គម្រោងទំនប់វារីអគ្គិសនីដ៏ធំជាងគេលើទន្លេនីលរបស់ប្រទេសអេត្យូពី ដែលប្រកបដោយភាពចម្រូងចម្រាស បានបំពេញគោលដៅចំណុះសម្រាប់ឆ្នាំដំបូងជាស្ថាពរ។ នេះបើយោងទៅតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed កាលពីថ្ងៃទី២២ ខែកក្កដា។
គម្រោងទំនប់វារីអគ្គិសនីឈ្មោះថា Grand Ethiopian Renaissance Dam (GERD) តម្លៃ ៤,៦ពាន់លានដុល្លារ គឺជា គម្រោងទំនប់វារីអគ្គិសនីធំជាងគេបំផុតនៅទ្វីបអាហ្វ្រិក។ នៅពេលដែលទំនប់វារីអគ្គិសនីនេះដំណើរការបានពេញសមត្ថភាពនៅឆ្នាំ ២០២៣ គេរំពឹងថា នឹងអាចផលិតថាមពលបាន ៦ពាន់មេហ្គាវ៉ាត់។
នាយរដ្ឋមន្រ្តីអេត្យូពី លោក Ahmed បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានបំពេញដំណាក់កាលដំបូងនៃទំនប់វារីអគ្គិសនី ដោយមិនបានបង្កការរំខាន និងធ្វើឲ្យប៉ះពាល់នរណាម្នាក់ឡើយ។ ឥឡូវនេះ ទំនប់វារីអគ្គិសនីកំពុងតែហូរហៀរនៅតំបន់ទន្លេខាងក្រោម»។
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំមកពីប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់បានជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលតាមវីដេអូមួយ និងបានព្រៀមព្រៀងបន្តកិច្ចពិភាក្សាឡើងវិញជុំវិញគម្រោងទំនប់វារីអគ្គិសនី GERD ដែលប្រកបដោយភាពចម្រូងចម្រាសនេះ។
គេនៅមិនទាន់ដឹងច្បាស់ថា ការបំពេញទំនប់វារីអគ្គិសនីនេះគឺ ដោយសារតែទឹកភ្លៀងនៅរដូវភ្លៀងធ្លាក់ទាំងស្រុង ឬប្រតិបត្តិការចាក់បំពេញកំពុងតែធ្វើឡើងនោះទេ។
អេត្យូពីបានចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនី GERD ដែលស្ថិតនៅលើដៃទន្លេនីលធំជាងគេនៅឆ្នាំ ២០១១។ ទោះបីជាមានកិច្ចពិភាក្សាអស់រយៈពេលជិតមួយទសវត្សរ៍ក៏ដោយ ក៏នៅតែមិនទាន់មានដំណោះស្រាយលើជម្លោះពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីនេះក្នុងចំណោមប្រទេសអេត្យូពី អេហ្ស៊ីប និងស៊ូដង់នៅឡើយ។
អេត្យូពីមានគម្រោងលក់អគ្គិសនីផលិតឡើងថ្មីនេះក្នុងតម្លៃថោកទៅកាន់បណ្តាប្រទេសជិតខាងខ្លួន ស្របជាមួយនឹងការផ្គត់ផ្គង់ក្នុងស្រុក ហើយបានចាត់ទុកទំនប់វារីអគ្គិសនី GERD ជាមធ្យោបាយមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ច។ អេហ្ស៊ីប និងស៊ូដង់ ដែលស្ថិតនៅផ្នែកខាងក្រោមទន្លេនីល ព្រួយបារម្ភថា ទំនប់វារីអគ្គិសនីនេះនឹងដាក់កំហិតទៅលើការទទួលបានធនធានទឹកពីទន្លេនីល។
នៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិកាលពីខែមិថុនា រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានហៅទំនប់វារីអគ្គិសនី GERD ថាជា «ការគំរាមកំហែងដ៏ធំមួយ»។ ទោះបីជាអេហ្ស៊ីបស្តុកទុកធនធានទឹកបម្រុងនៅទំនប់វារីអគ្គិសនីលើផ្នែកទន្លេនីលរបស់ខ្លួននៅក្រុង Aswan ក៏ដោយ ក៏ប្រទេសនេះនៅតែពឹងផ្អែកលើធនធានទឹកពីទន្លេនីលសម្រាប់ទឹកប្រើប្រាស់ចំនួនជិត ៩០ភាគរយរបស់ខ្លួនផងដែរ។
សេចក្តីប្រកាសព័ត៌មានពីប្រធានាធិបតីអេហ្ស៊ីបចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា បានលើកឡើងថា អេហ្ស៊ីបនឹងដាក់អាទិភាពលើ «កិច្ចព្រមព្រៀងតាមផ្លូវច្បាប់លើក្បួនច្បាប់នៃការចាក់បំពេញ និងប្រតិបត្តិការទំនប់វារីអគ្គិសនី GERD»។ រហូតមកទល់ពេលនេះ ប្រទេសអេត្យូពីនៅតែបដិសេធលើកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា