ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​ស្នើសុំ​អន្តរាគមន៍​ពី​អាមេរិក​ជួយ​ដោះលែង​សកម្មជន​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់ខ្លួន


រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​ទាមទាររក​យុត្តិធម៌​ឲ្យ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ មិន​ឲ្យ​ដើរហែរក្បួន​ចេញ​ពី​តំបន់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​ទាមទាររក​យុត្តិធម៌​ឲ្យ​មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន​ ត្រូវបាន​រារាំង​ដោយ​កងកម្លាំង​សន្តិសុខ​ចម្រុះ​ មិន​ឲ្យ​ដើរហែរក្បួន​ចេញ​ពី​តំបន់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

លោក ទូច វិបុល ដែល​បាន​ចុះ​ហត្ថលេខា​លើ​សារលិខិត​ទាំងបី ដែល​ផ្ញើជូន​មន្ត្រី​ស្ថាប័ន​អាមេរិក​កំពូល​ចំនួន​បីរូប​នោះ បាន​បញ្ជាក់​ថា ការចាប់ខ្លួន​ទាំងនេះ មិន​ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ចែងពីសិទ្ធិ​នយោបាយ សេរីភាព​បញ្ចេញ​មតិ និង​សេចក្តី​ថ្លែងការណ៍​អំពី​សិទ្ធិមនុស្ស​ជា​សកល​នោះទេ។

នៅក្នុង​លិខិត​ដាច់ដោយ​ឡែកពី​គ្នា​ចំនួន​៣ច្បាប់​ ផ្ញើជូន​មន្ត្រី​ស្ថាប័ន​អាមេរិក​កំពូល​ចំនួន​បីរូប​ សកម្មជន​ក្រៅប្រទេស​ដែលមាន​ឈ្មោះថា ​«ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​» ​ស្នើសុំ​ឲ្យមាន​តួនាទី​សម្រប​សម្រួល​ពីសហរដ្ឋ​អាមរិក ដើម្បី​ដោះលែង​សកម្មជន​យ៉ាងតិច​៧នាក់​ ដែលត្រូវបានចាប់ខ្លួន​ថ្មីៗ​ទាក់ទង​នឹង​បទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។

ចាប់​ពី​ដើម​ខែ​កញ្ញា​មក​ត្រឹម​ថ្ងៃ​ពុធ​ មាន​មនុស្ស​យ៉ាង​តិច ៧​នាក់​ ក្នុង​នោះ​មាន​ព្រះ​សង្ឃ​មួយ​អង្គ ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​ ហើយអ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ ដោយសារ​ការ​ចូល​រួម​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ដល់​លោក ​រ៉ុង ឈុន ​មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ​ដោយសារ​ការ​អត្ថាធិប្បាយ​រិះគន់​បញ្ហា​ព្រំដែន។​

មនុស្ស​មួយ​ចំនួន​ទៀត ដែល​រួម​មាន​ព្រះ​តេជ​គុណ ​កើត សារ៉ាយ​ លោក ​ថា ឡាវី​ កញ្ញា ​អេង ម៉ាឡៃ​ ហៅសូ មេត្តា​ និង​លោក ​មាន ព្រហ្មមុនី ​ត្រូវបាន​ឃាត់​ខ្លួន​ចំពោះ​ការ​ព្យាយាម​រៀបចំ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃទី​១៥ ​ខែ​កញ្ញា។ ​ដោយ​ឡែក ​កាល​ពី​សប្តាហ៍​មុន ​ក្រុម​យុវជន​៣​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​ ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

លោក ​ទូច វិបុល​ ប្រធាន​ប្រតិបត្តិ ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​បាន​ចុះ​ហត្ថលេខា​នៅក្នុង​សារលិខិត​ទាំងបី ​ទៅកាន់​លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក​ និង​លោក ​Linsey Graham ​សមាជិក​ព្រឹទ្ធ​សភា​ ហើយនឹង​លោក ​Alan Lowenthal ​សមាជិក​សភា ​បាន​បញ្ជាក់​ថា​ ការ​ចាប់ខ្លួន​ទាំងនេះ​មិន​ស្របតាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែលចែង​ពី​សិទ្ធិ​នយោបាយ​ និង​សេរីភាព​បញ្ចេញ​មតិ ​ហើយនឹង​សេចក្តី​ថ្លែងការណ៍​អំពីសិទ្ធិមនុស្ស​ជា​សកល​នោះទេ។​ លោក​បាន​ស្នើដល់​ឥស្សរជន​ទាំងបី​ដាច់​ដោយ​ឡែកពី​គ្នា​នៅ​ក្នុងលិខិត​ដូចគ្នា​ដោយ​ដូរ​តែ​ឈ្មោះ​នោះថា​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​មើល​ឃើញ​សហរដ្ឋ​អាមេរិក ​គឺជាអ្នកជួយ​រំដោះ​ឲ្យកម្ពុជា​មាន​សេរីភាព ​និងថា​ សហរដ្ឋ​អាមរិក​មាន​តួនាទី​ដ៏សំខាន់​បំផុត​ក្នុងការជួយ​កម្ពុជា។

«យើង​ស្នើសុំ​ដល់​សហរដ្ឋ​អាមេរិក​ឲ្យធ្វើ​ជា​អាជ្ញា​កណ្តាល​ដើម្បី​ឲ្យរាជ​រដ្ឋាភិបា​កម្ពុជា​ដោះលែងសកម្មជន​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ​រួមមាន​ព្រះតេជគុណ ​កើត សារ៉ាយ​ ​លោក ​មាន ព្រហ្មមុនី លោក​ថា ឡាវី​ កញ្ញា ​អេង ម៉ាឡៃ​ ហៅ​សូ មេត្តា​ លោក រ៉ុង ឈុន​ អ្នកស្រី ​ជឿន ដារ៉ាវី ​លោក ហ៊ុន វណ្ណ: ​កញ្ញា ​ស កន្និកា ​លោក ​សួង សោភណ្ឌ ​លោក​ ធុន រដ្ឋា ​កញ្ញា​ ភន កែវរស្មី ​កញ្ញា​ ឡុង គន្ធា​ និង​សកម្មជន​ដទៃ​ទៀត»។

នៅក្នុង​សារ​លិខិត​ដែល​រៀបរាប់​លម្អិត​ពី​សកម្មភាព​ចាប់ខ្លួន​សកម្មជន​ក្នុង​ប្រទេស​កម្ពុជាចុង​ក្រោយដដែល​នោះ ​លោក​ ទូច វិបុល ​បាន​បន្ថែម​ការ​ស្នើសុំ​ឲ្យ​សហរដ្ឋ​អាមេរិក​នាំមុខ​គេដើម្បី​ផ្តួចផ្តើម​ការ​បង្កើត​ក្រុម​ទំនាក់​ទំនង​កម្ពុជា​ ដែលមាន​សមាជិក​ភា គី​ហត្ថលេខី​នៃ​សន្ធិសញ្ញាសន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​រួមមាន ​សហរដ្ឋ​អាមរិក ​ជប៉ុន​ ឥណ្ឌូនេស៊ី ​អូស្ត្រាលី​ បារាំង​ អង់គ្លេស ហើយ​នឹង​ដៃគូ​ដ៏មាន​សក្តានុពល​ គឺ​អាល្លឺម៉ង់ ​និង​ស៊ុយអែត ​ដើម្បី​ជួយ​ការពារ​សិទ្ធិ​មនុស្ស សេរីភាព​បញ្ចេញ​មតិ ​សេរីភាព​ការបញ្ចេញ​ទស្សន: ​សេរីភាព​នៃការ​ផ្សព្វផ្សាយ ​ហើយនឹង​ជំរុញដល់​ការកែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ។ ​លោកបាន​បញ្ជាក់​ប្រាប់ ​VOA ​បន្ថែម​ថា៖​

«ក្តីសង្ឃឹម​របស់​យើង​ គឺយើង​ចង់ឃើញ​សហរដ្ឋ​អាមេរិក​ឲ្យមាន​ទំនាក់ទំនង​ឲ្យកាន់​តែច្រើន​ជាងមុនក្នុង​ការ​ជម្រុញ​ឲ្យកម្ពុជា​គោរព​ដើរតាម​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​លើក​កម្ពស់សេរីភាព​នៃការបញ្ចេញមតិ​និង​ធ្វើ​យ៉ាងណា​ធ្វើឲ្យមាន​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា»។

គេពុំទាន់ឃើញ​មានការ​ឆ្លើយតប​ពីក្រុមឥស្សរជន​អាមេរិក​នៅឡើយទេ​ចំពោះ​រឿង​រ៉ាវ​ចាប់​សកម្មជន​ចុង​ក្រោយ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​លោកស្រី រី​រ៉ូណា ស្មីត ​ដែល​បំពេញ​ការងារ​ជា​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាង​៥​ឆ្នាំ​មក​ហើយ ​នោះ​ បាន​បង្ហាញ​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បន្ត​ចាប់​ខ្លួន​សកម្ម​ជន​ការពារ​បរិស្ថាន​ និង​បុគ្គល​មួយ​ចំនួន​ទៀត​នា​ពេល​ថ្មីៗ​នេះ។ ​លោកស្រី​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​រាយ​ការណ៍​ពិសេស​ថា​ លោកស្រី​មាន​កង្វល់​ចំពោះ​របាយ​ការណ៍​ថ្មីៗ​នេះ​ អំពី​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​៣​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បង្កើត​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ និង​បុគ្គល​មួយ​ចំនួន​ទៀត ​រាប់​ទាំង​ព្រះ​សង្ឃ​មួយ​អង្គ។​

លោក​ស្រី​បន្ថែម​ថា៖​ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ​ធានា​ថា​សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​គោរព​ និង​ការពារ​ ហើយ​បង្កើត​បរិយាកាស​មួយ​ដែល​បុគ្គល​ម្នាក់ៗ​អាច​អនុវត្ត​សិទ្ធិ​ទាំង​នេះ»។​

តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា​ លោកស្រី​មិន​បាន​គោរព​តាម​សៀវភៅ​ណែនាំ​ស្តីពី​ប្រតិបត្តិ​ការ​របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ដែល​ចែង​ពី​គោល​ការណ៍​ទូទៅ​សម្រាប់​ការ​អនុវត្ត​តួនាទី​ សារៈ​សំខាន់​នៃ​ការ​ប្រមូល​ព័ត៌មាន​ដែល​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​ជាមួយ​គ្រប់​ប្រភព ​និង​នីតិវិធី​សម្រាប់​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ​រដ្ឋាភិបាល​បាន​ការពារ​ថា​ កម្ពុជា​គោរព ​និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ ​បង្កើត​សមាគម ​និង​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ​ប៉ុន្តែ​បញ្ជាក់​ថា​ វា​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់។ ​រដ្ឋាភិបាល​បាន​លើក​មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ថា​ ការ​ប្រើ​ប្រាស់​សិទ្ធិ​ និង​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់ ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ ​និង​សេរីភាព​របស់​អ្នក​ដទៃ​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ ​«ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព ​គឺ​ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់»។​

សេចក្តី​ថ្លែង​ការណ៍​រដ្ឋាភិបាល​បន្ត​ថា៖​ «ជា​ការ​កត់​សម្គាល់ ​ អ្នក​រាយ​ការណ៍​ពិសេស​ពុំ​ដែល​បាន​សង្កត់​ធ្ងន់​ឲ្យ​បាន​គ្រប់​គ្រាន់​ទាល់​តែ​សោះ​ថា​ ការ​អនុវត្ត​សេរីភាព​បញ្ចេញ​មតិ ​បង្កើត​សមាគម ​និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ករណី​កិច្ច ការ​ទទួល​ខុស​ត្រូវ​ពិសេស ​និង​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ​ដូច​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​សាកល​ស្តីពី​សិទ្ធិ​មនុស្ស ​និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ»។​

រដ្ឋាភិបាល​បញ្ជាក់​បន្ថែម​ថា៖​ «ការ​ខក​ខាន​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ដោយ​ចេតនា ​ មិន​ត្រឹម​តែ​បង្ក​ឲ្យ​សាធារណ​ជន​មាន​ការ​ភ័ន្ត​ច្រឡំ​ប៉ុណ្ណោះ​ទេ ​គឺ​ថែម​ទាំង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ក្រុម​ខ្លះ ​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កេង​ចំណេញ​ពី​ស្ថាន​ភាព​បែប​នេះ​សម្រាប់​របៀប​វារៈ​លាក់​បាំង​របស់​ពួក​គេ»។

លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់ ​VOA​ថា​ ក្រុម​សិទ្ធិ​មនុស្ស​ មើល​មិន​ឃើញ​ពី​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​កិច្ច​ការពារ​សន្តិសុខ​ប្រទេស​ទេ។​

«មិន​ដឹង​ថា ធ្វើ​ម៉េច​ត្រូវ​ទេ។​ទស្សនៈ​របស់​គាត់ គាត់​ត្រូវ​តែ​ចោទ​ហ្នឹង​ប៉ុន្តែ​រឿង​រដ្ឋាភិបាល​ រឿង​ពួក​ខ្ញុំ​នេះ​ ធ្វើ​ដើម្បី​សន្តិសុខ​ សុវត្ថិភាព​សង្គម​តែ​ប៉ុណ្ណឹង​បាទ»។

ឆ្លើយ​តប​ទៅ​នឹង​ការ​សម្តែង​ក្តី​កង្វល់​របស់​លោក​ស្រី រ៉ូណា ស្មីត​វិញ​ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប.​ គ្រាន់​តែ​មាន​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​រាយ​ការណ៍​ផ្សេងៗ​ ដែល​លោក​ស្រី​ទទួល​បាន។​លោក​បន្ថែម​ថា អ្នក​ជំនាញ​រូបនេះ​ ក៏​មិន​បាន​បង្ហាញ​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ផង​ដែរ។​

«គាត់​លើក​ទឹកចិត្ត​ឲ្យ​សមត្ថ​កិច្ច​ អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់​ទៅ​តាម​នីតិវិធី​តុលាការ​ដែល​មាន​ជាធរមាន​ អ៊ីចឹង​នេះ​ជា​អ្វី​ដែល​សមត្ថកិច្ច​កំពុង​អនុវត្តហើយ​ ដែល​គេ​តែង​តែ​ធ្វើ​នៅ​ក្នុង​គ្រប់​បណ្តា​សង្គម​ប្រជា​ធិបតេយ្យ​នីតិរដ្ឋ​ បាន​ន័យ​ថា​ អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់»។ ​

លោក​ Phil Robertson ​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​នេះ​ បញ្ជាក់​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​មិន​មាន​ការ​យោគយល់​ ចំពោះ​រាល់​គ្រប់​ទម្រង់​នៃ​ការ​រិះគន់។​

លោក​សរសេរ​តាម​សារ​អ៊ីម៉ែល​ក្នុង​ន័យ​ដើម​ថា៖

​«ការ​ចាប់​ខ្លួន​ទាំង​នេះ​ បង្ហាញ​នូវ​ការ​មិន​អត់​ឱន​ទាល់តែ​សោះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ និង​រដ្ឋាភិបាល​របស់​គាត់​ចំពោះ​ការ​រិះគន់​គ្រប់​បែប​យ៉ាង»។

ទោះជា​យ៉ាងណា​ក្តី ​នៅក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​គម្រប់​៣០ឆ្នាំ ​ថ្ងៃបង្កើត​វរសេនា​តូច​លេខ​២៤៦​ និង​ខួប​គម្រប់​១១ឆ្នាំ​ នៃថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស ​នៅខេត្ត​កណ្តាល​កាលពី​ថ្ងៃពុធ លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ​មេបញ្ជាការ​កងទ័ព​ជើងគោក​ និងជា​អគ្គ​មេបញ្ជាការ​រងនៃ​កង​យុទ្ធពល​ខេមរភូមិន្ទ ​បាន​ថ្លែងពី​ការ​ប្តេជ្ញា​របស់​កងទ័ព​ក្នុងការ​ការពារ​សុខ​សន្តិភាព​។ តែ​បានស្តីបន្ទោស​ដល់​ក្រុម​ជំទាស់​ខ្លះ ​និង​សកម្មភាព​សង្គម​ស៊ីវិល​ខ្លះក្នុង​ប្រទេស ​ដែល​លោកថា កំពុងព្យាយាម​ធ្វើ​ហួស​កម្រិត​ព្រំដែន​នៃ​ប្រជាធិបតេយ្យ ​ហើយ​ក្លាយ​ជារឿង​អាណាធិបតយ្យ​ និង​បំផ្លាញ​ប្រជាធិបតេយ្យ។

លោក​ ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ថា៖

«ពាក្យថា​ប្រជាធិបតេយ្យ​មួយ​វាធំ​ទូលំ​ទូលាយ​ណាស់​ ប៉ុន្តែ​ជា​គោល​មួយ​នៅគ្រប់​ប្រទេស​ទាំង​អស់​ វាត្រូវ​ផ្អែកទៅ​លើ​ច្បាប់​ ផ្អែកទៅ​លើនីតិរដ្ឋ។​ បើ​ប្រជាធិបតេយ្យ​គ្មាន​ច្បាប់​ បានន័យ​ថា វាអាណាធិប​តេយ្យ»។

ប្រទេស​កម្ពុជា ​កំពុង​រងការ​រិះគន់​ពី​ប្រទេស​លោក​ខាងលិច​មួយចំនួន​ក្រោយ​តុលាការ​កំពូលរំលាយ​គណបក្ស​សង្គ្រោះជាតិ ​មុនការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ​ហើយនឹង​ដកសិទ្ធិនយោបាយ​ពីមន្ត្រី​ចំនួន​១១៨នាក់​ ដែល​ជា​លទ្ធផល​មាន​ការ​ព្យួរ​ពន្ធអនុគ្រោះ​លើមុខ​ទំនិញ​ខ្លះ ក្នុង​ចំណោម​មុខ​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ​និងសមាជិក​សភាសហរដ្ឋ​អាមេរិក ​បានធ្វើ​សេចក្តី​ស្នើច្បាប់​ដើម្បី​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​រឹតត្បិត​មន្ត្រីមួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹងការ​ដែល​ក្រុម​សមាជិក​សភា​ទាំងនោះ​ចោទ​ប្រកាន់​ថា ​បាន​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ ​និងការ​គោរព​សិទ្ធិមនុស្ស​នៅកម្ពុជា​ទៅតាម​ការ​ស្នើសុំ​របស់​ក្រុម​ជំទាស់​និងអង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG