែងបណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុង​មាន​ជម្លោះពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងជាមួយ​នឹង​ប្រទេស​ចិន​ដ៏​មាន​ឥទ្ធិពល តាមរយៈការ​គាំទ្រ​បណ្តា​ប្រទេស​ទាំង​នោះ​ ដោយ​មិន​នាំ​ឲ្យមាន​នូវ​លទ្ធភាពជម្លោះ​ប្រដាប់​អាវុធ។

​ក្រុម​អ្នក​វិភាគ​កំពុង​ពិនិត្យ​មើល​កំណត់ត្រា​របស់​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ដែល​មាន​លោក Biden ជា​អនុប្រធានាធិបតី​កាល​ពី​គ្រា​នោះ​ ដើម្បី​រក​តម្រុយ​ពី​អ្វី​ដែល​លោក Biden អាច​ធ្វើ​នៅ​ក្នុង​តំបន់។

លោក​ Obama បាន​ព្យាយាម​សម្រេច​នូវ​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោក​ពណ៌នា​ថាជា «ការ​ងាក​ទៅ​កាន់​តំបន់​អាស៊ី» ចាប់​ពី​ឆ្នាំ​២០១១​មក ខណៈតំបន់​នេះកាន់​តែមាន​សារៈសំខាន់​សម្រាប់ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក។ លោក​បាន​ព្យាយាម​សម្រេចកិច្ចព្រមព្រៀង​ផ្នែក​យោធានានា​ជាមួយ​នឹង​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង​ប្រាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជំរុញកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែលកិច្ចព្រមព្រៀង​នេះ​លោក​ត្រាំ​បាន​លុបចោល​កាល​ពី​ឆ្នាំ​២០១៧។ រដ្ឋបាល​លោក​ Obama ក៏​បាន​ផ្តួចផ្តើម​កម្មវិធី​យុវជន​មួយ​មាន​គោលដៅពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន។

ដោយ​ផ្អែក​លើ​កំណត់ត្រា​នោះ ក្រុម​អ្នក​វិភាគ​និយាយ​ថា លោក​ Biden ត្រូវ​បានគេ​រំពឹង​ថា អាច​នឹង​សង្កត់ធ្ងន់​លើ​ផ្នែក​ការទូត ជាជាងប្រើប្រាស់​ចំណាត់ការ​យោធា​ដែល​តែង​ជា​ជម្រើស​របស់​លោក​ប្រធានាធិបតី​ Trump រួម​មាន​ ផ្លូវ​នាវា​ឆ្លងកាត់​តាម​តំបន់​ទឹក​មាន​ជម្លោះ និង​ការ​លក់​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ជា​គូ​ប្រជែង​នឹង​ចិន​ក្នុង​តំបន់។

ចំណាត់ការ​របស់​លោក​ប្រធានាធិបតី​ត្រាំ​បាន​បង្ក​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​មេដឹកនាំ​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ស្វះស្វែង​រក្សា​ទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព​មួយ​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ទាំង​ពីរ។ ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាមកំពុង​ប្រជែង​នឹង​ចិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​ទឹក ស្រប​ពេល​កំពុងពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​កុម្មុយនីស្ត​ជិត​ខាង​ ​សម្រាប់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច។ ​

លោក Alan Chong សាស្រា្តចារ្យ​ជំនួយ​នៅ​សាលា​សិក្សា​អន្តរជាតិ S. Rajarnatnam ក្នុង​ប្រទេស​សិង្ហបុរី​ បាន​និយាយ​ថា តាម​រយៈ​ប្លុក​ចរចា​របស់​ពួកគេ​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ បណ្តា​ប្រទេស​ទាំង​នេះ​នា​ពេល​បច្ចុប្បន្នគួរ​រំពឹង​ថា មេដឹកនាំ​សហរដ្ឋអាមេរិក​នឹង​គាំទ្រ​ពួកគេ​នៅ​ក្នុង​ការ​សម្រេច​នូវ​ក្រមប្រតិបត្តិដែន​ទឹក​ជាមួយ​ចិន។

​ចិន​និង​អាស៊ាន​បាន​ព្យាយាម​សម្រេច​ចេញ​ជា​ក្រមប្រតិបត្តិ​មួយ​ ដែល​មាន​គោលដៅ​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ផ្សេងៗ​នៅ​តំបន់​ដែន​ទឹក​មាន​ជម្លោះ ចាប់តាំង​ពី​ឆ្នាំ ២០០២​មក។ ប្រទេស​ចិន​បាន​បង្អាក់​ដំណើរការ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​ទើប​តែ​លើក​យក​មក​ពិភាក្សា​ឡើងវិញ​នៅ​ឆ្នាំ ២០១៧។

លោក Chong បាន​ថ្លែង​ថា «មន្រ្តី​អាមេរិកមិន​ចាំបាច់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ជំរុញ​ឲ្យ​ប្រទេស​ចិន​មាន​ប្រតិកម្មនោះ​ទេ។ ពួកគេ​គ្រាន់​តែ​គាំទ្រ​អាស៊ាន​ដោយ​ស្ងប់ស្ងាត់​នៅ​ក្នុង​កិច្ច​ចរចា​ពី​ក្រមប្រតិបត្តិ​ទៅ​បាន​ហើយ។ ជា​ការ​ពិត​ណាស់ ផែនការ​របស់​អាស៊ាន​គឺ​នឹងត្រូវ​ស្រប​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ​ជា​សម្ព័ន្ធមិត្ត​អាចជួយ​ទប់ទល់ឥទ្ធិពល​របស់​ចិន​បាន។ ប្រទេស​ចិន​បាន​លើកឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​ប្រមាណ​ ៩០​ភាគរយ​នៃ​តំបន់​ដែនទឹកមាន​ជម្លោះ។ បណ្តា​ប្រទេស​ដទៃ​ទៀត​និយាយ​ថា ការ​ទាមទារ​របស់​ចិន​គឺ​ ជាន់​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងដែនទឹក​របស់​ខ្លួន។ ​

លោក Huang Kwei-bo ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យកិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ជាតិ Chengchi ក្នុង​ក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ និយាយ​ថា​ មេដឹកនាំ​នៅតំបន់​អាស៊ីអាគ្នេយ៍​ «ជាទូទៅ​ស្វាគមន៍​គ្រប់​ភាគី» ដរាប​ណា​បណ្តា​ប្រទេស​មហាអំណាច​ដទៃ​ទៀត​ងាក​ចេញ​ពី​ការ​បង្ក​ជម្លោះ។​

នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ចិន​បាន​ធ្វើ​ឲ្យ​វៀតណាម​ខឹង​សម្បារ​ដោយ​សារ​ការ​បញ្ជូន​នាវា​បូម​ប្រេង និង​នាវា​ស៊ើបការណ៍​ចូល​ទៅ​ក្នុង​ដែន​ទឹក​របស់​វៀតណាម។ ចិន​បាន​បង្ក​ឲ្យ​ម៉ាឡេស៊ីថ្នាំងថ្នាក់​ចិត្ត​ពីសកម្មភាព​ឆ្មាំ​សមុទ្រ​របស់​ខ្លួន​ និងបាន​ធ្វើ​ឲ្យ​ហ្វីលីពីន​ផ្ទុះ​កំហឹង​តាមរយៈ​ការ​ចូលកាន់កាប់​តំបន់ថ្មប៉ប្រះទឹក​មាន​ជម្លោះ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ត្រី។ ប្រទេស​ចិន​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ​នៅ​អាស៊ី។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Muhuyiddin Yassin និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​អបអរ​សាទរ​លោក Biden កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៨ ខែ​វិច្ឆិកា​ ហើយ​បន្ទាប់​មក​មាន​ព្រះមហាក្សត្រ​ព្រុយណេ​ Hassanal Bolkiah ដែល​បាន​អបអរ​នៅ​ថ្ងៃ​បន្ទាប់។

ទោះបីជា​បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់តាំង​ពី​ឆ្នាំ២០១៦​មកក៏ដោយ ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte បាន​ថ្លែង​តាម​បណ្តាញ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ថា លោក​សង្ឃឹម​ពី​ការ​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Biden ផ្អែក​ទៅ​លើ «ការ​ប្តេជ្ញារួមលើ​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ»។ ភាសា​នេះ​គឺ​តែងតែ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ពី​ភាព​ផ្ទុយ​គ្នា​ទៅ​នឹង​របប​ដឹកនាំ​បែប​ផ្តាច់ការ​របស់​ចិន។

លោក Biden មិន​ទាន់​បាន​និយាយ​ជាមួយ​នឹង​មេដឹកនាំ​ចិន​ ឬមេដឹកនាំ​ប្រទេស​អាស៊ីអាគ្នេយ៍​ណា​មួយ​នៅ​ឡើយ​ទេ​ តាំង​ពី​ពេល​ដែល​លោក និង​ដៃគូ​ឈរ​ឈ្មោះ​បោះឆ្នោត​ សមាជិក​ព្រឹទ្ធសភា អ្នកស្រី Kamala Harris ត្រូវ​បាន​ព្យាករណ៍​ថា ​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ដែល​ប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ Trump និង​អនុប្រធានាធិបតី​លោក Mike Pence។ ​

គេហទំព័រ​ក្រុម​រៀបចំ​ការ​ផ្ទេរ​តំណែង Biden-Harris Transition បាន​ឲ្យ​ដឹងថា នៅ​ពេលដែល​លោក​ Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ជាមួយ​នឹង​នាយករដ្ឋមន្ត្រីជប៉ុន​លោក Yoshihide Suga ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​មុតមាំ​មួយអំឡុង​ពេលរដ្ឋបាល​លោក​ត្រាំ​ក្នុង​ការ​តាមដាន​ប្រទេស​ចិន​ លោក​ទាំង​ពីរ​បាន​ពិភាក្សាពី​ «ការ​ប្តេជ្ញា​រួម​ដើម្បីពង្រឹង​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​ជប៉ុន​ ជា​ជ្រុង​មួយ​ដ៏​រីកចម្រើន និង​រក្សា​សន្តិសុខ​នៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»។ ​

ប្រទេស​ចិន​ហាក់​ដូចជា​មាន​សុទិដ្ឋិនិយម​ជាង​មុន។ អំឡុងពេល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​Trumpលោក​បាន​ជំរុញ​ឲ្យ​មាន​ការតតាំង​ជាមួយ​នឹង​មេដឹកនាំ​ចិន​លើ​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​កុងស៊ុល ក៏ដូចជា បូរណភាព​ដែន​ទឹក។

គេហទំព័រព័ត៌មាន Global Times គាំទ្រ​ដោយ​រដ្ឋ​ចិន​ បាន​លើកឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ទី០៨ ខែ​វិច្ឆិកាថា៖ «ការ​ចូល​កាន់​តំណែង​របស់​លោក​ Biden នៅ​សេតវិមាន​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​ឱកាស​សម្រាប់​ដំណោះស្រាយ​ផ្សេងៗ​ដើម្បីសើរើ​កិច្ចពិភាក្សា​ជាន់ខ្ពស់ និង​ស្តារ​ឡើង​វិញ​នូវ​ជំនឿ​ទុកចិត្ត​ផ្នែក​យុទ្ធសាស្ត្ររវាង​ប្រទេស​មហាអំណាច​ទាំងពីរ»។

ទោះ​បី​យ៉ាងណាក៏ដោយ ក្រុម​អ្នក​វិភាគ​និយាយ​ថា កំណើន​សម្ពាធ​របស់ចិន​ទៅ​លើ​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​ ពាក់ព័ន្ធ​នឹង​ជម្លោះ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងដែល​មាន​ទំហំ​ ៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយនេះ​នឹង​ជំរុញ​ឲ្យ​លោក Biden បន្ត​នូវ​ចំណាត់ការ​របស់​រដ្ឋបាលលោក​ត្រាំ​មួយ​ចំនួន​ដូចជា ​សេរីភាព​ធ្វើ​ប្រតិបត្តិការ​នាវាចរណ៍​របស់​កងទ័ព​ជើង​ទឹក​អាមេរិក។

អ្នកស្រី Yun Sun អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា៖ «ពិតណាស់ ខ្ញុំយល់​ឃើញ​ថា​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ស្ថានការណ៍​ពិតប្រាកដមួយ​ដែល​យើង​ត្រូវ​ដោះស្រាយ ពីព្រោះសហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​ប្រតិបត្តិការ​នាវាចរណ៍​ដោយ​សេរី​នៅ​តំបន់​សមុទ្រ​នោះ​ទេ ហើយ​ប្រទេស​ចិន​នឹង​មាន​ប្រតិកម្ម ដែល​នេះ​មាន​ន័យ​ថា ចំណុច​ប៉ះទង្គិច​នឹង​បន្ត​កើត​មានឡើង​ មិន​ថា​នរណា​ជា​ប្រធានាធិបតី​នោះ​ទេ»។

លោក Eduardo Araral សាស្ត្រាចារ្យនៅ​មហាវិទ្យាល័យ​គោលនយោបាយ​សាធារណៈ​ប្រចាំ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ព្យាករណ៍​ថា លោក​ Biden នឹង​ព្យាយាម​បន្ត​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​ដោយ​ផ្នែក​ ដើម្បី​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​អាច​ទប់ទល់​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trumpចំពោះការ​លើក​បញ្ហា​នេះមក​និយាយ​ប្រឆាំង​នឹង​លោក​នៅ​ឆ្នាំ​២០២៤។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​ប្រហែល​ជា​ងាក​ចេញ​ពី​ការគ្រាន់​តែ​ធ្វើ​កិច្ចពិភាក្សា​ ពីព្រោះ​ខ្ញុំ​គិត​ថា អាមេរិកដឹង​រួច​ទៅ​ហើយ​ថា កិច្ចពិភាក្សា​តែ​មួយ​មុខនឹង​មិន​អាច​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​ចិន​នោះ​ទេ។ ដូច្នេះ ត្រូវ​តែ​មាន​ការ​បញ្ចេញ​កម្លាំង​ខ្លះ​គួប​ផ្សំនឹង​កិច្ចពិភាក្សា​ទើប​អាច​ទៅ​រួច»៕

ប្រែសម្រួល​ដោយលោក​ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG