ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ផ្នែក​អាកាសធាតុ​នៃ​សហភាព​អឺរ៉ុប​ថា សហរដ្ឋ​អាមេរិក​អាច​ពិចារណា​ឡើង​វិញ​ចំពោះ​កិច្ច​ព្រមព្រៀង​អាកាសធាតុ


ប្រធានាធិបតី​ត្រាំប្រកាស​សេចក្តី​សម្រេច​​ថា​សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ប៉ារីសក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី០១ មិថុនា ២០១៧។
ប្រធានាធិបតី​ត្រាំប្រកាស​សេចក្តី​សម្រេច​​ថា​សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ប៉ារីសក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី០១ មិថុនា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​សញ្ញា​ដល់​មន្ត្រី​កំពូល​ទទួល​បន្ទុក​កិច្ចការ​ថាមពល​នៃ​សហភាព​អឺរ៉ុប​ថា ខ្លួន​អាច​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ទោះបីជា​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ចរចា​ឡើង​វិញ​ក៏​ដោយ។

លោក Miguel Arias Canete ប្រធាន​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​អាកាសធាតុ និង​ថាមពល បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ការ​វិវត្ត​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង Montreal ប្រទេស​កាណាដា ដែល​ដឹកនាំ​ដោយ​ប្រទេស​កាណាដា ចិន និង​សហភាព​អឺរ៉ុប និង​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន​ជាង ៣០។

កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង Montreal នេះ បាន​ធ្វើ​ឡើង ដើម្បី​រៀបចំ​សម្រាប់​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក។

លោក Miguel Arias Canete បាន​និយាយ​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​បាន​បញ្ចប់​ថា៖ «សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ចរចា​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ​នេះ​ទេ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង​ព្យាយាម​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ដែល​ខ្លួន​អាច​នឹង​ចូលរួម​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ‍»។

ប៉ុន្តែ លោកស្រី Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter បន្ទាប់ពី​ការ​ប្រកាស​របស់​លោក Miguel Arias Canete ត្រូវ​បាន​ផ្សព្វផ្សាយ​រួច​មក ថា៖ «គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​គឺ​នៅ​ដដែល គឺ​ថា​សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​ទទួល​បាន​លក្ខខណ្ឌ​ណា​ដែល​មាន​ទំនោរ​មក​រក​សហរដ្ឋ​អាមេរិក​នោះ‍»៕

XS
SM
MD
LG