ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ជា​បន្ត​បន្ទាប់


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត​ (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ​និង​អន្តរ​ជាតិ​ រួម​មាន​ទាំង​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោកស្រី​ រ៉ូណា ស្មីត​(Rhona Smith) ​បាន​បង្ហាញ​ក្តី​បារម្ភ​ពាក់​ព័ន្ធនឹង​ការ​បន្ត​ចាប់​ខ្លួន​សកម្ម​ជន​ការពារ​បរិស្ថាន​ និង​បុគ្គល​មួយ​ចំនួន​ទៀត​នាពេល​ថ្មីៗ​នេះ។​

បើ​គិត​ពី​ដើម​ខែ​កញ្ញា​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ យ៉ាង​តិច​ក្រុម​យុវជន​៧​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោម​បទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​

ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ដែល​រួម​មាន​ព្រះ​តេជ​គុណ​កើត​ សារ៉ាយ​លោក​ថា ឡាវី​ កញ្ញា ​អេង ម៉ាឡៃ​ ហៅ​សូ មេត្តា​ និង​លោក ​មាន ​ព្រហ្មមុនី ​អនុ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ ត្រូវ​ឃាត់​ខ្លួន​ចំពោះ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ព្យាយាម​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៥ ​ខែ​កញ្ញា។ ​ ដោយ​ឡែក ​កាល​ពី​សប្តាហ៍​មុន ​ក្រុម​យុវជន​៣​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

លោក​ស្រី រ៉ូណា ស្មីត​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អ្នក​រាយ​ការណ៍​ពិសេស​ថា៖​ «ខ្ញុំ​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​បីរូប​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ​តាម​មាត្រា​៤៩៤​និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន»។​

លោក​ស្រី​បន្ថែម​ថា៖​ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ​ធានា​ថា​ សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​គោរព​ និង​ការពារ​ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំង​នេះ។​ ខ្ញុំ​សូម​ជំរុញ​ឲ្យ​បញ្ជូន​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ទៅ​តុលាការ ហើយ​ត្រូវ​គោរព​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ​របស់​ពួកគេ។ ​ ខ្ញុំ​កំពុង​តាម​ដាន​ព្រឹត្តិ​ការណ៍​ទាំង​នេះ​យ៉ាង​ដិត​ដល់​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)
លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)

ការ​ចោទ​ប្រកាន់​ពីបទ​«ញុះញង់» ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​ អាជ្ញាធរ​កម្ពុជា​យក​មក​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​ក្រុម​ប្រឆាំង។ ​សកម្ម​ជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នេះ។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និយាយ​ថា​ការ​ចាប់​ខ្លួន​យុវជន​ទៅ​ឃុំ​ខ្លួន​ នៅ​ពេល​ថ្មីៗ​នេះ​ គឺ​ជា​ការ​បន្ត​វាយ​ប្រហារ​របស់​អាជ្ញាធរ​កម្ពុជា​មក​លើ​ការ​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពល​រដ្ឋ​ ដែល​ពួក​គេ​ថា​ ​អាច​ប្រឈម​នឹង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខូច​កេរ្តិ៍​ឈ្មោះ។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ការ​ឃ្លាំ​មើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា៖​«បញ្ហា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នេះ​ វា​អត់​ចំណេញ​សម្រាប់​យើង​ពីព្រោះ​ យើង​មើល ​ទីមួយ​ដូច​ជា​ខាង​សហគមន៍​អឺរ៉ុប​ រាល់​បញ្ហា​EBA ​ដែល​គេ​កាត់​២០​ភាគរយ​ហ្នឹង​គេ​ទុក​ឱកាស​ដែរ​ សម្រាប់​កម្ពុជា​ក្នុង​ការ​ស្តារ​ឡើង​វិញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​បើ​សិន​ជា​មាន​ការ​កែ​លម្អ។​ប៉ុន្តែ​បញ្ហា​ដែល​កើត​ឡើង​នេះ​ គឺ​ធ្វើ​ឲ្យ​គេ​មាន​ការ​ចោទ​ប្រកាន់​ ហើយ​នឹង​មាន​ការ​កត់​សម្គាល់​ជា​បន្ត​ទៅ​ទៀត​ ដោយ​មិន​មាន​អ្វី​ដែល​ត្រូវ​បាន​កែប្រែ»។​

លោក​ឲ្យ​ដឹង​ថា​ លោក​មាន​ព្រហ្មមុនី​ អនុ​ប្រធាន​សមាគម​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ និង​ព្រះ​តេជគុណ​កើត​ សារ៉ាយ​ ដែល​ត្រូវ​បាន​មន្ត្រី​ធម្មការ​ចាប់​ផ្សឹក​នៅ​វត្ត​ស្ទឹងមានជ័យ​ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ច័ន្ទ។ ​ចំណែក​លោក​ ថា ឡាវី​ និង​កញ្ញា​អេង ម៉ាឡៃ ​ហៅ​សូមេត្តា​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។​

លោក​ ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​យល់​ថា​ ស្ថានភាព​ចុង​ក្រោយ​នេះ​ កំពុង​បង្កើត​បាន​ជា​វិបត្តិ​សិទ្ធិ​មនុស្ស​ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត។​

«ជាក់​ស្តែង​ខាង​សហភាព​អឺរ៉ុប​ គេ​បាន​ប្រើ​នូវ​ឥទ្ធិពល​របស់​គេ​ ធ្វើ​ការ​ដក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០​ភាគរយ​ហើយ​ ហើយ​យើង​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ។​បើ​សិន​ជា​កម្ពុជា​ នៅ​តែ​មាន​ស្ថានភាព​បែប​នេះ​ អាច​នឹង​មាន​សហគមន៍​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ ដែល​គេ​កំពុង​ឃ្លាំ​មើល​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ អាច​នឹង​មាន​វិធានការ​ផ្សេង​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​បាទ»។​

ក្រុមអ្នកតវ៉ាមក​ដល់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)
ក្រុមអ្នកតវ៉ាមក​ដល់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)

លោក​ Chad Roedemeier ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​តាម​សារ​អ៊ីម៉ែល​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​សហ​រដ្ឋ​អាមេរិក​ ជានិច្ចកាល​ផ្តល់​ការ​គាំទ្រ​សិទ្ធិ​សម្រាប់​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ហើយ​សហ​រដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​ព្យាយាម​ប្រើ​សិទ្ធិ​សេរី​ភាព​ទាំង​នេះ។​

ការ​អធិប្បាយ​របស់​មន្រ្តី​ស្ថានទូត​អាមេរិកធ្វើ​ឡើង​ បន្ទាប់​ពី​តំណាង​ក្រុម​យុវជន​ពីរ​នាក់​គឺ​កញ្ញា​សូ មេត្តា​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ និង​លោក​មួង សុភ័ក្ត្រ​នៃ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ ដោយ​បញ្ជាក់​ពី​ស្ថាន​ការណ៍​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​នានា​នៅ​ប្រទេស​កម្ពុជា។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​តាម​បណ្តាញ​សង្គម ​Twitter ​ថា​ ​ការ​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​វ័យ​ក្មេង​ និង​បុគ្គល​វ័យ​ក្មេង​មួយ​ចំនួន​ទៀត​ចំពោះ​ការ​ប្រើ​សិទ្ធិ​បញ្ចេញ​មតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។​

ស្ថានទូត​នេះ​បាន​អត្ថាធិប្បាយ​ថា៖ ​«កិច្ច​ការពារ​បរិស្ថាន​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ​ដូច្នេះ​គឺ​វា​ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ»។ ​

លោក​ Phil Robertson ​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ប្រចាំ​តំបន់​អាស៊ី ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​នេះ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​មិន​មាន​ការ​យោគយល់​ ចំពោះ​រាល់​គ្រប់​ទម្រង់​នៃ​ការ​រិះគន់។​

លោក​សរសេរ​តាម​សារ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា៖ ​«ការ​ចាប់​ខ្លួន​ទាំង​នេះ​ បង្ហាញ​នូវ​ការ​មិន​អត់​ឱន​ទាល់តែ​សោះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​គាត់​ចំពោះ​ការ​រិះគន់​គ្រប់​បែប​យ៉ាង»។​

លោក​បន្ថែម​ថា​ ក្រុម​សកម្ម​ជន​បាន​ងាក​ទៅ​រក​ការ​គាំទ្រ​ពី​ស្ថានទូត​បរទេស​ជា​ច្រើន​ ដើម្បី​ជួយ​ពួក​គេ​ ដោយសារ​តែ​ពួកគេ​គ្មាន​អ្វី​អាច​រំពឹង​បាន ​ដើម្បី​បន្ថយ​ការ​រំលោភ​បំពាន​សិទ្ធិ​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​រដ្ឋាភិបាល​ប្រឆាំង​នឹង​សមាជិក​គណបក្ស​នយោបាយ​ជំទាស់​និង​គ្រួសារ​របស់​ពួក​គេ។​

លោក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ ​«ប្រមុខ​ការទូត​នៃ​ប្រទេស​ប្រជា​ធិបតេយ្យ​នានា​នៅ​ប្រទេស​កម្ពុជា​ គួរ​តែ​និយាយ​ជា​សាធារណៈ ​និង​កំណត់​ឲ្យ​ច្បាស់ៗ​ថា​ការ​បន្ត​សហ​ប្រតិបត្តិការ​នយោបាយ​ និង​អភិវឌ្ឍ​ជាមួយ​កម្ពុជា​ គឺ​អាស្រ័យ​លើ​ការ​បញ្ចប់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​សកម្មជន​នយោបាយ​ បរិស្ថាន​និង​សិទ្ធិ​មនុស្ស»។​

លោក​ឧត្តម​សេនីយ៍​ឯក​ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​វីអូអេ​ថា​ក្រុម​សិទ្ធិ​មនុស្ស​ មើល​មិន​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ប្រទេស​ទេ។​

«មិន​ដឹង​ថា ធ្វើ​ម៉េច​ត្រូវ​ទេ។​ទស្សនៈ​របស់​គាត់ គាត់​ត្រូវ​តែ​ចោទ​ហ្នឹង​ប៉ុន្តែ​រឿង​រដ្ឋាភិបាល​ រឿង​ពួក​ខ្ញុំ​នេះ​ ធ្វើ​ដើម្បី​សន្តិសុខ​ សុវត្ថិភាព​សង្គម​តែ​ប៉ុណ្ណឹង​បាទ»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​សម្តែង​ក្តី​កង្វល់​របស់​លោក​ស្រី រ៉ូណា ស្មីត​វិញ​ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប.​ គ្រាន់​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​រាយ​ការណ៍​ផ្សេងៗ​ដែល​លោក​ស្រី​ទទួល​បាន។​លោក​បន្ថែម​ថា អ្នក​ជំនាញ​រូបនេះ​ ក៏​មិន​បាន​បង្ហាញ​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ផង​ដែរ។​

«គាត់​លើក​ទឹកចិត្ត​ឲ្យ​សមត្ថ​កិច្ច​ អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់​ទៅ​តាម​នីតិវិធី​តុលាការ​ដែល​មាន​ជាធរមាន​ អ៊ីចឹង​នេះ​ជា​អ្វី​ដែល​សមត្ថកិច្ច​កំពុង​អនុវត្តហើយ​ដែល​គេ​តែង​តែ​ធ្វើ​នៅ​ក្នុង​គ្រប់​បណ្តា​សង្គម​ប្រជា​ធិបតេយ្យ​នីតិរដ្ឋ​ បាន​ន័យ​ថា​ អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់»។ ​

យ៉ាង​ណា​ក៏​ដោយ​ លោកស្រី Mary Lawlor ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ឃ្លាំ​មើល​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លើក​ឡើង​នៅ​តាម​បណ្តាញ​សង្គម​ Twitter​ថា​ លោក​ស្រី​បាន​ទទួល​របាយ​ការណ៍​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាច្រើន​ពី​ប្រទេស​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន។​ លោក​ស្រី​អធិប្បាយ​ថា៖ ​«ការ​តវ៉ា​ដោយ​សន្តិវិធី​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ទេ»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG