ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រតិកម្មនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត (Rhona Smith) ដោយជំរុញឲ្យលោកស្រីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌។
កាលពីថ្ងៃអង្គារ លោកស្រី រ៉ូណា ស្មីត ដែលបំពេញការងារជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាង៥ឆ្នាំមកហើយ នោះ បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការបន្តចាប់ខ្លួនសកម្មជនការពារបរិស្ថាន និងបុគ្គលមួយចំនួនទៀតនាពេលថ្មីៗនេះ។លោកស្រីលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសថា លោកស្រីមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះអំពីការចាប់ខ្លួនសកម្មជនបរិស្ថាន៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គម និងបុគ្គលមួយចំនួនទៀត រាប់ទាំងព្រះសង្ឃមួយអង្គ។
លោកស្រីបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ»។
ការបង្ហាញក្តីបារម្ភរបស់លោកស្រីនាំឲ្យរដ្ឋាភិបាលកម្ពុជាលើកឡើងថា លោកស្រីមិនបានគោរពតាមសៀវភៅណែនាំស្តីពីប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលចែងពីគោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទី សារៈសំខាន់នៃការប្រមូលព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញារដ្ឋាភិបាលបានការពារថា កម្ពុជាគោរព និងផ្តល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្តុំដោយសន្តិវិធីប៉ុន្តែបញ្ជាក់ថា វាត្រូវអនុវត្តទៅតាមច្បាប់។រដ្ឋាភិបាលបានលើកមាត្រា៣១នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលថា ការប្រើប្រាស់សិទ្ធិ និងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃឡើយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការអនុវត្តសិទ្ធិនិងសេរីភាព គឺត្រូវអនុលោមទៅតាមច្បាប់»។
រដ្ឋាភិបាលបន្តថា៖ «ជាការកត់សម្គាល់ អ្នករាយការណ៍ពិសេសពុំដែលបានសង្កត់ធ្ងន់ឲ្យបានគ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីត្រូវភ្ជាប់មកជាមួយនូវករណីកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ»។
រដ្ឋាភិបាលបញ្ជាក់បន្ថែមថា៖ «ការខកខានមិនបានបញ្ជាក់ឲ្យច្បាស់ដោយចេតនា មិនត្រឹមតែបង្កឲ្យសាធារណជនមានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឲ្យក្រុមខ្លះ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែបនេះសម្រាប់របៀបវារៈលាក់បាំងរបស់ពួកគេ»។
VOAមិនអាចសុំការឆ្លើយតបពីលោកស្រីរ៉ូណា ស្មីតបានទេនៅថ្ងៃពុធនេះ។
បើគិតពីដើមខែកញ្ញាមកត្រឹមថ្ងៃពុធនេះមនុស្សយ៉ាងតិច ៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ផងត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
អ្នកខ្លះត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ដោយសារការចូលរួមតវ៉ាទាមទាររកយុត្តិធម៌ដល់លោករ៉ុង ឈុន មេដឹកនាំសហជីពដែលត្រូវបានចាប់ខ្លួនកាលពីចុងខែកក្កដា ដោយសារការអត្ថាធិប្បាយរិះគន់បញ្ហាព្រំដែន។
មនុស្សមួយចំនួនទៀត ដែលរួមមានព្រះតេជគុណកើត សារ៉ាយ លោកថា ឡាវី កញ្ញា អេង ម៉ាឡៃ ហៅសូ មេត្តា និងលោក មាន ព្រហ្មមុនី ត្រូវឃាត់ខ្លួនចំពោះការព្យាយាមរៀបចំបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា។ ដោយឡែក កាលពីសប្តាហ៍មុន ក្រុមយុវជន៣នាក់នៃចលនាមាតាធម្មជាតិ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
ក្រុមសិទ្ធិមនុស្សបានរិះគន់ថាការចោទប្រកាន់ពីបទ«ញុះញង់» នេះត្រូវអាជ្ញាធរកម្ពុជាយកមកប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមប្រឆាំង។ សកម្មជនរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយចោលតាំងពីឆ្នាំ២០១៧ ត្រូវបានចោទប្រកាន់ខជាបន្តបន្ទាប់ការចោទប្រកាន់ពីបទ«ញុះញង់» នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកការឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ មានបទដ្ឋានសិទ្ធិមនុស្សជាសាកលទើបហ៊ានបង្ហាញក្តីព្រួយបារម្ភបែបនេះ ដូចការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកដែរ។
លោកមានប្រសាសន៍ថា៖ «ព្រោះប្រទេសដែលកាន់របបប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ក៏វាត្រូវគោរពនូវគោលការណ៍សិទ្ធិមនុស្សជាសាកលពីព្រោះការតែងច្បាប់មកគឺដើម្បីធានាសិទ្ធិសេរីភាព និងផ្តល់កិច្ចការពារសម្រាប់សង្គមក៏ដូចជាមនុស្សគ្រប់រូប»។
អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីនបានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា វាជារឿងធម្មតាដែលលោកស្រីរ៉ូណា ស្មីតលើកឡើងពីក្តីបារម្ភពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែលោកថា«របាយការណ៍និងព័ត៌មានទាំងនោះផ្តល់ដោយប្រភពនិងក្រុមដែលមាននិន្នាការនយោបាយ»។
លោកបន្តថា សាររបស់លោកស្រីមិនបានចោទប្រកាន់វិធានការច្បាប់របស់សមត្ថកិច្ចថា«ជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ»។
ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់កើតឡើងក្រោយមានការចាប់ខ្លួនមេដឹកនាំសហជីពលោក រ៉ុង ឈុន កាលពីចុងខែកក្កដា ដោយសារការអត្ថាធិប្បាយរិះគន់ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលលោកបានលើកឡើងពីក្តីកង្វល់របស់ពលរដ្ឋដែលលោកថា បានបាត់បង់ដី ដោយសារការបង្គោលព្រំដែន។
កាលពីសប្តាហ៍មុន នៅក្នុងកិច្ចប្រជុំមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ការថ្លែងរបស់លោករ៉ុង ឈុនជា«ការមួលបង្កាច់» មិនមែនសេរីភាពនៃការបញ្ចេញមតិនោះទេ។
លោកបន្តថា លោក រ៉ុង ឈុន គួរតែចោទសួរមកមន្រ្តីរដ្ឋាភិបាល មិនមែនជាការចោទប្រកាន់ថា បាត់ដីទៅប្រទេសវៀតណាមនោះទេ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «បើសិនជាពេលនោះ រ៉ុង ឈុន ចោទសួរមករដ្ឋាភិបាលទៅវិញថា ហេតុអីបោះបង្គោលអ៊ីចឹង? យើងគ្មានហេតុផលចាប់ខ្លួនរ៉ុង ឈុនទេ។មានតែរកវិធីពន្យល់រ៉ុង ឈុនហៅ រ៉ុង ឈុនមកគណៈកម្មាធិការព្រំដែនឲ្យរ៉ុង ឈុនមើល(ឯកសារ និងផែនទី)។ រ៉ុង ឈុន ឆ្ងល់ពីអី យើងពន្យល់រ៉ុង ឈុនពីអានោះ»។
ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក និយាយថា ការចាប់ខ្លួនយុវជនទៅឃុំខ្លួន នៅពេលថ្មីៗនេះ គឺជាការបន្តវាយប្រហាររបស់អាជ្ញាធរកម្ពុជាមកលើការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ដែលពួកគេថាអាចប្រឈមនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិ និងធ្វើឲ្យរដ្ឋាភិបាលខូចកេរ្តិ៍ឈ្មោះ៕