ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ស៊ូដង់​ថា​ ការ​បង្ហូរ​ទឹក​បំពេញ​ទំនប់​វារីអគ្គិសនី​នៅ​អេត្យូពី​នៅ​ខែ​កក្កដា​ខាង​មុខ​ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ស៊ូដង់


រូបឯកសារ៖ ទិដ្ឋភាពនៃគម្រោងវារីអគ្គិសនីរបស់ប្រទេសអេត្យូពីដែលមានឈ្មោះថា Renaissance នៅលើដងទន្លេ Blue Nile ក្នុងទីក្រុង Guba ប្រទេសអេត្បូពី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាពនៃគម្រោងវារីអគ្គិសនីរបស់ប្រទេសអេត្យូពីដែលមានឈ្មោះថា Renaissance នៅលើដងទន្លេ Blue Nile ក្នុងទីក្រុង Guba ប្រទេសអេត្បូពី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

វិធាន​ការ​ជា​ឯកតោ​ភាគី​ណា​មួយ​ដោយ​ប្រទេស​អេត្យូពី​ក្នុង​ការបង្ហូរ​ទឹក​បំពេញ​សម្រាប់​គម្រោង​វារី​អគ្គិសនី​របស់​ខ្លួន ​ដែល​មាន​ឈ្មោះ​ថា​ Renaissance នៅក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ នឹងក្លាយ​ជា​ការ​គំរាម​កំហែងដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ស៊ូដង់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក Yasser Abbas រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ប្រព័ន្ធ​ធារាសាស្រ្តស៊ូដង់​ កាល​ពី​ថ្ងៃ​សៅរ៍។ ​

ប្រទេស​ស៊ូដង់​កំពុង​ស្នើ​ឲ្យ​មានតួនាទី​សម្រប​សម្រួល​មួយ​ពី​សហរដ្ឋ​អាមេរិក​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិនិង​សហភាព​អាហ្វ្រិក​ ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ពី​ភាព​ជាប់​គាំង​ នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​ទំនប់​វារីអគ្គិសនី​នេះ​រវាង​ប្រទេស​ស៊ូដង់​ អេហ្ស៊ីប និង​ប្រទេស​អេត្យូពី​នោះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Abbas ដែល​បាន​ថ្លែង​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ក្នុង​បទសម្ភាសន៍​មួយ។​

ការ​លើក​ឡើង​របស់​លោកកើត​មាន​ឡើង​ ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​ស៊ូដង់​និង​ប្រទេស​អេត្យូពី​ ជុំវិញ​ជម្លោះដី​ស្រែ​នៅ​ក្បែរ​ព្រំ​ដែន​រួម​គ្នា​នោះ។​

រឿង​នេះ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀតពី​លើ​ភាពតានតឹង ​ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​របស់​ប្រទេស​អេត្យូពី​ ដែលកំពុង​សាង​សង់នៅ​លើ​ដង​ទន្លេ Blue Nile ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​ស៊ូដង់​នោះ។

​ប្រទេស​អេត្យូពី​បាន​ចាប់ផ្តើម​បង្ហូរ​ទឹក​បំពេញក្នុង​អាង​ស្តុកបម្រុង​ទុក​ទឹកដ៏​ធំ​មួយ ​នៅ​ខាង​ក្រោយ​ទំនប់វារី​អគ្គិសនី​របស់ខ្លួន ​បន្ទាប់​ពីភ្លៀង​ធ្លាក់ក្នុង​រដូវ​ក្តៅ​កាល​ពី​ឆ្នាំ​កន្លង​ទៅ បើ​ទោះ​បី​ជា​មាន​ការ​ទាម​ទារ​ពី​ប្រទេស​អេហ្ស៊ីប​និងប្រទេស​ស៊ូដង់​ថា ​ប្រទេស​អេត្យូពី​គួរ​ទទួល​បានការ​យល់​ព្រមរួម​គ្នា​ជា​មុន​សិន​ មុន​ពេល​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ទៅ​លើទំនប់​វារី​អគ្គិសនី​នោះ។​

ប្រទេស​អេហ្ស៊ីប​យល់​ឃើញ​ថា ​ទំនប់​វារីអគ្គិសនី​នេះ​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ ចំពោះ​ការ​ផ្គត់​ផ្គង់​ទឹក​ប្រើប្រាស់​របស់​ខ្លួន​ដែល ​៩០ ​ភាគ​រយ​នៃ​ទឹក​ទាំង​នោះ​ មាន​ប្រភពមក​ពី​ទន្លេ​នីល។ ទន្លេ Blue Nile ហូរ​ទៅ​ភាគ​ខាង​ជើង​កាត់​ប្រទេស​ស៊ូដង់​ ហើយ​បន្ដ​ហូរ​ចាក់​ទៅប្រទេស​អេហ្ស៊ីប​ ដែល​ជា​ដៃ​ទន្លេ​នីល​ដ៏​សំខាន់​នោះ។​

ប្រទេស​អេត្យូពី​បាន​ឲ្យ​ដឹង​ថា​ ទំនប់​វារី​អគ្គិសនី​នេះ​មាន​សារៈសំខាន់​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខ្លួន។

លោក Abbas រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ប្រព័ន្ធ​ធារាសាស្រ្តស៊ូដង់ ថ្លែង​ថា៖ «ការ​បង្ហូរ​ទឹក​បំពេញ​ទំនប់​វារីអគ្គិសនី Renaissance ដោយ​ភាគី​តែ​ម្ខាង​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ បង្ហាញ​ពី​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​មួយ​ទៅ​លើ​សន្ដិសុខជាតិ​របស់​ប្រទេស​ស៊ូដង់»។

លោក​បាន​ថ្លែង​ថា ការ​បង្ហូរ​ទឹក​បំពេញ​អាង​ស្ដុក​ទឹក​ដោយ​ឯកតោភាគី​នេះ​បាន​គំរាមកំហែង​ដល់​ការ​ផលិត​អគ្គិសនី​របស់​ទំនប់​វារីអគ្គិសនី Merowe និង​ទំនប់​វារី​អគ្គិសនី Roseires របស់​ស៊ូដង់ ក៏​ដូចជា​ដល់​សុវត្ថិភាព​របស់​ទំនប់​វារី​អគ្គិសនី Roseires និង​ប្រជាពលរដ្ឋ​ស៊ូដង់​ចំនួន ២០ លាន​នាក់​ដែល​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់​វារី​អគ្គិសនី Renaissance នោះ​ផង​ដែរ។​

លោក​បាន​បន្ថែម​ទៀត​ថា ស្ថានីយ៍​ទឹក​ស្អាត​របស់​ស៊ូដង់​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ដែរ៕

XS
SM
MD
LG