ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា


រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​លើ​កិច្ចការ​បរទេស​និង​នយោបាយ​សន្ដិសុខ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា ​សហភាព​អឺរ៉ុប​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​លើ​បញ្ហា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួន។

សហភាព​អឺរ៉ុប​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​មាន​«ក្តី​បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​បន្ថែម​ទៀត​ចំពោះ​ការ​បង្ក្រាប​នយោបាយ​លើ​អ្នក​រិះគន់​និង​អ្នក​ជំទាស់​នៅ​កម្ពុជា​ នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។​

ប្លុក​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស​នេះ ​ទើប​បាន​ចាត់​វិធានការ​ចូល​ជាធរមាន ​កាលពី​ថ្ងៃ​ទី១២​ ខែ​សីហា ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ ដោយ​ចាប់​ផ្ដើម​គិត​ពន្ធ​គយ​លើ​ទំនិញ​កម្ពុជា​២០%​ដែល​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​ដើម្បី​ ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នយោបាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​នាំ​ទៅ​ដល់​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ជំទាស់​ធំ​បំផុត។​

ផ្ទុយ​ពី​ការ​អំពាវនាវ​អម​ជាមួយ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ ដែល​ស្នើ​ឱ្យ​មាន​ការ​សម្រួល​ស្ថាន​ការណ៍​ប្រជា​ធិបតេយ្យ ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ឡើង​វិញ​នោះ​ ​ អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​ចាប់​ចង​ចោទ​ប្រកាន់​លើ​បណ្ដា​សកម្មជន​ និង​អ្នក​រិះគន់​រដ្ឋាភិបាល ​ដែល​ថ្មីៗ​នេះ​បាន​ចេញ​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រឿង​រិះគន់​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។​

លោកស្រី​ Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​លើ​កិច្ចការ​បរទេស​និង​នយោបាយ​សន្ដិសុខ ​បាន​ប្រាប់​VOA ​នៅ​ថ្ងៃសុក្រ​នេះ​ថា ​ សហភាព​អឺរ៉ុប​នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​បញ្ហា​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួន។

«សហភាព​អឺរ៉ុប​មាន​ក្ដី​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ចំពោះ​មុខ​ការ​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​នូវ​លំហ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​[កម្ពុជា]​ រួមមាន​របាយ​ការណ៍​ថ្មីៗ​ចុង​ក្រោយ​អំពី​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​បណ្ដា​សកម្មជន​ និង​បណ្ដា​មេ​ដឹកនាំ​សហជីព»។​

លោកស្រី​បាន​បន្ថែម​ក្នុង​សារ​អ៊ីម៉ែល​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«យើង​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​យក​នូវ​សកម្ម​ភាព​ជា​ដុំ​កំភួន​នានា​ដើម្បី​បើក​ឡើង​វិញ​នូវ​លំហ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ហើយ​នឹង​បក​ត្រឡប់​ក្រោយ​ប្រគល់​មក​វិញ​នូវ​លំហ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ និង​ធានា​ថា​ មាន​ការ​គោរព​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ជួប​ជុំ​ដោយ​សន្តិវិធី»។​

ជាមួយ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ទាប់ ​ ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ ក៏​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម ​Twitter ​ថា​ ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ និង​បុគ្គល​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ចំពោះ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

ស្ថានទូត​នេះ​បាន​អត្ថាធិប្បាយ​ថា៖ ​«កិច្ច​ការពារ​បរិស្ថាន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ​ដូច្នេះ​គឺ​វា​ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ»។ ​

បន្ទាប់​ពី​មានការ​ចាប់ខ្លួន​លោក​ រ៉ុង ឈុន​ នា​ដំណាច់​ខែ​កក្កដា​មកមនុស្ស​២៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ដែល​ក្នុង​នោះ​មាន​១២​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​រង់​ចាំការ​ជំនុំ​ជម្រះ​ ក្រោម​បទ​ចោទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្ដិសុខ​សង្គម»។ ​នេះបើ​យោង​តាម​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។​

អ្នកស្រី ​Ravina Shamdasani ​អ្នក​នាំពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​Michelle Bachelet​ នា​ថ្ងៃ​សុក្រ​នេះ​ក៏​បាន​បរិហារ​ការ​បង្ក្រាប​នៅ​កម្ពុជា​ផង​ដែរ។​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​តវ៉ា​ដែល​ជាប់ឃុំ​ទាំង​១២​នាក់​ ដោយ​«គ្មាន​លក្ខខណ្ឌ»។ ​

«ស្ថានភាព​នាពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​ការ​ចងក្រង​សមាគម»។​

យ៉ាងណាក្ដី ​លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថា ​ រដ្ឋាភិបាល​បាន​ពន្យល់​ប្រាប់​សហភាព​អឺរ៉ុប​គ្រប់គ្រាន់​រួច​មក​ហើយ​អំពី​បញ្ហា​អាទិភាព ​និង​និយម​ន័យ​របស់​ខ្លួន​ក្នុង​ដំណើរ​កសាង​ប្រជា​ធិបតេយ្យ​របស់​ប្រទេស។​ លោក​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ចាប់​ ខ្លួន​ថា​ មាន​«គម្រោង​ផ្ដួល​រំលំ»​រដ្ឋាភិបាល។ ​លោក​ប្រាប់​VOA​ថា៖​

«ដូច្នេះ​ការ​តតាំង​ដែល​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ មាន​ភ្នាក់ងារ​បរទេស​នៅ​ពីក្រោយ​ខ្នង ​ដែល​មាន​ទិស​ដៅ​បំផ្លាញ​សណ្ដាប់​ធ្នាប់​សង្គម​ ដែល​មាន​បំណង​ចង់​ទម្លាក់​រដ្ឋាភិបាល​ដែល​ស្រប​ច្បាប់​ យើង​មិន​អនុញ្ញាត​ឱ្យ​នោះ​ទេ ​ ហើយ​ការ​បង្ក្រាប​ឬ​ការ​ឃាត់​ខ្លួន​នេះ​ គ្រាន់​ជា​ទិសដៅ​នៃ​ការ​រក្សា​សណ្ដាប់​ធ្នាប់​ ស្ថិរភាព ​និង​សន្ដិភាព​តែ​ប៉ុណ្ណោះ​គឺ​យើង​មិនមាន​អីទៅ​រំលោភ​ដូច​ដែល​គេ​ថា​ទេ»។​

លោក ​ផៃ ស៊ីផាន ​មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ​ថា​ អ្នកណា​ជា​«អ្នក​នៅ​ពី​ក្រោយ»​ ឬ​ថា​«បរទេស»​នោះ​ជា​សាសន៍​ណា​នោះ​ទេ។​

ចុង​ក្រោយ​បំផុត​ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ​សមត្ថ​កិច្ច​ទើប​បាន​ចាប់​ខ្លួន​លោក​មួង សុភ័ក្ត្រ ​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​និង​បាន​បញ្ជូន​មក​សួរនាំ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ។​

រូបឯកសារ៖ តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​
រូបឯកសារ៖ តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​

លោក​ មួង សុភ័ក្ត្រ ​ជា​អ្នក​នៅ​ជួរ​មុខ​ការ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ​ ជា​បាតុកម្ម​ដែល​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្មជន​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួនឃុំ​ខ្លួន ​ និង​ចោទ​ប្រកាន់​កាលពី​អំឡុង​មួយ​ខែ​កន្លង​មក។​

លោក​មួង សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​និង​ជាបង​ប្រុស​បង្កើត​របស់​លោក​ មួង សុភ័ក្ត្រ​បាន​អះអាង​ពី​ភាព​គ្មាន​ទោស​កំហុស​របស់​ប្អូន​ប្រុស​របស់​លោក​ថា​ មិន​មាន​អ្វី​ទៅ​ពាក់ព័ន្ធ​នឹង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។​

«តែ​បើ​យើង​និយាយ​ទៅ​លើ​ក្រុម​មួយ​រយ​រាត្រី​និង​សមាគម​ខ្ញុំ​គឺ​យើង​អត់មាន​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ទេ។​ យើង​ធ្វើ​ការ​ទៅ​លើ​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​ច្បាប់​នៅ​ប្រទេស​កម្ពុជា ហើយ​កន្លង​មក​សកម្ម​ភាព​ពួក​យើង​ធ្វើ​នោះ ​ដោយសារ​តែ​យើង​អាណិត​អាសូរ​លើ​ប្រទេស​ជាតិ​របស់​យើង​ ហើយ​យើង​ឃើញ​ភាព​អយុត្តិធម៌​វា​ច្រើន​ ម្ល៉ោះ​ហើយ​គាត់​ចង់​សម្ដែង​មតិ​របស់​ពួក​គាត់»។​

លោក​មួង​ សូនី​បាន​បន្ថែម​ថា៖​«ប៉ុន្តែ​យើង​មិន​គួរ​ណា ​ អា​នយោបាយ​ លាភ​ពណ៌ ​ញុះញង់​ ចោទ​ប្រកាន់​វា​អាក្រក់​ណាស់​ក្នុង​សង្គម។ ​ វា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​ជាតិ​ អ្នក​ស្រឡាញ់​ប្រទេស​ជាតិ ​បាក់​ទឹក​ចិត្ត​អស់​សង្ឃឹម​ បាទ។​ ​អាហ្នឹង​វា​គ្រោះថ្នាក់​ណាស់ ​ ហើយ​យើង​ត្រូវ​កែ​ប្រែ​វា ។​ វា​គ្រោះ​ថ្នាក់​ណាស់ ​មិន​អាច​ឱ្យ​មាន​អា​ចរន្ត​សង្គម​បែក​បាក់​គ្នា​បាន​ទេ»។​

លោក មួង​ សូនី​បាន​និយាយ​បន្ត​ថា៖​ «ថ្វីដ្បិត​មាន​បទ​ចោទ​ថា​បង្កភាព​វឹកវរ​ក្នុង​សង្គម​ ដូច​មិន​យល់​ដែរ ​បង្ក​ការ​វឹកវរ​បែប​ណា​ទៅ​បង ?​ ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ​គ្មាន​អ្វី​ទាំង​អស់​មាន​តែ​ទង់ជាតិ​ ទៅ​ធ្វើ​ការ​តវ៉ា​ ដាក់​ញត្តិ ​ មាន​អាវុធ​អ្វី​មក​ពីណា?​មនុស្ស​ស្លូត​ត្រង់​ អាជ្ញាធរ​វាយ​តែ​រហូត ​រួច​ឱ្យ​វឹកវរ​អី​គាត់»។​

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​អ្វី​ដែល​អឺរ៉ុប​អាច​នឹង​ប្រកាន់​យក​ជា​ជំហាន​បន្ទាប់​ ក្នុង​ការ​ឆ្លើយឆ្លង​លើ​ការ​បន្ត​ធ្លាក់​ចុះ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ លោកស្រី ​Nabila Massrali ​អ្នក​នាំពាក្យ​គណៈ​កម្មការ​អឺរ៉ុប​បាន​ឆ្លើយ​ថា៖​

«ស្ថាប័ន​មុខងារ​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​របស់​អឺរ៉ុប ​និង​គណៈ​កម្មការ​អឺរ៉ុប​រក្សា​សិទ្ធិ​ក្នុង​ការ​ដាក់​ស្នើ​[វិធាន​ការ]​ផ្សេង​ទៀត​នានា ​បើ​សិន​ជា​ចាំ​បាច់»។​

លោក​ វង្សី វិស្សុត ​រដុ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ខែ​កក្កដា​ថា​ ​រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​របស់​សហភាព​អឺរ៉ុប​ទាំង​ស្រុង។​ លោក​បន្ត​ថា​ ការ​កាត់​ការ​អនុគ្រោះ​ពន្ធ​២០​ភាគ​រយ​នេះ​ប៉ះពាល់​កម្មករ​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រមាណ​៨០​ម៉ឺន​នាក់។​ លោក​រដ្ឋ​លេខាធិការ​រូប​នោះ​បញ្ជាក់​ថា​ ​មិន​មែន​កម្ពុជា​មិន​បារម្ភ​ទេ ​ ប៉ុន្តែ​មិន​មែន​បារម្ភ​ខ្លាំង​ពេក​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន្តែ​ទោះ​ជា​២០​ភាគ​រយ​ ៣០​ភាគរយ​ ៥០​ភាគរយ​១០០​ភាគ​រយ​ ឬ​ក៏​សូន្យ​ភាគ​រយ​យើង​បាន​ត្រៀម​ហើយ។ ​យើង​បាន​ត្រៀម​ហើយ»។​

យ៉ាងណា​ក៏​ដោយ​ លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទោះ​មាន​វិធានការ​ថ្មី​អ្វី​ពី​សហភាព​អឺរ៉ុប​ ​រដ្ឋាភិបាល​កម្ពុជា​ក៏​នៅ​រក្សា​សិទ្ធិ​ការពារ​«អធិបតេយ្យ»​នៃ​ការ​សម្រេច​ចិត្ត​ក្នុង​រង្វង់​ព្រំដែន​របស់​ខ្លួន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG