បន្ទាប់ពីរដ្ឋសភាជាតិ ដែលគ្របដណ្តប់ដោយសមាជិកសភានៃគណបក្សកាន់អំណាចបានដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលនឹងអាចត្រូវបានចាប់ខ្លួនដោយអាជ្ញាធរតាមដីការបស់តុលាការនោះ លោក ហោ ណាំហុង បានកោះប្រជុំជាមួយអង្គទូតនានាប្រចាំនៅកម្ពុជា ដើម្បីស្តាប់ការពន្យល់របស់លោកអំពីនីតិវិធីក្នុងការចាប់ខ្លួនលោក សម រង្ស៊ី។ លោករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបអង្គទូតទាំងនោះថា ដីការបស់តុលាការមិនបានធ្វើឡើងទៅតាមឥទ្ធិពលនយោបាយនោះទេ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងការពារចំណាត់ការរបស់ប្រព័ន្ធតុលាការកម្ពុជា នៅចំពោះមុខក្រុមមន្ត្រីទូតប្រចាំនៅប្រទេសកម្ពុជា ក្នុងជំនួបមួយរៀបចំឡើងនៅទីស្តីការក្រសួងការបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស។
បន្ទាប់ពីការជួបប្រជុំជាមួយអង្គទូតបស្ចឹមប្រទេស និងអាស៊ីចំនួនប្រមាណជាង៣០នាក់ អស់រយៈពេលជិតមួយម៉ោង លោករដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចេញដីការបស់តុលាការដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិនោះ ពុំបានរងឥទ្ធិពលពីការបញ្ជារបស់ឥស្សរជននយោបាយរូបណានោះទេ ដោយសារសំណុំរឿងរបស់លោក សម រង្ស៊ី គឺជាសំណុំរឿងបុគ្គលតែប៉ុណ្ណោះ។
លោកថ្លែងថា ការចេញដីកានេះគឺធ្វើទៅតាមពាក្យបណ្តឹងរបស់មេធាវីការពារក្តីរូបលោក ហើយមិនមានការពាក់ព័ន្ធនឹងគំនាបនយោបាយនោះទេ។
«ដូចនេះ ការចេញដីកាកោះ តាមការសុំរបស់មេធាវីខ្ញុំនេះ មិនមានការបង្គាប់ដោយខ្ញុំ ឬក៏មិនមានការញុះញង់ ឬក៏ណែនាំពីអ្នកណាទាំងអស់ ទាំងខ្ញុំ ទាំងសម្តេចតេជោ ហ៊ុន សែន មិនដឹងថា មេធាវីខ្ញុំធ្វើអីផង ទាល់តែចេញដីកាហ្នឹងហើយបានយើងដឹង បានយើងដឹងថា មេធាវីខ្ញុំសុំ។ ដូច្នេះទាំងសម្តេចតេជោ ហ៊ុន សែន ទាំងខ្ញុំ យើងអត់ដឹងសោះអំពីអ្វីដែលមេធាវីរបស់ខ្ញុំធ្វើ។ ដូច្នេះអត់មានការគាបសង្កត់នយោបាយទេ»។
ការពន្យល់របស់លោក ហោ ណាំហុង ប្រាប់អង្គទូតអំពីដីកាចាប់ខ្លួនលោក សម រង្ស៊ី នេះ កើតមាន នៅក្រោយពេលដែលតុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» កាលពីថ្ងៃសុក្រកន្លងទៅ។
បទចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយតុលាការ នាខែមេសា ឆ្នាំ២០០៨ គឺនៅពេលដែលលោក សម រង្ស៊ី បានលើកឡើងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស មានជាប់ពាក់ព័ន្ធនឹងពួកខ្មែរក្រហមបឹងត្របែក។ ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី គឺធ្វើឡើងមិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាងបីទសវត្សរ៍ គំរាមប្រើប្រព័ន្ធតុលាការប្រឆាំងនឹងប្រធានគណបក្សប្រឆាំងរូបនេះ ដែលបានថ្លែងពីប្រទេសជប៉ុនមកថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មានចេតនាបង្អាក់មិនឲ្យមានការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ។
លោក សម រង្ស៊ី ដែលប្រឈមនឹងការចាប់ខ្លួននេះ បានផ្អាកការវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅដើមសប្តាហ៍នេះ នៅគ្រាដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកូរ៉េ។ លោកថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការមិនវិលត្រឡប់របស់លោកមកប្រទេសកម្ពុជាវិញនេះគឺដើម្បីបញ្ចៀសការកើតឡើងអំពើហិង្សា ហើយថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ទៅតាមពេលវេលាសមគួរណាមួយ តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា លោក ហោ ណាំហុង មិនគួរណារំខានដល់អង្គទូតប្រចាំនៅកម្ពុជាទេ ប្រសិនបើសំណុំរឿងក្តីរបស់លោក និងលោក សម រង្ស៊ី ជារឿងបុគ្គលនោះ។
«ខ្ញុំគិតថា បើសិនណាជារឿងបុគ្គលមិនចាំបាច់រំខានដល់ទូតទេ ទាល់តែរឿងហ្នឹងវាពាក់ព័ន្ធនឹងរឿងអ្វីមួយ រឿងជាតិ ឬក៏រឿងអ្វីមួយ រឿងសង្គម។ ក៏ប៉ុន្តែរឿងបុគ្គល គេមិនដែលរំខានអ្នកនយោបាយការទូតទេ»។
លោកថ្លែងថា គណបក្សសង្គ្រោះជាតិនឹងរកផ្លូវចរចាផ្នែកនយោបាយដោយសន្តិវិធីជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹងនយោបាយ និងឲ្យមានការវិលត្រឡប់របស់លោក សម រង្ស៊ី មកប្រទេសវិញ។ លោកបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្រ្តបីរូបនៃគណបក្សសង្គ្រោះជាតិគឺរូបលោកផ្ទាល់ លោក អេង ឆៃអ៊ាង និងលោក សុន ឆ័យ នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា អំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ លោកទាំងពីរកំពុងស្នាក់នៅប្រទេសហ្វីលីពីន។
«ដល់ពេលនោះ យើងនឹងពិគ្រោះគ្នាពីស្ថានភាពជាក់ស្តែង នៅក្នុងប្រទេស និងនយោបាយទូទៅ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ»។
នេះជាលើកទីពីរហើយដែលលោក ហោ ណាំហុង បានកោះប្រជុំជាមួយអង្គទូតដើម្បីស្តាប់ការបកស្រាយរបស់លោកចំពោះការវិវត្តស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា។ កាលពីចុងខែតុលា លោកបានជួបប្រជុំជាមួយអង្គទូតដើម្បីពន្យល់ពីការដកលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចេញពីតំណែងអនុប្រធានទីមួយនៃសភាជាតិ និងការវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដែលកំពុងទទួលការព្យាបាលនៅក្នុងទីក្រុងបាងកកប្រទេសថៃ។
ការដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានទទួលរងការរិះគន់ពីអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ដោយពួកគេអះអាងថា វាជាសកម្មភាពគំរាមកំហែងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបន្តជជែកគ្នាក្នុងបរិយាកាសគ្មានការគំរាមកំហែង ដើម្បីរក្សាស្ថិរភាពនយោបាយ និងសង្គមក្នុងប្រទេសកម្ពុជា។ គណបក្សប្រឆាំងបានរងការវាយប្រហារជាបន្តបន្ទាប់ នៅក្រោយពេលដែលអ្នកតំណាងរាស្ត្រនៃគណបក្សនេះផ្តើមការរិះគន់រដ្ឋាភិបាលលើការប្រើប្រាស់ផែនទីសម្រាប់កំណត់ខណ្ឌសីមារវាងប្រទេសកម្ពុជា និងវៀតណាម។ ការវាយប្រហារនេះនាំឲ្យសមាជិកព្រឹទ្ធសភាគណបក្សជំទាស់មួយរូប គឺលោក ហុង សុខហួរ ជាប់ក្នុងពន្ធនាគារ។
ជាងនេះទៅទៀត ការនិយាយរិះគន់ចុងក្រោយរបស់លោក សម រង្ស៊ី ទៅលើការកែទម្រង់ប្រព័ន្ធតុលាការ ដែលមិនទាន់ឯករាជ្យ ការបែងចែងដីធ្លី និងគុណភាពអប់រំក្នុងកម្រិតឧត្តមសិក្សានោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្ត ហើយបានលោកប្រកាសថា កម្ពុជានឹងជួបសង្គ្រាម បើគណបក្សប្រជាជនកម្ពុជាលេងកាន់អំណាច៕