ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ម្នាក់​ត្រូវ​ចាប់​ខ្លួន ​ខណៈ​អាជ្ញាធរ​បំបែក​ការ​ប្រមូល​ផ្តុំ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ


លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​
លោក មួង​ សុភ័ក្ត្រ តំណាង​អ្នកតវ៉ា​មួយរូប​ ពាក់អាវយឺត​ពណ៌​ក្រហម​ ប្រឈម​នឹង​ប្រជាការពារ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​​ក្នុងខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​

យុវជន​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ​គឺ​លោក ​ថា ឡាវី ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​លោក​ធ្វើ​ដំណើរ​មក​ចូល​រួម​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ ដែល​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​អាជ្ញាធរ​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា។​

ការ​ប្រមូល​ផ្តុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​ មិន​អនុញ្ញាត​ ដោយ​សារ​ក្រុម​សន្តិសុខ​ខណ្ឌ​អះអាង​ថា ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ​ដែល​មិន​បាន​យល់​ព្រម​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​យុវជន​ក្នុង​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​

បន្ទាប់​ពី​ការ​បដិសេធ​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ មិន​ឲ្យ​ប្រមូល​ផ្តុំ​សម្តែង​មតិ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នោះក្រុម​អ្នក​តវ៉ា​ជាង​៤០​នាក់​ ដែល​មាន​ទាំង​យុវជន កុមារ​ និង​មនុស្ស​វ័យ​ចំណាស់​ផង​នោះ​បាន​នាំ​គ្នា​ដើរ​ដោយ​ថ្មើរ​ជើង​ពី​ទីលាន​ប្រជា​ធិបតេយ្យ​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ ទី​ដែល​តំណាង​អ្នក​តវ៉ា​ពីរ​នាក់​បាន​យក​ញត្តិ​មួយ​ដាក់​ជូន​មន្ត្រី​ស្ថានទូត។​

កញ្ញា ​សូ មេត្តា​ អាយុ​៣១​ឆ្នាំ ​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ ប្រាប់​វីអូអេ​ថា កញ្ញា​មិន​ទាន់​ដឹង​ថា​ កម្លាំង​សន្តិសុខ​បាន​នាំ​ខ្លួន​លោក​ថា ឡាវី​ ទៅ​កាន់​ទីណា​នោះ​ទេ​ខណៈ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ចំ​ពេល​អ្នក​តវ៉ា​ឯ​ទៀត​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទីលាន​ប្រជា​ធិបេតយ្យ។​

«ឡាវី​គេ​បាន​ចាប់​តាំង​ពី​ព្រឹកមិញ​ម្ល៉េះ​បង។ តាំង​ពី​ម៉ោង​ប្រាំពីរ ​ប្រាំបី​ម្ល៉េះ​ អីចឹង​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​គេ​ចាប់​គាត់​ហ្នឹង​យក​ទៅ​ដាក់​ទីណា​ទេ​ ដោយ​សារ​ពួក​ខ្ញុំ​ហ្នឹង​ ឆ្ពោះ​មក​ទីលាន​ប្រជា​ធិបតេយ្យ»។​

តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​
តំណាង​អ្នកតវ៉ា​លោក មួង​ សុភ័ក្ត្រ (នៅ​ខាង​ឆ្វេង​ដៃ)​ និង​តំណាង​អ្នកតវ៉ា​ម្នាក់​ទៀត​ គឺ​កញ្ញា​ សូ​ មេត្តា​ អង្គុយ​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី​/វីអូអេ)​ ​

យុវតី​ដែល​ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​រូប​នេះ​ និយាយ​ថា ​ការ​សម្រេច​មក​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​នេះ​មាន​បំណង​ចង់​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​ បាន​ដឹង​អំពី​ស្ថាន​ភាព​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា​ដែល​កញ្ញា​ថា ​សិទ្ធិ​របស់​ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​គាប​សង្កត់​កាន់​តែខ្លាំង​ឡើង។​

«យើង​បាន​រៀបរាប់​ពីទុក្ខ​កង្វល់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ ការ​រំលោភ​បំពាន​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ការ​បំបិទ​សិទ្ធិ​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​សម្តែង​មតិ​ ការ​ចាប់​ចង​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ថ្មីៗ​នេះ​ គេ​ចាប់​ក្រុម​យុវជន​ជា​បន្ត​បន្ទាប់»។​

បើ​តាម​ការ​បញ្ជាក់​ពី​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ​ជា​ច្រើន​នាក់​ទៀតមាន​យុវជន​មួយ​រូប​ឈ្មោះ​លោក​ មាន​ ព្រហ្មមុនី​ ជា​អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ ត្រូវ​បាន​ឃាត់​ខ្លួនកាលពី​ថ្ងៃ​អាទិត្យ​ តាម​បទ​ចោទ​«ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ លោក ​មាន ព្រហ្មមុនី​គឺ​ស្ថិត​ក្នុង​ចំណោម​តំណាង​ក្រុម​អ្នក​តវ៉ា​៣​នាក់​ដែល​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។​ តំណាង​អ្នក​តវ៉ា​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក​ថា ឡាវី​ និង​កញ្ញា​អេង ម៉ាឡៃ។​

ដោយ​ឡែក​ ព្រះ​តេជគុណ ​កើត សារ៉ាយ​ ស្ថាបនិក​ក្រុម​ខ្មែរ​ថាវរៈ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ និង​មន្ត្រី​សង្ឃ​ឃាត់​ព្រះ​កាយ​នៅ​ពេល​ដំណាល​គ្នា​ជាមួយ​លោក​មាន ព្រហ្មមុនី។​

នៅ​ក្នុង​ការ​ប្រឈម​មុខ​គ្នា​របស់​ក្រុម​អ្នក​តវ៉ា​និង​អាជ្ញាធរ​ ដែល​រួម​មាន​ក្រុម​ប្រជា​ការពារ​ និង​កម្លាំង​សនិ្តសុខ​ចម្រុះ​ជា​ច្រើន​នាក់​ទៀត​ នៅ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សី​កែវ​នោះតំណាង​ក្រុម​អ្នក​តវ៉ា​មួយ​រូប​ គឺ​លោក​ មួង សុភ័ក្ត្រ​ បាន​ព្យាយាម​សុំការ​អនុញ្ញាត​ពី​កង​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ ដើម្បី​បាន​ចូល​ទៅ​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​ប៉ុន្តែ​តំណាង​អាជ្ញាធរ​មួយ​រូប​បាន​ប្រកែក​ជា​ច្រើន​ដង​ ដោយ​ថា​ក្រុម​អ្នក​តវ៉ា​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ​និង​ស្នើ​ឲ្យ​អ្នក​តវ៉ា​ទៅ​សុំ​ការ​អនុញ្ញាត​ពី​សាលា​ខណ្ឌ​ឫស្សីកែវ។​

លោក​ មួង​ សុភ័ក្រ្ត ​និយាយ​ថា​ លោក​ទទួល​យក​មិន​បាន​ទេ​នៅ​ពេល​ដែល​អាជ្ញាធរ​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នោះ។​

«ទទួល​យក​អត់​បាន​ទេ ​ព្រោះ​គាត់​យោង​ច្បាប់​ ​យោង​អត់​អស់​ហើយ​ គាត់​មិន​អនុវត្ត​ទៅ​តាម​សិទ្ធិ​កតិកា​សិទ្ធិ​មនុស្ស ​ទីក្រុង​ប៉ារីស»។​

ក្រុមអ្នកតវ៉ា​ដើរ​ដោយថ្មើ​រជើង​ពី​តំបន់​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​ខណ្ឌឬស្សី​កែវ​ មកកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ ក្នុង​ខណ្ឌដូនពេញ​ ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​
ក្រុមអ្នកតវ៉ា​ដើរ​ដោយថ្មើ​រជើង​ពី​តំបន់​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​ខណ្ឌឬស្សី​កែវ​ មកកាន់​ស្ថានទូត​សហរដ្ឋអាមេរិក​ ក្នុង​ខណ្ឌដូនពេញ​ ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

ទាំង​លោក ​សាន សុខសីហា ​អ្នក​នាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក ​ជា ពិសី​ អភិបាល​ខណ្ឌ​ឫស្សីកែវ​ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ជុំវិញ​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​តវ៉ា​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ទេ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅសាលា​រាជធានី​ភ្នំពេញ។​

យ៉ាងណា​ក៏ដោយ​លោក​ សាន សុខសីហា​ មាន​ប្រសាសន៍​ថា​រហូត​មក​ដល់​នេះ​ពេល​ លោក​មិន​ទាន់​មាន​ព័ត៌មាន​ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក ​ថា ឡាវី ​និង​ការ​បាត់​ព្រះ​កាយ​ព្រះតេជ​គុណ ​កើត​ សារ៉ាយ​ទេ។​

«ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ​បង​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​លើ​ករណី​ហ្នឹង​ទេ។​ ខ្ញុំ​បាន​...​មាន​តែ​ករណី​មួយ​កាល​ពីម្សិល​មិញ​ហ្នឹង​គឺ​ម្សិល​មិញ[​ពេល]​ ថ្ងៃ​ហ្នឹង​គឺ​លោក​ មាន​ ព្រហ្មមុនី​ ហ្នឹង​ មាន​មួយ​ករណី​ហ្នឹង​ តាម​ដីកា​តុលាការ។​ ក្រោយ​មក​ទៀត​ ព័ត៌មាន​ផ្សេង​ទៀត​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ»។​

លោក​ អ៊ី រិន ​អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ ប្រាប់​VOA​នៅ​រសៀល​ថ្ងៃ​ច័ន្ទនេះ​ថា ​លោក​មាន​ ព្រហ្មមុនី​កំពុង​ត្រូវ​បាន​សួរ​នាំ​នៅ​តុលាការ។​

លោក ​អំ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​ ថា ឡាវី ​ពេល​នេះ​ កំពុង​ស្ថិត​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ ដើម្បី​សួរនាំ​ ហើយ​ព្រះ​អង្គ​កើត សារ៉ាយ​ នៅ​ពេល​នេះ​កំពុង​គង់​នៅ​វត្ត​ស្ទឹង​មានជ័យ។​

លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​តើ​ព្រះអង្គ ​កើត សារ៉ាយ ​ពេល​នេះ​ កំពុង​ប្រឈម​នឹង​ចំណាត់ការ​បែប​ណា​តាម​វិន័យ​សង្ឃ​នោះ​ទេ។ ​យ៉ាងណា​ក៏ដោយ​ លោក ​អំ សំអាត​ និយាយ​ថា ការ​រារាំង​មិន​ឲ្យ​សម្តែង​មតិ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នោះ​ចោទ​ជា​សំណួរ​អំពី​ការ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ ​ពី​ព្រោះ​ពួក​គេ​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ។​

«នៅ​ពេល​ដែល​ជូន​ដំណឹង​ហើយ​ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទៀត​ តើ​ហេតុផល​អី​ទៅ​ទៀត?​អាហ្នឹង​គឺ​យើង​នៅ​តែ​ឆ្ងល់​ថា ​តើ​ហេតុផល​អី?»

ក្រុមអ្នកតវ៉ាមក​ដល់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)
ក្រុមអ្នកតវ៉ាមក​ដល់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/វីអូអេ)

សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ទៅ​ក្រុម​អ្នក​តវ៉ា​តាម​លិខិត​មួយ​ចុះ​ថ្ងៃទី​២​ ខែ​កញ្ញា​ថា​ ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ដោយ​សារ​តំណាង​ក្រុម​អ្នក​តវ៉ា​មិន​បញ្ជាក់​អំពី​សមាសភាព​ និង​ចំនួន​អ្នក​ចូល​រួម​ឲ្យ​បាន​ជាក់​លាក់ ​ដែល​«អាច​ជា​ដើមហេតុ​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ណាមួយ ​ឬ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធា្នប់​សាធារណៈ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ម៉េត​ មាសភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ។​

លោក​ Chad Roedemeier ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ស្ថានទូត​បាន​ឃើញ​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា​ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រួល​ឲ្យ​មាន​ការ​ជជែក​គ្នា​ដោយ​ចំហ​រវាង​ភាគី​ពាក់​ព័ន្ធ។​

លោក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖ ​«សហ​រដ្ឋ​អាមេរិក​តែង​តែ​គាំទ្រ​សិទ្ធិ​សម្រាប់​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ ហើយ​សហ​រដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា​ ដែល​កំពុង​ព្យាយាម​ប្រើ​សិទ្ធិ​សេរី​ភាព​ទាំង​នេះ»។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ មាន​ប្រសាសន៍​ថាការ​កៀរ​គរ​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​មិន​មាន​ប្រយោជន៍​តាម​ច្បាប់​ សម្រាប់​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់ឃុំ​នោះ​ទេ។​

«ការ​ដាក់​ញត្តិ​អីហ្នឹង​ គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ​ ក៏​ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ហើយ​ ជា​ទិដ្ឋភាព​ផ្លូវ​ច្បាប់​វា​មិន​អាច​ទៅ​រួច​ទេ​ក៏​ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ​ដោយសារ​អា​នេះ​ វា​ជា​របៀប​វារៈ​នយោបាយ​ និង​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ​ឯង»។​

ក្នុង​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​លោក​រ៉ុង ឈុន​កន្លង​មក​ សកម្មជន​ពីរ​នាក់​នៃ​ក្រុម​ខ្មែរ​ថាវរៈ​ គឺ​លោក​ ហ៊ុន វណ្ណៈ​ និង​កញ្ញា​ឈឿន ដារ៉ាវី ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឲ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម» ​ ហើយ​ពេល​នេះ​ ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន​ រង់ចាំ​សវនាការ។​

មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​កញ្ញា​អេង ម៉ាឡៃ​ ហៅ​សូមេត្តា​ ត្រូវ​បាន​មន្ត្រី​នគរបាល​ឃាត់​ខ្លួន​នៅ​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។​ក្នុង​បទ​ល្មើស​ដូច​គ្នា​នេះ​មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ក៏បាន​ឃាត់​ខ្លួន​លោក​គង់ សំអាន​អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មេមត់​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ របស់​លោក​សាន សុខសីហា ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​អាជ្ញាធរ​បាន​ចាត់​វិធាន​ការ​ច្បាប់​ លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ដោយ​សារ​ពួកគេ​បាន​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់។​ក្រសួង​អះអាង​ថាក្រុម​ទាំង​ពីរ​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ក្រសួង​មហាផ្ទៃ​ទេ។​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ចូល​រួម​ក្នុង​សកម្ម​ភាព​ខុស​ច្បាប់​របស់​ក្រុម​ទាំងនេះ៕

XS
SM
MD
LG