ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រេច​រក្សា​គោលនយោបាយ​ដដែល


រូបឯកសារ៖ លោក កឹម សុខា និង​លោក សម រង្សុី ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានល្បីធំពីរនៃប្រទេសជប៉ុន គឺ The Yumiuri Shimbun និង Asahi អំពី​​ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា និង ដំណេីរទស្សនកិច្ចរបស់ថ្នាក់នាំគណបក្សសង្រ្គោះជាតិ​មកកាន់ប្រទេសជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន រាជធានី​តូក្យូ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ទំព័រ​ហ្វេសប៊ុក Kem Sokha)
រូបឯកសារ៖ លោក កឹម សុខា និង​លោក សម រង្សុី ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានល្បីធំពីរនៃប្រទេសជប៉ុន គឺ The Yumiuri Shimbun និង Asahi អំពី​​ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា និង ដំណេីរទស្សនកិច្ចរបស់ថ្នាក់នាំគណបក្សសង្រ្គោះជាតិ​មកកាន់ប្រទេសជប៉ុន នៅវិមានព្រឹទ្ធសភាជប៉ុន រាជធានី​តូក្យូ កាល​ពី​ថ្ងៃ​​អង្គារ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ទំព័រ​ហ្វេសប៊ុក Kem Sokha)

លោក កឹម សុខា​ អនុ​ប្រធាន​គណក្ស​ជំទាស់​ និង​តំណាង​រាស្ត្រ​គណ​បក្ស​នេះ​ពីរ​រូប​ដែល​រង​របួស​ក្នុង​ការ​វាយ​ដំ​នោះ​ នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​នា​ថ្ងៃ​អង្គារ​ស្អែក​នេះ​ រីឯ​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​ជំទាស់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដើម្បី​កំណត់​ជំហរ និង​គោល​នយោបាយ​របស់​ខ្លួន​ឡើង​វិញ​ ​ក្រោយ​ពេល​ដែល​មាន​ការ​គាប​សង្កត់​ និង​ការ​បំភិត​បំភ័យ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ជំទាស់​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​អង្គារ​ស្អែក​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​នៅ​ទី​ក្រុង​ម៉ានិល ​ប្រទេសហ្វីលីពីន​នោះ។​

លោក កឹម សុខា​ អនុ​ប្រធាន​គណក្ស​ជំទាស់​ និង​តំណាង​រាស្ត្រ​គណ​បក្ស​នេះ​ពីរ​រូប​ដែល​រង​របួស​ក្នុង​ការ​វាយ​ដំ​នោះ​ នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​នា​ថ្ងៃ​អង្គារ​ស្អែក​នេះ​ រីឯ​លោក​ សម រង្ស៊ី​ ​ប្រធាន​គណបក្ស​ជំទាស់​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ កឹម សុខា​ ​និង​លោក​ សម រង្ស៊ី។

លោក ​កឹម សុខា ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​បាន​ឈាង​ចូល​សួរ​សុខ​ទុក្ខ​ ​លោក​ ញ៉យ ​ចំរើន​ និង​លោក​ គង់ សភា​នៅ​ទី​ក្រុង​បាងកក​ ​ប្រទេស​ថៃ ​មុន​ពេល​រួម​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​ជា​មួយ​មន្ត្រី​សំខាន់ៗ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ។​

ដំណើរ​វិលត្រឡប់​មក​វិញ​របស់​លោក​ កឹម សុខា​ និង​តំណាង​រាស្ត្រ​សំខាន់ៗ​របស់​គណបក្ស​ជំទាស់​នេះ​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ទេ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ពិសេស​មួយ​ ដើម្បី​កំណត់​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ខ្លួន ​បន្ទាប់​ពី​រង​សម្ពាធ​នយោបាយ​ពី​គណបក្ស​កាន់​អំណាច។​

ក្នុង​វីដេអូខ្លី​ពី​ទី​ក្រុង​ម៉ានិល ​ប្រទេស​ហ្វីលីពីន​ ​លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លោក​ កឹម សុខា ​អនុ​ប្រធាន​គណបក្ស​ជំទាស់​នេះ​ បាន​បញ្ជាក់​ថា​ សមាជិក​សំខាន់ៗ​ក្នុង​គណបក្ស​បាន​ជួប​ជុំ​គ្នា​នា​សប្តាហ៍​កន្លង​ទៅដើម្បី​កំណត់​គោលដៅ​របស់​គណបក្ស​ជំទាស់​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ សម រង្ស៊ី ​បាន​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​នៅ​តែ​មាន​ជំហរ​ដដែល​ក្នុង​ការ​ព្យាយាម​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

ក្នុង​វីដេអូខ្លី​មួយ​ ដែល​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​ចុង​សប្តាហ៍​កន្លង​មក​នេះ​ ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​នៅ​យ៉ាង​ដូច្នេះ​ថា៖​

«ទោះ​ជា​មាន​ព្រឹត្តិ​ការណ៍ថ្មីៗ​មួយ​ចំនួន​ ទោះ​ជា​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​ជំហរ​របស់​របស់​យើង​ និង​គោល​ដៅ​របស់​យើង ​នៅ​ដដែល។​ ទឹក​ចិត្ត​របស់​យើង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​នៅ​ដដែល។​ យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី។ ជំហរ​របស់​យើង​គឺ​ជំហរ​អហិង្សា​ ភាព​ថ្លៃថ្នូរ​ដើម្បី​ដឹក​នាំ​ប្រទេស​កម្ពុជា​ឈាន​ទៅ​រក​ភាព​រុងរឿង»។​

ប្រធាន​គណ​បក្ស​ជំទាស់​ដដែល​នេះ​បាន​ស្នើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌​ ​សូម​រួបរួម​គ្នា​ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​ភាព​តាន​តឹងជា​បន្ត​បន្ទាប់​នា​ប៉ុន្មាន​សប្តាហ៍​មក​នេះ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បោះ​ឆ្នោត​ទម្លាក់​លោក ​កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋ​សភា ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហារ​កេរ្តិ៍​ និង​ញុះញ៉ង់​ តាម​ពាក្យ​បណ្តឹង​របស់​លោក ​ហោ ណាំហុង​ ​តាំង​ពី​ឆ្នាំ​២០០៨​ ​និង​ការ​ដក​រូប​លោក​ចេញ​ពី​រដ្ឋ​សភា​ជា​ដើម។

លោក​ សម​ រង្ស៊ី​ ​ដែល​សព្វ​ថ្ងៃ​នេះ​កំពុង​រស់នៅ​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០១៣​ចំពោះ​ការ​ចោទ​ថា​ ​លោក​ ហោ ណាំហុង​ បាន​ឃុបឃិត​ជា​មួយ​នឹង​ក្រុម​ខ្មែរក្រហម​ពេល​លោក​ ហោ ណាំហុង​ នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក។​

លោក​ កឹម សុខា​ ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិដែរ​នោះ​បាន​ថ្លែង​នៅក្នុង​វីដេអូខ្លី​នោះ​ផង​ដែរ​ថា៖​

«ខ្ញុំ​ជា​មួយ​លោក​ប្រធាន ​សម រង្ស៊ី​ ​និង​សហការី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​នឹង​កំពុង​ជួប​ជុំគ្នា​នៅ​ទី​ក្រុង​ម៉ានិល​ក្នុង​ថ្ងៃ​នេះ​គឺ​ដើម្បី​កំណត់​នូវ​យុទ្ធសាស្ត្រនយោបាយ​រយៈពេល​ខ្លី ​រយៈពេល​មធ្យម​ និង​រយៈពេល​វែង​ ​ក្នុង​គោល​ដៅ​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨ និង​ឈាន​ទៅ​ដឹក​នាំ​ប្រទេស ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់ប្រទេស​ជាតិ​យើង​ឲ្យ​ទៅ​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ពិត​ប្រាកដ​ និង​ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង»។​

លោក សុខ​ ឦសាន​ ​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ថ្លែង​រិះ​គន់​ខ្លាំងៗ​ចំពោះ​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ជំទាស់ដោយ​លោក​លើក​ហេតុផល​ថា ការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ជំទាស់​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​អ្នក​គាំទ្រ​របស់​ខ្លួន​កុំ​ឲ្យ​ងាក​រេ​ពី​គណបក្ស​ជំទាស់​របស់​ខ្លួន​ ​និង​បង្ហាញ​ពី​មហិច្ឆតា​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ក្នុង​ការ​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន។

​លោក​ សុខ ឦសាន ​បញ្ជាក់​ប្រាប់​ VOA ​ថា៖​

«អញ្ចឹង​ទេ​គឺ​វា​មិន​មាន​អី​គួរ​ឲ្យ​ប្លែក​ ​គួរ​ឲ្យភ្ញាក់​ផ្អើល​នោះ​ទេ​ ​គឺ​មហិច្ឆតា​របស់​គាត់​គឺ​អំណាច​តែ​ប៉ុណ្ណឹង​ទេ។​ ​អញ្ចឹង​ដោយ​សារ​តែ​គាត់​ដើរ​ក៏​យល់​សប្តិ ដេក​ក៏​យល់​សប្តិ​ឃើញ​តែ​អំណាច​ហ្នឹង​ ​អញ្ចឹង​ទេ​បាន​ជា​គាត់​ហ៊ាន​ធ្វើ​អី​គ្រប់​បែប​យ៉ាង​ទាំង​អស់ ​ទោះ​បី​ជា​អំពើ​ហ្នឹង​វា​ខុស​ច្បាប់​ ផ្ទុយ​អំពី​ច្បាប់​ក៏​គាត់​ហ៊ាន​អនុវត្ត​ដែរ»។​

ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​គណ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​បញ្ជាក់​ពី​ជំហរ​នៃ​ការ​ចរចា​របស់​គណ​បក្ស​ខ្លួន ​ដើម្បី​ផ្សះផ្សា​ភាព​រកាំ​រកូស​នយោបាយ​កម្ពុជា​ឡើង​វិញ។​

«គោល​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូច​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​គឺ​លោក​នៅ​តែ​បើក​ចំហ​អំពី​វប្ប​ធម៌​សន្ទនា ក៏ប៉ុន្តែ​ដូច​យើង​បាន​ជ្រាប​ស្រាប់​ហើយ​ ​គឺ​វប្ប​ធម៌​សន្ទនា​នេះ​វា​គ្រប​ដណ្តប់តែ​ការងារ​នយោបាយ​ទេ​ ​អត់​មាន​គ្រប​ដណ្តប់​ការងារ​តុលាការ​ ហើយ​និង​ការងារ​ផ្លូវ​ច្បាប់​បាន​នោះ​ទេ​ បាទ។ ដូច្នេះ​ខុស​ពី​កម្មវត្ថុ​ហ្នឹង​គឺ​យើង​មិន​អាច​ពិភាក្សា​គ្នា​បាន​ទេ​ បាទ។ ហើយ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ រឿង​ឯកឧត្តម ​សម រង្ស៊ី​ គឺ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធសាធ ​គឺជា​ពាក្យ​បណ្តឹង​របស់​ឯក​ឧត្តម​ ហោ ណាំហុង​ជាមួយ​នឹងឯកឧត្តម​ សម រង្ស៊ី គឺ​ជា​បុគ្គល​និង​បុគ្គល​ទេ»។​

កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក Scott Busby ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​ទទួល​បន្ទុក​លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស និង​ពលកម្ម​ ក្នុង​តំបន់​អាស៊ី បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ និង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ ដល់​ព្រឹទ្ធសភា​របស់​ស.រ.អា.។ ក្នុង​នោះ លោក​Scott Busby​ ថ្លែង​ថា​ ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នឹង​មិន​មាន​លក្ខណៈ​សេរី​ ​និង​យុត្តិធម៌​ទេ​ ​ហើយ​អាច​នឹង​មាន​អំពើ​ហិង្សា​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ កឹម សុខា​ ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ និង​មន្ត្រី​សំខាន់ៗ​របស់​គណ​បក្ស​នេះ​ គ្រោង​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិល​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ រីឯ​លោក ​សម រង្ស៊ី ​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប៕

XS
SM
MD
LG