សហភាពអឺរ៉ុបសម្តែងក្តីសង្ឃឹមថានឹងមានការវិវត្តទៅមុខ«ជាក់លាក់និងប្រកបដោយចីរភាព»ដោយរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយជា «បន្ទាន់» រាល់ក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
សហភាពអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃសុក្រនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយក្រោយពីក្រុមការងារបានបញ្ចប់បេសកកម្មថា៖
«គណៈកម្មការសហភាពអឺរ៉ុបនិងនាយកដ្ឋានកិច្ចការបរទេសសហភាពអឺរ៉ុបសង្ឃឹមថានឹងឃើញការវិវត្តជាក់លាក់និងប្រកបដោយចីរភាពនូវរាល់ក្តីកង្វល់ទាំងអស់ដែលមាននៅក្រោមក្របខណ្ឌនៃកម្មវិធី«រាល់មុខទំនិញលើកលែងសព្វាវុធ(EBA) និងរងចាំឱ្យប្រទេសកម្ពុជាដោះស្រាយរាល់ភាពចាំបាច់នានាដើម្បីរក្សាបានការទទួលផលប្រយោជន៍ពីពន្ធអនុគ្រោះEBA»។
ក្រុមការងាររបស់សហភាពអឺរ៉ុបដឹកនាំដោយលោកស្រី Paola Pampaloni អនុប្រធានគ្រប់គ្រងនៃនាយកដ្ឋានកិច្ចការបរទេសសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិកបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជាដើម្បីជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោះស្រាយវិបត្តិនយោបាយដែលកើតឡើងក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧និងការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានឯករាជ្យនិងក្រុមសង្គមស៊ីវិល។
ក្រុមការងារបានជួបពិភាក្សាជាមួយនឹងមន្ត្រីកម្ពុជាសំខាន់ៗក្នុងនោះមានលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងលោកប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រុមប្រតិភូក៏បានជួបជាមួយនឹងអង្គការសង្គមស៊ីវិល និងតំណាងអង្គការសហប្រជាជាតិនៅកម្ពុជាផងដែរហើយបានហៅការជួបប្រជុំនោះថាប្រកបដោយភាព«បើកចំហរនិងស្មោះត្រង់នឹងគ្នា»។
នេះគឺជាឱកាសនៃការចរចាគ្នាលើកទីមួយដើម្បីវាយតម្លៃនិងតាមដានសភាពការណ៍ចាប់តាំងពីសហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដកឋានៈអនុគ្រោះពន្ធEBA ពីប្រទេសកម្ពុជាដែលអាចនឹងចូលជាធរមាននៅខែសីហាឆ្នាំ២០២០។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ម្តងហើយម្តងទៀតថាកម្ពុជាអាចរស់បានបើទោះបីជាគ្មានការអនុគ្រោះពន្ធនេះហើយវាក៏មិនបានធ្វើឱ្យកម្ពុជាមានបានអ្វីដែរ។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាដែលមានទំហំជាង៥,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៨៕