ក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដោយផ្ដោតទៅលើការត្រួសត្រាយអនាគតមួយដែលគ្មានប្រទេសអង់គ្លេស ក្រោយពីអង់គ្លេសបានបោះឆ្នោតចេកចេញពីប្លុកសហភាពអឺរ៉ុប។
ក្រុមមេដឹកនាំអឺរ៉ុបទាំងនេះបានអំពាវនាវឲ្យអង់គ្លេសចេញឲ្យលឿន ហើយមិនត្រូវរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ណាមួយពីសមាជិកភាព ដោយមិនបានចំណាយអ្វីនោះឡើយ។
កិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអឺរ៉ុបនេះ ទំនងជាកិច្ចប្រជុំលើកចុងក្រោយហើយ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ដែលនឹងលាលែងពីតំណែង ក្រោយពីរដ្ឋាភិបាលរបស់លោកបរាជ័យ ដោយមិនអាចបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យជ្រើសយកការស្ថិតនៅជាមួយសហភាពអឺរ៉ុបបាន។
ថ្លែងក្រោយពីកិច្ចប្រជុំកំពូលនោះ លោក Cameron មានប្រសាសន៍ថា ទោះបីជាមានពោរពេញដោយភាពក្រៀមក្រំនិងការសោកស្ដាយក៏ដោយ ក៏កិច្ចប្រជុំរបស់មេដឹកនាំទាំង២៨ប្រទេសនេះ មានលក្ខណៈស្ថាបនាដែរ។
លោក Cameron ថ្លែងថា «អង់គ្លេសគួរតែស្វះស្វែង ហើយអឺរ៉ុបក៏គួរតែស្វះស្វែងរកទំនាក់ទំនងដ៏ជិតស្និទ្ធនឹងគ្នាបំផុតតាមដែលអាចធ្វើទៅបាន នៅពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនោះ ពោលគឺទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម សហប្រតិបត្តិការនិងសន្តិសុខ»។
ប៉ុន្តែ មេដឹកនាំផ្សេងទៀតដូចជាប្រធានាធិបតីបារាំង លោក Francois Hollande ជាដើម បានបញ្ជូនសារមួយថា ប្រទេសអង់គ្លេសមិនគួររំពឹងថាបានទទួលអត្ថប្រយោជន៍ពិសេសណាមួយទេ នៅគ្រាដែលខ្លួនចាកចេញហើយនោះ រួមទាំងលទ្ធភាពនៃការចូលក្នុងទីផ្សារតែមួយរបស់អឺរ៉ុបនោះ។
លោក Hollande មានប្រសាសន៍ថា ដើម្បីធ្វើដូច្នេះបាន អង់គ្លេសត្រូវតែទទួលយកការហូរចេញចូលដោយសេរីនៃប្រជាជនក្នុងប្លុកអឺរ៉ុប ជាអ្វីមួយដែលត្រូវបានជំទាស់ដោយអ្នកធ្វើយុទ្ធនាការដើម្បីឲ្យប្រទេសអង់គ្លេសចាកចេញពីអឺរ៉ុប។
អធិការបតីអាល្លឺម៉ង់ គឺលោកស្រី Angela Merkel ក៏បានព្រមានផងដែរថា អង់គ្លេស មិនអាចមានបុព្វសិទ្ធិដូចសមាជិកភាពអឺរ៉ុបផ្សេងទៀត ដោយមិនបានបំពេញកាតព្វកិច្ចណាមួយនោះឡើយ។
ការបោះឆ្នោតប្រជាមតិរបស់អង់គ្លេសដើម្បីចាកចេញពីអឺរ៉ុបនេះ បានបង្កឲ្យមានភាពជ្រួលច្របល់ក្នុងទីផ្សារហិរញ្ញវត្ថុ និងការព្រួយបារម្ភចំពោះផលប៉ះពាល់រយៈពេលវែង ទៅលើកំណើនសេដ្ឋកិច្ចក្នុងប្លុកអឺរ៉ុប៕