ប្រទេសថៃ បានសម្រេចយល់ព្រមលើគម្រោងទាញយកទឹកដ៏ចម្រូងចម្រាសមួយ និងដែលត្រូវបានពិភាក្សាយ៉ាងយូរ បន្ទាប់ពីគម្រោងនេះ ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចិនដ៏ធំមួយ។ នេះជាការវិវត្តមួយដែលអាចផ្តល់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងនូវជំហរថ្មីមួយសម្រាប់គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (BRI)។
នៅក្រោមការដឹកនាំរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល ក្រុមប្រឹក្សាបរិស្ថានជាតិថៃនៅក្នុងខែកញ្ញាបានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថានដ៏សំខាន់មួយសម្រាប់គម្រោងបង្វែរយកទឹកទន្លេ Yuam។
ក្រុមប្រឹក្សានេះបានបដិសេធការវាយតម្លៃសម្រាប់គម្រោងនេះពីរដងរួចមកហើយ ដែលលើកចុងក្រោយបំផុតនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ការប្រែក្រឡះទាំងស្រុងមកអនុម័តវិញក្នុងខែកញ្ញាធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនចិនដែលមិនស្គាល់ឈ្មោះមួយកំពុងដាក់សំណើសាងសង់គម្រោងនេះក្នុងតម្លៃលើសពាក់កណ្តាលបន្តិចនៃតម្លៃប៉ាន់ស្មានចំនួន ២.១០០ លានដុល្លារអាមេរិកដោយរ៉ាប់រងចំណាយទាំងអស់ដោយខ្លួនឯង និងបញ្ចប់គម្រោងនេះក្នុងរយៈពេលពេលតែ ៤ ឆ្នាំជាជាងរយៈពេល ៧ ឆ្នាំដែលគេរំពឹងទុក។
របាយការណ៍ពីការចាប់អារម្មណ៍របស់ចិនកើតចេញពីលោក Veerakorn Kamprakob សមាជិករដ្ឋសភាមកពីគណបក្ស Phalang Pracharat ដែលជាគណបក្សរបស់លោក Prawit និងលោកនាយករដ្ឋមន្ត្រី Prayut Chan-ocha ដែលគ្របដណ្តប់រដ្ឋាភិបាលចម្រុះដែលកាន់អំណាចក្នុងប្រទេសថៃ។
នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA លោក Veerakorn បានបញ្ជាក់ថា ក្រុមហ៊ុនចិនមួយបានដាក់សំណើមកលោក។ លោកបានបង្ហាញថា ក្រុមហ៊ុននោះជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនឈ្មោះ Norinco International។ ក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកវិស្វកម្មស៊ីវិលរបស់ក្រុមហ៊ុនផលិតអាវុធឈ្មោះ Norinco Group ដែលមានគម្រោងនៅទូទាំងអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា។
អ្នកតំណាងរាស្រ្តរូបនេះបានថ្លែងថា លោកបានយកសំណើរបស់ក្រុមហ៊ុន Norinco ដាក់ជូនលោក Prayut ប្រមាណជា ៦ ខែមុន និងថា លោកនាយករដ្ឋមន្ត្រីពេញចិត្តនឹងសំណើរបស់ក្រុមហ៊ុននេះក្នុងការសាងសង់គម្រោងនេះក្នុងទឹកប្រាក់តែ ១,២ ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះនឹងរ៉ាប់រងចំណាយសាងសង់ទាំងអស់។
លោក Veerakorn បានថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖ «លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយសារតែឥឡូវនេះ ដោយសារយើងត្រូវទប់ទល់នឹងជំងឺកូវីដ១៩ យើងមិនមានទឹកប្រាក់ច្រើនក្នុងការវិនិយោគលើគម្រោងនេះទេ»។
លោកបានបន្ថែមថា៖ «ដូច្នេះលោកនាយករដ្ឋមន្ត្រីថា ប្រសិនបើមានសំណើនេះមកពីក្រុមហ៊ុនចិន ហេតុអ្វីក៏មិនទទួលយក? យើងពិចារណាលើសំណើនេះយ៉ាងម៉ត់ចត់។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ក្រសួងធារាសាស្ត្រឱ្យពិចារណាលើសំណើនេះរួចហើយ»។
ក្រសួងធារាសាស្ត្រ និងអ្នកនាំពាក្យរបស់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបចំពោះការសុំអត្ថាធិប្បាយរបស់ VOA នោះទេ។ ក្រុមហ៊ុន Norinco International ក៏មិនបានឆ្លើយតបដែរ។
ប្រទេសចិនតាមចែចង់ប្រទេសថៃ
រដ្ឋាភិបាលថៃជាច្រើនជំនាន់បានពិចារណាអំពីគម្រោងដ៏ធំមួយនេះចាប់តាំងពីទសវត្សរ៍១៩៩០មក ដើម្បីជួយបំពេញតម្រូវការទឹកដែលកសិករនៅភូមិភាគកណ្តាលប្រទេសថៃត្រូវការកាន់តែខ្លាំងទៅៗ។
នៅក្នុងគម្រោងមួយដែលអាចជាគម្រោងដំបូងសម្រាប់ប្រទេសនេះ បណ្តាញទុយោដ៏ធំដែលមានអង្កត់ផ្ចិតជាង ៨ ម៉ែត្រអាចរត់កាត់ក្រោមដីចម្ងាយ ៦១ គីឡូម៉ែត្រ ដោយទាញទឹកពីទន្លេ Yuam នៅក្បែរព្រំប្រទល់ថៃ និងមីយ៉ាន់ម៉ាយកទៅអាងស្តុកទឹក Bhumibol Reservoir។ គម្រោងនេះក៏អំពាវនាវឱ្យមានអាងស្តុកទឹកជាមួយនឹងទំនប់ទឹកនៅលើទន្លេ Yuam ដើម្បីបង្ហូរទៅក្នុងបណ្តាញទុយោនេះដែរ។
លោក Pongphisoot Busbarat សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យ Chulalongkorn ក្នុងប្រទេសថៃ ដែលសិក្សាពីទំនាក់ទំនងថៃ និងចិនបានថ្លែងថា សំណើរបស់ក្រុមហ៊ុនNorinco ក្នុងការធ្វើឱ្យគម្រោងនេះដំណើរការអាចនឹងជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការពង្រីកវត្តមានគម្រោង BRI របស់ខ្លួនក្នុងប្រទេសថៃ។
គម្រោងនេះអាចកើតឡើងបន្ទាប់ពីគម្រោងពីរទៀតបានជួបការរាំងស្ទះ ដែលមួយជាគម្រោងរវាងក្រុមហ៊ុន China Railway Rolling Stock Corporation និងក្រុមហ៊ុនផ្លូវរថភ្លើងរដ្ឋថៃក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់ទីក្រុងបាងកកទៅខេត្ត Nakhon Ratchasima (នគររាជសីមា) នៅភូមិភាគកណ្តាល និងមួយទៀតជាគម្រោងរវាងក្រុមហ៊ុន China Railway Construction Corporation និងក្រុមហ៊ុន CP Group របស់ថៃក្នុងការសាងសង់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលភ្ជាប់អាកាសយានដ្ឋានចំនួន ៣ នៅតំបន់ក្រុងបាងកក និងក្រុងរមនីយដ្ឋានឆ្នេរសមុទ្រ Pattaya។
លោក Pongphisoot បានថ្លែងក្នុងសម្តីដើមថា៖ «ដូច្នេះ ជាមួយនឹងរូបភាពទូទៅបែបនេះ អ្នកអាចមើលឃើញថា ក្រុមហ៊ុនចិនកំពុងព្យាយាមពង្រីកឥទ្ធិពល និងតួនាទី [របស់ពួកគេ] នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះនៅក្នុងប្រទេសថៃនៅក្រោមគម្រោង BRI»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា គម្រោងទាញយកទឹកទន្លេ Yuam អាចកើតឡើងចំពេលល្អ។ យ៉ាងហោចណាស់ វាជាឱកាសល្អមួយ [សម្រាប់ចិន] ក្នុងការពង្រីកសកម្មភាពទាំងនេះនៅក្នុងប្រទេសថៃ»។
លោកPongphisoot បានថ្លែងថា ការអនុម័តភ្លាមៗនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងទន្លេ Yuam ក៏អាចបង្ហាញថា រដ្ឋាភិបាលថៃកំពុងចាប់ផ្តើមបន្ធូរបន្ថយទស្សនៈប្រយ័ត្នប្រយែងរបស់ខ្លួនចំពោះឥទ្ធិពលគម្រោង BRI របស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «ខ្ញុំគិតថា នេះបង្ហាញថា រដ្ឋាភិបាលសប្បាយចិត្តនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចិនចូលមកកាន់តែច្រើន»។
អ្នកវិភាគថា កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងមានការលំបាកជាង ក្នុងការពង្រីកគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅក្នុងប្រទេសថៃ បើប្រៀបធៀបជាមួយប្រទេសជិតខាង ដូចជាកម្ពុជា និងឡាវ ក៏ដូចជាម៉ាឡេស៊ី ដែលទើបតែថ្មីៗនេះទេបានចាប់ផ្តើមរឹតត្បិតចំពោះគម្រោងរបស់ចិន។ ប្រទេសជិតខាងថៃនីមួយៗមានគម្រោង BRI ជាច្រើនដោយខ្លួនឯង។ គម្រោងទាំងនោះរួមមាន គម្រោងចិនក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនដែលរត់ពីទីក្រុង Kunming ដែលជាទីក្រុងមិនជាប់សមុទ្រនៅទិសនិរតីក្នុងប្រទេសចិនទៅកំពង់ផែដ៏មហាញឹកក្នុងប្រទេសសិង្ហបុរី ដែលគេសង្ឃឹមថាផ្លូវរថភ្លើងនេះទៅថ្ងៃអនាគតនឹងរត់យ៉ាងរលូនឆ្លងកាត់ប្រទេសឡាវ ថៃ និងម៉ាឡេស៊ីនៅតាមខ្សែផ្លូវរថភ្លើងនេះ។
ប្រទេសថៃ «មានភាពស្ទាក់ស្ទើរ»
វិស្វករចិន និងក្រុមការងារនឹងបញ្ចប់កំណាត់ផ្លូវរថភ្លើងនេះក្នុងប្រទេសឡាវនៅត្រឹមចុងឆ្នាំនេះ ដោយមានការប្រឆាំងតិចតួចពីប្រទេសជិតខាងចិនក្រីក្រតូចមួយ។
ផ្ទុយទៅវិញ មកដល់ពេលនេះប្រទេសថៃបានអនុម័តការសាងសង់ផ្លូវរថភ្លើងតិចជាង ១/៣ ក្នុងគម្រោង ដែលត្រូវរត់ចេញពីទីក្រុងបាងកកទៅព្រំប្រទល់ជាមួយនឹងឡាវ ហើយសូម្បីកំណាត់ដែលត្រូវបានអនុម័តនោះ ថែមទាំងត្រូវមានការចរចាជាង ៣០ ជុំជាមួយនឹងចិនក្នុងរយៈពេលជាច្រើនឆ្នាំទម្រាំសម្រេចបាន។
លោក Murray Hiebert អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និង អន្តរជាតិ CSIS ដែលជាអង្គការស្រាវជ្រាវមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានថ្លែងថា ដោយឧស្សាហកម្មធុនធ្ងន់ភាគច្រើនរបស់ថៃប្រមូលផ្តុំជុំវិញទីក្រុងបាងកក ប្រទេសថៃបានរារែកចំពោះការអំពាវនាវរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការប្តេជ្ញាចិត្តលើការសាងសង់បណ្តាញរថភ្លើងទាំងស្រុងទៅដល់ប្រទេសឡាវ។ ផ្ទុយទៅវិញប្រទេសថៃ ទាមទារស្វែងរកប្រាក់កម្ចី និងសម្ភារៈល្អបំផុតពីប្រទេសផ្សេងទៀត ជាជាងភ្ជាប់ខ្លួនទៅនឹងប្រទេសចិន។
លោកបានថ្លែងថា ការប្រឆាំងយ៉ាងខ្លាំងពីក្រុមអ្នកបរិស្ថាន និងការបង្កើតស្តង់ដាជាច្រើនដោយអង្គភាពផ្តល់សេវាស៊ីវិលបែបអភិរក្ស និងឯករាជ្យក៏បានដើរតួនាទីក្នុងការលុបចោលគម្រោងជាច្រើនដែលចិនព្យាយាមជំរុញនៅក្នុងប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ។
លោក Hiebert ដែលជាអ្នកនិពន្ធសៀវភៅ «នៅក្រោមស្រមោលរដ្ឋាភិបាលក្រុងប៉េកាំង៖ បញ្ហាប្រឈមចិននៅអាស៊ីអាគ្នេយ៍» ឬ Under Beijing’s Shadow: Southeast Asia’s China Challenge ថ្លែងថា៖ «កន្លងមកជាការលំបាក[សម្រាប់ចិន]»។
លោកបានថ្លែងថា កម្លាំងចលករដូចគ្នានេះ បូករួមទាំងបញ្ហាសេដ្ឋកិច្ចចិនខ្លួនឯងទំនងជាជួយឱ្យគម្រោងទន្លេ Yuam នេះមិនទាន់អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះទេ។
លោកបានថ្លែងក្នុងសម្តីដើមថា៖ «បាទ ជាទូទៅចិនចង់បានតួនាទីកាន់តែធំនៅក្នុងគម្រោងសេដ្ឋកិច្ចថៃ ប៉ុន្តែថៃរុញទៅវិញ។ ប៉ុន្តែចិនក៏បានដកថយបន្តិចដោយសារបញ្ហាកូវីដ១៩ និងកំណើនសេដ្ឋកិច្ចយឺតក្នុងប្រទេសចិន។ ដូច្នេះ នៅពេលនេះ យើងមិនមានសូចនាករល្អណាមួយថាតើចិននឹងដើរទៅមុខបែបណាជាមួយនឹងគម្រោង BRI នោះទេ។ វាមិនទំនងទេដែលថា ចិននឹងបញ្ឈប់គម្រោងដែលកំពុងដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ី ឬម៉ាឡេស៊ី ប៉ុន្តែអ្នកមិនឃើញមានគម្រោងថ្មីៗច្រើនដែលកំពុងត្រូវបានប្រកាស ចុះហត្ថលេខា និងចាប់ផ្តើមអនុវត្តចាប់តាំងពីដើមឆ្នាំ២០២០មកនោះទេ»។
«ផលប៉ះពាល់ធ្ងន់ធ្ងរ»
ក្រុមសិទ្ធិមនុស្សនៅប្រទេសថៃកំពុងប្រឆាំងនឹងគម្រោងដែលមានរួចទៅហើយ និងមានការបារម្ភអំពីអ្នកភូមិដែលត្រូវធ្វើចំណាកស្រុកដើម្បីការសាងសង់អាងស្តុកទឹកថ្មី និងព្រៃឈើការពារជាច្រើនដែលត្រូវកាប់ដើម្បីបណ្តាញទុយោក្រោមដី។
អ្នកស្រី Pianporn Deetes អ្នកសម្របសម្រួលយុទ្ធនាការនៃអង្គការ International Rivers ក្នុងប្រទេសថៃ ដែលធ្វើការតស៊ូមតិសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយចិរភាពបានថ្លែងថា៖ «គម្រោងនេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើជនជាតិដើមភាគតិច Karen ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ និងដែលមិនទាន់ត្រូវបានគេពិភាក្សាជាមួយប្រកបដោយផ្លែផ្កាទេ។ នឹងមានផលប៉ះពាល់លើតំបន់ទីជម្រាល ដីកសិកម្ម និងការទទួលបានធនធានធម្មជាតិ»។
អ្នកស្រីបានថ្លែងថា ការវាយតម្លៃដែលក្រុមប្រឹក្សាបរិស្ថានជាតិទើបតែអនុម័ត «មានកំហុសយ៉ាងខ្លាំង» ដោយសារវាតំណាងខុស និងបំផ្លើសពីទស្សនៈដែលសហគមន៍ និងក្រុមអង្គការក្រៅរដ្ឋាភិបាលបានផ្តល់ឱ្យ។
លោកVeerakorn សមាជិករដ្ឋសភានៅតែទទូចម្តងហើយម្តងទៀតថា គម្រោងនេះនឹងត្រូវបើកឱ្យមានការដេញថ្លៃអន្តរជាតិ ប្រហែលជានៅត្រឹមចុងឆ្នាំនេះ និងថា សំណើល្អបំផុតនឹងទទួលបានគម្រោងនេះ។
អ្នកស្រី Pianporn ថ្លែងថា ការបញ្ចុះបញ្ចូលរបស់អ្នកតំណាងរាស្ត្ររូបនេះឱ្យក្រុមហ៊ុន Norinco ធ្វើឱ្យមានឥទ្ធិពលខ្លាំង។
អ្នកស្រីថ្លែងថា៖ «វាច្បាស់ណាស់ថា វាជារឿងនយោបាយ។ ប្រសិនបើគម្រោងត្រូវបានពិចារណាដោយមានការទទួលខុសត្រូវ និងគណនេយ្យភាព វានឹងមិនត្រូវគេអនុម័តនោះទេ»៕