ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ប្រកាស​ឈ្មោះ​សមាជិក​សំខាន់ៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​អំពី​ការ​ថែទាំ​សុខភាព នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​រៀបចំ​ពិធី​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ណែនាំ​បុគ្គល​មួយ​ចំនួន ដែល​លោក​គ្រោង​នឹង​តែងតាំង​សម្រាប់​តំណែង​ជាន់ខ្ពស់​ផ្នែក​ការទូត​និង​សន្តិសុខ​ជាតិ​នៅ​ក្នុង​រដ្ឋបាល​របស់​លោក។

បុគ្គល​ទាំង​នោះ​រួម​មាន​លោក Antony Blinken ដែល​ជា​ទីប្រឹក្សា​ផ្នែក​កិច្ចការ​បរទេស​ដ៏​ជំនិត​ម្នាក់​របស់​លោក Biden គឺ​ជា​ជម្រើស​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។

លោក Biden បាន​និយាយ​ថា លោក​មាន​បំណង​តែងតាំង​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក John Kerry ឲ្យ​កាន់​មុខ​តំណែង​ថ្មី​មួយ​ជា​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ។ ក្រុម​អន្តរកាល​របស់​លោក Biden ថា វា​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​របស់​លោក Biden នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អាកាសធាតុ ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​បញ្ហា​សន្តិសុខ​ជាតិ​បន្ទាន់។

បើ​យោង​តាម​កាសែត New York Times អ្នកស្រី Janet Yellen អាយុ ៧៤ ឆ្នាំ ដែល​ជា​អតីត​ប្រធាន​ធនាគារ​កណ្ដាល អាច​នឹង​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ។

លោក Biden បាន​ជ្រើសរើស​លោក Alejandro Mayorkas ដែលជា​មេធាវី​អាមេរិកាំង​ដើម​កំណើត គុយបា ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។ លោក Mayorkas ធ្លាប់​ធ្វើជា​អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​នេះ ហើយ​ប្រសិនបើ​ព្រឹទ្ធសភា​អនុម័ត លោក​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ក្រសួង​នេះ​ដែល​ជា​ជន​អន្តោប្រវេសន៍ និង​ជា​ជាតិ​សាសន៍​ឡាទីន​ដំបូង​គេ​បង្អស់។

ជាង​នេះ​ទៀត លោក Biden បាន​ជ្រើសរើស​អ្នកស្រី​អតីត​ឯកអគ្គរដ្ឋទូត Linda Thomas-Greenfield ដែល​ជា​ស្ត្រី​អាមេរិកាំង​ស្បែក​ខ្មៅ និង​មាន​បទ​ពិសោធន៍​ផ្នែក​កិច្ចការ​បរទេស ៣៥ ឆ្នាំ ឲ្យ​ធ្វើជា​ប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។

លោក Biden ក៏​បាន​ជ្រើសរើស​ស្ត្រី​មួយ​រូប​ទៀត​ផង​ដែរ​គឺ​អ្នកស្រី Avril Haines ឲ្យ​ធ្វើជា​ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ។ អ្នកស្រី​ធ្លាប់​ធ្វើ​ជា​នាយក​រង​ទីភ្នាក់ងារCIA និង​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ។

ចំណែក​ឯ​លោក Jake Sullivan ដែលជា​ទីប្រឹក្សា​ផ្នែក​កិច្ចការ​បរទេស​របស់​លោក Biden វិញ ត្រូវ​បាន​លោក Biden តែងតាំង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG