ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក John Kerry នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អង់គ្លេស ក្នុង​គ្រា​ជ្រួល​ច្របល់ ក្រោយ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប


លោក John Kerry កំពុងថ្លែងសុន្ទរកថាដើម្បីធ្វើការសម្ភោធសមាជកិច្ចប្រជុំកំពូលសហគ្រិន២០១៦ នៅសកលវិទ្យាល័យ Stanford។
លោក John Kerry កំពុងថ្លែងសុន្ទរកថាដើម្បីធ្វើការសម្ភោធសមាជកិច្ចប្រជុំកំពូលសហគ្រិន២០១៦ នៅសកលវិទ្យាល័យ Stanford។

ការ​ភ្ញាក់ផ្អើល​ដែល​កើត​ចេញ​ពី​ការសម្រេច​ចិត្ត​របស់​ប្រទេសអង់គ្លេស​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប នៅ​តែ​បន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ដែល​នយោបាយ​នៅ​ប្រទេស​អង់គ្លេស​និង​ទំនាក់ទំនង​របស់​ប្រទេស​នេះ​ជាមួយ​នឹង​ពិភពលោក បាន​ដាំ​ក្បាលទៅ​រក​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ខ្លាំង​ឡើង។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry ដែល​កំពុង​មាន​វត្តមាន​នៅ​ទ្វីប​អឺរ៉ុប បាន​បន្ថែម​ការ​ឈប់​សុំ​ចត​ដែល​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជាមុន​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ និង​ទីក្រុង​ប្រ៊ុចសែល នៅ​នាទី​ចុងក្រោយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក។

​លោក Kerry គ្រោង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Philip Hammond និង​មន្ត្រី​ផ្សេងទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​យុគសម័យ​ថ្មី​មួយ នៅ​ពេល​ដែល​ប្រទេស​អង់គ្លេស លែង​សូវ​មាន​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​នោះ។

ប្រធានាធិបតី​អាមេរិក លោក Barack Obama បាន​ជំរុញ​អង់គ្លេស​កុំ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប។ ទំនាក់​ទំនង​ពិសេស​របស់​ប្រទេស​ទាំងពីរ ​ដែលជា​ពាក្យពេចន៍​ដែល​ត្រូវ​បាន​ប្រើ​ដំបូង​គេ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Winston Churchill ដែល​បាន​លា​ចាក​លោក​ទៅហើយ​នោះ បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក មាន​សំឡេង​កាន់តែ​ខ្លាំង​នៅក្នុង​សហភាព​អឺរ៉ុប​តាម​រយៈ​ប្រទេស​អង់គ្លេស។

រដ្ឋបាល​របស់​លោក អូបាម៉ា បាន​បញ្ចេញ​ប្រតិកម្ម​ ដោយ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ប្រជាមតិ​របស់​អង់គ្លេស​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​នេះ និង​ផល​ប៉ះពាល់​ទៅលើ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ទីក្រុង​ឡុង​និង​សហភាព​អឺរ៉ុប។

លោក​ប្រធានាធិបតី​ អូបាម៉ា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា «ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​នឹង​នៅ​តែ​ជា​ដៃ​គូរ​ដែល​មិន​អាច​ខ្វះ​បាន​របស់​សហរដ្ឋ​អាមេរិក ទោះបីជា​ពួកគេ​កំពុង​ចាប់​ផ្ដើម​ចរចា​គ្នា​ អំពី​ទំនាក់ទំនង​របស់​ពួកគេ​ទាំង​ពីរ​ក៏ដោយ»៕

XS
SM
MD
LG