ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បើក​សវនាការ​ករណី​លោក​ ហុង សុខហួរ​ ពេល​វិបត្តិ​នយោបាយ​ឡើង​កម្តៅ​​


លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

នៅ​ក្នុង​ខែ​តុលា​​ លោក​ ហុង សុខហួរ​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក។

តុលាការ​សាលា​ឧទ្ធរណ៍នឹង​បើក​សវនាការនៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា​ខាង​មុខនេះ​ ដើម្បី​ជំនុំជម្រះសំណុំ​រឿង​របស់​លោក ​ហុង​ សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង ​ដែល​ជាប់​ចោទ​ពី​បទ ​«ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម‍»។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​របស់​សមាជិក​ព្រឹទ្ធសភា​ដែល​កាន់​សញ្ជាតិ​ខ្មែរ​ និង​សញ្ជាតិ​បារាំង​រូបនេះ​ និង​តាម​លិខិត​អញ្ជើញ​មេធាវីចុះ​ហត្ថលេខា​ដោយ​អ្នក​ស្រី​យិន​ សុគន្ធារី​ ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​សាលា​ឧទ្ធរណ៍។​

សវនាការ​នេះ​គឺ​ជា​សវនាការ​ដែល​នឹង​ត្រូវ​ធ្វើឡើង​តាម​ការ​ប្តឹង​របស់​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ ដែល​បាន​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​សាល​ក្រម​របៀប​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បង្គាប់​ឲ្យ​លោក ​ហុង សុខហួរ ​ផ្តល់​ម៉ាស៊ីន​កំព្យូទ័រ​ដែល​លោក​បាន​ប្រើ​ប្រាស់​ក្នុងការ​ទាញ​យក​ឯកសារនិយាយ​ពី​សន្ធិសញ្ញាព្រំដែន​មួយ​រវាង​កម្ពុជា​ និង​វៀតណាម។​

លោក​ ជួង ជូងី​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហុង សុខហួរ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ សវនាការ​នេះ​នឹង​ផ្តោត​លើការ​បដិសេធ​សាលក្រម​របៀបនេះ​ ហើយ​វា​នឹង​មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​សុំ​ឲ្យ​លោក​សមាជិក​ព្រឹទ្ធ​សភា​រូបនេះ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ដូច​សវនាការ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​មុន​នោះ​ទេ។​ លោក​ថ្លែង​ថា៖​

«សវនាការ​ថ្ងៃ​ទី​ ៣០​ វិច្ឆិកា​នេះ​ខុស​ពី​សវនាការ​មុនៗ។​ សវនាការ​មុនៗ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សុំ​ដោះ​លែង​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​សវនាការ​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្ញុំ​ ប្រឆាំង​ទៅ​នឹង​សាល​ក្រម​របៀប ​ដែល​កន្លង​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​របៀប​មួយ​ បង្គាប់​ឲ្យ​លោក​ហុង សុខ​ហួរ​ ផ្តល់​កំព្យូទ័រ​ដែល​គាត់​ធ្លាប់​ប្រើ​ក្នុង​ការ​ស្រាវជ្រាវ​យក​សន្ធិសញ្ញា​កម្ពុជា​ វៀតណាម ហើយ​តុលាការបង្គាប់​ឲ្យ​ខ្ញុំ​ ជា​មេធាវី​ និង​លោក​ហុង សុខហួរ​ផ្តល់​ភ័ស្តុតាង​ទៅ​តុលាការ​មុន​ ហើយ​ដែល​លោក​ហុង សុខហួរមិន​អាច​ផ្តល់​កំព្យូទ័រ​ឲ្យ​បាន។​ ក៏​ដូច​គ្នា​ខ្ញុំ​ជា​មេធាវី​របស់លោក​ហុង សុខហួរ​មិន​អាច​ផ្តល់​ភ័ស្តុតាង​ទៅ​តុលាការ​មុន​បាន​ទេ»។

លោក​ពន្យល់​ថា​ ការណ៍​ដែល​លោក​និង​កូនក្តី​បដិសេធ​មិន​ធ្វើ​តាម​សាលក្រម​របៀប​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​ដោយ​មាន​ការ​បារម្ភថា​ ភ័ស្តុតាង​នឹង​ត្រូវ​បាន​បំផ្លាញ​ដោយ​ភាគី​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្តី​នេះ។​ លោក​ថ្លែង​បញ្ជាក់​ថា​ សវនាការ​ដែល​នឹងធ្វើ​ឡើងនៅ​ពេល​ខាង​មុខ​នឹង​មិន​ទទួល​រង​ឥទ្ធិពល​នយោបាយ​នោះ​ឡើយ ​ព្រោះ​សវនាការ​នេះ​នឹង​ពិនិត្យ​មើល​លើ​តែ​កិច្ច​ការ​បច្ចេកទេស​ក្នុង​ការ​រក្សា​ទុក​ភ័ស្តុតាង​ ហើយ​ថា ​សវនាការ​នេះ​មាន​យុត្តិធម៌​ឬ​យ៉ាង​ណា​នោះ​គឺ​អាស្រ័យ​លើ​សិទ្ធិ​របស់​ចៅក្រម។​

«វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ មនសិការ​ ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ដែល​ត្រូវ​បំពេញ​តួនាទី​ជា​ចៅ​ក្រម​ ប្រើ​អំណាច​តុលាការ។​ តើគាត់​ទៅ​សម្រេច​ត្រឹម​ត្រូវ​ ឬក៏​គាត់​ធ្វើ​ផ្តេស​ផ្តាស​ទៅ​តាម​ទំនើងចិត្ត​របស់​គាត់។​ អាហ្នឹង​អាស្រ័យ​ទៅលើ​បុគ្គល​រៀងៗ​ខ្លួន​ទេ​បាទ»។​

លោក​ជួង ជូងី​បាន​ដាក់​ពាក្យ​ប្តឹង​សុំ​បដិសេធ​សាលក្រម​របៀប​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាំង​ពីដើមខែ​តុលា គឺ​ក្រោយ​ពេល​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នេះ​នៅ​ពេល​នោះ។​

នៅ​ក្នុង​ខែ​តុលា​ដដែល​នោះដែរ លោក​ហុង សុខហួរ​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ដោយ​តុលាការ​អះអាង​ថា​ ការ​ដោះ​លែង​ឲ្យ​លោក ​ហុង សុខហួរ ​នៅ​ក្រៅ​ឃុំអាច​បង្ក​ឲ្យ​«មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម»។​

មក​ដល់ដើម​ខែ​វិច្ឆិកា​នេះ​ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ម្តង​ទៀត ​បាន​បដិសេធ​សំណើ​របស់​លោក​ហុង សុខហួរ​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ។​ ការ​បដិសេធ​នេះ​ទទួល​រង​ការ​រិះគន់​ពី​អ្នក​តាម​ដាន​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ពួក​គេ​ថ្លែង​ថា​ លោក​ហុង សុខហួរ«មាន​ហេតុ​ផលគ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ»​ ​ដោយ​លោក​បាន​បញ្ជាក់​ពី​បញ្ហា​សុខភាព​ មាន​តួនាទី​ជាក់​លាក់​ មាន​តម្កល់​ថវិកា​ធានា​ចំនួន​២០​លាន​រៀល​ តម្កល់​លិខិត​ឆ្លង​ដែន​ ​និង​សន្យា​ចូលរួម​តាម​នីតិវិធី​តុលាការ​គ្រប់​ដំណាក់​កាល​ជា​ដើម។​

VOA ​បាន​ព្យាយាម​ទាក់​ទងសុំការបំភ្លឺ​ពី​អ្នកស្រី​ យិន​ សុគន្ធារី​ ព្រះរាជ​អាជ្ញា​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​ តែ​នៅមិន​អាច​ទាក់​ទង​បានទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ អំ សំអាត​ ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ រឿង​ក្តី​របស់​លោក​ ហុង សុខហួរ​ ពុំអាច​បញ្ចប់​បាន​ទេ​ បើ​មិន​មាន​ការ​ចរចា​ផ្នែក​នយោបាយ​មួយ​រវាង​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​គណបក្ស​ប្រឆាំង​នោះ។​

«ខ្ញុំ​គិត​ថា​ ការ​ដែល​លោក​ ជួង​ ជូងី​ បាន​ន័យ​ថា​ មេធាវី​ឯក​ឧត្តម​ហុង សុខហួរ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ទាក់​ទង​សាល​ក្រម​របៀប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង​ វា​គ្រាន់​ថា​ នេះ​ជា​រូប​ភាព​មួយ​តាម​នីតិ​វិធី​ច្បាប់​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ខ្ញុំ​ថា​ បើ​គ្មាន​ផ្នែក​ចរចា​ទាក់​ទង​រឿង​នយោបាយ​ណាមួយ​ទេ​ វាមិន​អាច​ដោះ​ស្រាយ​បានទេ​ ហើយ​ឯក​ឧត្តម​ ហុង សុខហួរ ​ក៏​មិន​អាច​នៅ​ក្រៅ​ឃុំ​បាន​ដែរ»។​

លោក​ថ្លែង​ថា​ សំណុំ​រឿង​នេះ​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត​ ដោយសារលោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​បាន​តុលាការ​ចោទ​ថា​ បាន​រួម​គំនិត​ជាមួយ​លោក​ ហុង សុខហួរ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នោះ។​ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​ខាង​មុខ ​ហើយ​ព្រមាន​ថា​ នឹង​ចេញ​ដីកា​នាំ​ខ្លួន​ ​ឬ​ចាប់​ខ្លួន​បើ​លោក​មិន​ព្រម​ចូល​តាម​ការ​កោះហៅ។​

លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស ​សម រង្ស៊ី​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ពី​បទ​ «ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​ប្រើប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ​និង​ញុះញង់»​ ក្រោយ​ពេល​ដែល​លោក​បាន​បង្ហោះ​ឯកសារ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​និង​វៀតណាម​នា​ឆ្នាំ​១៩៧៩​នៅ​លើ​ទំព័រ​ហ្វេសប៊ុក។​ លោក ​ហុង សុខហួរ​ ត្រូវ​បាន​ចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ដោយ​កង​អន្តរាគមន៍​ពិសេស​នៃ​អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ​ ​ក្រោយ​ពី​មាន​បទ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន៕

XS
SM
MD
LG