ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ថានភាព​នយោបាយ​កម្ពុជា​បាន​ត្រឡប់​ទៅ​សភាព​ធម្មតា​វិញ​ ខណៈ​ដែល​មេដឹកនាំ​ប្រឆាំង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ក្រៅ​ប្រទេស

  • Robert Carmichael

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

កាល​ពី​ថ្ងៃ​ពុធ​នេះ ​សារព័ត៌មាន ​Cambodia Daily ​បាន​ចុះ​ផ្សាយ​ថា ​ដំណើរការ​ចរចា​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​មួយ​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​បុរស​ខ្លាំង​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣​ទសវត្សរ៍​មក​ហើយ។

មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ​ធ្វើ​ការ​ចោទប្រកាន់​គណបក្ស​កាន់​អំណាចថាកំពុង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ បន្ទាប់​ពី​តុលាការ​កម្ពុជា​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​រូបលោក​និង​ការ​ប្តេជ្ញា​របស់​សភា​ក្នុង​ការ​ដក​អាសនៈ​របស់​លោក​ចេញ​ពី​សភា​។ នៅ​ក្នុង​សារ​បង្ហោះ​លើ​គេហទំព័រ​ Facebook មួយ​របស់​លោក សម រង្ស៊ី ​បាន​សរសេរ​ថា ​គណបក្ស​កាន់​អំណាច​កំពុង​តែ​ចាត់វិធានការក្នុង​ការ​បញ្ចប់​តួនាទី​របស់គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស។​

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ​ដំបូង​ឡើយ​គ្រោងនឹង​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ជប៉ុន ​និង​ប្រទេស​កូរ៉េ​ខាងត្បូង ក៏​ប៉ុន្តែ​លោក​បាន​ពន្យារ​ពេល​នៃ​ការ​វិល​ត្រឡប់​របស់​លោក ​ក្រោយ​ពី​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភាជាតិ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​បាន​ដក​អភ័យ​ឯកសិទ្ធិ​និង​អាសនៈ​សភា​របស់​លោក។ លោក សម រង្ស៊ី​ មិនទាន់​បាន​កំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់​អំពី​ការ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ឡើង​វិញនៅ​ឡើយ​ទេ។ ​

កាល​ពី​ថ្ងៃ​ពុធ​នេះ ​សារព័ត៌មាន ​Cambodia Daily ​បាន​ចុះ​ផ្សាយ​ថា ​ដំណើរការ​ចរចា​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​មួយ​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​បុរស​ខ្លាំង​គឺ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣​ទសវត្សរ៍​មក​ហើយ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​អស់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។ កាល​ពី​ចុង​ខែ​មុន​នេះ ​តំណាងរាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​ទម្លាក់​លោក​ កឹម សុខា​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ចេញ​ពី​តំណែង។

កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​មាន​មនុស្ស​មួយ​ក្រុម​បាន​វាយ​តប់​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​២រូប ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​បាន​ចាកចេញ​ពី​សភា ហើយ​ប៉ូលិស​និង​កង​សន្តិសុខ​បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ​ហ្វូង​មនុស្ស​បាន​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ​របស់​លោក កឹម សុខា ​ហើយ​ប៉ូលិស​មិន​បាន​អើពើ​នឹង​ការ​ស្នើសុំឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​ភរិយា​របស់​លោក ដែល​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ។

មនុស្ស​ជាច្រើន​មាន​ជំនឿ​ថា ​គណបក្ស​កាន់អំណាច​គឺ​ជា​អ្នក​បញ្ជា​លើ​ការវាយប្រហារ​នេះ ​បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ការ​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ​ក៏​ដោយ។

អ្នកវិភាគ​នយោបាយ​និង​ជា​ប្រធាន​វេទិកា​អនាគត​ដែល​ជា​អង្គការ​ស្រាវជ្រាវ​គោលនយោបាយ​គឺ​លោក អ៊ូ វីរៈ ​មាន​ប្រសាសន៍​ថា​ ភាព​មិន​ចុះសម្រុងគ្នា​នា​ពេល​បច្ចុប្បន្ន​នេះ បាន​រំលឹក​ដល់​ចំណាត់ការ​ស្រដៀង​គ្នា​នេះ​របស់​គណបក្ស​កាន់អំណាច​ដែល​បាន​កើតឡើង​នៅ​មុន​ពេលនៃ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០១៣។ ​

«ចំណាត់ការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យកាល​ពី​លើក​មុន ដូច្នេះ​លោក​ ហ៊ុន សែន កំពុង​តែ​អាន​ដល់​ទំព័រ​មួយ​ក្នុង​សៀវភៅ​ចាស់​ ហើយ​លោក​ច្បាស់​ជា​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដដែល​នេះ​ ដែល​ធ្លាប់​ទទួល​បាន​ប្រសិទ្ធភាព​យ៉ាង​ងាយ​ស្រួល​និង​មិន​ថ្លៃ​ថ្នូរ​សម្រាប់​លោក ​តាមរយៈ​មធ្យោបាយ​មួយ​ដែល​ឲ្យ​តុលាការ​ដែល​ត្រួតត្រា​ទាំងស្រុង​ដោយ​លោក ​ហ៊ុន សែន កាត់ទោស​តាម​ផ្លូវ​ច្បាប់»។

គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​ស្រឡាំងកាំង​នៅ​ពេល​ដែល​គណបក្ស​នេះ​ស្ទើរតែ​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដោយ​ចាញ់​ត្រឹម​តែ​៣ម៉ឺន​សំឡេង​ ឬ​ប្រមាណ​៤ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប​ប៉ុណ្ណោះ។
លោក វីរៈ មាន​ប្រសាសន៍​ថា គណបក្ស​កាន់អំណាច​ដឹងខ្លួន​ថា​ ការសន្យា​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៣ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​នានា​មិន​អាច​នឹង​ធ្វើ​ទៅ​រួច​ ដែល​នេះ​គឺ​ជា​មូលហេតុ​ដែល​គណបក្ស​នេះ​កំពុង​តែ​ព្យាយាម​បំបែក​គណបក្ស​ប្រឆាំង​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មកដល់។ ​

«ក្រោយ​ពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​ដែល​ជា​ការបោះឆ្នោត​ដ៏​ប្រកៀកប្រកិត​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ថា​គណបក្ស​ខ្លួន​អាច​ក្រឡេក​ទៅ​មើល​កំណែ​ទម្រង់​ និង​ព្យាយាម​ទាក់ទាញ​អ្នកបោះឆ្នោត​ជា​យុវជន​បាន។ ខ្ញុំ​គិត​ថា​ ពួកគេ​បាន​ដឹង​ថា​ការធ្វើ​បែប​នេះ​គឺ​ជា​រឿង​ដ៏​លំបាក​មួយ ជាពិសេស​ជាមួយ​នឹង​ប្រព័ន្ធ​មួយ​ដែល​សំងំ​សុខ​និង​ពុករលួយ​ដែល​ពួកគេ​បាន​បង្កើត​ឡើង។ ដូច្នេះ​ឥឡូវ​នេះ​ ពួកគេ​កំពុង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់ៗ​ដ៏​កខ្វក់​ដដែល​នោះ តាមរយៈ​ការប្រើប្រាស់​តុលាការ​ដែល​ពួកគេ​ត្រួតត្រា​ទាំងស្រុង ​ដើម្បី​ធ្វើ​ចំណាត់​ការ​តាមផ្លូវច្បាប់​ទៅ​លើ​លោក សម រង្ស៊ី ដែល​យុទ្ធសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​កាល​ពី​លើក​មុន​ ហើយ​នៅ​តែ​មាន​ប្រសិទ្ធភាព​ដល់​សព្វថ្ងៃ​នេះ»។​

កាល​ពី​យប់​ថ្ងៃ​ដដែល​នោះ ​អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ​បាន គីមូន ​បាន​ហៅ​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី ​និង​ការវាយប្រហារ​ទៅ​លើ​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ ​ថា​ជា​ការវិវឌ្ឍន៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ និង​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង២​ធ្វើ​ការពិភាក្សា​គ្នា​ឡើងវិញ។

ឆ្នាំ​នេះ​គឺ​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​គណបក្ស​ប្រឆាំង​ដោយសារ​សកម្មជន​របស់​ខ្លួន​ចំនួន​១៥​រូប​ត្រូវ​បាន​ដាក់​ពន្ធនាគារ​កាល​ពី​ដើម​ឆ្នាំ​នេះ ​បន្ទាប់​ពី​មាន​ការ​កាត់​ទោស​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ហើយ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​កំពុង​តែ​រង់ចាំ​ការ​កាត់​ក្តី​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។​ ករណី​ចោទប្រកាន់​ទៅ​លើ​ពួកគេ​ទាំងនោះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ ​

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​នេះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​កាល​ពី​ឆ្នាំ​២០១១​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់​ឲ្យ​មាន​ការរើសអើង ​ហើយ​តុលាការ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ បន្ទាប់​ពី​លោក សម រង្ស៊ី បាន​និយាយ​ថា លោក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ហោ ណាំ​ហុង ​បាន​ជួយគ្រប់គ្រង​គុក​ខ្មែរក្រហម​ ក្នុង​សម័យ​ប៉ុល ពត​នៅ​ទសវត្សរ៍​១៩៧០។ ​

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ដន្ទាទោស​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​បាន​លើកលែង​ចោល​នៅមុន​ពេលការបោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ ​នៅ​ពេល​ដែល​លោក សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រិត​លើកលែង​ទោស ​ដោយ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះឆ្នោត៕​

ប្រែសម្រួល​ដោយ នាង​ ហុង ចិន្តា

XS
SM
MD
LG