ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​និង​រដ្ឋាភិបាល​ដំឡើង​សាច់ដុំ​ដាក់​គ្នា​ជាថ្មី​មុន​ទណ្ឌកម្ម​អន្តរជាតិ


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

សហគមន៍​អន្តរជាតិ​ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដំណើរការ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ បើ​សិន​ជា​មិន​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​ទេ។

អតីត​គណបក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា​បានបង្ហាញយុទ្ធសាស្រ្ត​ថ្មី​រៀងៗ​ខ្លួន​ ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​រៀបចំ​ផែនការ​ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ ប៉ុន្តែត្រូវ​បាន​ឆ្លើយតប​ភ្លាមៗដោយ​ការ​បញ្ចេញ​ដីកាចាប់​ខ្លួននៅ​ពេល​មេដឹកនាំ​សំខាន់ៗ​ទាំង​នេះឈាន​ជើង​ចូល​ក្នុង​ប្រទេស។​

យោង​តាម​ដីកាបញ្ជា​ឱ្យ​ចាប់​ខ្លួន​ ដែល​ចេញ​កាលពី​ថ្ងៃទី​១២ ខែ​មីនា ​ដោយ​លោក​កូយ សៅ ដែល​ជា​ចៅក្រម​ស៊ើបសួរ​ ហើយ​ទើបតែ​បញ្ចេញ​ជា​សាធារណៈ​កាលពី​ថ្ងៃអាទិត្យនេះ ​គឺមេ​ក្រុម​អតីត​បក្ស​ប្រឆាំង​ទាំងនេះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»​ ដោយ​សារ​តែ​សកម្មភាព​ដែល​ពួកគេ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុងឆ្នាំ​២០១៧។​

ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្រ្គោះជាតិ​ទាំង​៨រូប​ មាន​លោក​សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ​ លោក អ៊ូ ច័ន្ទឫទ្ធិ ​លោក ហូ វ៉ាន់ ​លោក ឡុង រី ​លោក ម៉ែន សុថាវរិន្ទ្រ ​និង​លោក តុ វ៉ាន់ចាន់។ អ្នក​ទាំងនេះ​កំពុង​តែ​រស់នៅ​និរទេ​ស​ខ្លួន​ក្រៅ​ប្រទេស។

រូបឯកសារ៖ លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្លែងនៅក្នុងការជួបជុំរបស់គណបក្សមួយនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្លែងនៅក្នុងការជួបជុំរបស់គណបក្សមួយនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

ប៉ុន្តែ​លោក​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ប្រាប់​ដល់​មន្ត្រី គណបក្ស​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​នឹង​ត្រូវតែ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ បើទោះបី​ជា​រង​ការ​គំរាម​កំហែង​យ៉ាងណា​ក៏ដោយ។

លោក​សម រង្ស៊ី ​បាន​ថ្លែង​ថា ​ការ​ប្តេជ្ញាចិត្ត​វិល​ត្រឡប់​ទៅវិញ​នេះ​ គឺ​ដើម្បី​រួមគ្នា​ជាមួយ​នឹង​អ្នក​នយោបាយ​គ្រប់​និន្នាការ​ជួយ​សង្គ្រោះប្រទេស​កម្ពុជា កុំ​ឱ្យរងគ្រោះ​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​របស់​បុគ្គល​ម្នាក់​ និង​ក្រុម​គ្រួសារ​មួយ​ ដែល​លោក​និយាយ​យោង​ដល់​ក្រុមគ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖

«ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​របស់​បុគ្គល​ម្នាក់​ និង​ក្រុម​គ្រួសារ​មួយ​ហើយ​បុគ្គល​និង​ក្រុមគ្រួសារ​នោះ​បាន និង​កំពុង​ពុះច្រៀក​ប្រទេស​កម្ពុជា​យក​ទៅ​លក់​ជាដុំៗ​ឱ្យ​បរទេស។ ដូច្នេះ​ យើង​ត្រូវតែ​ការពារ​ទ្រព្យ​សម្បត្តិ​ ផល​ប្រយោជន៍​ ភាព​ថ្លៃថ្នូរ និង​ភាព​ជា​ម្ចាស់​ការរបស់​ប្រជារាស្ត្រ‍»។​

លោក​សម រង្ស៊ី ​បន្ថែម​ថា​ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោកក៏ដើម្បី​ជួយកុំ​ឱ្យ​ប្រទេស​កម្ពុជា​រងសម្ពាធ​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ​ដែល​នឹង​ប៉ះពាល់​ដល់​កម្មករ​-កម្មការិនី​កម្ពុជា​ជិតមួយ​លាន​នាក់​ផង​ដែរ។

លោក​បាន​លើក​ឡើង​ថា៖ «ដើម្បី​សម្រេចបំណង​នេះ​ ជនជាតិ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ គ្រប់​និន្នាការ​ គ្រប់​គណបក្ស​នយោបាយ​ ត្រូវ​តែ​រួម​កម្លាំងគ្នា​ដើម្បី​រំដោះ​ប្រទេស​ជាតិ​យើង​ពីក្រញ៉ាំ​បុគ្គល​ និង​ក្រុមគ្រួសារ​នោះ​ដែល​កំពុង​តែប្លន់ ​និង​បំផ្លាញ​ជាតិ​ ហើយ​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា។ យើង​ត្រូវ​តែ​រួមគ្នា​ដើម្បី​សង្គ្រោះ​ជាតិ​យើង​ទាំងអស់​គ្នា‍»។​

ថ្នាក់​ដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ចុងសប្តាហ៍​កន្លងមកនេះ ​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសិត ក្រោម​ការដឹកនាំ​របស់​លោ​ក សម រង្ស៊ី​ ដើម្បី​កំណត់​យុទ្ធសាស្រ្ត​នយោបាយ​ និង​វាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ពី​ខាង​ក្រៅប្រទេស​ ដោយ​សារ​តែ​គណបក្ស​នេះ​មិន​អាច​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើយ​ ក្រោយ​ពី​ត្រូវ​តុលាការ​កំពូល​រំលាយពី​បទ​ក្បត់ជាតិនិង​ហាមឃាត់​មន្ត្រី​ចំនួន​១១៨​នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

លោក​អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ការ​ចេញដីកាចាប់​ខ្លួន​លោក​ និង​មន្ត្រី​បក្ស​ជាច្រើន​រូបទៀត ដោយ​លោកចាត់​ទុក​ថា ​វា​ជា​យុទ្ធសាស្រ្ត​ដដែលៗ​របស់​គណបក្ស​កាន់​អំណាច។

លោក​បាន​បន្ថែម​ថា៖

«និយាយ​រួមទៅ​របប​លោក​ហ៊ុន សែន​ មិន​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិមាន​សកម្មភាព​ មាន​ដំណើរការ​ឡើងវិញ។ អីចឹង​ហើយ​បាន​គេ​ចេញ​ដីកា​ហ្នឹង​សម្រាប់​តែ​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​តែ​ធ្វើ​សកម្មភាព​នយោបាយយ៉ាងខ្លាំងក្លា​នៅ​ខាងក្រៅ​ប្រទេស​តតាំង​ជាមួយ​នឹង​របប​លោក​ហ៊ុន សែន‍»។​

រីឯ​លោកស្រី​មូរ សុខហួរ​ អនុប្រធាន​ម្នាក់ទៀត​នៃគណបក្សបាន​បញ្ជាក់​ថា​ ដីកា​ចោទ​និង​ចាប់​ខ្លួននេះ​គឺជា​ការ​បញ្ជាក់​ថា​ រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ មិន​ចង់​ដោះស្រាយ​នយោបាយ​ពាក់​ព័ន្ធ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ដាក់លើ​ប្រទេស​កម្ពុជា។​ លោក​ស្រី​បញ្ជាក់​ថា ​វា​នឹង​មិន​រារាំង​ដល់​គម្រោង​ការវិល​ត្រឡប់​ចូល​ប្រទេស​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​របស់លោក​សម រង្ស៊ី​ និង​មន្ត្រី​របស់​គណបក្ស​ទេ។

​លោក សម រង្ស៉ី និង​មន្ត្រី​គណបក្សបាន​អំពាវនាវ​ជា​បន្ត​បន្ទាប់​ឱ្យ​ប្រជាពលរដ្ឋ ​និង​ទាហាន​ ងើប​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក្រោយពី​គណបក្សប្រជាជន​កម្ពុជាដែល​ជា​កាន់​អំណាច​រៀបចំ​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ឆ្នាំមុន​ ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ឈ្នះ​យក​អាសនៈ​សភា​ជាតិ​ទាំងអស់ចំនួន​១២៥។

រដ្ឋាភិបាល​កម្ពុជាបាន​ចាត់​ទុកថា សកម្មភាព​របស់​លោក​ សម រង្ស៉ី​ និង​បក្ខពួក​មួយ​ចំនួន​នោះ គឺ​ជា​«អំពើ​ក្បត់ជាតិ​ ដែល​ញុះញង់​ដើម្បី​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម‍»។​

លោក​ផៃ ស៊ីផាន រដ្ឋមន្ត្រី​អមប្រតិភូ​នាយក​រដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«បុគ្គល​ទាំងប៉ុន្មាន​ហ្នឹងដែល​កំពុងតែ​ហើយ​បានធ្វើ​អ្វី​ដែល​គេ​ហៅ​ថា​ឧទ្ទាមកម្ម​ ប្រឆាំង​តាំងពី​មុនបោះឆ្នោត​រហូតដល់​ពេលនេះ។ ទោះបីជា​រដ្ឋាភិបាល​សម្របសម្រួល​ឱ្យ​មាន​បរិយាកាស​មួយ ក៏ប៉ុន្តែ​បុគ្គល​នេះ​នៅតែ​បន្ត​សកម្មភាព​ឧទ្ទាមកម្ម​ប្រឆាំង​នឹង​នាយក​រដ្ឋ​មន្ត្រី​មួយ​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ ប្រឆាំង​នឹង​ការបោះឆ្នោត​ ប្រឆាំង​នឹង​ច្បាប់​កម្ពុជា​រាប់តាំង​ពី​រដ្ឋធម្មនុញ្ញ​ផង‍»។​

ប៉ុន្តែ​ លោក​មិន​បញ្ជាក់​ថា​ តើ​នឹង​មាន​ការប្តឹង​ផ្តល់​លើ​មន្ត្រី​អតីតបក្ស​ប្រឆាំង​លើស​ពីនេះ​ទៀត​ឬ​យ៉ាង​ណា​ទេ។

សហគមន៍​អន្តរជាតិ​ដែល​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដំណើរការ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ បើ​សិន​ជា​មិន​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​ទេ។

លោក​សួន ប៊ុនសក្តិ​ អ្នក​ឯកទេស​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​បាន​លើកឡើង​ថា សភាពការណ៍​នយោបាយ​កម្ពុជា​«កាន់តែ​ធ្ងន់ធ្ងរ‍»​ទៅៗ​ដែល​អ្នក​នយោបាយ​ខិតខំ​ចង​បន្ថែម​ដោយ​មិន​ខិតខំ​រក​ដំណោះស្រាយ​ទេ​ ជាពិសេស​ចំណាត់​ការ​ចុងក្រោយ​របស់​តុលាការ។

លោក​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា ​ការ​ដែល​ចេញ​ជា​ចំណាត់ការ​របស់​តុលាការ​ដើម្បី​ចាប់​ខ្លួន​គឺ​វា​កាន់តែ​ធ្ងន់ធ្ងរ​ត្រង់ថា អ្នក​នយោបាយ​កម្ពុជា​គួរតែ​រក​មធ្យោបាយ​សម្រុះសម្រួល​គ្នា​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ ​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន ​ដើម្បី​ជួយ​ចូកជួយ​ចែវ​ការ​កសាង​ជាតិ​ទៅមុខទៀត។ ហើយ​ស្ថានភាព​នយោបាយ​ដែល​រួមទាំង​ចំណាត់ការ​របស់​តុលាការ​ដែល​ស្វែង​រក​ការ​ចាប់​ខ្លួន​នេះ​គឺ​ថា​វាផ្ទុយ​ពី​ឆន្ទៈ វា​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ​ ដែល​គេ​ចង់​ឃើញ​យើង​ត្រូវ​រ៉ូវ​គ្នា​ដែរ​ ហើយ​យើង​ទៅ​ធ្វើ​អីចឹង​ទៅ គឺ​វាធ្វើ​ឱ្យ​សភាពការណ៍​នយោបាយ​កាន់តែ​វឹកវរ​ទៅមុខ ហើយសហគមន៍​អន្តរជាតិ​ក៏​អាច​ខកចិត្ត​ជាមួយ​នឹង​ចំណាត់ការ​របស់​តុលាការ ដោយ​សារតែ​បញ្ហារឿង​នយោបាយ​នេះដែរ‍»។​

រូបឯកសារ៖ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន បាន​មកដល់​វិមានឯករាជ្យ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ្យ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន បាន​មកដល់​វិមានឯករាជ្យ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ្យ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ទុក​ពេល​ឱ្យ​មន្ត្រី​ភាគច្រើនក្នុង​ចំណោម​១១៨នាក់ ដែលជាប់​បម្រាម​តុលាការ​រហូត​ដល់ខែ​មេសា​ខាងមុខ ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ក៏​បន្ថែម​ការ​គំរាម​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ដែល​ធ្វើ​នយោបាយ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​លោក​ផងដែរ​ ជា​ពិសេស​អ្នក​ដែល​ហ៊ាន​ប្រមាថ​ជីវិត​លោក។

រហូតមក​ដល់​ពេល​នេះ​ មាន​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​បន្ត​បន្ទាប់ ​ដែល​ក្នុងនោះ​មាន​លោក​គង់ គាំ លោក​គង់ បូរ៉ា ​លោក​រៀល ខេមរិន្ទ្រ​ លោកស្រី ទេព សុទ្ធី​ និង​លោក​អ៊ូ ច័ន្ទរ័ត្ន​ ជាដើម។

លោក​ផៃ ស៊ីផាន​ បាន​សរសើរ​ដល់​អ្នក​ទាំងនេះ​ថា​បាន​យល់​ដឹង​និង​ទទួល​ស្គាល់​សាលដីការបស់​តុលាការ​កំពូល។

លោក​ថា៖ «ហើយ​ជម្រើស​របស់​អ្នក​ទាំងអស់​ហ្នឹង​ដែល​ចូល​រៀបចំ​ដើម្បី​ទទួល​បាន​នីតិសម្បទាន​ គឺ​គេ​យល់​ច្បាស់​ថា​ជា​កាត្វកិច្ច​មួយ​ចូលរួម​ ដើម្បី​កសាង​ជាតិ​តាម​រយៈ​ការធ្វើ​នយោបាយ​នេះឯង។ រីឯ​អ្នក​ដែល​តាំង​ខ្លួន​ថា​ជា​អ្នក​ប្រជាធិបតេយ្យ​រហូត​ដល់​ដាក់​គំនាបថា​គេ​ក្បត់ជាតិ​ គ្រាន់តែ​ជា​អ្នកមួយ​បង្ហាញ​ជំហរ​ផ្តាច់ការ រៀបចំ​មិន​ឱ្យ​គេ​ចាកចេញពីក្រុម​ឧទ្ទាម​នោះ​ ដើម្បី​ចូលរួម​សុខ​រួមទុក្ខ​ជាមួយ​នឹង​មហាជន​កម្ពុជា​តែ​ប៉ុណ្ណោះ‍»។​

លោកសួន ប៊ុនសក្តិ​ អ្នក​ឯកទេស​សិទ្ធិ​មនុស្ស ​ក៏​យល់​ដែរ​ថា​ វោហាសាស្រ្ត​នយោបាយ​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ចង់ចាប់ខ្លួន​អ្នក​កាន់​អំណាច​ក៏​ជា​ការ​រុញច្រាន​សភាពការណ៍​ឱ្យ​កាន់តែ​អាក្រក់​ដែរ។

«ខ្មែរ​យើង​វា​រីងរៃ។ វា​ខ្លោចផ្សារ​យូរ​ហើយពីរឿង​វិបត្តិ​នយោបាយ​នេះ។ ដូច្នេះ​យើង​គួរតែ​បោះ​បង់គំនិត​ដែល​មាន​ចេតនា​កម្ទេច​គ្នា​ បំផ្លាញ​គ្នា​ទៅវិញ​ទៅមក​ ផ្ទុយ​ទៅវិញ​ត្រូវ​រក​មធ្យោបាយ​យ៉ាងម៉េច​ដែល​ត្រូវរ៉ូវ​គ្នា​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​មាន​បរិយាកាស​មួយ​ដែល​ធ្វើ​ការជាមួយ​គ្នា​បាន​ទៅ​ជា​ការ​ប្រសើរ។ ចេតនា​ដែល​ចាប់​ខ្លួន​ដែល​ដេញ​គួរតែ​លះបង់​គំនិត​ហ្នឹង​ចោល​ទៅ‍»។​

គណបក្ស​កាន់អំណាច​មាន​ពេល​ដល់​ខែ​សីហា​ឆ្នាំ​២០២០ ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយដែល​កំពុង​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ មុន​នឹង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ៕

XS
SM
MD
LG