ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​សុំ​ឱ្យ​ចេញ​សេចក្តី​សម្រេច​ប្រឆាំង​នឹង​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង​នៅ​កម្ពុជា


​រូប​ថត​​ពី​គេហទំព័រ​របស់​លោក ​Scott Ludlam ​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​នៃ​គណបក្ស​​ Green Party។
​រូប​ថត​​ពី​គេហទំព័រ​របស់​លោក ​Scott Ludlam ​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​នៃ​គណបក្ស​​ Green Party។

ការ​ទទូច​របស់​លោក ​Scott Ludlam ​ធ្វើ​ឡើង​​ដំណាលគ្នា​ដែល​សភា​អឺរ៉ុប​​​​កំពុង​ពិចារណា​ចេញ​សេចក្តី​សម្រេច​មួយ​សុំ​ឲ្យ​មានការ​លុប​ចោល​​ការ​ចោទ​ប្រកាន់​​នានា​ចំពោះ​លោក​ សម រង្ស៊ី ​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា ​និង​វិលមក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន។

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​ គឺ​លោក ​Scott Ludlam ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​ដល់​អង្គ​ព្រឹទ្ធសភា​ទាំងមូល​ឲ្យ​ចេញ​សេចក្តី​សម្រេច​មួយ​ទាក់ទង​នឹង​ដីកា​ចាប់ខ្លួន​និង​ការលុបចោល​អភ័យ​ឯកសិទ្ធិ​សភា​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បាន​បញ្ជាក់​ថា​សកម្មភាព​ទាំងនេះ ​ជា​រឿង​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​បាន​ជំរុញ​ថា​សេចក្តី​សម្រេច​មួយ​គួរ​តែ​ចេញ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ ​ចាប់ខ្លួន​លោក ​សម រង្ស៊ី ​ការ​លុប​ចោល​អភ័យ​ឯកសិទ្ធិ​សភា​ ការវាយ​ប្រហារ​អ្នកតំណាងរាស្ត្រ ​ការ​ដក​លោក ​កឹម សុខា​ចេញ​ពី​អនុប្រធាន​ទី១​ នៃ​រដ្ឋសភា​ ជាដើម​ដែល ​លោក ​Ludlam ​ចាត់​ទុក​ថា​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។ ​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធសភា ​លោក​ Scott Ludlam ​បាន​ស្នើ​ថា៖

«រឿង​នេះ​ពិត​ជា​សញ្ញា​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស ​កម្ពុជា ​ហើយ​ខ្ញុំ​រំពឹង​គិត​ថា ​ការ​គាំទ្រ​ជាឯកច្ឆន្ទ​លើ​សេចក្តី​សម្រេច ​មួយ​ដោយ​ព្រឹទ្ធសភា​ ចំពោះ​ទង្វើ​នោះ អាច​ជា​រឿង​មាន​សារៈ​ប្រយោជន៍ ខណៈ​ដែល​ក្រសួង​ការបរទេស ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ»។

ការ​ទទូច​របស់​លោក ​Scott Ludlam ​នៃ​គណបក្ស Green Party ​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​លោក​យ៉ាង​ដូច្នេះ​ដំណាលគ្នា​ដែល​សភា​អឺរ៉ុប​ ត្រូវ​គេ​រាយការណ៍​មក​ថា​កំពុង​ពិចារណា​ចេញ​សេចក្តី​សម្រេច​មួយ​សុំ​ឲ្យ​មានការ​លុប​ចោល​ ការ​ចោទ​ប្រកាន់ ​នានា​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​និង​វិលមក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន។

រូបថត​ឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបថត​ឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​សម រង្ស៊ី បាន​ផ្សព្វផ្សាយ​ក្នុង​គេហ​ទំព័រ ​របស់​លោក ថា​ ព្រឹទ្ធសភា​ អូស្ត្រាលី​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ ​នៅ​កម្ពុជា​ ហើយ​មាន​ញត្តិ​មួយ​ស្នើ​ឲ្យ​អាជ្ញាធរ​ឈប់​រក​រឿង​ លោក ​សម រង្ស៊ី។

ការវាយ​ប្រហារ​ចុងក្រោយ​ផ្ទួនៗ​មក​លើ​គណបក្ស​ជំទាស់​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​អន្តរជាតិ​ចម្រុះ ​រាប់​ទាំង​ក្រសួង​ការ​បរទេស​សរអា ​អ.ស.ប​និង ​បណ្តា​ប្រទេស​នានា​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​សម រង្ស៊ី ​ពុំទាន់​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ ​ក្រោយពី​មាន​បញ្ហា​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​និង​ផ្ទាល់​ខ្លួន​លោក​ពាក់​ព័ន្ធ​នឹង​ការ​ចេញ​ដីកា​ចាប់ខ្លួន​ពី​បទ​បរិហារ​កេរ្តិ៍​និង​ញុះញង់​ឲ្យ​មាន ​ការរើសអើង​កាល​ពី​ឆ្នាំ​២០០៨ ​ពាក់ព័ន្ធ​នឹង​តួនាទី​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ ក្នុង​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម។

លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែង​ថា​បរទេស ​គួរ​មើល​អំពី​ការ​អនុវត្តន៍​ច្បាប់​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ​លោក​បន្ថែម​ថា ​ករណី​លោក​ សម រង្ស៊ី ​គឺជា​រឿង​តុលាការ។ ​

«ពីព្រោះ​ការងារ​នៅ​ស្រុកខ្មែរ​យើង​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ ​ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនមែន​ស្ថិតនៅ​ក្នុង​កណ្តាប់​ដៃ​របស់​បុគ្គល​ណា​ម្នាក់​ នោះ​ឡើយ​ គឺ​ស្ថិត​នៅ​លើ​ជម្រើស​របស់​មហាជន​របស់​កម្ពុជា​ហើយ​នឹង​ស្ថិតនៅ​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​គេ​ហៅថា​សេរី​និយម​ពហុបក្ស»។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ សម រង្ស៊ី ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គៀង​គរ​ឲ្យ​មាន​ការ​គាំទ្រ​ជា​នយោបាយ​ដល់​រូប​លោក​ក្នុង​ការ​បើកផ្លូវ​ឲ្យ​មាន​ការ​វិល​មក​កម្ពុជា​វិញ​ដោយ​គ្មាន​ការ​ចាប់​ខ្លួន​និង​ផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​វិញ​ហើយ ​ធានា​ពី​ស្ថានភាព​ប្រក្រតី​ដែល​ក្រុម​ជំទាស់​របស់​លោក ​អាច​បំពេញ​កិច្ចការ​បាន៕

XS
SM
MD
LG