ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​​នឹង​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​៤៤​ រូប​នៅ​សប្ដាហ៍​ក្រោយ​ ទោះ​ជា​មាន​ការ​​រិះគន់


លោក​ ឈាង វុន​ តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើសន្និសីទ​ព័ត៌មាន​អំពីការ​បែង​ចែក​អាសនៈសភា​​របស់គណបក្សប្រឆាំង​ទៅគណបក្ស​ដទៃទៀត​នៅរដ្ឋសភា​ កាលពីថ្ងៃ​ទី​​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​។ (ហ៊ុល រស្មី/VOA) ​
លោក​ ឈាង វុន​ តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើសន្និសីទ​ព័ត៌មាន​អំពីការ​បែង​ចែក​អាសនៈសភា​​របស់គណបក្សប្រឆាំង​ទៅគណបក្ស​ដទៃទៀត​នៅរដ្ឋសភា​ កាលពីថ្ងៃ​ទី​​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​​២០១៧​។ (ហ៊ុល រស្មី/VOA) ​

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ​លោក​ ​ឈាង វុន​ ​អ្នក​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​មណ្ឌល​ខេត្ត​បាត់​ដំបង ​បាន​លើក​ឡើង​ពី​ការ​បែងចែក​អាសនៈ​ទំនេរ​ ​នៅ​តាម​បណ្ដា​ខេត្ត​នា​នា​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ​ដែល​បាន​ចូលរួម​​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣។​

រដ្ឋសភា​ដែល​មាន​តែគណ​បក្ស​ប្រជា​ជន​កម្ពុជា ​នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ ​ដើម្បីប្រកាស​សុពល​ភាព​ដល់​អ្នក​តំណាង​រាស្ត្រ​ថ្មីចំនួន​៤៤រូប​ ដែល​ទទួល​បាន​អាសនៈ​សភា​ពី​គណ​បក្ស​ប្រឆាំង​ ​តាម​ការ​បែង​ចែក​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់អ្នកតំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា។​

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ​លោក​ ​ឈាង វុន​ ​អ្នក​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​មណ្ឌល​ខេត្ត​បាត់​ដំបង ​បាន​លើក​ឡើង​ពី​ការ​បែងចែក​អាសនៈ​ទំនេរ​ ​នៅ​តាម​បណ្ដា​ខេត្ត​នា​នា​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ ​ដែល​បាន​ចូលរួមការ​បោះឆ្នោត​ឆ្នាំ​ ២០១៣។​

លោក​បាន​បញ្ជាក់​ថា​ ​អាសនៈ​ទំនេរ​ភាគ​ច្រើន​បាន​ធ្លាក់​ទៅ​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច។​ លោក​បាន​បន្ត​ថា​ អ្នក​តំណាង​រាស្ត្រ​ ​ដែល​ចូល​កាន់​កាប់​កៅអី​សភា​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ ត្រូវ​ធ្វើ​ការ​សច្ចា​ប្រណិធាន​ ​នៅ​មុន​ពេល​ពួកគេ​ បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​ពេញច្បាប់។​ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«អីចឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​សភា​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​ ​មិញ​នេះ​ថា​ ​ហ្នឹង​ប្រជុំ​ កោះ​ប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​ធ្វើការ​ប្រកាស​សុពល​ភាព​បាទ។​ ​រួច​ហើយ​ ​ជាប់​ថ្មី​ដែលបាន​ទទួល​សុពល​ភាព​នេះ ​ត្រូវ​ចូល​ទៅ​ស្បថ​ ​នៅ​ព្រះ​បរម​រាជវាំង​ ​ហើយ​បាន​ត្រូវ​ចូល​មក​អង្គុយ​អ្នក​តំណាង​រាស្ត្រ​បាន​ ​បាទ។​ អ្នកតំណាង​រាស្ត្រ​ ​អត់​មាន​សម្បថ​ ​មិនមែន​ជា​អ្នក​តំណាង​រាស្ត្រ​ទេ»។​

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ដដែល​នោះ រដ្ឋសភា​បាន​ប្រកាស​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ ដោយ​បាន​បញ្ជាក់​ថា​ អង្គ​ប្រជុំ​ក្រៅតែ​ពី​បាន​សម្រេច​លើ​សុពល​ភាព​នៃ​អាណត្តិ​បេក្ខជន​ជាប់ឆ្នោត​ចំនួន​ ៤៤​រូប​ ដែល​សម្រេច​ដោយ​គ.ជ.ប​នោះ​ អង្គប្រជុំ​ថែម​ទាំង​បានសម្រេច​លើ​សំណើ​សុំ​លាលែង​ពី​តួនាទី​ និង​តំណែង​អនុប្រធាន​ សមាជិក​ សមាជិកា​ នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​។

អង្គប្រជុំ​ ក៏បាន​អនុម័ត​យល់​ព្រម​លើ​បែប​បទ​ និង​នីតិវិធី​ នៃ​ការ​ជ្រើសរើស​បេក្ខជន​ អនុប្រធាន​ សមាជិក​សមាជិកា​ នៃ​គ.ជ.ប​ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​ អគ្គ​លេខាធិការដ្ឋាន​រដ្ឋ​សភា​ ធ្វើ​សេចក្ដី​ប្រកាស​ជ្រើសរើស​បេក្ខជន​ តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ ​គ.ជ.ប។​

លោក ឡេង ប៉េងឡុង​ ​អ្នក​នាំ​ពាក្យ​សភាជាតិ​ខ្មែរ​ ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ ​មិន​មាន​ការ​ប្រែ​ប្រួល​ ​ទៅ​លើ​តំណាងរាស្ត្រ​ទាំង​ ៤៤ ដែល​រដ្ឋសភា​នឹង​ប្រកាស​សុពលភាព​នៅ​ថ្ងៃ​ចន្ទ​ទី​ ២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​ ​២០១៧​ ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩​ នីតិកាល​ទី​ ៥។​

«ប្រកាស​នែ៎​ ប្រកាស​សុពល​ភាព​ របស់​នែ៎​ អ្នក​ទាំង​៤៤​អ្នក​ហ្នឹង​បាទ»។​

រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រជុំវិសាមញ្ញនៅរដ្ឋសភា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ រដ្ឋសភា​កំពុង​រង់​ចាំ​ បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ ​១១​រូប​ផ្សេង​ទៀត​ បន្ទាប់​ពី​គណ​បក្ស​នយោបាយ​ចំនួន​ពីរ បដិសេធ​មិនព្រម​ទទួលយក​អាសនៈ​ សល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប​ ចុះ​ថ្ងៃ​ទី​ ២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ មាន​គណបក្ស​នយោបាយ​ចំនួន​ ៦ ដែល​បាន​ទទួល​អាសនៈ​ទំនេរ​នៅ​រដ្ឋសភា។ ​គណបក្ស​នយោបាយ​ទាំង​នោះ​ រួមមាន​ ​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​ ​ទទួល​បាន​ ៤១​អាសនៈ​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ គណ​បក្ស​ខ្មែរ​ឈប់​ក្រ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ និង​គណ​បក្ស​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ។​ ​ក្នុង​ចំណោម​គណ​បក្ស​ទាំងប្រាំ​មួយ​នោះ​ មាន​គណបក្ស​ពីរ​ដែល​មិន​ព្រម​ទទួល​យក​អាសនៈ​ គឺ​គណបក្ស​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។​

​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ តែ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​តំណាង​នៃ​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​នោះ​ឡើយ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅតាម​នីតិវិធី​របស់​ច្បាប់​នា​នា ដែល​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​នាពេល​កន្លង​មក។​

តែ​លោក​ថា​ តំណាងរាស្ត្រ​ថ្មី​ទាំង​នោះ​ មិនបាន​ប្រសូត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នោះ​ឡើយ។

«បើ​យើង​មើល​ទៅ​ពាក្យ​ថា​ តំណាង​រាស្ត្រ​ វា​ទាល់​តែ​រាស្ត្រ​បាន​បោះ​ឲ្យ​គាត់​ឡើង​ទៅ​ជា​ធ្វើ​តំណាង​ តែ​អា​នេះ​ រដ្ឋាភិបាល​ គាត់​អ្នក​ចាត់​តាំង​ គាត់​អ្នក​យក​ទៅ​ចែក​គ្នា​បាទ​អា​ហ្នឹង។ អីចឹង​ បើ​យើង​ទាញ​មក​និយម​ន័យ​ពាក្យ​ថា​តំណាងរាស្ត្រ​ វា​អត់​បាន​ពេញ​សិទ្ធិ​។ វា​អត់​ពេញ​សិទ្ធិ​ជា​តំណាងរាស្ត្រ​ទេ​បាទ​ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ គាត់​ថា​ អា​ហ្នឹង​វា​ជា​ តំណាងរាស្ត្រ​ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ ដែល​បោះឆ្នោត​ឲ្យ​ វា​សម្រាប់​រូប​ខ្ញុំ​អី​ជា​អ្នកបោះឆ្នោត​ ខ្ញុំ​គិត​ថា​ អ្នកណា​ដែល​មិនមែន​ជា​ តំណាង​របស់​ខ្ញុំ​ ដែល​ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​ទេ​ អា​ហ្នឹង​ មិនមែន​ មិនមែន​ជា​តំណាង​រាស្ត្រ​របស់​ខ្ញុំ​ហើយ​បាទ​ មិនមែន​ជា​តំណាង​រាស្ត្រ​ទេ»។​

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​ ​យឿង សុធារ៉ា​ ​មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា តំណាងរាស្ត្រ​ដែល​ត្រៀម​ចូល​បម្រើ​រាស្ត្រ​គឺ​ជា​តំណាង​រាស្ត្រ​ ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​ មិន​ខុស​ទាស់​អី​ទេ។​ ​តែ​លោក​ងឿងឆ្ងល់​ថា​ តើ​តំណាងរាស្ត្រ​ទាំង​នោះ​ នឹង​ធ្វើ​ការ​ជាមួយ​រាស្ត្រ​យ៉ាង​ដូចម្ដេច ក្នុង​អាណត្តិ​បំពេញ​ការ​ងារ​របស់​ពួកគេ។

«វា​អត់​មាន​ភាព​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទេ​ ឧបមា​ថា​ តំណាងរាស្ត្រ​ ក ម្នាក់​គាត់​ត្រូវ​បាន​គេ​ឲ្យ​ទៅ​ជំនួស​ខេត្ត​ ខេត្ត​កំពង់ចាម​ ហើយ​ខេត្ត​កំពង់​ចាម​ តាម​ពិត​ទៅ​ នៅ​ក្នុង​មណ្ឌល​កំពង់​ចាម​ ហើយ​មណ្ឌល​កំពង់ចាម​នេះ​ គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ ខ នោះ​ទេ​ ស្រាប់​តែ​ បក្ស​ ក នេះ​មក​ទទួល​ ហើយ​ដល់​ពេល​ទៅ​ ទៅ​ field visit គាត់​ត្រូវ​ចុះ​តាម​មូលដ្ឋាន​ ទៅតាម​អំណាច​រាស្ត្រ​ ទៅ​ចុះ​ជួប​ប្រជាពលរដ្ឋ​ ទៅ​ធ្វើ​ពិធី​តំណាង​ របស់​ប្រជាពលរដ្ឋ​ដែល​មិន​បាន​បោះឆ្នោត​ឲ្យ​គាត់​ហ្នឹង។ បើ​យើង​និយាយ​ពី​ន័យ​ ក្រម​សីលធម៌​គឺ​ គាត់​មិនមែន​ជា​ភាព​ ​មិនមែន​ជា​តំណាងរាស្ត្រ​របស់​ មណ្ឌល​មួយ​ហ្នឹង​ទេ​បាទ»។​

តាម​ផ្នែក​ខ្លះ​នៃ​មាត្រា​ ៧៦​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុង​ជំពូក​ទី​៧ បាន​ចែង​ថា៖ «រដ្ឋសភា​មាន​សមាជិក​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០​រូប។ ​តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​ ជាសាកល​ ដោយសេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ ជា​សម្ងាត់»។​

អ្នក​សង្កេត​ការណ៍​ផ្សេង​ទៀត​យល់ថា​ ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ ដែល​ឈាន​ដល់​ការ​បែង​ចែក​ជាថ្មី​នៃ​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​ក្នុង​សភាជាតិ​ខ្មែរ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ២០១៣ ​កើត​មាន​ឡើង​ ក្រោយ​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់លោក​ កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

ក្នុង​ពេល​លោក​ កឹម សុខា​ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​តុលាការ​បាន​ចោទប្រកាន់​លោក​ដោយ​សង្ស័យថា​ ​លោកបាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​នោះ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល។​ ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ​កាល​ពី​ថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ ​ក៏​បាន​ចេញ​សេចក្ដីសម្រេចចិត្ត ​រំលាយ​គណ​បក្ស​ប្រឆាំង​នេះ​ ទោះ​មាន​ការ​ព្រមាន​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​នានា​ដូច​ជា​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ​អំពី​លទ្ធភាព​នៃ​គំនាប​ខាង​សេដ្ឋកិច្ច​ ​និង​ការ​ទូត។​

ការ​បែង​ចែង​អាសនៈ​នេះ​ ក៏បាន​កើត​ឡើង​ ​ក្រោយ​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​ចំនួន​បួន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដែល​កំណត់​ឲ្យ​មាន​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណ​បក្ស​ផ្សេងទៀត​ ​ស្រប​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច។​

កាល​ពី​ខែ​តុលា​ ព្រះ​មហាក្សត្រ​ ​ព្រះ​បាទ​នរោត្តម​ សីហមុនី ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន រួម​មាន ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត ក្រុង ស្រុក ខណ្ឌ។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំងបួន​នេះ​ ​បាន​ប្រកាស​ឲ្យ​ប្រើ​ត្រឹមតែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន បាន​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ទៅ​រដ្ឋ​សភា​ កាលពី​ថ្ងៃ​ទី​៩​ ​ខែ​តុលា​នេះ។​ ក្រោយ​មក​រដ្ឋសភា​ ​ព្រឹទ្ធសភា​ ​និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​អនុម័ត​ជា​បន្តបន្ទាប់​យ៉ាង​ប្រញាប់​ប្រញាល់ ​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង និង​ដោយ​គ្មាន​ការ​ពិភាក្សា៕

XS
SM
MD
LG