ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ EU ​អនុម័ត​សេចក្តី​សម្រេចចិត្ត​គាំទ្រ​លោក​សម រង្ស៊ី​

  • ម៉ែន គឹមសេង

រូបឯកសារ៖ កិច្ចប្រជុំ​មួយ​នៅ​សភា​សហគមន៍​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥។

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុបចោល​​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួ​យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​បរិយាកាស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​និង​ស្នើ​សុំ​ឱ្យ​រដ្ឋសភា​កម្ពុជា​ផ្តល់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត​ដល់​ប្រធាន​គណបក្ស​ប្រឆាំង​ក៏​ដូច​ជា​ស្នើ​ឱ្យ​បញ្ចប់​ដីកា​ចាប់​ខ្លួន​ផង​ដែរ។​

លោកស្រី​ មូរ សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា៖

«សេចក្តី​សម្រេច​នៃ​សភា​អឺរ៉ុប​ថ្ងៃនេះ​គឺ​គាំទ្រ​ឱ្យ​តុលាការ​កម្ពុជា​យើង​បញ្ចប់​នូវ​ការ​ចាប់​ខ្លួន​ហើយ​នឹង​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ជាពិសេស​លោក​ប្រធាន​ សម រង្ស៊ី​ និង​តំណាងរាស្រ្ត​ឬ​មួយ​សកម្មជន​នៃ​គណបក្ស​ប្រឆាំង។ ទីពីរ​សុំ​ឱ្យ​សភា​របស់​យើង​ផ្តល់​មក​វិញ​នូវ​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្រ្ត​ជូន​ទៅ​ដល់​លោក​ប្រធាន​ សម រង្ស៊ី‍»។​

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុបចោលអភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកាដើម្បីឱ្យ​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ដែល​លោក​បាន​ថ្លែង​ថា​លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​ដែល​លោក​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។​

លោកស្រី​ មូរ សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
លោកស្រី​ មូរ សុខហួរ ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ

សូម​ចុច​ស្តាប់​លោកស្រី មូរ សុខហួរ​ ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍៖

លោក GAMBINI Umberto ​សមាជិក​សភា​សហគមន៍​អឺរ៉ុប​ដែល​មកពី​ប្រទេស​អេស្ប៉ាញ​បាន​ឡើង​ថ្លែង​ក្រោយ​ពី​ការ​អនុម័ត​នោះ​ថា៖

«ជាថ្មី​ម្តង​ទៀត​គឺ​សារ​របស់​យើង​ច្បាស់លាស់​ណាស់​គឺ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ត្រូវ​តែ​បញ្ចប់​ការ​គាប​សង្កត់​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង​ហើយ​ងាក​ត្រឡប់​មក​គោរព​នីតិរដ្ឋ​និង​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សភា​យើង​ថ្កោលទោស​ការប្រព្រឹត្តិ​ដូចនេះ។​ យើង​ក៏​អំពាវនាវ​ឱ្យ​សហគមន៍ ​អឺរ៉ុប​បញ្ឈប់​រាល់​ការ​ធ្វើ​ការងារ​ដោយ​ធម្មតា​ជាមួយ​នឹង​ប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​រំលឹក​លោក​ថា​សហគមន៍ ​អឺរ៉ុប​គឺ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​បំផុត​ទៅ​ប្រទេស​កម្ពុជា​។ យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ឱ្យ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់​លោក ​សម រង្ស៊ី ​ជា​បន្ទាន់​។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​អនុម័ត​សេចក្តី ​សម្រេច​នេះ ​នៅ​ថ្ងៃនេះ​។ សូម​អរគុណ​ច្រើន​លោក​ សម រង្ស៊ី។ លោក​គឺ​ជា​គំរូ​សម្រាប់​យើង​ទាំងអស់​គ្នា​។ លទ្ធិ​ប្រជាធិបតេយ្យ​និង​អហិង្សា​នឹង​ឈ្នះ‍»។​

សេចក្តី​សម្រេច​នោះ​ក៏បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​ឱ្យ​បាន​ពេញ​លេញ​និង​មិន​លម្អៀង​ចំពោះ​ការ​វាយ​ដំ​ច្រំ​ធាក់​លើ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​ផង​ដែរ​ហើយ​ការ​ស៊ើប​អង្កេត​នោះ​ត្រូវ​មាន​ការ​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​សេចក្តី​សម្រេច​ដែល​បាន​ដាក់​ផ្សាយ​តាម​គេហទំព័រ​របស់​សភា​សហភាពអឺរ៉ុប។​

​អ្នក​តំណាងរាស្រ្ត​ទាំង​ពីរ​រូប​គឺ​លោកញ៉យ ចំរើន​និង​លោក​ គង់ សភា ​ត្រូវ​បាន​ក្រុម​ជនល្មើស​វាយ​ដំ​ច្រំ​ធាក់​នៅ​ក្នុង​បរិវេណ​រដ្ឋសភា​ជាតិ​កាលពី​ចុង​ខែ​តុលា​បន្ទាប់​ពី​មាន​បាតុកម្ម​ទាមទារ​ឱ្យ​ដក​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភាជាតិ។

រហូត​មក​ដល់​ពេល​នេះ​មាន​ជន​ដៃដល់​តែ​បី​នាក់​ទេ​បាន​ចេញ​មក​សារភាព​ហើយ​អាជ្ញាធរ​អះអាង​ថា​គេ​នៅ​បន្ត​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​នៅឡើយ។​

លោក​ញ៉យ ចំរើន​ បាន​បញ្ជាក់​ប្រាប់ ​VOA​ ក្នុង​បទ សម្ភាសន៍​ពិសេស​ទាមទារ​ឱ្យ​រក​អ្នក​ដែល​នៅ ពីក្រោយ​ខ្នង​នៃអំពើ​ហិង្សា​នេះ។​

«ការណ៍​ដែ​ល​ចាប់​បី​នាក់​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​សម​ទេ​ដោយ​សារ​តែ ​អ្នក​ដែល​ធ្វើ​ទុក្ខ​បុក្​ខម្នេញ​ អ្នក​ដែល​វាយ​ប្រហារ​ឃោរឃៅ​មក​លើ​ខ្ញុំ​មាន​ចំនួន​ច្រើន​ហើយ​បើ​មើល​មែនទែន​គឺ​បីនាក់​នោះ មិន​មែន​ចាប់​ទៀត​គឺ ​ចូល​មក​សារភាព​ខ្លួន​ឯង​ទេ​។ អីចឹង​គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ​ចង់​ឃើញ​ការដែល​អាជ្ញាធរ​បន្ត​ចាប់ខ្លួន​អ្នកដៃដល់​ថែម​ទៀត‍»។​

អ្នក​តំណាងរាស្រ្ត​ទាំងពីរ​រូប​បាន​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​អស់​រយៈ​ពេល​ជិត​មួយ​ខែ​ហើយ​មុខ​របួស​នៅ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ញ៉យ ចំរើន។​

ការប្រជុំ​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ជាបន្តបន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ អង្គការ​សហ​ប្រជាជាតិ​និង​សមាជិក​ព្រឹទ្ធសភា​អូស្រ្តាលី​ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ស្នើ​សុំ​ឱ្យ​មេដឹកនាំ​គណបក្ស​ទាំងពីរ​ងាក​មក​រក​តុ​ចរចា​ឡើង​វិញ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​តឹងតែង​នេះ។

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ដល់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ដែល​ដើរ​ថយ​ក្រោយ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​យល់​ថា​ការបោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នឹង​មិន​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ទេ​ហើយ​អាច​នឹង​ឈាន​ដល់​អំពើ​ហិង្សា​ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី ​ក៏​កំពុង​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ទាក់​ទង​នឹង​សំណុំរឿង​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ​ដែល​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​បាន​ផ្សាយតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG