ការិយាល័យប្រតិបត្តិនៃសហភាពអឺរ៉ុបបានបង្ហាញនូវសំណើបរិស្ថានសំខាន់ៗកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលជាសេចក្តីព្រាងច្បាប់ ដែលចែងថា សហភាពអឺរ៉ុបនឹងកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមពាក់កណ្តាលនៅ ឆ្នាំ២០៣០ ហើយនិងធ្វើការស្តារដី សមុទ្រ និង ទន្លេរបស់ខ្លួន។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងស្តារដីនិងផ្លូវទឹករបស់សហភាពអឺរ៉ុបដែលខូចខាតចំនួន២០ភាគរយ ឡើងវិញ ក្នុងរយៈពេល៨ឆ្នាំខាងមុខ ដែលគណៈកម្មការអឺរ៉ុបថា វាជាវិធានការដ៏សំខាន់មួយសម្រាប់អនាគត របស់តំបន់នេះ។
អនុប្រធានគណៈកម្មការសហភាពអឺរ៉ុបលោក Frans Timmermans បានមានប្រសាសន៍ថា៖ «យើងកំពុងធ្វើសេចក្ដីស្នើច្បាប់ដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ចូលរួមស្តារធម្មជាតិឡើងវិញ។ យើងត្រូវជួសជុលឡើងវិញ៨០%នៃធម្មជាតិរបស់យើងដែលខូចខាត ហើយនាំឱ្យបានមកវិញនូវ ទីក្រុង ទីប្រជុំជន ព្រៃឈើ និង ដីកសិកម្ម សមុទ្រ បឹង និង ទន្លេធម្មជាតិដែលប្រជាពលរដ្ឋរបស់យើងចង់បាននិងត្រូវការ។»
ក្នុងចំណោមគោលដៅផ្សេងៗទៀត សំណើរបស់គណៈកម្មការគឺកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនិងថ្នាំសម្លាប់សត្វល្អិត មកត្រឹមចំនួនពាក់កណ្តាលនៅឆ្នាំ២០៣០ ហើយហាមមិនឱ្យមានការប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិតទាំងអស់នោះទាំងស្រុងនៅទីកន្លែងសាធារណៈដូចជាសួនកម្សាន្តនិងសួនកុមារជាដើម។ ការកាត់បន្ថយការប្រើប្រាស់សារធាតុទាំងអស់នេះនឹងស្តារឡើងវិញនូវទន្លេប្រវែង២៥.០០០ គីឡូម៉ែតដើម្បីឱ្យទឹកទន្លេអាចហូរតាមគន្លងធម្មជាតិរបស់វាវិញបាន។
ក្រុមអ្នកបរិស្ថានបានអបអរសាទរសេចក្តីស្នើច្បាប់នេះ។
អ្នកស្រី Laura Hildt ជាមន្រី្តគោលនយោបាយជីវចម្រុះនៅការិយាល័យបរិស្ថានអឺរ៉ុបដែលជាអង្គការមិនរកប្រាក់ ចំណេញមួយបានឱ្យដឹងថា៖ «ប្រតិកម្មរួមគឺមានភាពវិជ្ជមានខ្លាំងបំផុត។»
អ្នកស្រី Laura Hildt បានថ្លែងឱ្យដឹងបន្ថែមថា៖ «យើងពិតជារីករាយណាស់ដែលបានឃើញគណៈកម្មការបានចេញនូវសំណើដ៏រឹងមាំមួយដែលពិតជាមាន សក្តានុពល ក្នុងការនាំយកប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានបំផ្លាញត្រឡប់មកវិញហើយធ្វើឱ្យមានភាពប្រសើរឡើង នូវផ្នែកផ្សេងៗដែលចាំបាច់។»
យ៉ាងណាក៏ដោយ អ្នកស្រីនិងសកម្មជនផ្សេងទៀតនិយាយថា មានចំណុចមួយចំនួនដែលត្រូវការឱ្យមានការ ពង្រឹងបន្ថែមទៀតរួមមានគោលដៅសម្រាប់ការស្តារសមុទ្រនិងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។
អ្នកវិភាគថ្នាំសម្លាប់សត្វល្អិតរបស់ការិយាល័យបរិស្ថានអឺរ៉ុបអ្នកស្រី Eva Corral បានឱ្យដឹងថា៖ «យើងត្រូវធ្វើឱ្យប្រាកដថាគោលការណ៍ដែលចែងថាថ្នាំគីមីសម្លាប់សត្វល្អិត ត្រូវអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីដែលវាជាមធ្យោបាយចុងក្រោយបំផុតតែប៉ុណ្ណោះទើបជាការអនុវត្តត្រឹមត្រូវ។»
នៅពីក្រោយសេចក្តីស្នើច្បាប់របស់គណៈកម្មការនេះគឺជាស្ថិតិដ៏គួរឱ្យព្រួយបារម្ភ។ មួយភាគបីនៃឃ្មុំនៅអឺរ៉ុបនិង សត្វក្រេបលម្អងផ្សេងទៀតកំពុងធ្លាក់ចុះ ហើយមួយក្នុងចំណោមដប់កំពុងជិតផុតពូជ។ ប្រភេទសត្វទាំងអស់ នេះរួមជាមួយដីដែលមានជីវជាតិល្អមានសារៈសំខាន់ណាស់មិនត្រឹមតែចំពោះជីវចម្រុះប៉ុណ្ណោះទេតែសម្រាប់ ការផលិតម្ហូបអាហារផងដែរ។
បណ្តាប្រទេសអឺរ៉ុបនិងសភាអឺរ៉ុបនៅត្រូវធ្វើការអនុម័តសេចក្តីព្រាងច្បាប់នេះ។ របាយការណ៍ផ្សេងៗបង្ហាញថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនចង់ឱ្យមានការពន្យារពេល រឺផ្អាកសេចក្តីព្រាងច្បាប់នេះដោយលើក ឡើងពីផលប៉ះពាល់នៃសង្រ្គាមនៅអ៊ុយក្រែនលើសន្តិសុខស្បៀង។ លោកអនុប្រធានការិយាល័យសហភាពអឺរ៉ុប Timmermans បានលើកឡើងថា សហភាពអឺរ៉ុប ត្រូវបានបន្ទុចបង្អាក់ជាថ្មីម្តងទៀត។
លោក Timmermans បានបន្ថែមថា៖ «ការប្រើសង្គ្រាមនៅអ៊ុយក្រែនដើម្បីច្រានចោលសេចក្តីស្នើច្បាប់ និង បំភ័យប្រជាជនអឺរ៉ុបឱ្យជឿថា និរន្តរភាពមានន័យថាមានអាហារកាន់តែតិចទៅៗគឺមិនមានភាពទទួលខុសត្រូវទាល់តែសោះពីព្រោះវិបត្តិអាកាសធាតុនិង ជីវចម្រុះ គឺកើតឡើងនៅចំពីមុខយើងតែម្តង។»
វិធានការនេះនឹងជួយផ្នែកហិរញ្ញវត្ថុដល់កសិករអឺរ៉ុបខណៈដែលពួកគេផ្លាស់ប្តូរការអនុវត្តកសិកម្មដែលមានភាព ល្អប្រសើរចំពោះបរិស្ថាន។ ហើយគណៈកម្មការនិយាយថាវិធានការនេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ ដើម្បីឆ្ពោះទៅរកការកសាងអនាគតប្រកបដោយនិរន្តភាពជាងមុនសម្រាប់សហភាពអឺរ៉ុប៕
ប្រែសម្រួលដោយ អ៊ូ ចរិយា