ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេត្យូពី អេហ្ស៊ីប និង​ស៊ូដង់​ចាប់ផ្ដើម​ចរចា​ឡើង​វិញ​ទំនប់​វារី​អគ្គិសនី​លើ​ទន្លេ​នីល


រូបឯកសារ៖ ទំនប់​វារី​អគ្គិសនី Grand Ethiopian Renaissance Dam នៅក្នុងតំបន់ Guba នៃ​ប្រទេស​អេត្យូពី​។
រូបឯកសារ៖ ទំនប់​វារី​អគ្គិសនី Grand Ethiopian Renaissance Dam នៅក្នុងតំបន់ Guba នៃ​ប្រទេស​អេត្យូពី​។

ប្រទេស​អេត្យូពី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ថា ខ្លួន​បាន​ចាប់ផ្ដើម​ការ​ចរចា​ជុំ​ទី​ពីរ​ជាមួយ​នឹង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ស៊ូដង់​អំពី​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ដែល​មាន​ភាព​ប្រទាំង​ប្រទើស​ដែល​បាន​សាងសង់​ឡើង​ដោយ​ប្រទេស​អេត្យូពី​នៅ​លើ​ទន្លេ​នីល (Nile) ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​ក្នុង​ចំណោម​ប្រទេស​ទាំង ៣។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅ​ក្នុង​ខែ​នេះ ប្រទេស​អេត្យូពី​បាន​ប្រកាស​អំពី​ការ​បញ្ចប់​រួចរាល់​នូវ​ការ​ចាក់​ដី​បំពេញ​លើក​ទី ៤ ដែល​ជា​លើក​ចុងក្រោយ​នៃ​ទំនប់​វារី​អគ្គិសនី Grand Ethiopian Renaissance Dam។ ការ​ប្រកាស​នេះ​បាន​ជំរុញ​ឱ្យ​ប្រទេស​អេហ្ស៊ីប​ថ្កោលទោស​ភ្លាមៗ​ដោយ​ហៅ​វិធានការ​នេះ​ថា​ខុស​ច្បាប់។

ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ស៊ូដង់​ខ្លាច​ថា ​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​ដែល​ចំណាយ​អស់​ទឹក​ប្រាក់ ៤,២ ពាន់​លាន​ដុល្លារ​នេះ​នឹង​កាត់​បន្ថយ​ខ្លាំងក្លា​ដល់​ចំណែក​ទឹក​នៃ​ទន្លេ​នីល​ដែល​ពួកគេ​ទទួល​បាន។ ប្រទេស​ទាំង​ពីរ​បាន​ស្នើ​ដល់​ប្រទេស​អេត្យូពី​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​បញ្ឈប់​ការ​ចាក់​ដី​បំពេញ​ទំនប់​នេះ​លុះ​ត្រា​ណា​តែ​មាន​កិច្ច​ព្រមព្រៀង​ជា​មុន​សិន។

បន្ទាប់ពី​មាន​ការ​ប្រឆាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​លើ​បញ្ហា​នេះ ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​នាយករដ្ឋមន្ត្រី​អេត្យូពី​លោក Abiy Ahmed បាន​ព្រមព្រៀង​គ្នា​កាលពី​ខែ​កក្កដា​នៅ​ក្នុង​ការ​សម្រេច​ចុងក្រោយ​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ក្នុង​រយៈពេល ៤ ខែ ដោយ​បាន​ចាប់ផ្ដើម​ការ​ចរចា​ឡើង​វិញ​កាលពី​ខែ​សីហា។

ក្រសួង​ការបរទេស​អេត្យូពី​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X ថា ប្រទេស​ទាំង ៣ បាន​បើក​ការ​ចរចា​ជុំទី​ពីរ​នៅ​ក្នុង​ទីក្រុង​អាឌីស​អាបេបា ប្រទេស​អេត្យូពី។

ក្រសួង​នេះ​បាន​បញ្ជាក់​ថា៖ «ប្រទេស​អេត្យូពី​តាំងចិត្ត​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ដំណោះស្រាយ​មួយ​ដែល​មាន​ការ​ចរចា​និង​ប្រកប​ដោយ​ស្មារតី​មិត្តភាព​តាម​រយៈ​ដំណើរការ​ត្រី​ភាគី​ដែល​កំពុង​បន្ត»។

ការ​ភ័យ​ខ្លាច​ពី​លទ្ធភាព​ទទួល​បាន​ទឹក

ការ​ចរចា​អូស​បន្លាយ​អំពី​ទំនប់​វារី​អគ្គិសនី​នេះ​តាំងពី​ឆ្នាំ ២០១១ មក​មិន​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ណា​មួយ​រវាង​ប្រទេស​អេត្យូពី​និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​នៅ​ខាង​ក្រោម​ខ្សែ​ទឹក​ទន្លេ​នីល​នោះ​ទេ។

ប្រទេស​អេហ្ស៊ីប​បាន​យល់​ឃើញ​ជា​យូរ​មក​ហើយ​ថា ​ទំនប់​វារី​អគ្គិសនី​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ដែល​ប៉ះពាល់​ដល់​ការ​រស់រាន​បន្ត​ទៅ​មុខ​របស់​ខ្លួន ដោយសារតែ​ខ្លួន​ពឹង​ផ្អែក​លើ​ទន្លេ​នីល​សម្រាប់​តម្រូវការ​ទឹក​ចំនួន ៩៧% របស់​ខ្លួន។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry ​បាន​និយាយ​ថា ​រដ្ឋាភិបាល​អេហ្ស៊ីប​ចង់​បាន «កិច្ច​ព្រមព្រៀង​ដែល​តម្រូវ​ឱ្យ​ប្រតិបត្តិ​តាម» មួយ​អំពី​ការ​ចាក់​ដី​បំពេញ​និង​ការ​ធ្វើ​ប្រតិបត្តិការ​នៃ​ទំនប់​វារី​អគ្គិសនី​នេះ។

លោក Shoukry បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​នៅតែ​រំពឹង​ថា ​ឆន្ទៈ​ល្អ​របស់​យើង​នឹង​ត្រូវ​តប​ស្នង​មក​វិញ​ដោយ​ការ​តាំងចិត្ត​ពី​ប្រទេស​អេត្យូពី​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បានកិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ការពារ​ផល​ប្រយោជន៍​របស់​ប្រទេស​អេហ្ស៊ីប ស៊ូដង់ និង​អេត្យូពី»។

លោក​បាន​បន្ថែម​ថា៖ «វា​គឺ​ជា​ការ​យល់​ខុស​នៅ​ក្នុង​ការ​សន្មត​ថា​យើង​អាច​ទទួល​យក​បាន​នូវ​រឿង​ដែល​សម្រេច​រួច​ហើយ​មួយ នៅ​ពេល​ដែល​វា​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​អេហ្ស៊ីប​ជាង ១០០ លាន​នាក់»។

ទំនប់​វារី​អគ្គិសនី​នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​ផែនការ​អភិវឌ្ឍន៍​របស់​ប្រទេស​អេត្យូពី។ នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២ រដ្ឋាភិបាល​អេត្យូពី​បាន​ប្រកាស​ថា ខ្លួន​បាន​ចាប់ផ្ដើម​ផលិត​អគ្គិសនី​ជា​លើក​ដំបូង​បង្អស់។

នៅ​ពេល​ដែល​ធ្វើ​ប្រតិបត្តិការ​ពេញ​សមត្ថភាព ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​ដែល​មាន​ប្រវែង ១.៨០០ ម៉ែត្រ​និង​កម្ពស់ ១៤៥ ម៉ែត្រ​នេះ​អាច​ផលិត​អគ្គិសនី​បាន​ជាង ៥.០០០ មេហ្គាវ៉ាត់។

ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ផលិតកម្ម​អគ្គិសនី​របស់​ប្រទេស​អេត្យូពី​កើន​ឡើង​ទ្វេ​ដង។ នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​ប្រជាជន​អេត្យូពី​ប្រហែល​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប​ចំនួន ១២០ លាន​នាក់​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​នេះ។

គោល​ជំហរ​របស់​ប្រទេស​ស៊ូដង់ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ផុង​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល បាន​ប្រែប្រួល​ឡើង​ចុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ប្រទេស​អេហ្ស៊ីប​អាច «អស់​ទឹក​នៅ​ត្រឹម​ឆ្នាំ ២០២៥» ហើយ​ផ្នែក​ផ្សេងៗ​របស់​ប្រទេស​ស៊ូដង់ ដែល​សង្គ្រាម​នៅ​តំបន់ Darfur គឺ​ជា​សង្គ្រាម​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ទឹក គឺ​កាន់តែ​ងាយ​រងគ្រោះ​ជាង​មុន​ចំពោះ​គ្រោះ​រាំង​ស្ងួត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG