អង្គការសមាគមប្រមាណ៤០ស្ថាប័ន បានអំពាវនាវឲ្យដោះលែងមនុស្សដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ក្រោយការបញ្ចេញមតិរបស់ពួកគេ និងអំពាវនាវឲ្យបញ្ឈប់ការបង្រ្កាបលើសំឡេងប្រឆាំង។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមសង្គមស៊ីវិល ដែលក្នុងនោះមានអង្គការលីកាដូ អាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការយុវជនកម្ពុជាជាដើម បានបង្ហាញ«ការសោកស្តាយយ៉ាងខ្លាំង» អំពីការចាប់ខ្លួនសកម្មជនជាយុវជនក្មេងៗចំនួន៧នាក់កាលពីពេលថ្មីៗនេះ ហើយសូមអំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើពួកគេ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «យើងខ្ញុំក៏ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់ការបំភិតបំភ័យ និងការបង្ក្រាបមកលើក្រុមអ្នកការពារសិទិ្ធមនុស្ស និងបរិស្ថានវ័យក្មេង និងការតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ ហើយនឹងស្នើសុំឲ្យអាជ្ញាធរធានានូវការគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការតស៊ូមតិដោយអហិង្សាដើម្បីសិទិ្ធរបស់អ្នកទាំងនោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ដែលអ្នកទាំងនោះរស់នៅ»។
បើគិតពីដើមខែកញ្ញាមក យ៉ាងតិចក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទញុះញង់ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។ ក្រុមយុវជនខ្មែរថាវរៈ ដែលរួមមានព្រះតេជគុណ កើត សារ៉ាយ លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ និងលោក មាន ព្រហ្មមុនី អនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានឃាត់ខ្លួនចំពោះតួនាទីរបស់ពួកគេក្នុងការព្យាយាមរៀបចំបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលគ្រោងធ្វើពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា។ ដោយឡែក កាលពីសប្តាហ៍មុន ក្រុមយុវជន៣នាក់នៃចលនាមាតាធម្មជាតិ រួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួង កែវរស្មី និងលោក ថុន រដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរដល់សង្គម។
អង្គការទាំងនោះឲ្យដឹងទៀតថា យុវជនអាយុ២២ឆ្នាំម្នាក់ឈ្មោះ គា សុគន្ធ ដែលជាអ្នកនិពន្ធបទចម្រៀងរ៉េបនៅខេត្តសៀមរាប ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធនឹងបទចម្រៀងរ៉េបមួយបទដែលលោកនិពន្ធ ហើយផ្សព្វផ្សាយជាសាធារណៈកាលពី៤ខែមុន។ បទចម្រៀងដែលមានចំណងជើងថា«ដីខ្មែរ»លើកឡើងអំពីបញ្ហាព្រំដែន។
មនុស្សផ្សេងទៀតដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការអំពាវនាវសុំឲ្យដោះលែងលោក រ៉ុង ឈុន រួមមានលោក ជុំ ពុទ្ធី លោក ឈួ ផេង កញ្ញា ស កន្និកា អ្នកនាងឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ និងលោក សួង សុភ័ណ្ឌ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលទាំងនោះ «គ្មានមូលដ្ឋានរឹងមាំច្បាស់លាស់» ក្នុងការការពារអ្នកដែលត្រូវបានចាប់ខ្លួនទេ។ លោកចាត់ទុកថា ការអំពាវនាវរបស់អង្គការទាំងនោះធ្វើឡើងក្រោមរូបភាពកេងចំណេញនយោបាយ។
លោកមានប្រសាសន៍ថា៖ «ទោះបីជាគាត់បានដឹងថា ផ្លូវច្បាប់ វាទៅមិនរួច វាជាការបំពានច្បាប់ក៏ដោយ ក៏គាត់នៅតែធ្វើដែរ។ គោលបំណង គឺដើម្បីយកចំណេញផ្នែកនយោបាយ»៕