ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​អ៊ីរ៉ាក់វាយប្រហារ​បរិវេណ​ស្ថានទូត​អាមេរិក​នៅ​ក្រុង​បាកដាដ


​បាតុករប្រមូលផ្តុំធ្វើបាតុកម្មនៅពីមុខស្ថានទូតអាមេរិកនៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
​បាតុករប្រមូលផ្តុំធ្វើបាតុកម្មនៅពីមុខស្ថានទូតអាមេរិកនៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

កង​សន្តិសុខ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​អង្គារ បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្រុម​បាតុករ​ដែល​បាន​រំលោភ​ចូល​គែម​នៃ​បរិវេណ​ស្ថានទូត ​ពេល​ដែល​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​ថ្កោលទោស​ការ​វាយប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក ដែល​តម្រង់​គោលដៅ​ទៅលើ​កងជីវពលគាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ស៊ីរី។

ហ្វូង​មនុស្សម្នា​ដែល​មាន​កំហឹង បាន​ប្រើ​ដែក​គាស់​និង​បង្គោលតាម​ដង​ផ្លូវ ដើម្បី​វាយ​កម្ទេច​ទ្វារ​ធ្វើ​ពី​ដែក​ថែប​នៃ​ស្ថានទូត​អាមេរិក ក្រោយ​ពី​ពួកគេ​ បាន​រំលោភ​ឆ្លងចូល​ដល់​បរិវេណ​ស្ថានទូត​និង​ដុត​ប៉ុស្តិ៍​យាម​អស់​យ៉ាង​តិច​មួយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ាក់បាន​រាយការណ៍​ថា​ កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល មិន​បាន​ធ្វើ​អន្តរាគមន៍​ ដើម្បី​បញ្ឈប់​ក្រុម​បាតុករ​ កុំ​ឱ្យ​រំលោភ​ចូល​ដល់​តំបន់​បៃតង​ដែល​មាន​កម្លាំង​ការពារ​យ៉ាង​រឹងមាំ ជា​ទីតាំង​ដែល​ស្ថានទូត​ស្ថិត​នៅ ឬ​ក៏​កុំ​ឱ្យ​ចូល​ដល់​បរិវេណ​ស្ថានទូត​ផ្ទាល់នោះ​ទេ។

​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិកបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​និយាយ​ថា​បុគ្គល​អាមេរិកាំង​ទាំង​អស់​មាន​សុវត្ថិភាព ហើយ​ក៏​គ្មាន​ការ​ប៉ះពាល់​ណាមួយ​ទៅ​លើ​ពួកគេ​ទេ។ ស្ថានទូត​ក៏ ​«‍គ្មាន​ផែនការ​ជម្លៀស​បុគ្គលិក» ចេញ​ពី​ស្ថានទូត​នោះ​ដែរ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់ គឺ​លោក Matt Tueller មិន​ស្ថិត​នៅ​ក្នុង​ស្ថានទូត​នោះ​ទេ​ពេល​ដែល​មាន​បាតុកម្ម​នោះ ដោយ​លោក​បាន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ឯកជន។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Mark Esper បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​កម្លាំង​បន្ថែម​ទៀត​ ដើម្បី​ទៅ​ជួយ​បុគ្គល​ស្ថានទូត​នោះ។ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​សេចក្តីពិស្តារ​ណាមួយ​ទេ ទោះបីជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ រាយការណ៍​ថា​កងកម្លាំង​ម៉ារីន​របស់​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទៅ​នោះ​ក៏​ដោយ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក Mike Pompeo បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Adel Abdul Mahdi និង​ប្រធានាធិបតី​អ៊ីរ៉ាក់​ លោក Barham Salih ដើម្បី​ពិភាក្សា​ពី​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ៕

XS
SM
MD
LG